កីឡាការិនី​ជឺជីតស៊ូ ម៉ាប់ សុខហួយ បាន​ក្លាយ​ជា​អត្តពលិក​កម្ពុជា​ដំបូងគេ​ ដែល​ដណ្តើម​បានខ្សែក្រវាត់ Absolute Pro Championship នៅ​ក្នុង​ព្រឹត្តិការណ៍ AFG Open Championship 2025 បន្ទាប់ពី​កីឡាការិនី​រូបនេះ បាន​ឈ្នះ​ទាំង​២​ប្រកួតជាប់ៗ​គ្នា ដែល​ធ្វើ​នៅសាកលវិទ្យាល័យ Rangsit ក្នុងទីក្រុងបាងកក ប្រទេសថៃ។

សម្រាប់​ការប្រកួតលើ​វិញ្ញាសា Absolute Pro Division ដែលជាប្រភេទទម្ងន់បើកចំហដល់​​អត្តពលិកគ្រប់ប្រភេទទម្ងន់​ឱ្យ​ចូលរួម​នេះ ម៉ាប់ សុខហួយ ជា​អត្តពលិក ដែល​មានមាឌតូច និងមាន​ទម្ងន់ស្រាលជាង​គេ នៅ​ក្នុងចំណោមកីឡាការិនីផ្សេងៗ​ទៀត ប៉ុន្តែ​តាម​រយៈការ​ប្រកួត ដែល​ធ្វើ​ឡើងពី​ថ្ងៃទី​ ១៧ដល់ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ២០២៥នេះ សុខហួយ ពិតជា​ធ្វើបាន​យ៉ាង​ល្អ។

នៅការ​ប្រកួត​វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ម៉ាប់ សុខហួយ បានប្រកួតជាមួយ​កីឡាការិនីLucy Greenway ដែល​ជា​ម្ចាស់​ខ្សែក្រវាត់ខ្មៅមកពីប្រទេស Wales ហើយនាង​បាន​យក​យក​ឈ្នះ​លើ​ជើង​ខ្លាំង​ម្នាក់​នេះ ដោយពិន្ទុ បន្ទាប់ពីការប្រកួតពេញ​៨នាទី។

ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ ម៉ាប់ សុខហួយ ឡើង​ទៅជួបកីឡាការិនីលំដាប់កំពូលរបស់ម៉ាឡេស៊ី Mia Foo នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ហើយ​តាម​រយៈ​ការ​ប្រកួត​យ៉ាងតាន​តឹង​រយៈពេល​៨នាទី​ពេញ កីឡាការិនី​កម្ពុជា សុខហួយ ត្រូវបាន​សម្រេច​ឱ្យ​ឈ្នះ​ជើងខ្លាំង Mia Foo ដោយពិន្ទុ​យ៉ាង​រំភើប​បំផុត ដើម្បី​ក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់។

ការ​ដណ្តើម​បានខ្សែ​ក្រវាត់ Absolute Pro Championship នៅ​ក្នុង​ព្រឹត្តិការណ៍ AFG Open Championship 2025 របស់​ ម៉ាប់ សុខហួយ បាន​ធ្វើ​ឱ្យ​គ្រប់​គ្នា​ ដែល​បាន​ចូលរួម​ការ​ប្រកួតនេះ មានការ​ភ្ញាក់​ផ្អើល​ខ្លាំង ព្រោះ​វាជា​ខ្សែ​ក្រវាត់ដំបូង ដែល​អត្តពលិក​ជឺជីតស៊ូ​កម្ពុជា ដណ្តើម​បាន។

កីឡាករ កីឡាការិនី​ជឺជីតស៊ូ​របស់​កម្ពុជា​ទាំង​៦នាក់ ដែល​ត្រូវបាន​បញ្ជូន​ឱ្យ​ទៅចូល​រួមការ​ប្រកួត AFG Open Championship 2025 នៅ​ប្រទេស​ថៃ។ រូប​ថត សហព័ន្ធ

ជាមួយគ្នានេះ សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បាន​ប្រកាស​ដោយ​ភាព​រីក​រាយ ចំពោះ​ការ​ដណ្តើម​បាន​ខ្សែ​ក្រវាត់ របស់​កីឡាការិនីជម្រើសជាតិ ម៉ាប់ សុខហួយ ហើយ​បាន​ចាត់ទុក​ជ័យជម្នះ​នេះ ជាសមិទ្ធ​ផល​ដ៏​ល្អ​បំផុត ដែល​កើតចេញ​ពី​ការ​ខិតខំប្រឹង​ប្រែង​របស់ ម៉ាប់ សុខហួយ។

សហព័ន្ធកីឡាជឺជីតស៊ូកម្ពុជា បានប្រកាស តាម​រយៈ​ការ​បង្ហោះ​សារកាលពី​ថ្ងៃអាទិត្យ​​ថា៖ «នេះ​​ជា​ខ្សែក្រវាត់​ជើងឯក AFG លើក​ដំបូង​របស់​កម្ពុជា និង​បង្ហាញ​ពី​សមត្ថភាព​បច្ចេកទេស និង​ភាពហ្មត់ចត់ របស់ ម៉ាប់សុខហួយ នៅលើ​ឆាក​អន្តរជាតិ»។

«យើងខ្ញុំសូម​ចូលរួម​អបអរសាទរ​ចំពោះ ម៉ាប់ សុខហួយ ចំពោះលទ្ធផលដ៏ល្អឥតខ្ចោះនេះ ហើយមានមោទនភាពយ៉ាងខ្លាំង ចំពោះការខិតខំ​ប្រឹង​ប្រែង​របស់​នាង តំណាងឱ្យប្រទេសកម្ពុជា ប្រកបដោយភាពអស្ចារ្យទៅតាមទម្រង់ផ្សេងៗ!»។ សហព័ន្ធ បានបញ្ជាក់​បន្ថែម នៅ​ការ​ប្រកាស​របស់​ខ្លួន។

គួរបញ្ជាក់ថា សម្រាប់ការ​ប្រកួត AFG Open Championship 2025 នៅ​ប្រទេស​ថៃ​នេះ កម្ពុជា បានបញ្ជូន​កីឡាករ​៣នាក់ និង​កីឡាការិនី​៣នាក់ ទៅ​ចូលរួម ខណៈ​ព្រឹត្តិការណ៍កីឡាជឺជីតស៊ូ​ធំជាង​គេ​ប្រចាំ​នៅ​តំបន់​អាស៊ាន​នេះ មាន​អត្តពលិក​ជិត១ពាន់នាក់ បានចូល​រួម​ប្រកួត​ប្រជែង​គ្នា ហើយ​វាពិតជា​អស្ចារ្យ ដែល​កីឡាការិនី ម៉ាប់ សុខហួយ បានឈ្នះ​​ខ្សែ​ក្រវាត់​ជូនកម្ពុជា ជា​លើកដំបូង៕