ក្រុមភ្នំពេញក្រោន បានរួមគ្នាបង្កើតនូវកំណត់ត្រាថ្មី ដែលមិនទាន់មានក្រុមណាអាចធ្វើបាន សម្រាប់ការប្រកួតលីគកំពូលកម្ពុជា ឆ្នាំ២០២៤-២០២៥ គឺការរកបាន១០គ្រាប់ក្នុង១ប្រកួត ដើម្បីបន្តឈរនៅលើកំពូលតារាង ដោយមិនទាន់ស្គាល់ការចាញ់សោះ។
ចំណែកក្រុមកងយោធពលខេមរភូមិ(ទ័ព) បានសម្រេចដាក់ពាក្យបណ្តឹងទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ រួចហើយ ជុំវិញហេតុការណ៍ដ៏អាក្រក់ ដែលបានកើតមានឡើង ក្នុងពេលពួកគេប្រកួតជាមួយក្រុមវិសាខា នៅក្នុងទឹកដីខ្លួនឯង។
សម្រាប់ការប្រកួត ដែលធ្វើនៅស្តាតចាស់ កាលពីថ្ងៃទី២៨ ខែកញ្ញានោះ ក្រុមម្ចាស់ផ្ទះ កងយោធពលខេមរភូមិ រកបានគ្រាប់បាល់នាំមុខលើក្រុមវិសាខា នៅនាទីទី៤៨ ដែលជាការស៊ុតបាល់នបញ្ចូលទីរបស់ខ្សែប្រយុទ្ធ Tesuaki Misawa ប៉ុន្តែភាពចម្រូងចម្រាសបានផ្ទះឡើងខ្លាំងរនៅពេលលោកអាជ្ញាកណ្តាល សម្រេចផ្តល់បាល់ពិន័យ១១ម៉ែត្រទៅឱ្យក្រុមវិសាខា នៅនាទីទី៦៤ដែលផ្ទុយពីភាពពិត។
នៅក្នុងហេតុការណ៍នេះ ខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល RAMON DE ANDRADE SOUZA របស់វិសាខា បានទាត់បាល់ទៅប៉ះដៃស្តាំរបស់ខ្លួនឯង នៅមុខទីរបស់ក្រុមទ័ព ប៉ុន្តែលោកអាជ្ញាកណ្តាល ឃិន ឧសីហា (Khin Ouseyha) បែរជាមើលឃើញថា បាល់នោះប៉ះដៃខ្សែការពារ យ៉ើ សាហ្វី របស់ក្រុមទ័ពទៅវិញ ហើយក៏ពិន័យកាតលឿង និងផ្តល់បាល់១១ម៉ែត្រទៅឱ្យ វិសាខា ហើយការសម្រេចនេះ បានធ្វើឱ្យក្រុមទ័ព ផ្ទុះការតវ៉ាពេញទីលាន។
ជាមួយការតវ៉ានេះ គ្រូបង្គោលរបស់ក្រុមទ័ព លោក ភា សុភ័ត្រា ត្រូវបានពិន័យកាតក្រហម ជាហេតុធ្វើឱ្យគ្រូបង្វឹករូបនេះខឹងសម្បាកាន់តែខ្លាំង ដោយបានយកមុខខ្លួនឯងទៅបុកដើមទ្រូងលោកអាជ្ញាកណ្តាល និងបានស្រែកខ្លាំងៗដាក់អាជ្ញាកណ្តាល ហើយសកម្មភាពដ៏អាក្រក់ទាំងនេះ បានបន្តរហូតដល់នាទីទី៧០ ទើបអាចសម្របសម្រួលបាន ដើម្បីទុកពេលឱ្យកីឡាករ JUNGBIN PARK ស៊ុតបាល់ពិន័យ១១ម៉ែត្រ បានសម្រេចនៅនាទីទី៧០។
បន្ទាប់ពីការរកបានគ្រាប់បាល់តាមស្មើ ១-១ នេះ សកម្មភាពតវ៉ារបស់ក្រុមទ័ព បានកើតឡើងម្តងទៀត នៅពេលលោកអាជ្ញាកណ្តាល បានពិន័យកាតក្រហមទៅឱ្យកីឡាករបម្រុង អ៊ុព កាម៉ុល ដែលបានស្រែកតវ៉ាខ្លាំងៗនៅខាងក្រៅ ហើយ ជឿន ណាចា ក៏ត្រូវបានពិន័យកាតក្រហមនៅនាទីទី៧២ផងដែរ ដែលការពិន័យនេះទំនង ជឿន ណាចា បានប្រើពាក្យសំដីមិនសមរម្យណាមួយដាក់អាជ្ញាកណ្តាល ក្នុងពេលរូបគេ ត្រូវបានប្តូរចេញ។
ជាមួយការបាត់សមាជិកម្នាក់ទៀតនេះ បានធ្វើឱ្យក្រុមទ័ព កាន់តែមានសម្ពាធផ្លូវចិត្តខ្លាំង ហើយបានរហូត២គ្រាប់ទៀត ដែលជាការតែតបញ្ចូលទីរបស់ខ្សែប្រយុទ្ធ RAMON DE ANDRADE SOUZA នៅនាទីទី៧៩ ដោយគ្រាប់បាល់នេះក៏ក្រុមទ័ពតវ៉ាថា បានប៉ះដៃរបស់ Ramon ផ្ទាល់ផងដែរ រួចទើបចូលទី ចំណែក១គ្រាប់ទៀត ជាការស៊ុតបញ្ចូលទីរបស់ ផាន សុផេន នៅនាទីទី៨៤។
យ៉ាងណាក៏ដោយ បន្ទាប់ពីចាញ់ក្រុមវិសាខា ៣-១ កាលពីយប់ថ្ងៃសៅរ៍នោះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានចេញសេចក្តីប្រកាសទាំងយប់ ដោយបានសម្តែងការសោកស្តាយ ចំពោះហេតុការណ៍ ដែលបានកើតមានឡើង នៅក្នុងជំនួបជាមួយក្រុមវិសាខា ហើយថ្នាក់ដឹកនាំរបស់ក្លិបមួយនេះ ក៏បានបញ្ជាក់ពីការដាក់ពាក្យបណ្តឹងតវ៉ារួចរាល់ហើយដែរ ទៅលើការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ឃិន ឧសីហា និងប្តឹងគ្រូជំនួយរបស់ក្លិបបាល់ទាត់វិសាខាម្នាក់ទៀត ដែលបានប្រើពាក្យសំដីរើសអើងជាតិសាសន៍ទៅលើកីឡាករលេខ៩ JOSEMAR BALANGA AGOSTINHO។
ក្រុមទ័ព បានបញ្ជាក់នៅក្នុងការប្រកាសព័ត៌មានរបស់ខ្លួនបែបនេះថា៖ «ចំពោះរឿងរ៉ាវយ៉ាងអយុត្តិធម៌ ដែលបានកើតមានមកនេះ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានធ្វើការដាក់ពាក្យបណ្ដឹងបឋមទៅកាន់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា និងក្រុមហ៊ុនខេមបូឌានព្រៅមើរលីគ តាមរយៈស្នងការប្រកួតរួចរាល់។ ដោយទី១ គឺការកាត់សេចក្តីរបស់អាជ្ញាកណ្ដាល និងទី២គ្រូជំនួយម្នាក់បានប្រើពាក្យ រើសអើងជាតិសាសន៍ មកលើកីឡាករលេខ ៩ របស់ TIFFY ARMY FC»។
«យ៉ាងណាយើងបាននឹងកំពុងរៀបចំកិច្ចការងារនេះបន្តទៀតរហូតទទួលបានយុត្តិធម៌ល្អសមស្របណាមួយនាពេលឆាប់ៗខាងមុខនេះ»។ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ បានបញ្ជាក់បន្ថែម ខណៈភាពចម្រូងចម្រាស ជុំវិញការកាត់សេចក្តីមិនត្រឹមត្រូវនេះ បានក្លាយជាប្រធានបទយ៉ាងក្តៅគគុក សម្រាប់អ្នកគាំទ្រវិស័យបាល់ទាត់ ដោយម្នាក់ៗកំពុងរង់ចាំមើលពីចំណាត់ការរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ (CPL) ថានឹងដោះស្រាយដោយវិធីណា?។
មួយថ្ងៃបន្ទាប់ពីការដាក់បណ្តឹងរបស់ សមាគមកីឡាបាល់ទាត់កងយោធពលខេមរភូមិន្ទ នេះ CPL ក៏បានចេញសេចក្តីថ្លែងការផ្លូវការមួយ ដោយអះអាងថាខ្លួនបានប្រជុំផ្ទៃក្នុងអំពីករណីនេះ យ៉ាងម៉ត់ចត់ ហើយនឹងមានការប្រជុំពិភាក្សាជាមួយសហព័ន្ធកីឡាបាល់ទាត់កម្ពុជា រួមមាននាយកដ្ឋានអាជ្ញាកណ្តាល និងគណៈកម្មការវិន័យ និងសីលធម៌ផងដែរ ដើម្បីដោះស្រាយរឿងនេះឱ្យបានឆាប់រហ័ស។
CPL បានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការរបស់ខ្លួនថា៖ «ក្រុមការងារ នឹងធ្វើការត្រួតពិនិត្យផ្ទៃក្នុងទាំងស្រុង ហើយប្តេជ្ញាដោះស្រាយបញ្ហានេះឱ្យបានឆាប់រហ័សបំផុត។ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ មាននីតិវិធីច្បាប់ និងកំពុងដំណើរការដោះស្រាយ ដូច្នេះសូមអរគុណចំពោះការអត់ធ្មត់របស់បងប្អូនអ្នកគាំទ្រទាំងអស់គ្នា»។
សេចក្តីថ្លែងការដដែលនេះបានឱ្យដឹងទៀតថា៖ «ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ជឿជាក់លើការការពារសិទ្ធិ និងសំឡេង (មតិយោបល់) របស់អ្នកគាំទ្រ រួមទាំងក្លិប ប៉ុន្តែយើងមិនអត់ឱនឱ្យចំពោះអាកប្បកិរិយានៃការរំលោភបំពានណាមួយចំពោះសមាជិក ដែលពាក់ព័ន្ធ នៅក្នុងលីគកំពូលកម្ពុជានោះទេ។ សូមអ្នកទាំងអស់គ្នា សហការជាមួយ CPL រហូតដល់ការវាយតម្លៃបន្ថែមទៀត ត្រូវបានបញ្ចប់»។
ជាមួយគ្នានេះ ក្រុមហ៊ុនខេមបូឌានព្រីមៀរលីគ ក៏បានអះអាងទៀតថា ពីការផ្តល់នូវការការពារសុវត្ថិភាពគ្រប់ពេលវេលាទៅដល់កីឡាករ គ្រូបង្វឹក ក្រុមការងារបច្ចេកទេស សមាជិកគ្រប់គ្រង អ្នកពាក់ព័ន្ធ ជាពិសេសអ្នកគាំទ្រ។
បន្ថែមលើនេះ CPL ក៏បានកោតសរសើរចំពោះទឹកចិត្តរបស់អ្នកគាំទ្រទាំងអស់ និងការប្តេជ្ញា ក្នុងការផ្តល់នូវសុចរឹតភាពនៃកីឡាបាល់ទាត់ សម្រាប់ដំណើរឆ្ពោះទៅមុខ។ CPL បានបញ្ជាក់ថា៖ «យើងនឹងមានផែនការបន្ថែម ដើម្បីបង្កើនការបណ្តោះបណ្តាលអាជ្ញាកណ្តាល និងប្រព័ន្ធនៃការគាំទ្រ ដើម្បីធានាបាននូវការសម្រេចចិត្តដែលត្រឹមត្រូវ និងយុត្តិធម៌ នាពេលអនាគត»។
ដោយឡែក ក្រុមភ្នំពេញក្រោន បានយកឈ្នះ បានយកក្រុមឡាយហ្វខេត្តព្រះសីហនុ រហូតដល់ ១០-០ ដោយក្នុងនោះខ្សែបម្រើ RAFAEL ANDRES NIETO RONDON រកបាន ៤គ្រាប់តែម្នាក់ឯង ក្នុងពេលអ្នកចាំទី Georgino Jose Alexandro Mendonca Da silva របស់ក្រុមឡាយហ្វខេត្តព្រះសីហនុ បានទទួលកាតក្រហមតាំងពីនាទីទី១២នោះ ហើយជាមួយការបង្កើតនូវកំណត់ត្រាថ្មីនេះ បានជួយឱ្យក្រុមភ្នំពេញក្រោន នៅតែបន្តឈរនៅកំពូលតារាង ដោយឈ្នះទាំង៦ប្រកួត មាន១៨ពិន្ទុ តាមពីក្រោយដោយក្រុមវិសាខា និងអង្គរថាយហ្គឺរ ដែលមាន១៥ពិន្ទុដូចគ្នា៕