
ធឿន ធារ៉ា ពេលប្រកួតជាមួយកីឡាករអាមេរិក Max Crus កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២៥។ រូបថត Ganzberg
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចរួចហើយ ក្នុងការនាំយកកីឡាករជើងខ្លាំង ធឿន ធារ៉ា រួមទាំងអ្នកប្រដាល់ជាបងប្អូនត្រកូល «អេ» គឺកីឡាការិនី អេ យ៉ានុត កីឡាករ អេ វីរៈខាំឈិតភូថង (ម៉ឺន មេឃា) និង អេ អាំម៉ារីនភូថង មកចូលរួមជាមួយក្រុមជម្រើសជាតិប្រដាល់គុនខ្មែរ ជាលើកដំបូង។
ចំណែកលោក អេ ភូថង ក៏ត្រូវបានផ្តល់អាទិភាព ក្នុងតំណែងជាគ្រូជម្រើសជាតិប្រដាល់គុនខ្មែរ សាជាថ្មី សម្រាប់យុទ្ធនាការឆ្ពោះទៅដណ្តើមមេដាយ ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣៣ នៅប្រទេសថៃ នាចុងឆ្នាំ២០២៥នេះផងដែរ។ នេះបើតាមការបញ្ជាក់របស់លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ។
លោក ខូវ ឆាយ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «យើងបានឃើញហើយថា លោក អេ ភូថង ដែលជាគ្រូធំ រួមទាំងសិស្ស និងកូនៗរបស់គាត់ ដែលបានជាប់ជម្រើសជាតិ ដូចជា ធឿន ធារ៉ា, ម៉ឺន មេឃា, អេ អាំម៉ារីន និង អេ យ៉ានុត ជាដើម សុទ្ធតែធ្លាប់បានធ្វើល្អ នៅប្រទេសថៃ គឺធ្លាប់បានសាងកេរ្តិ៍ឈ្មោះ»។
លោក ឆាយ បានរំឭកពីភាពល្បីល្បាញរបស់ ធឿន ធារ៉ា ដែលធ្លាប់បានខ្សែក្រវាត់ Thai Fight នៅប្រទេសថៃ រីឯ អេ អាំម៉ារីន ក៏ធ្លាប់ប្រកួតស្មើជាមួយកីឡាករកំពុងមានឈ្មោះបោះសំឡេងខ្លាំងរបស់ថៃ Nabil Anane នៅ One Championship។ លោកបញ្ជាក់ថា៖ «ទាំងអស់ហ្នឹងហើយធ្វើឱ្យកីឡាកររបស់គេ មានការខ្លាចរអាជាមួយកីឡាករកម្ពុជាយើង ធ្វើឱ្យយើងឈ្នះផ្នែកយុទ្ធសាស្រ្តផ្លូវចិត្តមួយរួចទៅហើយ»។
បន្ថែមលើនេះ លោក ខូវ ឆាយ យល់ឃើញថា ទាំងលោកគ្រូ អេ ភូថង រួមទាំងកីឡាករ ធឿន ធារ៉ា, ម៉ឺន មេឃា និង អេ អាំម៉ារីន សុទ្ធតែមានការយល់ដឹងពីតាក់ទិច និងរបៀបរបបនៃការប្រកួតនៅប្រទេសថៃច្បាស់ ថាធ្វើម៉េចអាចយកឈ្នះកីឡាករថៃបាន សម្រាប់ការប្រកួតស៊ីហ្គេម នៅចុងឆ្នាំ២០២៥នេះ។
ប្រធានសហព័ន្ធរូបនេះ បានសង្កត់ធ្ងន់ថា៖ «ដោយសារពួកគាត់ មានប្រៀបទៅលើចំណុចទាំងអស់ហ្នឹងហើយ ទើបយើងបានផ្តល់អាទិភាពទៅឱ្យពួកគាត់ចូលប្រមូលផ្តុំ ជាប់ជាជម្រើសជាតិ ហើយវាជារឿងសំខាន់ និងចាំបាច់ សម្រាប់កីឡាករខ្មែរយើង ក្នុងការចូលរួមជាកាតព្វកិច្ចជាតិ និងដណ្តើមយកមេដាយជូនជាតិ»។

បងប្អូនត្រកូល «អេ» គឺ អេ យ៉ានុត, អេ វីរខាំឈិតភូថង និង អេ អាំម៉ារីនភូថង ត្រូវបានជ្រើសរើសឱ្យជាប់ជាអត្តពលិកជម្រើសជាតិប្រដាល់គុនខ្មែរ។ រូបថត អេ យ៉ានុត
គួររំឭកថា សម្រាប់ការប្រកួត២លើកចុងក្រោយ កន្លងមកនេះ អេ វីរខាំឈិតភូថង និង អេ អាំម៉ារីនភូថង បានប្រកួតស៊ីហ្គេម ក្នុងនាមជាកីឡាករជម្រើសជាតិវ៉ូវីណាម ចំណែកបងស្រីរបស់គេ អេ យ៉ានុត ជាកីឡាការិនីជម្រើសជាតិប្រដាល់សកល ហើយជាលទ្ធផល វីរខាំឈិតភូថង ឈ្នះបានមេដាយមាសទាំងស៊ីហ្គេម លើកទី៣១ នៅវៀតណាម និងស៊ីហ្គេម លើកទី៣២ នៅកម្ពុជា រីឯ អាំម៉ារីនភូថង ឈ្នះបានមេដាយសំរឹទ្ធ សម្រាប់ស៊ីហ្គេម ឆ្នាំ២០២២ នៅវៀតណាម តែ យ៉ានុត មិនបានមេដាយទេ។
ដោយកីឡាករ ធឿន ធារ៉ា ដែលមានឈ្មោះបោះសំឡេងខ្លាំងជាងគេនៅកម្ពុជា ហើយធ្លាប់ដណ្តើមបានខ្សែក្រវាត់ជាច្រើន ទាំងការប្រកួតក្នុងស្រុក និងក្រៅស្រុកនោះ គឺរូបគេមិនធ្លាប់បានចូលរួមប្រកួត ក្នុងនាមជាកីឡាករជម្រើសជាតិ ឱ្យប្រភេទកីឡាណាមួយនោះទេ ហើយកាលពីឆ្នាំ២០២៤កន្លងមកនេះ ធឿន ធារ៉ា ក៏ត្រូវបានជ្រើសរើសឱ្យរូបប្រកួតតំណាងកម្ពុជា ក្នុងការប្រកួតយុទ្ធគុនចម្រុះជើងឯកអាស៊ី ដែលធ្វើនៅកម្ពុជាផងដែរ ប៉ុន្តែភាគី ធឿន ធារ៉ា សុំដកខ្លួនចេញវិញ ដោយសម្អាងថា មានបញ្ហាសុខភាព។
មានអាថ៌កំបាំងជាច្រើនទៀត នៅពីក្រោយការមិនចូលរួមប្រកួតឱ្យក្រុមជម្រើសជាតិរបស់ ធឿន ធារ៉ា ដែលបញ្ហាមួយចំនួនទាក់ទងផ្ទាល់ជាមួយសាមីខ្លួន ជាពិសេសលោក អេ ភូថង ដែលជាគ្រូបង្វឹក និងជាអាណាព្យាបាល ហើយបញ្ហាខ្លះទៀត ដោយសារថ្នាក់ដឹកនាំសហព័ន្ធកីឡាជាតិខ្លះ មានគំនិតមិនល្អ ដោយចង់បាន ធឿន ធារ៉ា ផ្តាច់មុខ ទើបលោក អេ ភូថង មិនយល់ព្រម ធ្វើឱ្យ ធារ៉ា ខ្លាំងបានតែប្រកួត រៀបចំដោយវិស័យឯកជន។
ជុំវិញបញ្ហារសើបនេះ លោក ខូវ ឆាយ បាននិយាយថា៖ «បើសិនជាយើងជាកីឡាករជនជាតិខ្មែរ ដោយបានប្រកួតកម្មវិធីប្រដាល់គុនខ្មែរនៅក្នុងស្រុក និងនៅក្រៅប្រទេសបានច្រើនហើយ តែអត់បានចូលរួមជាមួយជម្រើសជាតិ ខ្ញុំគិតថា មិនមែនជាកីឡាករល្អនោះទេ ព្រោះកាតព្វកិច្ចជាតិ យើងត្រូវតែបំពេញ»។
នៅក្នុងចំណុចនេះដែរ លោក ខូវ ឆាយ បានស្នើឱ្យកីឡាករ ដែលមានសមត្ថភាព និងមានឈ្មោះបោះសំឡេង ចូលរួមជាមួយជម្រើសជាតិ ឱ្យបានច្រើន។ លោកបានអះអាងថា ទោះបីជាពេលខ្លះ ការបំពេញកាតព្វជាតិ មិនទទួលបានថវិកាច្រើន ដូចការប្រកួតឱ្យវិស័យឯកជន ប៉ុន្តែការសាងស្នាដៃឱ្យជាតិ ពិតជាមានតម្លៃ ហើយនៅពេលដណ្តើមបានមេដាយ ក៏នឹងទទួលបានប្រាក់រង្វាន់ច្រើន ពីរាជរដ្ឋាភិបាលដែរ។
លោកបញ្ជាក់ថា៖ «កីឡាករខ្លះ គាត់រុញរា មិនចង់ជាប់ជម្រើសជាតិទេ ប៉ុន្តែកាតព្វកិច្ចជាតិ យើងត្រូវតែបំពេញ ក្នុងនាមយើងជាកីឡាករជាតិ។ បើយើងមិនជាប់ជម្រើសជាតិទៀត ខ្ញុំជឿជាក់ថា យើងមិនមានលក្ខណសម្បត្តិគ្រប់គ្រាន់ ក្នុងការក្លាយជាវីរកីឡាករ ឬ ជានិមិត្តរូបរបស់ប្រជាពលរដ្ឋខ្មែរនោះទេ»។
លោកបន្ថែមថា៖ «ជានិមិត្តរូបយ៉ាងម៉េច បើអត់បានបំពេញកាតព្វកិច្ចជាតិ មិនបានជាប់ជម្រើសជាតិផងហ្នឹង! ពេលហៅឡើងវ៉ៃយកលុយ ទៅ តែដល់ពេលវ៉ៃជាកាតព្វកិច្ចជាតិ អត់ទៅ អ៊ីចឹងខ្ញុំសូមលើពីរឿងនេះ ហើយបើមានករណីបែបនេះកើតឡើង សហព័ន្ធ នឹងមានវិធានការ អាចឈានទៅដល់ការដាក់ពិន័យ បើសិនជាគ្មានហេតុផលច្បាស់លាស់ ពីការមិនបានចូលរួមកាតព្វកិច្ចជាតិទេនោះ»៕