
ក្រុមកីឡាករ កីឡាការិនីចំបាប់កម្ពុជា ទាំង១២នាក់ ដែលត្រូវបានបញ្ជូនឱ្យទៅប្រកួតចំបាប់ Southeast Asian & Invitation Championship 2025 នៅសិង្ហបុរី។ រូបថត NOCC
ក្រុមកីឡាចំបាប់ជម្រើសជាតិកម្ពុជា រំពឹងដណ្តើមបានមេដាយមាស ពីការប្រកួតកីឡាចំបាប់អន្ដរជាតិ Southeast Asian & Invitation Championship 2025 នៅប្រទេសសិង្ហបុរី ថ្ងៃចន្ទនេះ បន្ទាប់ពីពួកគេដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ សម្រាប់ការប្រកួតកាលពីថ្ងៃអាទិត្យ។
សម្រាប់ការប្រកួត Southeast Asian & Invitation Championship 2025 នេះកីឡាករ យុន ប៊ុនណា ដណ្តើមបានមេដាយសំរឹទ្ធឱ្យកម្ពុជា បានមុនគេ សម្រាប់ការប្រកួតចំបាប់សេរី ទម្ងន់៧០គីឡូក្រាម កាលពីព្រឹកថ្ងៃអាទិត្យ ហើយនៅរសៀលថ្ងៃអាទិត្យដដែលនោះ កីឡាករ សឿន សុភាស់ និងកីឡាករ ឈឿន ឈាង បានឈ្នះមេដាយចំនួន២បន្ថែមទៀតឱ្យកម្ពុជា។
កីឡាករ សឿន សុភាស់ បានឈ្នះមេដាយប្រាក់ លើវិញ្ញាសាចំបាប់សេរីទម្ងន់ ៦១គីឡូក្រាម ហើយ ឈឿន ឈាង ដណ្ដើមបានមេដាយសំរឹទ្ធ លើវិញ្ញាសាចំបាប់សេរី ទម្ងន់ ៧៤គីឡូក្រាម។
បន្ថែមទៅលើការដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធ២ កាលពីថ្ងៃអាទិត្យនោះ អ្នកស្រី ចូវ សុធារ៉ា គ្រូបង្វឹកក្រុមជម្រើសជាតិចំបាប់កម្ពុជា បានបង្ហាញក្តីរំពឹងថា ក្រុមចំបាប់កម្ពុជា នឹងអាចដណ្តើមបានមេដាយមាស សម្រាប់ការប្រកួតចុងក្រោយ នៅថ្ងៃចន្ទនេះ ព្រោះជាថ្ងៃដែលម្ចាស់មេដាយមាសស៊ីហ្គេមទាំង២រូបរបស់កម្ពុជា ត្រូវធ្វើការប្រកួតប្រជែង រួមជាមួយអត្តពលិក៣នាក់ផ្សេងទៀត។

កីឡាករ សឿន សុភាស់ និង ឈឿន ឈាង បានបង្ហាញមេដាយប្រាក់ និងសំរឹទ្ធ ដែលពួកគេដណ្តើមបាន កាលពីថ្ងៃអាទិត្យ។ រូបថត សហព័ន្ធ
អ្នកស្រី ចូវ សុធារ៉ា បានប្រាប់ពីប្រទេសសិង្ហបុរីមកថា៖ «គិតត្រឹមព្រឹកថ្ងៃអាទិត្យនេះ យើងដណ្តើមបានមេដាយប្រាក់១ និងសំរឹទ្ធចំនួន២ហើយ ហើយនៅថ្ងៃចុងក្រោយនេះ យើងនៅសល់កីឡាករ៤នាក់ និងកីឡាការិនី១នាក់ទៀត ត្រូវធ្វើការប្រកួតប្រជែងដណ្តើមយកមេដាយ»។
អតីតម្ចាស់មេដាយមាស៊ីហ្គេម២សម័យកាល ចូវ សុធារ៉ា បានបន្ថែមថា៖ «យើងសង្ឃឹមថា ក្រុមអត្តពលិករបស់យើង នឹងដណ្តើមបានមេដាយបន្ថែមទៀត ជាពិសេសមេដាយមាស ដោយយើងផ្តល់ទំនុកចិត្តខ្លាំងទៅលើកីឡាករ ហេង វុទ្ធី និងកីឡាការិនី ជា កញ្ញា ព្រោះអ្នកទាំង២នេះ សុទ្ធតែធ្លាប់ដណ្តើមបានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣»។
គួរឱ្យដឹងថា ព្រឹត្តិការណ៍ប្រកួតចំបាប់ Southeast Asian & Invitation Championship 2025នេះ មានរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី១០-១២ ខែឧសភា ហើយកម្ពុជា បានបញ្ជូនកីឡាករ កីឡាការិនីចំនួន១២រូប ទៅចូលរួម ក្រោមការឧបត្ថម្ភគាំទ្ររបស់លោក ខេស៊ី បាណេត អនុប្រធានសហព័ន្ធ ក្នុងគោលបំណងសាកល្បង និងវាស់ស្ទង់ ក៏ដូចជាដុសខាត និងពង្រឹងសមត្ថភាពកីឡាករ កីឡាការិនីចំបាប់កម្ពុជា ឱ្យបានកាន់តែល្អប្រសើរ ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥ នេះ៕

កីឡាករ យុន ប៊ុនណា (ឆ្វេង) ពេលឡើងទទួលមេដាយសំរឹទ្ធ ដែលរូបគេដណ្តើមបាន នៅប្រទេសសិង្ហបុរី ពីថ្ងៃអាទិត្យ។ រូបថត សហព័ន្ធ