ក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម ២០ឆ្នាំ (U20) បានរួមគ្នាយកឈ្នះលើក្រុមជម្រើសជាតិបារ៉ែនអាយុក្រម២០ឆ្នាំ ក្នុងការប្រកួតជម្រុះពានរង្វាន់ AFC U20 Asian Cup China 2025 យ៉ាងរំភើបបំផុត ហើយម្ចាស់គ្រាប់បាល់ជ័យជម្នះ បានចាត់ទុកការដណ្តើមបាន៣ពិន្ទុនេះ ជាលទ្ធផលដ៏ល្អបំផុត ដែលបានបំបែកកំណត់ត្រាប្រវត្តិសាស្រ្ត សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា ក្នុងការប្រកួតជាមួយក្រុមបារ៉ែន កន្លងមក។
បើទោះបីជាក្រុមធំជម្រើសជាតិកម្ពុជា ធ្លាប់បានចាញ់ក្រុមម្ចាស់ផ្ទះជម្រើសជាតិបារ៉ែន រហូតដល់ ៨-០ សម្រាប់ជំនួបចុងក្រោយ ក្នុងវគ្គជម្រុះ World Cup ប្រចាំតំបន់អាស៊ី កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២១ ប៉ុន្តែចំពោះការជួបគ្នា ក្នុងកម្រិត U20 ក្នុងវគ្គជម្រុះប្រចាំពូលBនៃពានរង្វាន់ AFC U20 Asian Cup China 2025 នៅលើទឹកដីចិនតៃប៉ិ (Chinese Taipei) កាលពីយប់មិញ ក្រុមU20កម្ពុជា បានយកឈ្នះក្រុមU20 បារ៉ែន ១-០ ជាលើកដំបូង។
សម្រាប់ការប្រកួតនេះ ក្រុមU20កម្ពុជា និងក្រុម U20បារ៉ែន បានត្រឹមស្មើគ្នា ០-០ នៅក្នុងតង់ទី១ ប៉ុន្តែឈានចូលតង់ទី២ ក្រុមកម្ពុជា បានធ្វើការវាយលុកទៅលើបារ៉ែន ជាបន្តបន្ទាប់ ហើយបានបង្កើតឱកាសជាច្រើនលើក។
ខ្សែការពារលេខ៣ បុង សាំយូអ៊េល ម្ចាស់អាវលេខ២៣ ភឿក ថាតថៃ និងខ្សែប្រយុទ្ធពាក់លេខ១៨ មាន ចាន់រិទ្ធ សុទ្ធតែមានឱកាសស៊ុតបាល់នៅក្នុងតំបន់គ្រោះថ្នាក់របស់ក្រុមបារ៉ែន តែធ្វើមិនបានល្អ។ ចំណែកម្ចាស់អាវលេខ៧ ស៊ូ មេងហុង គួរណាស់តែរកបានគ្រាប់បាល់ឱ្យកម្ពុជា តាំងពីនាទីទី៤៧ នៅពេលរូបគេ បានទទួលបាល់ពីការបញ្ជូនយ៉ាងស្អាតរបស់ ទាំ មករា ប៉ុន្តែ មេងហុង បែរជាស៊ុតបាល់ដាច់តែម្នាក់ឯង ប្រមាណ៤ម៉ែត្រពីអ្នកចាំទីនេះ ហោះឡើងទៅលើគួរឱ្យសោកស្តាយបំផុត។
តែទោះបីជាយ៉ាង ការបញ្ជូនបាល់កាត់ចូលទៅតំបន់គ្រោះថ្នាក់យ៉ាងល្អរបស់ ស៊ូ មេងហុង បានផ្តល់ឱកាសឱ្យ មាន ចាន់រិទ្ធ ជាថ្មី ក្នុងការរត់ទៅឆក់យកបាល់នោះ រួចស៊ុតបញ្ចូលទីបានសម្រេច នៅនាទីទី៦៨ ហើយ ចាន់រិទ្ធ ដដែល គួរតែរកបាន១គ្រាប់ទៀត នៅនាទីទី៨៥ នៅពេលម្ចាស់អាវលេខ១១ ស្រេង សុខគា បានបញ្ជូនបាល់ឱ្យយ៉ាងស្អាត នៅក្នុងតំបន់គ្រោះថ្នាក់ តែ មាស ចាន់រិទ្ធ ស៊ុតបាល់ដាច់នោះ ទៅប៉ះអ្នកចាំទីរបស់បារ៉ែនទៅវិញ។
យ៉ាងណាក៏ដោយ ការយកឈ្នះក្រុម U20បារ៉ែន ១-០ នេះ ត្រូវបានខ្សែប្រយុទ្ធ មាន ចាន់រិទ្ធ ចាត់ទុកថា ជាការបំបែកកំណត់ត្រាជាប្រវត្តិសាស្រ្ត សម្រាប់វិស័យបាល់ទាត់នៅកម្ពុជា។
ម្ចាស់អាវលេង១៨ ចាន់រិទ្ធ បានលើកឡើងបែបនេះថា៖ «ពួកយើងមានអារម្មណ៍សប្បាយចិត្តខ្លាំង ព្រោះពួកយើងបានបំបែកប្រវត្តិសាស្ត្រដែលយើងអត់ដែលឈ្នះក្រុមបារ៉ែនពីមុនមកទេ»។
ចំពោះការដណ្តើមបាន៣ពិន្ទុ ពីក្រុមU20បារ៉ែន នេះ វាជាជ័យជម្នះលើកទី២ របស់ក្រុម U20កម្ពុជា បន្ទាប់ពីពួកគេ បានយកឈ្នះក្រុមU20នេប៉ាល់ ៤-១ សម្រាប់ការប្រកួតបើកឆាក កាលពីថ្ងៃទី២១ ខែកញ្ញា តែបានចាញ់ក្រុមការពារតំណែងជើងឯក U20 អ៊ូសបេគីស្ថាន ៧-០ ក្នុងការប្រកួតលើកទី២ កាលពីថ្ងៃទី២៣ ខែកញ្ញា។
តាមរយៈការឈ្នះ២ និងចាញ់១ប្រកួតនេះ បានជួយឱ្យក្រុមU20កម្ពុជា ឈរនៅលេខរៀងទី២ប្រចាំពូលB មាន៦ពិន្ទុ ហើយក៏ជាក្រុមកំពុងឈរនៅលេខរៀងទី១ នៃក្រុមលេខ២ល្អជាងគេជាបណ្តោះអាសន្ន ដែលអាចមានភាគរយ ក្នុងការទទួលបានឱកាសឡើងទៅជុំផ្តាច់ព្រ័ត្រពាន AFC U20 Asian Cup China 2025 នេះដែរ ព្រោះពាននេះគេកំណត់យកក្រុមលេខ២ល្អចំនួន៥ក្រុម ឡើងទៅជុំផ្តាច់ព្រ័ត្រ ជាមួយក្រុមលេខ១តំណាងឱ្យពូលទាំង១០ ខណៈការប្រកួតចុងក្រោយរបស់ក្រុមU20កម្ពុជា គឺត្រូវប៉ះក្រុមចាញ់ទាំង២ប្រកួតរបស់ម្ចាស់ផ្ទះចិនតៃប៉ិ នៅថ្ងៃទី២៩ ខែកញ្ញា៕