ប្រភេទកីឡាចំនួន៣ រួមមានកាយសម្ព័ន្ធ កីឡាលើកទម្ងន់ និងកីឡាគុនដាវ ក្រោមការដឹកនាំរបស់លោក ណយ ផាណា បានធ្វើដំណើរចាកចេញពីមាតុប្រទេស ឆ្ពោះទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ដើម្បីធ្វើការហ្វឹកហាត់រយៈពេលវែងនៅមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្ត គ័ងទុង ត្រៀមការប្រកួតសំខាន់ចំនួន២ ក្នុងឆ្នាំ២០២៥ខាងមុខ គឺស៊ីហ្គេម នៅប្រទេសថៃ និងការប្រកួតកីឡាយុវជនអាស៊ី នៅអ៊ូសបេគីស្ថាន។
លោក ណយ ផាណា ដែលជាមន្រ្តីរបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងជាអគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាផងនោះ បានឱ្យដឹងថា ការចេញទៅហ្វឹកហាត់ នៅប្រទេសចិនលើកនេះ ជាគម្រោងជំនួយផ្ទាល់ខ្លួនរបស់លោក ថាង ហ្គោដុន (Tang Gordon) ជាអនុប្រធាន NOCC ហើយការចេញទៅហាត់នេះ មានរយៈពេល ៤ខែ ដែលនឹងបញ្ចប់នៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២៤។
លោកបានថ្លែងនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីព្រឹកថ្ងៃចន្ទនេះថា៖ «នេះ ជាគម្រោងផ្ទាល់ខ្លួនរបស់លោកបណ្ឌិត ថាង ហ្គោដុន ដែលមានរយៈពេល៤ខែ ហើយនៅក្នុងការបញ្ជូននេះ យើងមាន៣ប្រភេទកីឡា រួមមានកាយសម្ព័ន្ធ លើកទម្ងន់ និងកីឡាគុនដាវ ដោយមានគោលដៅផ្តោតសំខាន់ទៅលើការត្រៀមការប្រកួតស៊ីហ្គេម ការប្រកួតយុវជនអាស៊ី ឆ្នាំ២០២៥ ហើយសម្រាប់អត្តពលិកអាយុក្រោម១៥ឆ្នាំ ក៏ត្រៀមសម្រាប់ការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩នៅកម្ពុជាផងដែរ»។
យ៉ាងណាមិញ សម្រាប់ការជ្រើសរើសយកប្រភេទកីឡាកាយសម្ព័ន្ធ គុនដាវ និងកីឡាលើកទម្ងន់ ឱ្យទៅហ្វឹកហាត់នៅប្រទេសចិន ដោយមានអត្តពលិកសរុបចំនួន៦នាក់នេះ លោក ណយ ផាណា បានឱ្យដឹងថា ត្រូវបានធ្វើឡើងតាមការអង្កេត និងការចង្អុលបង្ហាញរបស់លោក ថោង ខុន ប្រធាន NOCC និងលោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ បន្ទាប់ពី NOCC ទទួលបានគម្រោងពីលោក ថាង ហ្គោដុន។
ចំពោះកីឡាករ កីឡាការិនីទាំង៦នាក់ ដែលចេញទៅហ្វឹកហាត់នេះ សុទ្ធតែផ្តោតលើវិញ្ញាសាឯកត្តជនដូចគ្នា ចំណែកបែបបទ និងក្រឹត្យក្រមនៃការហ្វឹកហាត់ នៅមជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង ត្រូវបានលោក ណយ ផាណា អះអាងថា មានភាពតឹងតាំងខ្លាំង ដោយអត្តពលិកទាំងអស់ ត្រូវគោរពវិន័យឱ្យបានដាច់ខាត ព្រោះអ្នកល្មើសបម្រាមក្នុងការហ្វឹកហាត់ នឹងត្រូវបញ្ជូនត្រឡប់មកវិញ។
លោក ផាណា បញ្ជាក់ថា៖ «សហព័ន្ធកីឡានីមួយៗត្រូវមានការទទួលខុសត្រូវ មានន័យថា ការទៅហ្វឹកហាត់នេះ ត្រូវមានវិន័យ មិនឱ្យប្រាសចាកពីក្រមសីលធម៌នោះទេ ព្រោះមជ្ឈមណ្ឌលកីឡានៅខេត្តគ័ងទុង ជាមជ្ឈមណ្ឌលមួយមានកម្រិតខ្ពស់មែនទែន សូម្បីខាងអឺរ៉ុបក៏មកហាត់នៅទីនោះ ហើយខេត្តផ្សេងៗទៀតនៅសាធារណរដ្ឋប្រជាមានិតចិន ក៏មកហាត់ទីនោះដូចគ្នា ហេតុនេះបើយើងគោរពវិន័យមិនបាន គេនឹងបញ្ជូនយើងមកវិញហើយ»។
យ៉ាងណាក៏ដោយ លោក ណយ ផាណា ដែលធ្លាប់បានដឹកនាំក្រុមកីឡាកាយសម្ព័ន្ធកម្ពុជា ទៅហ្វឹកហាត់នៅប្រទេសចិនកន្លងមក បានអះអាងថា មជ្ឈមណ្ឌលអភិវឌ្ឍកីឡាកម្រិតខ្ពស់ នាខេត្តគ័ងទុង មានការហ្វឹកហាត់ល្អ មានគ្រូបង្វឹកល្អ មានសម្ភារល្អ ហេតុនេះក្រុមអត្តពលិកកម្ពុជា នឹងអាចអភិវឌ្ឍជំនាញរបស់ពួកគេបានល្អ ឱ្យតែអ្នកទាំងអស់នេះ អាចគោរពវិន័យក្នុងការហ្វឹកហាត់បានខ្ជាប់ខ្ជួន។
អគ្គលេខាធិការសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា លោក ណយ ផាណា និយាយថា៖ «បើក្រុមអត្តពលិកយើងមានការខិតខំ និងប្តេជ្ញាចិត្តក្នុងការហ្វឹកហាត់ នោះកម្រិតបច្ចេកទេសរបស់ពួកគេ នឹងមានការកើនឡើង ហើយដោយសារយើងមានមូលដ្ឋានហ្វឹកហាត់ខ្លះហើយនោះ វាងាយស្រួលដែរទេ»។
លោកបន្ថែមថា៖ «ក្តីសង្ឃឹមរបស់យើង គឺការបង្កើនគុណផលរបស់កីឡាករ កីឡាការិនីឆ្ពោះទៅឆ្នាំ២០២៥ ហើយយើងនឹងបន្តកិច្ចសន្យានៃគម្រោងនេះទៀត ដែលអាចត្រៀមរហូតដល់ស៊ីហ្គេម ចុងឆ្នាំ២០២៥នៅប្រទេសថៃ អ៊ីចឹងខ្ញុំមានជំនឿថា បើក្រុមគាត់មានការខិតខំជាក់លាក់ ច្បាស់លាស់ ប្តេជ្ញាចិត្តធ្វើអ្វីៗដើម្បីខ្លួនឯង និងដើម្បីជាតិ គឺពួកគាត់នឹងមានគុណផលល្អ ហើយអាចបានលទ្ធផលល្អ»។
ជាមួយគ្នានេះកីឡាការិនី ទ្រី សុភ័ក្រ្តរាជ ដែលជាបេក្ខភាពតែម្នាក់គត់ បានឈ្នះមេដាយសំរឹទ្ធលើប្រភេទកីឡាលើកទម្ងន់ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា បានតាំងចិត្តជម្នះការលំបាក សម្រាប់ការទទួលបានឱកាសចេញទៅហ្វឹកហាត់នៅប្រទេសចិនជាលើកទី២នេះ ដើម្បីពង្រឹងសមត្ថភាពឱ្យកាន់តែល្អ ក្នុងការឈានទៅដណ្តើមយកមេដាយជូនជាតិ ក្នុងការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ម្តងទៀត។
ម្ចាស់មេដាយសំរឹទ្ធស៊ីហ្គេម ទម្ងន់៥៥គីឡូក្រាម សុភ័ក្ត្ររាជ បានបញ្ជាក់ថា៖ «សម្រាប់ការចេញទៅហ្វឹកហាត់នៅប្រទេសចិនជាលើកទី២នេះ ខ្ញុំសង្ឃឹមថា នឹងនាំយកនូវគុណផលកីឡាកម្រិតល្អត្រឡប់មកវិញ ហើយខ្ញុំរំពឹងថា ខ្ញុំនឹងដណ្តើមបានមេដាយ សម្រាប់ការប្រកួតស៊ីហ្គេម ឆ្នាំ២០២៥ម្តងទៀត»៕