គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) និងដៃគូឧបត្ថម្ភ AIA នឹងបន្តរៀបចំព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ជាលើកទី២ ប្រចាំឆ្នាំ២០២៤ ដែលគ្រោងធ្វើនៅមុខសួនច្បារវត្តបទុមវតី នាថ្ងៃទី១៣ ខែតុលា ហើយគណៈកម្មការរៀបចំ បានដាក់ក្តីរំពឹងថា នៅឆ្នាំនេះ អាចនឹងមានអ្នកចូលរួមពី៣ពាន់ទៅ៤ពាន់នាក់។
តាមខ្លឹមសារ ដែលត្រូវបានប្រកាសក្នុងសន្និសីទកាសែត នៅទីស្នាក់ការ NOCC កាលពីថ្ងៃទី៥ ខែកញ្ញា បានឱ្យដឹងថា ព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run ឆ្នាំ២០២៤នេះ បានបន្ថែមនូវគោលដៅថ្មីមួយទៀត គឺការអបអរសាទរពិធីសម្ពោធបើកការដ្ឋានសាងសង់គម្រោង «ព្រែកជីកហ្វូណនតេជោ» កាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤នេះ។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «គោលដៅនៃព្រឹត្តិការណ៍ AIA Pink Run ឆ្នាំនេះ គឺផ្តោតសំខាន់ទៅលើការអបអរសាទរពិធីបើកការដ្ឋានព្រែកជីកហ្វូណនតេជោ ដែលជាព្រែកជីកមួយមានគុណតម្លៃខ្ពស់សម្រាប់សេដ្ឋកិច្ច និងប្រទេសជាតិ តទៅជំនាន់ក្រោយៗទៀត ដោយជួយដល់សេដ្ឋកិច្ចជាតិផង ជួយដល់ជីវភាពរបស់ប្រជាពលរដ្ឋក្នុងការកាត់បន្ថយភាពក្រីក្រផង ព្រមទាំងលើកកម្ពស់សេដ្ឋកិច្ចជាតិឆ្ពោះទៅសម្រេចនូវចក្ខុវិស័យរបស់កម្ពុជានាឆ្នាំ២០៣០ និងឆ្នាំ២០៥០»។
លោកបានបន្ថែមថា ក្រៅពីការបន្ថែមនូវគោលដៅថ្មីនេះ NOCC និងដៃគូសហការ នៅតែយកព្រឹត្តិការណ៍ AIA Pink Run នេះ ដោយផ្តោតសំខាន់ទៅលើផ្សព្វផ្សាយលើកកម្ពស់ការយល់ដឹង និងទប់ស្កាត់ជំងឺមហារីកសុដន់ និងរត់ដើម្បីសប្បុរសធម៌ ហេតុនេះថវិកាទទួលបានពីរាល់ការចុះឈ្មោះ នឹងត្រូវបរិច្ចាគ១ដុល្លារ ជួយដល់មន្ទីរពេទ្យព្រះសីហនុមណ្ឌលនៃក្តីសង្ឃឹម ដែលជាមន្ទីរពេទ្យមួយជំនាញទាំងការពិនិត្យ និងព្យាបាលសុខភាពស្រ្តីរួមទាំងជំងឺមហារីកសុដន់។
ចំពោះការលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដននេះ អ្នកស្រី ខៀវ វរៈច័ន្ទ ប្រធានផ្នែកទីផ្សាររបស់ក្រុមហ៊ុន AIA បានឱ្យដឹងថា AIA បានចាប់ផ្តើមធ្វើតាំងពីឆ្នាំ២០១៧ ដោយឆ្នាំដំបូង មានអ្នកស្រ្តីមកពិនិត្យជាបឋមប្រមាណ ១០០នាក់ទេ តែឆ្នាំបន្តបន្ទាប់នេះ ចំនួនអ្នកមកពិនិត្យ មានការកកើនឡើងច្រើន ចំណែកឆ្នាំ២០២៣កន្លងមកនេះ មានអ្នកមកពិនិត្យរកជំងឺមហារីកសុដន់ជាង៣ពាន់នាក់ រីឯឆ្នាំ២០២៤នេះ AIA បានដាក់គោលដៅពិនិត្យឱ្យបាន៥ពាន់នាក់។
អ្នកស្រីបានថ្លែងថា៖ «ចំពោះយុទ្ធនាការលើកកម្ពស់ជំងឺមហារីកសុដន់នៅឆ្នាំនេះ យើងរំពឹងថា នឹងផ្តល់នូវការពិនិត្យស្វែងរកជំងឺមហារីកសុដន់ជាបឋមទៅដល់ប្រជាជន ពិសេសបងប្អូនស្រ្តីយើងឱ្យបានចំនួន៥ពាន់នាក់ ហើយកិច្ចការនេះ យើងបានសហការជាមួយមន្ទីរពេទ្យ Inter Care ដោយពួកគាត់នឹងផ្តល់ជូននូវសេវាពិនិត្យជាបឋមនេះតាមទីតាំងជាង២០ នៅទីក្រុងភ្នំពេញ និងទីតាំងនៅតាមខេត្តមួយចំនួនទៀត»។
អ្នកស្រីបានបន្ថែមថា៖ «យើងត្រូវធ្វើយ៉ាងណាបញ្ជ្រាបការយល់ដឹងពីមហារីកសុដន់នេះឱ្យបានកាន់តែខ្លាំង ទៅដល់ប្រជាជនរបស់យើង ជាពិសេសស្រ្តី ព្រមទាំងកៀរគរបងប្អូនក៏ដូចជាសមាជិកគ្រួសារនីមួយៗ ក្នុងការជំរុញឱ្យស្រ្តីរបស់យើងយកចិត្តទុកដាក់លើសុខភាពរបស់ខ្លួន»។
ជាមួយគ្នានេះ អ្នកស្រី ខៀវ វរៈច័ន្ទ បានចាត់ទុកការរៀបចំព្រឹត្តិការណ៍ AIA Pink Run ជាលើកទី២ នៅឆ្នាំនេះ ជាផ្នែកមួយយ៉ាងសំខាន់ ក្នុងជួយជំរុញ «យុទ្ធនាការលើកកម្ពស់ជំងឺមហារីកសុដន់» ឱ្យបានកាន់តែទូលំទូលាយ ហើយនៅក្នុងព្រឹត្តិការណ៍នេះដែរ AIA នឹងរៀបចំឱ្យមានក្រុមការងារដើម្បីពិភាក្សា និងជជែកពីជំងឺមហាសុដន់ ព្រមទាំងធ្វើតេស្តបឋមដោយឥតគិតថ្លៃចាប់ពីថ្ងៃទី១១ ដល់ទី១៣ ខែតុលា ឆ្នាំ២០២៤ នៅឧទ្យានវត្តបទុមវត្តី។ ហេតុនេះអ្នកស្រីបានលើកទឹកចិត្តឱ្យស្ត្រីចូលរួម និងពិភាក្សាសុខភាព ដែលផ្តោតលើជំងឺដ៏កាចសាហាវនេះដើម្បីទប់ស្កាត់ឱ្យទាន់ពេលវេលា។
អ្នកស្រី ខៀវ វរៈច័ន្ទ បានបញ្ជាក់ថា៖ «ការរៀបចំ AIA Pink Run នៅឆ្នាំនេះ យើងសង្ឃឹមថា នឹងទទួលបានការគាំទ្រយ៉ាងច្រើនពីមហាជន ហើយការចូលរួមក្នុងព្រឹត្តិការណ៍នេះគឺជាការបង្ហាញទៅមហាជនទាំងមូលទៅលើការគាំទ្រយុទ្ធនាការលើកកម្ពស់ជំងឺមហារីកសុដន់ ក៏ដូចជាអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោ ព្រមទាំងលើកកម្ពស់សុខភាពឱ្យបានល្អផងដែរ»។
ចំពោះព្រឹត្តិការណ៍រត់ប្រណាំង AIA Pink Run 2024 នាថ្ងៃទី១៣ ខែតុលាខាងមុខនេះមាន៣វិញ្ញាសា រួមមានរត់ចម្ងាយ ១០គីឡូម៉ែត្រ ៥គីឡូម៉ែត្រ និង ២,៥គីឡូម៉ែត្រ។ បច្ចុប្បន្នព្រឹត្តិការណ៍នេះ មានអ្នកចុះឈ្មោះបានប្រមាណ២ពាន់នាក់ហើយ ចំណែកគណៈកម្មការរៀបចំ បានដាក់គោលដៅអ្នកចូលរួមចន្លោះពី៣ពាន់ ទៅ៤ពាន់នាក់។ ហេតុនេះលោក វ៉ាត់ ចំរើន បានអំពាវនាវឱ្យប្រជាពលរដ្ឋកម្ពុជា មកចុះឈ្មោះចូលរួមឱ្យបានទាន់ពេលវេលា ដើម្បីរួមគ្នាលើកកម្ពស់ការយល់ដឹងជំងឺមហារីកសុដន់ និងអបអរសាទរការបើកការដ្ឋានសាងសង់ព្រែកជីកហ្វូណនតេជោទាំងអស់គ្នា៕