ក្រុមកីឡាករបាល់ទាត់តំណាងឱ្យប្រទេសកម្ពុជា១ក្រុម ក្រោមការរៀបចំរបស់អង្គការកម្ពុជាអូស្ត្រាលីបាល់ទាត់រីករាយ (HFCA) និងមានការជួយឧបត្ថម្ភពីអង្គការមូលនិធិកុមារកម្ពុជា (CCF) នឹងត្រូវធ្វើដំណើរទៅចូលរួមព្រឹត្តិការណ៍ពានរង្វាន់ពិភពលោកជនអនាថា លើកទី១៩ ឆ្នាំ២០២៤ (The 19th Homeless World Cup 2024) ដែលនឹងប្រារព្ធធ្វើឡើងនៅទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤។
យុវជនចំនួន ៨នាក់ ដែលភាគច្រើនជាក្មេងអនាថាគ្មានផ្ទះសម្បែង ត្រូវបាន HFCA ជ្រើសរើសធ្វើជាតំណាងឱ្យកម្ពុជា ដើម្បីទៅចូលរួមការប្រកួតពានរង្វាន់ពិភពលោកជនអនាថា ឆ្នាំ២០២៤នេះ ក្នុងនោះរួមមានកីឡាករ សៅ សាម៉ី, ភន ភ័ក្រ និង វេង និវឌ្ឍន៍ មកពីខេត្តសៀមរាប រីឯ ផន ផាន់ណា មកពីខេត្តព្រៃវែង និង អឿម ប៉ូ មកពីខេត្តកំពត។
អ្នកទាំង ៥នេះ សុទ្ធតែធ្លាប់បានជ្រើសរើសឱ្យចូលរួមការប្រកួតពានមួយនេះ កាលពីឆ្នាំ២០២០ នៅប្រទេស ហ្វាំងឡង់ តែត្រូវបានលុបចោលវិញដោយសារការរីករាលដាលនៃជំងឺកូវីដ១៩។
ចំណែកកីឡាករចំនួន ៣ផ្សេងទៀតគឺ សោម ថូនេត មកពីខេត្តស្វាយរៀង សែន សុកាន មកពីខេត្តកណ្តាល និង ភុន មករា មកពីខេត្តព្រៃវែង ហើយនៅក្នុងចំណោមអ្នកទាំង ៨នាក់នេះ គឺមាន៥នាក់មកពីអង្គការមូលនិធិកុមារកម្ពុជា និង៣នាក់ទៀតមកពីអង្គការមជ្ឈមណ្ឌលកសាងអនាគតរបស់អ្នកថ្ងៃនេះ (Build your Future Today) ដែលអង្គការទាំង ២នេះ សុទ្ធតែជាដៃគូរបស់អង្គការ HFCA។
ជាមួយគ្នានេះ លោក ឡុង សុវដ្ឋា ដែលធ្លាប់ជាកីឡាករតំណាងឱ្យកម្ពុជាទៅចូលរួមការប្រកួតពានរង្វាន់ពិភពលោកជនអនាថា ឆ្នាំ២០១៧ នៅទីក្រុង Oslo ប្រទេសន័រវេស ត្រូវបានផ្តល់តួនាទីជាអ្នកចាត់ការនិងជាគ្រូបង្វឹក សម្រាប់ដឹកនាំក្រុមបាល់ទាត់កម្ពុជា ទៅចូលរួមការប្រកួតពានរង្វាន់ពិភពលោកជនអនាថាលើកនេះ។
លោក Paraic Grogan ស្ថាបនិកអង្គការ HFCA បានថ្លែងនៅក្នុងសន្និសីទកាសែត កាលពីថ្ងៃទី៥ ខែកញ្ញាថា Homeless World Cup (HWC) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៣ នៅទីក្រុង Graz ប្រទេសអូទ្រីស ហើយកម្ពុជា បានចូលរួមព្រឹត្តិការណ៍នេះតាំងពីឆ្នាំ ២០០៨មក អ៊ីចឹងនេះជាលើកទី១២ហើយ ដែល HFCA បានសម្របសម្រួលក្រុមកីឡាករកម្ពុជា ទៅចូលរួមការប្រកួតបាល់ទាត់នេះ ដើម្បីនាំមកនូវការផ្លាស់ប្តូរជីវិតដល់ក្មេងៗជាជនអនាថា។
លោកបានថ្លែងថា៖ «នៅទីបំផុត កីឡាករ ៥នាក់ ក្នុងចំណោម ៨នាក់ ដែលបានខកខានចូលរួមនៅប្រទេស ហ្វាំងឡង់ ក្នុងឆ្នាំ ២០២០ មានឱកាសបង្ហាញទេពកោសល្យរបស់ខ្លួន ក្នុងការលេងបាល់ទាត់ពានរង្វាន់ពិភពលោកជនអនាថា នៅប្រទេសកូរ៉េវិញ ហើយ HFCA ពិតជាសប្បាយចិត្ត ដែលបាននាំក្មេងៗរបស់យើង បានទៅប្រកួតប្រជែងជាមួយប្រទេសជាច្រើនទៀត នៅលើពិភពលោក ដើម្បីទទួលបានបទពិសោធន៍ថ្មីៗ យកមកអភិវឌ្ឍជំនាញរបស់ខ្លួនបន្ថែមទៀត»។
សម្រាប់ការប្រកួត Homeless World Cup 2024 មានប្រទេសចំនួន៧០ ជាសមាជិករបស់ HWC រួមទាំងប្រទេសកម្ពុជាផងដែរ បានចូលរួម ហើយវាក៏ជាលើកដំបូង ដែលព្រឹត្តិការណ៍នេះ ត្រូវធ្វើនៅតំបន់អាស៊ី បន្ទាប់ពីបានផ្អាកដំណើរការដោយសារវិបត្តិជំងឺកូវីដ១៩ ពីឆ្នាំ២០២០ ដល់ឆ្នាំ២០២២។
លោក Paraic Grogan បានបញ្ជាក់ថា៖ «នៅក្នុងចំណោមប្រទេសចូលទាំងអស់នេះ គឺប្រទេសមួយចំនួនធំ ជាពិសេស ប្រេស៊ី អាហ្សង់ទីន អាល្លឺម៉ង់ បារាំង អ៊ីតាលី អង់គ្លេស ស្កត់ឡេន និងនីហ្សេរីយ៉ា ជាដើម សុទ្ធតែជាប្រទេសមានប្រវត្តិលេងបាល់ទាត់យូរឆ្នាំ និងមានកម្រិតលេងខ្លាំង អ៊ីចឹងកីឡាកររបស់យើង នឹងត្រូវប្រឈមនូវការប្រកួតដ៏តានតឹងជាមួយប្រទេសទាំងអស់នោះ ប៉ុន្តែខ្ញុំគិតថា ពួកគេនឹងទទួលបាននូវអត្ថប្រយោជន៍ច្រើនត្រឡប់មកវិញ តាមរយៈការប្រកួតនេះ»។
ចំណែកលោក Scott Neeson ស្ថាបនិកអង្គការមូលនិធិកុមារកម្ពុជា បានថ្លែងថា៖«CCF បានឧបត្ថម្ភដល់អង្គការ HFCA ជាយូរមកហើយ ហើយគោលដៅនៃទំនាក់ទំនងនេះ គឺការប្រកួតដណ្តើមពានរង្វាន់ពិភពលោកជនអនាថា ដែលកីឡាករវ័យក្មេងរបស់យើង អាចមានលទ្ធភាពធ្វើដំណើរទៅកាន់ប្រទេសជាម្ចាស់ផ្ទះ និងលេងជាមួយក្រុមផ្សេងទៀតមកពីតំបន់ខុសៗគ្នាជុំវិញពិភពលោក។ នេះជាការចែករំលែកបទពិសោធន៍ដ៏អស្ចារ្យ ហើយជាក់ស្តែងណាស់ វាមានឥទ្ធិពលមកលើអ្នកដែលបានចូលរួម»។
លោកបានថ្លែងថា៖ «ក្មេងៗរបស់យើង ដែលបានចូលរួម Homeless World Cup កន្លងមក គឺមានការផ្លាស់ប្តូរនូវចិត្តគំនិត និងភាពជឿជាក់ នៅពេលពួកគេបានជួបក្មេងៗជាច្រើនទៀតនៅក្រៅប្រទេស ដែលមានប្រវត្តិដូចពួកគេដែរ ហើយជាមួយអត្ថប្រយោជន៍ទាំងអស់នេះ បានធ្វើឱ្យកីឡាករវ័យក្មេងរបស់យើង មានការស្រលាញ់សហគមន៍ខ្លួនឯងជាងមុន ពិសេសមានទំនុកចិត្តកាន់តែខ្លាំង ក្នុងការផ្លាស់ប្តូរនូវខ្សែជីវិតរបស់ខ្លួនឯងឱ្យកាន់តែប្រសើរឡើង»៕