
ការប្រកួតរវាងក្រុមវិសាខា និងក្រុម Chinese Taipei 2 កាលពីថ្ងៃព្រហស្បតិ៍ ដោយ វិសាខា បានចាញ់ ៣-២។ រូបថត សហព័ន្ធ
ក្រុមបាល់ទះវិសាខារបស់កម្ពុជា ត្រូវការត្រឹម១ពិន្ទុទៀតប៉ុណ្ណោះ ពីការប្រកួតជាមួយក្រុម Cheonan Hyundai Capital SKY Walkers របស់កូរ៉េខាងត្បូង នៅរសៀលម៉ោង៤ ថ្ងៃសុក្រនេះ ដើម្បីបានឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 ដែលកំពុងដំណើរការ នៅតៃវ៉ាន់។
ដោយឈរនៅពូលA ជាមួយក្រុម Chinese Taipei 2 ក្រុម MBSA Pelican របស់ម៉ាឡេស៊ីនេះ និងក្រុម Cheonan Hyundai Capital SKY Walkers គឺក្រុមការពារតំណែងជើងឯកវិសាខា បានបញ្ចប់ការប្រកួត២លើកហើយ ដោយបានយកឈ្នះក្រុម MBSA Pelican ក្នុងលទ្ធផល ៣-០ កាលពីថ្ងៃពុធ តែបានចាញ់ក្រុម Chinese Taipei 2 ក្នុងលទ្ធផល ៣-២ កាលពីថ្ងៃព្រហស្បតិ៍។
លទ្ធផលនេះ បានជួយឱ្យក្រុមវិសាខា ឈរនៅលេខ២ពូលAជាបណ្តោះអាសន្ន ដោយមាន៤ពិន្ទុ ខណៈក្រុម Chinese Taipei 2 កំពុងឈរនៅលេខ១ ដោយមាន៥ពិន្ទុ ព្រោះមុនពេលពួកគេយកឈ្នះក្រុមវិសាខា ៣-២ ដើម្បីបាន២ពិន្ទុ កាលពីម្សិលមិញ គឺក្រុមម្ចាស់ផ្ទះមួយនេះ បានយកឈ្នះក្រុម Cheonan Hyundai Capital SKY Walkers ដោយលទ្ធផល ៣-០។
ចំណែកក្រុម Cheonan Hyundai Capital SKY Walkers កំពុងឈរនៅលេខ៣ប្រចាំពូលA នេះ ដោយមាន៣ពិន្ទុ បន្ទាប់ពីពួកគេបានយកឈ្នះក្រុម MBSA Pelican ដោយលទ្ធផល ៣-១ កាលពីថ្ងៃព្រហស្បតិ៍ ហើយយោងតាមលទ្ធផលនេះ គឺក្រុម MBSA Pelican បានធ្លាក់ចេញពីការប្រកួតនេះហើយ ទោះនៅសល់១ប្រកួតទៀតជាមួយក្រុម Chinese Taipei 2 នៅថ្ងៃសុក្រនេះ។
ដោយឡែក សម្រាប់ការវិលមកជួបគ្នារវាងក្រុមវិសាខា និងក្រុម Cheonan Hyundai Capital SKY Walkers របស់កូរ៉េខាងត្បូង នារសៀលម៉ោង៤ ថ្ងៃសុក្រនេះ វាជាការប្រកួតកាត់សេចក្តីចុងក្រោយ ដើម្បីរកក្រុមឈ្នះ ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយលក្ខខណ្ឌនៃការប្រកួតគ្នារវាងក្រុមទាំង២នេះ គឺក្រុម Cheonan Hyundai Capital SKY Walkers ត្រូវការឈ្នះដោយពិន្ទុ ៣-០ ឬ ៣-១ ទើបបានឡើងទៅវគ្គបន្ត។

ការប្រកួតរវាងក្រុម MBSA Pelican របស់ម៉ាឡេស៊ី (ខៀវ) និងក្រុម Cheonan Hyundai Capital SKY Walkers របស់កូរ៉េខាងត្បូង។ រូបថត WSVI
ផ្ទុយពីនេះ ក្រុមវិសាខា ត្រូវការត្រឹម១ពិន្ទុប៉ុណ្ណោះ គឺទោះបីជាក្រុមពួកគេ ចាញ់ក្រុមកូរ៉េខាងត្បង ក្នុងលទ្ធផល ៣-២ ក៏ពួកគេបានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រដែរ ហើយបើទទួលបានជ័យជម្នះ កាន់តែល្អ ដើម្បីរក្សាបាននូវលទ្ធផលដ៏ល្អមួយ មុនឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាមួយក្រុមលេខ១ និងលេខ២ មកពីពូលB ដែលបានរកឃើញហើយ។
តាមរយៈការប្រកួត២លើកដូចគ្នា ក្រុម Nakhon Ratchasima របស់ថៃ កំពុងឈរនៅលេខ១ប្រចាំពូលB ជាបណ្តោះអាសន្ន ដោយឈ្នះទាំង២ប្រកួត មាន៦ពិន្ទុ រីឯក្រុម Korea Armed Forces របស់កូរ៉េខាងត្បូង មាន៥ពិន្ទុ ដោយក្រុមទាំង២ ត្រូវឡើងទៅវគ្គបន្ត ដោយស្វ័យប្រវត្តិ តែក្រុមទាំង២នេះ ត្រូវប្រកួតគ្នាដណ្តើមយកលេខប្រចាំពូលB នៅរសៀលថ្ងៃសុក្រនេះ។
ចំណែកក្រុមម្ចាស់ផ្ទះ Taichung Win+Streak របស់តៃវ៉ាន់ ដែលមានវត្តមានកីឡាករវាយប្រយុទ្ធស្តាំរបស់កម្ពុជា វឿន វាសនា ដែរនោះ និងក្រុម Jakarta Garuda របស់ឥណ្ឌូណេស៊ី បានចាញ់ទាំង២ប្រកួត និងធ្លាក់ចេញពីការប្រកួតនេះ ដោយស្វ័យប្រវត្តិដូចគ្នា មុនពេលជួបគ្នា ក្នុងការប្រកួតបង្រ្គប់កិច្ច នៅថ្ងៃសុក្រនេះ៕