រដ្ឋាភិបាលចិន​បាន​សម្រេច​ទទួលយក​នូវគម្រោងសំណើរធំៗចំនួន​២​របស់កម្ពុជា គឺ​គម្រោងជំនួយផ្នែកការហ្វឹកហាត់កីឡាកម្រិតខ្ពស់​របស់​ក្រុមជម្រើសជាតិ​កម្ពុជា នៅប្រទេសចិន និងគម្រោងជួយបច្ចេកទេសក្នុងការបន្តថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ ដែល​ត្រូវបាន​សាងសង់​ឡើងក្រោម​ជំនួយឥតសំណង​របស់រដ្ឋាភិបាល​ចិន​ដូចគ្នា។​

ការ​បើក​ភ្លើងខៀវ​ទទួល​យកសំណើរ​ទាំង​២​របស់​កម្ពុជា​នេះ គឺ​ធ្វើតាម​រយៈ​លោក Zeng Huacheng អគ្គនាយករងនៃក្រសួងពាណិជ្ជកម្មប្រទេសចិន នៅពេល​លោកបានដឹកនាំ​ប្រតិភូចិន និង​តំណាងស្ថានទូតចិនប្រចាំនៅកម្ពុជា មកជួប​ពិភាក្សាការងារ​ជាមួយ​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងជាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពី​ថ្ងៃទី​១២ ខែមីនា។

ជុំវិញការងារ​នេះ លោក វ៉ាត់ ចំរើន ​បាន​​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​​ថា គម្រោងនៃការផ្ដល់ជំនួយ​នេះ គឺជាជំនួយឥតសំណង​រដ្ឋាភិបាលចិន តាមរយៈក្រសួងពាណិជ្ជកម្មចិន ផ្ដល់មកឱ្យ​រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដោយមាន NOCC និងក្រសួងអប់រំ យុវជន និងកីឡា ជាអ្នកសម្របសម្រួល។

តាម​រយៈការ​ពិភាក្សា​ជាមួយ​លោក ​Zeng Huacheng នៅទីស្នាក់ការ NOCC កាលពី​ថ្ងៃពុធ​នោះ ភាគីចិន បានផ្ដល់នូវដំណឹងល្អ ពាក់ព័ន្ធឹងគម្រោងជំនួយចំនួន២​របស់កម្ពុជា គឺ​ទី១ គម្រោងជំនួយផ្នែកការហ្វឹកហាត់នៅចិន សម្រាប់ឆ្នាំ២០២៥ ដែលបេសកកម្មនេះ ក្រុមការងារជំនាញពិសេសរបស់ចិន នឹងចុះមកធ្វើការជាមួយក្រុមកីឡាជម្រើសជាតិកម្ពុជា និងធ្វើការពិភាក្សាបន្ថែមជាមួយ NOCC ទៅលើការត្រៀមរៀបចំបញ្ជូនកីឡាករ កីឡាការិនី ១៦១នាក់ ដែលត្រូវចេញទៅហ្វឹកហាត់នៅ​ចិន ត្រៀមស៊ីហ្គេម លើក​ទី​៣៣ ឆ្នាំ២០២៥។

លោក Zeng Huacheng ពេល​ដឹកនាំ​ក្រុម​ប្រតិភូចិន មកពិភាក្សាគ្នាជាមួយ​លោក វ៉ាត់ ចំរើន នៅ​ទី​ស្នាក់ការ NOCC កាលពី​ថ្ងៃទី​១២ ខែមីនា។ រូប​ថត NOCC

លោក វ៉ាត់ ចំរើន បន្ថែម​ថា៖ «គម្រោងនេះ មិនត្រឹមជាជំនួយត្រឹមឆ្នាំ២០២៥នោះទេ តែជាគម្រោងជំនួយ​រហូតដល់ឆ្នាំ​២០២៩ សម្រាប់គោលដៅនៃការធ្វើម្ចាស់ផ្ទះកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ នៅកម្ពុជា អ៊ីចឹង​កិច្ចពិភាក្សាគ្នាបានផ្ដោតការយកចិត្តទុកដាក់ទៅលើការត្រៀមលក្ខណៈ ដែលរដ្ឋាភិបាលចិន បានផ្ដល់នូវភ្លើងខៀវថា គម្រោងសំណើរនៃការទទួលការហ្វឹកហាត់នៅសាធារណរដ្ឋប្រជាមានិតចិននេះ ត្រូវបានរដ្ឋាភិបាលចិនទទួលយក និងមានការគាំទ្រទាំងស្រុង»។

«ប៉ុន្ដែនៅនីតិវិធីនៃការរៀបចំបច្ចេកទេសឱ្យ​បានល្អ ហើយនឹងទទួលនូវកិច្ចសហប្រតិបត្តិ និងកិច្ចសន្យាជាមួយគ្នាក្នុងកម្រិតជំនាញពិសេស ដើម្បីទទួលយកនូវការទទួលខុសត្រូវគ្នាទៅវិញទៅមក នៅក្នុងគម្រោងនេះ»។ លោក វ៉ាត់ ចំរើន បានបន្ថែម។

ចំពោះ​គម្រោងជំនួយផ្នែកការហ្វឹកហាត់កីឡាកម្រិតខ្ពស់​របស់​ក្រុមជម្រើសជាតិ​កម្ពុជា នៅប្រទេសចិន លើក​នេះ លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​​ថា វា​ដូចគ្នា​ទៅនឹង​គម្រោង ដែលកម្ពុជា​ ធ្លាប់​បានទទួលមុនស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣​ដែរ គឺកីឡាករ កីឡាការិនីជម្រើសជាតិកម្ពុជា បានទៅហ្វឹកហាត់នៅចិន មុនស៊ីហ្គេម ​ក្រោម​ការជួយឧបត្ថម្ភទាំងស្រុងពីមិត្ដចិន ទាំងលើ​ការស្នាក់នៅ ហូបចុក សំបុត្រយន្ដហោះ និងការហ្វឹកហាត់នៅទីនោះ ហើយក៏មានគម្រោងបញ្ជូនគ្រូបង្វឹកជំនាញប្រភេទកីឡាល្អៗមួយចំនួន មកបង្ហាត់បន្ថែមនៅកម្ពុជាផងដែរ។

ដោយឡែក ចំពោះ​គម្រោងស្នើសុំបន្ដជួយការថែទាំពហុកីឡដ្ឋានជាតិមរតកតេជោ លោក វ៉ាត់ ចំរើន បានបញ្ជាក់​ថា៖ «គម្រោងនេះ យើងបានទទួលដំណឹងថា ពហុកីឡដ្ឋានជាតិមរតកតេជោ គឺមានការស្នើសុំបន្ដជួយការថែទាំ ព្រោះការថែទាំមានលក្ខណៈស្មុគស្មាញ និងពិសេស អ៊ីចឹងគម្រោងស្នើសុំការជួយបច្ចេកទេសក្នុងការថែទាំបន្ដនេះ គឺរដ្ឋាភិបាលចិន ក៏បានចាប់អារម្មណ៍ និងគាំទ្រទាំងស្រុងដែរ»។

ចំពោះ​ការបើក​ភ្លើង​ខៀវ ​​ទទួលយក​នូវគម្រោងសំណើរធំៗចំនួន​២​របស់កម្ពុជា ពីសំណាក់រដ្ឋាភិបាល​ចិន ខាង​លើ​នេះ លោក វ៉ាត់ ចំរើន បាន​ធ្វើ​ការ​វាយ​តម្លៃជារួម ប្រកប​ដោយ​ភាពជឿជាក់​ថា៖​ «យើង​​សង្ឃឹម​ថា ជំនួយឥតសំណង់​របស់រដ្ឋាភិបាលចិន លើក​នេះ នឹងធ្វើ​ឱ្យពហុកីឡដ្ឋានជាតិ​មរតកតេជោ ក៏​ដូចជា​គុណ​ផល​កីឡា​របស់​ក្រុមជម្រើសជាតិយើង នឹង​ទទួលបាន​លទ្ធផល​ល្អបន្ថែម​ទៀត ក្នុងការ​ត្រៀម​ចូលរួម​ការ​ប្រកួតស៊ីហ្គេម ចុង​ឆ្នាំ​២០២៥នេះ នៅ​ប្រទេស​ថៃ»៕