សហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ បាន​ធ្វើ​​ការ​ព្រមាន​ជាលាយ​ល័ក្ខ​អក្សរ និង​​ប្រកាស​ជាសាធារណៈ​ដល់​កីឡាករចំនួន​១៥នាក់ ដែល​បានចាប់​គូ​​ប្រកួត ដោយសម្រាក​មាន​រយៈ​ពេល​​តិចជាង​២សប្តាហ៍ ហើយ​អ្នក​ទាំង​នេះ នឹង​ត្រូវ​ពិន័យ​មិន​ឱ្យ​ចាប់​គូ​​ឡើង​ប្រកួត​រយៈពេល​៦​សប្តាហ៍ បើ​សិនជាពួកគេ នៅតែ​ប្រព្រឹត្ត​ល្មើស​ទៅនឹង​​លក្ខន្តិកៈ ​បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​គ្រប់​គ្រងការ​​ប្រកួត​របស់​សហព័ន្ធ ជា​លើក​ទី​២​នោះ។

សេចក្តីសម្រេច​ស្តី​ពីការ​ដាក់ពិន័យ​កីឡាករ​ ដែល​ប្រកួត​សម្រាក​មាន​រយៈ​​ពេល​តិចជាង​​២​សប្តាហ៍​នេះ គឺ​ត្រូវបានធ្វើ​ឡើង​តាមការ​ចង្អុល​បង្ហាញ​របស់​លោក ខូវ ឆាយ ជា​ប្រធានសហព័ន្ធ​កីឡាប្រដាល់​គុនខ្មែរ ដើម្បី​ពង្រឹង​លក្ខន្តិកៈ ​បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​គ្រប់​គ្រងការ​​ប្រកួត​របស់​សហព័ន្ធឱ្យមាន​ប្រសិទ្ធ​ភាពខ្ពស់។

សហព័ន្ធកីឡា​ប្រដាល់​គុនខ្មែរ បានបញ្ជាក់​នៅ​ក្នុង​ប្រការ​១​​នៃ​សេចក្តីសម្រេច កាលពី​ថ្ងៃពុធ​ ម្សិលមិញ​​ថា៖ ​«ដាក់​ពិន័យ ជា​ការ​ព្រមាន​ជាលាយ​ល័ក្ខ​អក្សរ និង​​ប្រកាស​ជាសាធារណៈ​ដល់​កីឡាករ ដែល​បានចាប់​គូ​​ប្រកួត ដោយសម្រាក​មាន​រយៈ​ពេល​​តិចជាង​២សប្តាហ៍»។

ចំពោះ​កីឡាករ​ទាំង​១៥នាក់ ដែល​ទទួល​រង​ការព្រមាន​នេះ រួមមាន​កីឡាករ ធន់ គឹមឡុង, ធន់ អៀងឡុង មកពី​មជ្ឈមណ្ឌល​កីឡាកង​យោធពល​ខេមរភូមិន្ទ កីឡាករ រិទ្ធី មាន់​ព្រៃ មក​ពី​ក្លិប​ Super Fight & GYM កីឡាករ សោម ពិសិដ្ឋ, ឡូញ វ៉ាន់ឌី ​របស់​ក្លិប​វិបុល​ដារិទ្ធិ​ខណ្ឌពោធិ៍សែនជ័យ កីឡាករ ជុន រាត្រី ក្លិប​កងពល​តូច​ដឹកជញ្ជូន​លេខ​៩០។

កីឡាករ ម៉ន ភារម្យ ក្លិប​ការិយាល័យ​ទី​៥​កងទ័ព​ជើងគោក កីឡាករ ម៉ាលី អគ្គីនេត្រ ក្លិប​សុម៉ាលីគុនខ្មែរ កីឡាករ សឹង្ហ ឡេង ក្លិប​អេភូថង​កីឡា កីឡាករ ឆួន បួន ក្លិប​បញ្ជាការ​ដ្ឋាន​ទ័ព​ពិសេស កីឡាករ ខន ទិត្យវិច្ឆិកា ក្លិប​តាឡី​ដំរីមាន​រិទ្ធ កីឡាករ សូត្រ ខេវិន និង សូត្រ ប៊ុនធី ​របស់​ក្លិប​បក្សី​ស្លាប​ដែក កីឡាករ ហាប់ ខា ក្លិប​នាគ​រាជ​ចតុមុខ និង​កីឡាករ នី នរមហាអាគមន៍ របស់​ក្លិប​​ខ្លារខិន​មាន​រិទ្ធ។

ជាមួយគ្នា​នេះ សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ក៏​បានបង្ហាញពីជំហរ​ដាក់ពិន័យ​ទៅលើ​កីឡាករ ដែលបន្ត​ប្រព្រឹត្តខុសជាលើក​ទី​២​ផងដែរ ដោយបញ្ជាក់​ថា៖ ​«ករណី​កីឡាករ ដែល​មាន​ឈ្មោះ​ដូច​ប្រការ​១ ប្រព្រឹត្ត​ខុស​ដោយ​ចាប់គូ​ប្រកួត​ សម្រាក​តិចជាង​២​សប្តាហ៍ ជា​លើក​ទី​២ ត្រូវដាក់ពិន័យ​​មិន​អនុញ្ញាត​ឱ្យ​ចាប់​គូ​ចូល​រួម​ប្រកួត​រយៈ​ពេល​៦​សប្តាហ៍។ រាល់​សេចក្តីសម្រេច​ទាំង​ឡាយ​ណា​ ដែល​ផ្ទុយ​នឹងសេចក្តី​​សម្រេច​នេះ ទុក​ជានិរាករណ៍»។

ជាមួយគ្នានេះ លោក ខូវ ឆាយ បានដាក់កំហិត​ឱ្យ​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ​​កីឡា​ប្រដាល់​គុនខ្មែរ អគ្គ​លេខាធិការ អនុគណៈកម្មការ​បច្ចេក​ទេស ដៃគូ​អភិវឌ្ឍ ស្ថានីយទូរទស្សន៍​ពាក់​ព័ន្ធ ក្រុម​ហ៊ុន​ពាក់​ព័ន្ធ សមាគម ក្លិប និង​សាមី​ខ្លួន ត្រូវ​អនុវត្ត​សេចក្តី​សម្រេច​នេះ ឱ្យ​មាន​ប្រសិទ្ធ​ភាព​ខ្ពស់ ចាប់ពី​ថ្ងៃ​ចុះ​ហត្ថលេខានេះ​តទៅ។

លោក ខូវ ឆាយ ពេល​ថ្លែង​​ក្នុង​កម្មវិធីប្រដាល់ថ្នាល «អារាមគុនខ្មែរ» នៅ​ខេត្តបាត់ដំបង ខណៈពេល​នេះ លោកចាប់​ផ្តើម​អនុវត្ត​វិធាន​ការដាក់ពិន័យ​ទៅលើ​កីឡាករដែលប្រកួតសម្រាកមានរយៈពេលតិចជាង២សប្តាហ៍។ រូប​ថត សហព័ន្ធ

គួរ​បញ្ជាក់​ថា ការ​សម្រេច​​​ដាក់ពិន័យទៅលើ​​កីឡាករ​ ដែល​ប្រកួត​សម្រាក​មាន​រយៈ​​ពេល​តិចជាង​​២​សប្តាហ៍​នេះ ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ អនុវត្ត​ជា​លើកដំបូង បន្ទាប់ពី​កីឡាករ ក៏​ដូចជា​គ្រូ​បង្វឹក​របស់​ក្លិបមួយចំនួន នៅតែ​បំពាន​​លក្ខន្តិកៈ ​បទបញ្ជាផ្ទៃក្នុង និង​បទបញ្ជា​គ្រប់​គ្រងការ​​ប្រកួត ដែល​សហព័ន្ធ បានកំណត់ គឺ​បន្ទាប់ពី​ប្រកួត​ហើយ គ្រប់កីឡាករ​ទាំង​អស់ ត្រូវ​សម្រាក​យ៉ាង​តិច​រយៈពេល​២​សប្តាហ៍ ទើបអនុញ្ញាតឱ្យចាប់គូ​ឡើង​ប្រកួត​ទៀត។ 

ការ​ធ្វើបែបនេះ គឺ​ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករជំនាន់​ក្រោយ ក៏ដូចជាកីឡាករ​​មិន​ទាន់​មាន​ឈ្មោះ​បោះ​សំឡេង បានឡើង​ប្រកួត​នៅតាម​សង្វៀន​ផ្សេងៗ​ដែរ ព្រោះ​កន្លងមក​នេះពួកគេ ស្ទើរ​តែ​គ្មានឱកាសបាន​ឡើង​ប្រកួតសោះ។ 

ផ្ទុយ​ទៅវិញ ចំពោះ​កីឡាករ​ដែល​មានសមត្ថ​ភាព និង​ប្រជាប្រិយភាព​ខ្លាំង បែរ​ជា​ទទួល​បានឱកាស​​ឡើង​ប្រកួត​ស្ទើរ​រាល់​សប្តាហ៍ ហើយ​បញ្ហា​នេះ ក៏​ជាហានិភ័យ​ធ្វើ​ឱ្យខូចដល់​​​កីឡាករ​​ផងដែរ៕