សហព័ន្ធកីឡាបាញ់កាំភ្លើង​កម្ពុជា បានដាក់​​គោលដៅប្រជែង​រក​មេដាយ​ជូនជាតិ ក្នុង​ការ​ប្រកួត​លើ​ឆាក​អន្តរជាតិ ជាពិសេស​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ នៅ​ប្រទេស​ថៃ នា​ចុង​ឆ្នាំ​២០២៥នេះ បន្ទាប់ពី​សហព័ន្ធ បាន​រ​ក​ឃើញ​អត្តពលិក​ជើង​ខ្លាំង ពីការ​ប្រកួត​ជើងឯកថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២៥​នោះ។

តាម​រយៈ​ការប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥ ដែលបាន​ធ្វើ​ឡើង កាលពី​ថ្ងៃទី​១៧-១៨ ខែឧសភា កន្លង​មកនេះ លោក សុខ ពុទ្ធិវុធ ប្រធាន​សហព័ន្ធកីឡាបាញ់កាំភ្លើង​កម្ពុជា បាន​ធ្វើការ​វាយតម្លៃខ្ពស់ ចំពោះប្រតិភូ គ្រូបង្វឹក និងកីឡាករ កីឡាការិនីទាំងអស់ ដែលបានចូលរួម និងខិតខំប្រឹងប្រែងអស់ពីសមត្ថភាព ដើម្បី​ធ្វើ​ឱ្យការ​ប្រកួត​នេះ បានបញ្ចប់​ដោយជោគ​ជ័យ។

ជាមួយគ្នានេះ លោក សុខ ពុទ្ធិវុធ បានជំរុញ និងលើកទឹកចិត្តដល់​កីឡាករ កីឡាការិនី​ទាំង​អស់ ត្រូវ​បន្ដខិតខំប្រឹងប្រែងហ្វឹកហាត់ ជាពិសេស​សម្រាប់អ្នកជាប់ជយលាភី ត្រូវខិតខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីពង្រឹម​សមត្ថភាព សម្រួច​គោដៅ​ត្រៀមការប្រកួតអន្ដរជាតិនានា។

លោក សុខ ពុទ្ធិវុធ បាន​ថ្លែង​ថា៖​ «ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋា​ភិបាល ក្រោម​ការ​ដឹក​នាំប្រកប​ដោយ​ចក្ខុ​វិស័យ​វែង​ឆ្ងាយ និង​មុត​ស្រួច​របស់​សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី​នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​ សហ​ព័ន្ធ​កីឡា​បាញ់​កាំភ្លើង​កម្ពុជា​ មាន​គោល​ដៅ​ដ៏ច្បាស់​លាស់​មួយ ​គឺ​យើង​ត្រូវ​យក​ជយ​លាភី មេដាយ​ជូន​ជាតិ​ឱ្យ​ខាន​តែ​បាន ទាំង​ក្នុង​ព្រឹត្តិការណ៍​កីឡា​អូឡាំពិក និង​ព្រឹត្តិការណ៍​កីឡា​អន្តរ​ជាតិ​ផ្សេងៗ​ទៀត»។

នៅក្នុងការ​សម្រួច​គោលដៅ​ឈាន​ទៅ​ប្រជែង​រក​មេដាយ​ជូនជាតិ​នេះ លោក សុខ ពុទ្ធិវុធ បាន​ផ្តោត​ខ្លាំង​ទៅ​លើ​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ ចុង​ឆ្នាំ​២០២៥នេះ ហើយ​លោក​បានចាត់ទុក​​ការ​ប្រកួត​ជើងឯកថ្នាក់ជាតិ ឆ្នាំ​២០២៥នេះ ជាការ​វាស់ស្ទង់​ និងដក​ស្រង់​បច្ចេក​ទេស​​ដ៏សំខាន់ សម្រាប់​​ក្រុមអត្តពលិក ដើម្បី​ត្រៀមឆ្ពោះ​ទៅ​កាន់ការ​ប្រកួតស៊ីហ្គេម ឆ្នាំនេះ។

សកម្ម​ភាព​ប្រកួត​បាញ់កាំភ្លើង ក្នុង​ព្រឹត្តិការណ៍កីឡាបាញ់កាំភ្លើងជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៥។ រូប​ថត សហព័ន្ធ

លោក​បញ្ជាក់ថា៖​ «ការរៀបចំឱ្យមានការប្រកួតថ្នាក់ជាតិ​លើកនេះ គឺដើម្បី​ជ្រើស​រើសជើងឯក​ប្រចាំ​ឆ្នាំ​២០២៥ និង​ដក​ពិសោធន៍ បច្ចេកទេស ព្រម​ទាំង​ពង្រឹង​សមត្ថភាព​របស់​កីឡាករ កីឡា​ការិនី ដើម្បីត្រៀមខ្លួនចូលរួមការប្រកួតកីឡា​ស៊ីហ្គេម ដែលនឹងប្រារព្ធឡើងនៅប្រទេសថៃ នាខែធ្នូ ខាងមុខនេះ»។

«ដូចនេះ ខ្ញុំសូមលើកទឹកចិត្តជាពិសេសបំផុតដល់​កីឡាករ កីឡាការិនី​របស់​យើង​គ្រប់ៗរូប សូមធ្វើយ៉ាងណា ខិតខំ​តស៊ូ ហ្វឹកហាត់ឱ្យបានច្រើន និងទៀងទាត់ជាទីបំផុត ដើម្បីអាចនាំយក មេដាយ​ជូនជាតិ មាតុភូមិកម្ពុជា​ជាទីស្រឡាញ់របស់យើងទាំងអស់គ្នា»។ លោក  សុខ ពុទ្ធិវុធ បាន​បញ្ជាក់​​បន្ថែម។

តាម​របាយការណ៍​របស់​លោក ស៊ិន សូផានណាក់ អគ្គលេខាធិការសហព័ន្ធ​កីឡាបាញ់​កាំភ្លើង​កម្ពុជា បាន​ឱ្យដឹង​ថា ការ​ប្រកួតកីឡាបាញ់កាំភ្លើងជ្រើសរើស​ជើងឯក​​ថ្នាក់​ជាតិ ឆ្នាំ​២០២៥​នេះ  មានកីឡាករ កីឡាការិនី​​ចូលរួមចំនួន​៤៤​នាក់។ អ្នកទាំងនេះ បាន​​ប្រកួត​គ្នា​លើ​វិញ្ញាសា​ចំនួន​៤ គឺ​​កាំភ្លើងវែងខ្យល់​ឈរ​​១០​​ម៉ែត្រ, កាំភ្លើងវែងជំហរ​បី​ប្រវែង​៥០​ម៉ែត្រ, បាញ់ប្រតិកម្ម Standard ( 4 Stages) និង​វិញ្ញាសា​បាញ់ប្រតិកម្ម Production Optic ( 4 Stages) ហើយការ​ប្រកួត​​នេះ បានបញ្ចប់​ដោយ​ជោគ​ជ័យ និង​បាន​រក​ឃើញម្ចាស់​ជយលាភី ដើម្បី​ត្រៀម​ស៊ីហ្គេម។

ជាមួយគ្នានេះ កីឡាករ ហោ មុន្នីរតនៈ ម្ចាស់ជយលាភីលេខ១ លើវិញ្ញាបាញ់ប្រតិកម្ម Production Optic ( 4 Stages) បានសម្ដែងការសប្បាយរីករាយជាខ្លាំង ចំពោះកំណើនអ្នកចូលរួមប្រកួតកីឡាបាញ់កាំភ្លើង​ជ្រើស​រើស​ជើងឯកថ្នាក់ជាតិឆ្នាំនេះ ដែល​ជាផល​ល្អ ក្នុងការជំរុញឱ្យ​មានការ​ប្រកួតប្រជែង​កាន់តែ​ខ្លាំង ដើម្បី​ពង្រឹង​សមត្ថ​ភាពឱ្យបានកាន់​តែ​ល្អ សម្រាប់​ត្រៀម​ស៊ីហ្គេម នៅ​ប្រទេស​ថៃ។

ម្ចាស់មេដាយមាស មុន្នីរតនៈ បាន​និយាយ​ថា៖ «ការប្រកួតថ្នាក់ជាតិនេះ ពិតជាសំខាន់ ព្រោះប្រមូលផ្ដុំដោយកីឡាករខ្លាំងៗមកធ្វើការប្រកួត ហើយពេលយើងបានឈ្នះលេខ១ គឺស​បញ្ជាក់​​​ពីសមត្ថភាពរបស់យើង និងជំរុញឱ្យ​យើងកាន់តែខំប្រឹង ដើម្បីឈានទៅរកការប្រកួតប្រជែងមួយថ្មីទៀត គឺការប្រកួតអន្ដរជាតិ នៅថ្ងៃអនាគត ពិសេសស៊ីហ្គេម នៅថៃចុងឆ្នាំនេះ»៕