
ក្រុមព្រះខ័នរាជស្វាយរៀង (អាវស) ពេលយកឈ្នះក្រុមបឹងកេត ១-០ កាលប្រកួតជើងទី១ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។ រូបថត បឹងកេត
ការបរាជ័យក្រោមដៃក្រុមមកពីតួកមេគីស្ថាន FK Arkadag ២-១ ក្នុងវគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League នៅពហុកីឡដ្ឋានជាតិមរតកតេជោ កាលពីថ្ងៃទី១០ ខែឧសភា វានៅមិនទាន់ធ្វើឱ្យក្រុមព្រះខ័នរាជស្វាយរៀង មានការរសាយចិត្តនៅឡើយទេ ប៉ុន្តែក្រុមនេះ ត្រូវតែទម្លាក់ចោលនូវការឈឺចាប់ទាំងអស់នេះ ដើម្បីងាកមកផ្តោតការប្រកួតដណ្តើមពានសម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥វិញ។
ក្រុមព្រះខ័នរាជស្វាយរៀង នឹងត្រូវបើកកីឡដ្ឋានស្វាយរៀង ដើម្បីប្រកួតកាត់សេចក្តីជើងទី២ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមបឹងកេត នៅល្ងាចម៉ោង ៦ ថ្ងៃពុធនេះ ហើយវាជាជំនួបយ៉ាងសំខាន់ ដែលក្រុមទាំង២នេះ ត្រូវប្រជែងគ្នាយកជ័យជម្នះ ដើម្បីបានឡើងទៅប្រកួតជាមួយក្រុមភ្នំពេញក្រោន ដែលកំពុងឈរចាំនៅវគ្គផ្តាច់ព្រ័ត្រ បន្ទាប់ពីពួកគេ បានទម្លាក់ក្រុមណាហ្គាវើលដ៍ នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនេះ។
សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២នេះ ក្រុមព្រះខ័នរាជស្វាយរៀង មានភាគរយខ្ពស់ជាងក្រុមបឹងកេត ព្រោះការប្រកួតជើងទី១ កាលពីថ្ងៃទី២៣ ខែមេសា កន្លងមក ស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះបឹងកេត ១-០ ដែលគ្រាប់បាល់ជ័យជម្នះនេះ រកបានដោយខ្សែការពារ ជូ ស៊ិនទិ នៅនាទីទី៩។
ជាមួយគ្នានេះ គ្រូបង្គោលក្រុមព្រះខ័នរាជស្វាយរៀង លោក Pep Munoz បានបង្ហាញឆន្ទៈ ក្នុងការដឹកនាំក្រុមស្វាយរៀង ឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រជាថ្មីម្តងទៀត។ លោកបានបង្ហាញរូបពានរង្វាន់ នៅក្នុងការបង្ហោះសារនៅលើបណ្តាញតេឡេក្រាមរបស់លោក កាលពីយប់ថ្ងៃអង្គារ ដោយមានខ្លឹមសារជារួមថា៖ «ការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន វិលត្រឡប់មកវិញ នៅថ្ងៃស្អែក (ថ្ងៃពុធនេះ) គឺសម្រាប់តំណែងជើងឯក»។
យ៉ាងណាក៏ដោយ លោក បែ មករា អគ្គលេខាធិការក្លិបបាល់ទាត់បឹងកេត បាននិយាយទៅកាន់ក្រុមគ្រូបង្វឹក និងកីឡាករទាំងអស់ នៅក្នុងអំឡុងពេលហ្វឹកហាត់កាលពីថ្ងៃអង្គារ ដោយឱ្យពួកគេបំភ្លេចចោលការចាញ់ក្រុមស្វាយរៀង ១-០ កាលពីជើងទី១ ហើយត្រូវលើកទឹកចិត្តខ្លួន តាមរយៈការដាក់ចិត្តឱ្យបានខ្លាំង ដើម្បីយកឈ្នះ នៅក្នុងការប្រកួតជើងទី២ ថ្ងៃពុធនេះវិញ ស្របពេលដែលក្រុមស្វាយរៀង កំពុងមានអារម្មណ៍មិនសូវល្អ និងធ្លាក់កម្លាំង ក្រោយចាញ់ក្រុម FK Arkadag កាលពីថ្ងៃទី១០ ខែឧសភា។

ជម្រើស១១នាក់ដំបូងរបស់ក្រុមបឹងកេត ពេលប្រកួតចាញ់ក្រុមស្វាយរៀង ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជើងទី១ កាលពីថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៥។ រូបថត បឹងកេត
លោកបាននិយាយថា៖ «ពេលខ្លះការគិតទៅដល់លទ្ធផលចាញ់នោះ វាអាចប៉ះពាល់ដល់អារម្មណ៍របស់យើង ធ្វើឱ្យយើងមានសម្ពាធ ខណៈដែលកីឡាកររបស់គេក៏មានរបួសច្រើន ហើយកម្លាំងរបស់គេ ក៏នៅក្រោមយើងដែរ អ៊ីចឹងយើងត្រូវឆ្លៀតយកឱកាសហ្នឹង ធ្វើម៉េចដណ្តើមយកជ័យជម្នះឱ្យបាន»។

ជម្រើស១១នាក់ដំបូងរបស់ក្រុមស្វាយរៀង ពេលប្រកួតឈ្នះក្រុមបឹងកេត កាលពីជើងទី១ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ។ រូបថត បឹងកេត
លោកបានបន្ថែមថា៖ «យើងទាំងអស់គ្នា ត្រូវប្រាប់ខ្លួនឯងថា យើងមិនចង់លេងគូទី១ទេ យើងចង់លេងគូចុងក្រោយ។ យើងចង់លេងយកតំណែងជើងឯក មិនមែនលេងយកលេខ៣ និងលេខ៤នោះទេ អ៊ីចឹងយើងត្រូវខំប្រឹងប្រែងទាំងអស់គ្នា ដើម្បីកិត្តិយសខ្លួនឯង កិត្តិយសក្រុមគ្រួសារយើង កិត្តិយសប្រពន្ធកូនយើង និងកិត្តិយសក្លិបរបស់យើង»៕