ការ​ស៊ុតបាល់បញ្ចូលទី នៅនាទីទី​ ៩០+៧ របស់​ខ្សែការពារជប៉ុន Takashi Odawara បានជួយ​ឱ្យ​ក្រុមព្រះខ័នរាជស្វាយរៀង ឈ្នះ​ក្រុមណាហ្គាវើលដ៍ ២-១ កាលពី​យប់មិញ ហើយ​ក៏ជាជ័យជម្នះ ជួយ​ឱ្យក្រុម​នេះបានសម្រេច​គោលដៅ ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា មុន​ពេល​កំណត់ផង​ដែរ ទោះ​នៅ​សល់​២​ប្រកួតទៀត។

         សម្រាប់ការ​ប្រកួត ដែល​ធ្វើ​នៅកីឡដ្ឋាន​ស្វាយ​រៀង កាលពី​យប់​ថ្ងៃពុធ ម្សិលមិញ​នេះ ខ្សែ​ប្រយុទ្ធ​ប្រេស៊ីល Roque Cristian បាន​រក​គ្រាប់​បាល់​នាំ​មុខ​ឱ្យក្រុមម្ចាស់​ផ្ទះ ព្រះខ័នរាជស្វាយរៀង តាម​រយៈការស៊ុតបញ្ចូល​ទី​យ៉ាងស្អាត នៅ​នាទីទី​១៦ ប៉ុន្តែ​​កីឡាករ​ជប៉ុន Hugo Kametani បាន​ស៊ុត​គ្រាប់​បាល់​តាម​ស្មើ ឱ្យ​ក្រុមណាហ្គាវើលដ៍​វិញ នៅនាទីទី​៥០។

         ​លទ្ធផល​ស្មើគ្នា ១-១ នេះ​បាន​អូសបន្លាយរហូត​ដល់​នាទីបន្ថែម ៩០+៦ ដែល​គេ​មិនរំពឹង​ថា ស្វាយរៀង អាច​រក​បាន​គ្រាប់​បាល់​ជ័យជម្នះ​ នៅ​ក្នុង​រយៈពេល​២នាទី​ចុង​ក្រោយ​នោះ​ទេ។ ប៉ុន្តែ​​សម្រែកហ៊ោកញ្ជ្រៀវ​របស់​អ្នកគាំទ្រ​ បាន​ផ្ទុះលាន់រំពងពេញកីឡដ្ឋាន នៅពេលពួកគេ​ឃើញ​​​ខ្សែការពារ​ជប៉ុន Takashi Odawara បានស៊ុត​បាល់​ភ្លាត​ចេញពី​ដៃអ្នកចាំទី រ៉េត លីហេង បញ្ចូល​ទីបាន​យ៉ាង​ល្អ នៅនាទីទី​ ៩០+៧ នោះ។

         គ្រាប់បាល់​របស់ Takashi Odawara បាន​ក្លាយជា​ជ័យជម្នះ​យ៉ាង​ធំបំផុត សម្រាប់​ក្រុមស្វាយរៀង និង​អ្នកគាំ​ទ្រ​របស់​ក្លិប​មាន​មូលដ្ឋាន​នៅ​ខេត្តស្វាយរៀងមួយ​នេះ ព្រោះវាជា​គ្រាប់បាល់ ដែល​ជួយ​ឱ្យ ស្វាយរៀង ឈ្នះណាហ្គាវើលដ៍ ២-១ ដើម្បី​សម្រេច​គោលដៅ ឈ្នះ​ពាន​លីគកំពូល​កម្ពុជា មុនពេល​កំណត់ ទោះ​នៅ​សល់​២​ប្រកួត​ក្នុងដៃទៀត។

         ការឈ្នះ​៣ពិន្ទុ នៅក្នុង​ការ​ប្រកួតលើក​ទី​២៨នេះ បានជួយ​ឱ្យ ក្រុមស្វាយរៀង មាន​៧៣ពិន្ទុ ដាច់​ឆ្ងាយ​ពី​ក្រុម​ឈរ​នៅលេខ​២ ភ្នំពេញ​ក្រោន ចំនួន១០ពិន្ទុ ហេតុ​នេះ បើទោះបីជា ភ្នំពេញ​ក្រោន បាន​ឈ្នះ​ទាំង​៣​ប្រកួត ដែល​នៅ​សល់ ហើយ ស្វាយរៀង បានចាញ់២​ប្រកួត​ចុងក្រោយ​ ក៏ពួក​គេ នៅតែជា​ម្ចាស់​ជើងឯក។

ក្រុមស្វាយរៀង បាន​ចាប់​លោក Pep Munoz បោះឡើង​លើ ដើម្បីជា​ការ​អបអរ​ដល់​គ្រូ​បង្វឹក​សញ្ជាតិ​អេស្ប៉ាញ​រូបនេះ ដែលបាន​ដឹកនាំ​ក្រុម​ស្វាយរៀង ឱ្យ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា ២រដូវ​កាលជាប់គ្នា។ រូប ស្វាយរៀង

         យ៉ាង​ណា​ក៏​ដោយ លោក Pep Munoz គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង បាន​អះអាង​ថា ការ​ឈ្នះ​លីគកំពូល​កម្ពុជា នៅ​រដូវ​កាលនេះ មានការពិបាក​ខ្លាំង​ណាស់ ព្រោះ​មានការ​ប្រកួត​ប្រជែង​ខ្លាំង​ជាង​រដូវ​កាលមុន ហើយ​​ក្រុម​ស្វាយរៀង ដែល​មាន​ភារកិច្ច​ចូលរួម​ប្រកួត​ពានរង្វាន់ ASEAN Club Championship Shopee Cup 2024/2025 និងពាន AFC Challenge League តំណាង​ឱ្យកម្ពុជា​នោះ គឺ​មានកាលវិភាគ​ប្រកួត​មមាញឹកជាង​គេ។

លោក Pep បាន​និយាយ​ថា៖​ «ការក្លាយជា​ម្ចាស់​ជើងឯក​នៃ​ខេមបូឌាន​ព្រីមៀរលីគ នៅ​ក្នុង​រដូវ​កាលនេះ គឺជា​រឿង​មួយដែលពិបាក​ខ្លាំង ព្រោះលីគកំពូល ​ពោរពេញទៅ​ដោយការ​ប្រកួត​ប្រជែងខ្ពស់​ខ្លាំ​ងណាស់ ជាមួយនឹងកាលវិភាគ​ប្រកួតដ៏មមាញឹក។ ក្រុម​កីឡាករ គ្រូ​បង្វឹក និង​បុគ្គលិក​ទាំង​អស់ ពិតជា​បានខំប្រឹង​ប្រែ​ង​យ៉ាង​ខ្លាំង ហើយ​ពួកគេ​គឺជា​អ្នក​ធ្វើ​ឱ្យ​​វា​ក្លាយ​ជា​ការពិត នៅពេល​នេះ»។

ចំណែក​គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន លោក Starynskyi ក៏បានអបអរសាទរ ចំពោះការ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា ចំនួន​២រដូវកាល​ជាប់ៗគ្នា​របស់​ក្រុមព្រះ​ខ័នរាជស្វាយរៀង នេះ​ដែរ។ លោក​បាន​និយាយ​ថា៖ ​«សូមអបអរដល់​ក្រុម​​ស្វាយរៀង ហើយ​ខ្ញុំគិត​ថា ពួកគេ​ធ្វើ​បាន​ល្អ​ខ្លាំង​ណាស់»។

លោក​​បន្ថែម​ថា៖ ​«ដូច​បាន​ឃើញ​ហើយ ការ​ប្រកួត​ប្រជែង​ជាមួយ​​ក្រុម​ស្វាយរៀង  ២រដូវកាល​នេះ គឺ​ប្រៀប​ដូច​ជា Liverpool ប្រកួត​ប្រជែង​ជាមួយ Man City។ ពិតណាស់ យើង​ក៏​ធ្វើ​បាន​ល្អ​ដែរ ហើយបើ​ឱ្យ​និយាយ​ត្រឡប់ទៅ​ដល់​ការ​ឈ្នះ​ពាន​របស់​យើង​២លើក​ចុង​ក្រោយ គឺ​យើ​ង​ឈ្នះ​តិច​ បានពិន្ទុ​តិច ប៉ុន្តែ​ឥឡូវ​ទោះ​យើង​ប្រឹងប្រែង​​ដើម្បី​លេខ​២ តែ​យើង​ឈ្នះ​ច្រើន​ជា​ងមុន យើង​មាន​លទ្ធផល​ល្អជាង និង​ទាត់​ចូលទីច្រើន​គ្រាប់ ប៉ុន្តែ​ស្វាយរៀង ទាត់​ចូលច្រើនជាង​យើង»៕

ក្រុម​ស្វាយរៀង បាននាំ​គ្នា​អបអរ​ដល់​ខ្សែការពារជប៉ុន Takashi Odawara ដែល​រក​បាន​គ្រាប់បាល់​ជ័យជម្នះ​ឱ្យ​ក្រុមស្វាយរៀង នៅនាទីទី ៩០+៧។ រូប​ថត ស្វាយរៀង