
សកម្មភាពចាប់ក្លេរឹតករបស់កីឡាករកម្ពុជា ណាំឈៀវ គុនខ្មែរ ទៅលើអ្នកប្រដាល់មីយ៉ាន់ម៉ា Joe Phyu ក្រោមការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ឡុង វិបុល។ រូបថត សហការី
ភាពយឺតយ៉ាវរបស់លោកអាជ្ញាកណ្តាល ឡុង វិបុល ក្នុងការឃាត់កីឡាករកម្ពុជា ណាំឈៀវ គុនខ្មែរ ដែលបានចាប់ក្លេរឹតកអ្នកប្រដាល់មីយ៉ាន់ម៉ា Joe Phyu នោះ បានបង្កើតឱ្យមានការរិះគន់ខ្លាំង ទៅលើការប្រកួត Mas Fight នៅលើសង្វៀនថោន កាលពីយប់ថ្ងៃអាទិត្យ ហើយមតិភាគច្រើន បានទទូចឱ្យសង្វៀនមួយនេះ និងភាគីពាក់ព័ន្ធ ត្រូវតែកែប្រែនូវចំណុចខ្វះខាតនេះឱ្យបាន ចៀសវាងប៉ះពាល់ដល់អាយុជីវិតរបស់កីឡាករ។
ទាំងអ្នកគាំទ្រកម្ពុជា និងអ្នកគាំទ្ររបស់មីយ៉ាន់ម៉ា ដែលបានមើលការប្រកួតនេះ តាមរយៈការផ្សាយផ្ទាល់ បានរិះគន់ខ្លាំងទៅលើលោក ឡុង វិបុល ដែលនៅខ្វះបទពិសោធន៍ ធ្វើជាអាជ្ញាកណ្តាលកាត់សេចក្តីការប្រកួត Mas Fight ព្រោះភាពយឺតយ៉ាវក្នុងការចាប់ឃាត់កីឡាករ ណាំឈៀវ គុនខ្មែរ ដែលបានចាប់ក្លេរឹតក Joe Phyu ពីក្រោយនោះ ស្ទើរតែធ្វើឱ្យអ្នកប្រដាល់របស់មីយ៉ាន់ម៉ាម្នាក់នេះ ដាច់ខ្យល់ស្លាប់ទៅហើយ។
បន្ថែមលើនេះ លោក ឡុង វិបុល ក៏មិនបានយកដៃទៅត្រកងទប់កីឡាករ Joe Phyu ដែលស្ទើរអស់ខ្យល់ដកនោះដែរ ធ្វើឱ្យកីឡាករមីយ៉ាន់ម៉ារូបនេះ ដួលផ្ងាក្រោយ បោកក្បាលលើកម្រាលសង្វៀនទាំងជំហរ។ សកម្មភាពបែបខ្វះជំនាញនេះ បានក្លាយជាប្រធានបទក្តៅ បំផ្ទុះឱ្យមានការរិះគន់ខ្លាំងទាំងក្នុង និងក្រៅប្រទេស ចំពោះការរៀបចំការប្រកួត Mas Fight នៅកម្ពុជា។
លោក Olivier Coste អាជ្ញាកណ្តាលប្រចាំនៅសង្វៀន ONE Championship ក៏បានប្រតិកម្មទៅលើបញ្ហានេះដែរ។ លោកបានសរសេរបង្ហោះបែបនេះថា៖ «គុនខ្មែរ នៅក្នុងការប្រកួតគុនចម្រុះ (MMA) មិនត្រឹមត្រូវឡើយ។ ខ្ញុំគិតថា ពួកគេចង់បញ្ជូលនូវច្បាប់ប្រកួតបែបយុទ្ធគុនចម្រុះ ប៉ុន្តែអាជ្ញាកណ្ដាលមិនមានចំណេះដឹងទៅលើជំនាញនៃការប្រកួតនេះ ឬ MMA ឡើយ។សង្ឃឹមថា រឿងនេះនឹងមិនកើតឡើងម្ដងទៀតទេ»។
ជាមួយគ្នានេះផេចព័ត៌មានកីឡា A N S របស់មីយ៉ាន់ម៉ា ដែលមានអ្នកតាមដានជាង២០ម៉ឺននាក់នោះ បានបង្ហោះសារសំដៅទៅកាន់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយពួកគេស្នើឱ្យលោក ឆាយ ត្រូវមានវិធានការចំពោះលោកអាជ្ញាកណ្តាល ឡុង វិបុល។ A N S បានសង្កត់ធ្ងន់សុំឱ្យសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដកលោក ឡុង វិបុល ចេញពីតួនាទីជាអាជ្ញាកណ្តាល ដើម្បីទៅធ្វើការងារផ្សេងជំនួសវិញ។

លោកគ្រូពេទ្យប្រចាំសង្វៀនថោន និងលោកអាជ្ញាកណ្តាល ឡុង វិបុល បាននាំគ្នាជួយសង្គ្រោះបឋមដល់កីឡាករ យ៉ាន់ម៉ា Joe Phyu ដែលប៊ិះនឹងដាច់ដង្ហើម ក្រោយការចាប់ក្លេរឹតករបស់កីឡាករ ណាំឈៀវ គុនខ្មែរ។ រូបថត សហការី
ជុំវិញបញ្ហានេះ លោក ខូវ ឆាយ បានទទួលស្គាល់ថា ក្បាច់ប្រកួតរបស់ Mas Fight មានលក្ខណៈប្លែកពីច្បាប់ប្រកួតគុនខ្មែរបន្តិច តែលោកអះអាងថា ការប្រកួត Mas Fight កន្លងមក គឺអាជ្ញាកណ្តាលចៅក្រមគុនខ្មែរ ជាអ្នកដឹកនាំការប្រកួតទាំងអស់។ តែទោះយ៉ាងណា ចំពោះបញ្ហាដែលបានកើតឡើង ក្រោមការកាត់សេចក្តីរបស់លោកអាជ្ញាកណ្តាល ឡុង វិបុល នេះ លោក ឆាយ បានបង្ហើបថា៖ «ក្រុមកាងារសហព័ន្ធ កំពុងពិនិត្យមើលលើកិច្ចការនេះហើយ»។
ចំណែកលោក គឹម ស្រ៊ុនកុសល ហៅ Tommy Kim ទីប្រឹក្សារបស់ស្ថានីយទូរទស្សន៍ថោន និងជាប្រធាន Mas Fight ប្រចាំនៅកម្ពុជា បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃចន្ទនេះថា បញ្ហាគ្រប់យ៉ាង ដែលបានកើតឡើង ក្នុងការប្រកួត Mas Fight កាលពីថ្ងៃអាទិត្យនោះ បានដោះស្រាយអស់ហើយ។ «រឿងនេះ យើងបានដោះស្រាយជាមួយខាងមីយ៉ាន់ម៉ារួចហើយ។ យើងបានពន្យល់ប្រាប់ទៅខាងគេអស់ហើយ»។
ជាមួយគ្នានេះ លោក Tommy Kim បានទម្លាយថា ការកើតមានបញ្ហា ដូចការប្រកួត កាលពីថ្ងៃអាទិត្យនោះ ដោយសារតែចៅក្រមអាជ្ញាកណ្តាលគុនខ្មែរ ដែលត្រូវបានបណ្តុះបណ្តាលពីច្បាប់ទម្លាប់នៃការប្រកួត Mas Fight ត្រូវបានផ្លាស់ប្តូរទៅបំពេញការងារនៅតាមសង្វៀនផ្សេងៗ ទៅតាមគោលការណ៍ថ្មីរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ នាំឱ្យមានការពិបាកក្នុងការរៀបចំ Mas Fight។
លោក Tommy បាននិយាយថា៖ «ពីមុនយើងមានអាជ្ញាកណ្តាលចៅក្រមប្រចាំទូរទស្សន៍ថោនតែម្តង អ៊ីចឹងការរៀបចំការប្រកួត Mas Fight កន្លងមក អត់ដែលមានបញ្ហាទេ ប៉ុន្តែឥឡូវចៅក្រមអាជ្ញាកណ្តាល បានផ្លាស់ប្តូរគ្នាពីប៉ុស្តិ៍មួយទៅប៉ុស្តិ៍មួយ ហេតុនេះអ្នកដែលបានយល់ពីច្បាប់ Mas Fight គាត់បានផ្លាស់ចេញទៅអស់ ដល់អ៊ីចឹងរាល់ថ្ងៃយើងមានការពិបាក ក្នុងការរៀបចំ»។
យ៉ាងណាក៏ដោយ លោក Tommy Kim បានបង្ហាញឆន្ទៈ ក្នុងការរៀបចំកម្មវិធី Mas Fight ដែលប្រកួត១ទឹកមាន៩នាទីបន្តទៅទៀត ព្រោះលោកបានមើលឃើញថា ការនាំយកកម្មវិធី Mas Fight មករៀបចំនៅសង្វៀនថោន តាំងពីឆ្នាំ២០១៩ រហូតមកដល់ពេលនេះ គឺបណ្តុះបណ្តាលបានកីឡាករល្អៗជាច្រើននាក់។
លោក បញ្ជាក់ថា៖ «Mas Fight របស់យើង បណ្តុះបណ្តាលបានកីឡាករខ្លាំងៗច្រើន អ៊ីចឹងយើងនឹងព្យាយាមកែទម្រង់ ដោយខ្ញុំបានដោះស្រាយទៅលើបញ្ហាអស់នេះរួចហើយ ហើយយើងនឹងបង្ហាញឱ្យបានឃើញ នៅសប្តាហ៍ក្រោយ»។ បើតាមការបង្ហោះសាររបស់លោក Tommy គឺ Mas Fight Cambodia ចាប់ពីសប្តាហ៍ក្រោយទៅ ថោន នឹងរៀបចំផ្លាស់ប្តូរថ្មី ដោយខ្លួនឯង៕