ក្រុមព្រះខ័នរាជស្វាយរៀង បាន​នឹង​កំពុង​ដើរ​លើ​គន្លងចាស់ ដើម្បី​ឆ្ពោះ​ទៅរក​ការ​​ឈ្នះ​​តំណែង​ជើងឯក​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជា​ថ្មី​ម្តងទៀត បន្ទាប់ពីពួកគេ បាន​ទម្លាក់​ក្រុម​បឹងកេត នៅ​ក្នុងការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២ វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ កាលពី​យប់​ថ្ងៃពុធ ហើយ​លោក Pep Munoz បាន​អះអាង​ថា វាយុត្តិធម៌​ហើយ សម្រាប់​ក្រុម​ស្វាយរៀង ដែល​​បាន​ឡើង​ទៅ​វគ្គ​ដ៏សំខាន់​នេះ។

គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង លោក Pep Munoz បាន​អះអាង​បែប​នេះ ដោយសារ​តែ​ក្រុម​របស់​លោក បាន​ធ្វើការ​ងារធ្ងន់ និង​មានការ​ប្រកួតមមាញឹក​ខ្លាំ​ង​ជាង​គេ នៅរដូវ​កាល​នេះ ទាំងការ​ប្រកួត​លីគ​ក្នុងស្រុក និងការ​ប្រកួតពាន​​អន្តរជាតិ ជាពិសេស​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់ AFC Challenge League នៅ​ពហុកីឡដ្ឋានជាតិមរតកតេជោ ​កាល​ពី​​ថ្ងៃទី​១០ ខែឧសភា ដោយក្រុមស្វាយរៀង បានចាញ់​ក្រុម​មកពីតួកមេគីស្ថាន FK Arkadag ២-១ ទាំង​ទឹក​ភ្នែក។

លោក Pep Munoz បាន​និយាយ ក្រោយការ​ប្រកួត​​ថា៖ ​«​យើងពិតជា​សប្បាយ​ចិត្ត ដែល​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ម្តង​ទៀត ខណៈដែល​កីឡាករ​របស់យើងមួយចំនួន ទើបតែ​វិល​ត្រឡប់​ពីការ​ប្រកួត​កាលពីថ្ងៃសៅរ៍ ដោយ​អ្នក​ខ្លះ​បាន​លេង​លើសពី​១២០នាទី ហើយ​ថ្ងៃ​នេះការតស៊ូ និងខិតខំប្រឹង​ប្រែង​របស់​គាត់ គឺ​ខ្លាំង​មែន​ទែន»។

គ្រូ​បង្វឹកសញ្ជាតិ​អេស្ប៉ាញ​រូបនេះ បានបន្ថែម​ថា៖ «នៅពេល​យើង​បង្កើត​កំហុស ធ្វើ​ឱ្យ​​បឹងកេត មាន​គ្រាប់បាល់នាំមុខ គឺ​យើងកាន់តែ​ពិបាក​ និងតឹង​​តែង​មែន​ទែន ព្រោះ​យើង​ត្រូវការ​បង្កើតឱកាស​រក​គ្រាប់បាល់មក​វិញ ហើយ​នៅពេល​យើង​រក​បាន​គ្រាប់​បាល់​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ គឺ​វាយុត្តិធម៌​ហើយ សម្រាប់​ក្រុម​របស់​យើង»។

សម្រាប់​ការ​ប្រកួត ​នៅកីឡដ្ឋានស្វាយរៀង កាលពី​យប់ថ្ងៃពុធ​នោះ ក្រុម​បឹងកេត រក​បាន​គ្រាប់​បាល់​បានមុខ ពីការ​ស៊ុតបញ្ជូល​ទី​របស់ខ្សែ​ប្រយុទ្ធ សៀង ចន្ធា នៅនាទីទី​៣០ ហើយគ្រាប់បាល់​នេះ បាន​លុបចោល​គ្រាប់បាល់មាន​ប្រៀប​របស់​ក្រុមស្វាយរៀង ដែល​បាន​យក​ឈ្នះក្រុម​បឹងកេត ១-០ កាល​ប្រកួត​ជើង​ទី​១។

ការ​ប្រកួត​រវាង​ក្រុមព្រះខ័នរាជស្វាយរៀង (អាវខៀវ) និង​ក្រុមបឹងកេត កាលពី​យប់មិញ ដោយក្រុមទាំង​២​នេះ បាន​ស្មើ​គ្នា ១-១។ រូប​ថត ស្វាយរៀង

តែទោះបីជា​យ៉ា​ងណា បឹងកេត មិនអាច​រក​បាន​គ្រាប់បាល់បន្ថែម ដើម្បី​ទម្លាក់​ក្រុម​ស្វាយរៀង ទៅតាម​ក្តីស្រមៃ​របស់​ខ្លួនបាននោះទេ។ ផ្ទុយ​ទៅ​វិញការ​ព្យាយាម​វាយ​បក​របស់​ក្រុមស្វាយរៀង បាន​ផ្តល់ឱកាស​ឱ្យខ្សែ​ប្រយុទ្ធ ញាណ សុស៊ីដាន រក​បាន​១​គ្រាប់វិញ នៅនាទីទី​៧៤ ហើយ​ក៏ជា​គ្រាប់បាល់​ជួយ​ឱ្យ​ក្រុមស្វាយរៀង ទទួលបានជ័យជម្នះ​លើ​ក្រុមបឹងកេត ២-១ សម្រាប់ការ​ប្រកួត​ទាំង​២ជើង​នេះ​ផងដែរ។

ក្រុមបឹងកេត បាន​បង្ហាញការ​សោកស្តាយ​ខ្លាំង​បំផុត ចំពោះ​ការ​បន្ត​ធ្លាក់ចេញពី​​​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥ នៅ​វគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ ហើយ​អ្នកគាំ​ទ្រ​ដ៏ស្មោះស្ម័គ្រ​របស់​ក្រុម​នេះ បាន​នាំ​គ្នា​សម្រក់ទឹក​ភ្នែក បង្ហាញការ​សោក​ស្តាយ​ចំពោះការ​បរាជ័យនេះដូចគ្នា។

ជាមួយបរិយាកាស​ដ៏គួរ​ឱ្យ​សង្វេគនេះ បឹងកេត បានបង្ហោះ​សារ នៅលើ​ផេច​ហ្វេក​ប៊ុក​ផ្លូវការ​របស់​ខ្លួន ក្រោយការ​ប្រកួត នា​យប់ម៉ោង ៨:២៧ ថ្ងៃពុធ​នោះ​​ថា៖ «សូមទោសអ្នកទាំងអស់គ្នា! នេះមិនមែនជាលទ្ធផលដែលយើងចង់បានទេ»។ ចំណែក​​អ្នក​ស្រី ពុធ ធីតា ប្រធាន​ក្លិប​បឹងកេត បានបង្ហោះសារ​ បែប​អស់សង្ឃឹម​ដូច្នេះ​​ថា៖ «ពួកយើងបានប្រឹងដល់ទីបំផុតហើយ»។

តាម​លទ្ធផលនៃ​ការ​ប្រកួតវគ្គពាក់កណ្តាល​ផ្តាច់​ព្រ័ត្រពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី​១៨ ឆ្នាំ​២០២៥​នេះ គឺ​ក្រុម​ស្វាយរៀង ត្រូវ​ឡើង​ទៅ​ជួបក្រុម​ភ្នំពេញក្រោន នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដែលនឹង​ធ្វើ​នៅពហុកីឡដ្ឋានជាតិមរតកតេជោ នា​ថ្ងៃទី​២៥ ខែឧសភា ហើយ​ក្រុមបឹងកេត ក៏នឹង​ត្រូវ​ប្រកួតដណ្តើម​យក​លេខ​៣ និងលេខ​៤ ជាមួយក្រុម​វិសាខា នៅ​ថ្ងៃ​នោះ​ផងដែរ។

លោក Pep Munoz បាន​ចាត់​ទុកការ​ប្រកួត​ផ្តាច់​ព្រ័ត្រជាមួយ​ក្រុម​ភ្នំពេញក្រោន នោះ ថា ជាជំនួប​ចុងក្រោយដ៏សំខាន់​ នៅ​រដូវកាលនេះ ដោយ​លោករំពឹង​ថា នឹង​ឃើញ​អ្នកគាំ​ទ្រ​ដ៏​ច្រើន​ទៅ​ទស្សនា​ផ្ទាល់ ដូចពេល​ក្រុមស្វាយរៀង ប្រកួតផ្តាច់​ព្រ័ត្រជាមួយក្រុម FK Arkadag កាលពី​ថ្ងៃទី១០ ខែឧសភា កន្លងមក​ដែរ។

លោក Pep បាន​បញ្ជាក់ថា៖ «យើង​សង្ឃឹម​ថា អ្នក​ដែលបាន​ទៅ​គាំ​ទ្រ​ពួក​យើង កាលប្រកួត​​ផ្តាច់​ព្រ័ត្រ AFC Challenge League នឹង​ទៅ​គាំ​ទ្រ និង​លើក​ទឹក​ចិត្តទាំងអស់​គ្នា​ សម្រាប់​ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ Hun Sen Cup ព្រោះ​វាជា​ពាន​ចុងក្រោយ​ សម្រាប់បាល់​ទាត់​​កម្ពុជា នៅរដូវកាលនេះ។ ​សង្ឃឹម​ថា ថ្ងៃ​នោះ ជា​ថ្ងៃ​មួយ​​នៃពិធីជប់​លៀង​បាល់​ទាត់​​របស់ប្រជា​ជន​កម្ពុជា​យើង ហើយ​សង្ឃឹម​ថា យើងនឹង​ទទួល​បានជយលាភី»៕