
លោកអាជ្ញាកណ្តាល ឡុង វិបុល ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ សម្រេចពិន័យមិនឱ្យចូលរួមដឹកនាំការប្រកួតចំនួន៤សប្តាហ៍ បន្ទាប់ពីទទួលរងការរិះគន់ ក្នុងកាត់សេចក្តី ជំនួបរវាងកីឡាករ ណាំឈៀវ គុនខ្មែរ និងកីឡាករមីយ៉ាន់ម៉ា Joe Phyu កាលពីថ្ងៃអាទិត្យ។ រូបថត ថោន
សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានសម្រេចដាក់ពិន័យទៅលើលោកអាជ្ញាកណ្តាល ឡុង វិបុល ជាផ្លូវការហើយ ជុំវិញការបំពេញតួនាទីមិនបានល្អ បង្កឱ្យមានការរិះគន់ខ្លាំងពីមហាជន ចំណែកចៅក្រម៣នាក់ផ្សេងទៀត ក៏បានទទួលរងការពិន័យ ទាក់ទងនឹងការផ្តល់ពិន្ទុខុសពីការប្រកួតជាក់ស្តែង ប៉ុន្តែទម្ងន់ទោស ដែលបានដាក់នេះ ហាក់ស្រាលពេក មិនអាចធ្វើឱ្យអ្នកប្រព្រឹត្តខុស រាលចាលនោះទេ។
បើតាមប្រភពច្បាស់ការណ៍ ចេញពីមន្រ្តីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានឱ្យដឹងថា លោកអាជ្ញាកណ្តាល ឡុង វិបុល ដែលបានទទួលរងការរិះគន់ខ្លាំង លើការកាត់សេចក្តីការប្រកួត Mas Fight រវាងកីឡាករកម្ពុជា ណាំឈៀវ គុនខ្មែរ ជាមួយអ្នកប្រដាល់មីយ៉ាន់ម៉ា Joe Phyu នៅលើសង្វៀនថោន កាលពីថ្ងៃទី១៨ ខែឧសភានោះ ត្រូវបានសហព័ន្ធ ពិន័យមិនឱ្យចូលរួមដឹកនាំការប្រកួតចំនួន៤សប្តាហ៍។
ប្រភពដដែលបានបញ្ជាក់ថា ការពិន័យទៅលើលោក ឡុង វិបុល នេះ ត្រូវបានធ្វើឡើង នៅថ្ងៃអង្គារនេះ បន្ទាប់ពីផ្ទុះការរិះគន់ខ្លាំង ចំពោះភាពយឺតយ៉ាវរបស់លោកអាជ្ញាកណ្តាលរូបនេះ ក្នុងការចាប់ឃាត់កីឡាករកម្ពុជា ណាំឈៀវ គុនខ្មែរ ដែលបានចាប់ក្លេរឹតកអ្នកប្រដាល់មីយ៉ាន់ម៉ា Joe Phyu សម្រាប់ការប្រកួត Mas Fight កាលពីយប់ថ្ងៃអាទិត្យ ហើយការខ្វះបទពិសោធន៍របស់លោក ឡុង វិបុល នេះ វាប៊ិះតែធ្វើឱ្យកីឡាករ Joe Phyu បានបញ្ហាដល់អាយុជីវិត។
អ្នកគាំទ្រភាគច្រើន ជាពិសេសអ្នកគាំទ្ររបស់មីយ៉ាន់ម៉ា បានបង្ហាញការប្រតិកម្មខ្លាំងទៅបញ្ហានេះ ហើយពួកគេ បានស្នើឱ្យលោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ត្រូវតែមានវិធានការក្តៅ គឺដកលោក ឡុង វិបុល ចេញពីតួនាទីជាអាជ្ញាកណ្តាល ដើម្បីឱ្យទៅធ្វើការងារផ្សេងជំនួសវិញ ហើយជាលទ្ធផល សហព័ន្ធ បានសម្រេចដាក់ពិន័យលោក វិបុល មិនឱ្យចូលរួមដឹកនាំការប្រកួតត្រឹម៤សប្តាហ៍ ដែលការពិន័យទោសនេះ ហាក់នៅមានកម្រិតស្រាលដែរទេ។
ដោយឡែកមន្ដ្រីចៅក្រម៣នាក់ផ្សេងទៀត ក៏ត្រូវបានសហព័ន្ធកីឡាប្រដាល់គុនខ្មែរសម្រេចដាក់ពិន័យមិនឱ្យចូលរួមដឹកនាំការប្រកួតចំនួន៣សប្ដាហ៍ផងដែរ បន្ទាប់ពីរកឃើញថា អ្នកទាំង៣នេះ បានផ្ដល់ពិន្ទុមិនត្រឹមត្រូវ ដោយដាក់ពិន្ទុឱ្យកីឡាករ ធន់ វណ្ណា ឈ្នះកីឡាករ Martin Sandro មកពីអេស្ប៉ាញ សម្រាប់ការប្រកួត ដែលរៀបចំដោយសង្វៀនបាយ័ន នៅកោះពេជ្រ កាលពីថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២៥។
ការចេញសេចក្ដីប្រកាសព័ត៌មាន កាលថ្ងៃទី១៧ ខែឧសភា ដើម្បីដាក់ពិន័យទៅលើចៅក្រមទាំង៣នាក់ ដែលមិនត្រូវបានសហព័ន្ធបញ្ចេញឈ្មោះនេះ គឺបន្ទាប់ពីអ្នកគាំទ្របានរិះគន់ខ្លាំងទៅលើការដាក់ពិន្ទុរបស់អ្នកទាំង៣នេះ ដែលជំរុញឱ្យសហព័ន្ធ ធ្វើការកោះប្រជុំជាបន្ទាន់នូវមន្ត្រីរៀបចំការប្រកួត អាជ្ញាកណ្តាល ចៅក្រម ដែលបានធ្វើការដឹកនាំការប្រកួតរវាងកីឡាករ ធន់ វណ្ណា និងកីឡាករ Martin Sandro នេះ ដើម្បីធ្វើការពិនិត្យនូវលទ្ធផលឡើងវិញ។
ក្រោយការពិនិត្យយ៉ាងផ្ចត់ផ្ចង់តាមរយៈវីដេអូហាយឡាយនៃការប្រកួតទាំងស្រុងឡើងវិញនោះ សហព័ន្ធ បានរកឃើញថា ជ័យជម្នះ ត្រូវបានទៅលើកីឡាករអេស្ប៉ាញ Martin Sandro ដោយពិន្ទុវិញ ក្នុងការប្រកួតចំនួន៥ទឹក។
ប៉ុន្តែយោងទៅលើបទបញ្ជាគ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ គឺគណៈកម្មការបច្ចេកទេស បានរក្សាទុកលទ្ធផលការប្រកួត ដែលបានប្រកាសរួចទៅហើយនោះ នៅដដែល តែបានដាក់ពិន្ទុទៅលើចៅក្រមទាំង៣នាក់ ដែលបានដាក់ពិន្ទុខុសនោះ មិនឱ្យចូលរួមដឹកនាំការប្រកួត ដែលរៀបចំដោយសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចំនួន៣សប្តាហ៍ ចាប់ពីថ្ងៃទី១៧ ខែឧសភា តទៅ ពីបទប្រព្រឹត្ដខុសទៅនឹងបទបញ្ជាបច្ចេកទេស គ្រប់គ្រងការប្រកួតកីឡាប្រដាល់គុនខ្មែរ។
យ៉ាងណាក៏ដោយ ការដាក់ពិន័យមិនឱ្យចូលរួមដឹកនាំការប្រកួតចំនួន៣សប្ដាហ៍ ដោយមិនបង្ហាញឈ្មោះចៅក្រមទាំង៣នាក់ ដែលបានប្រព្រឹត្តខុសនោះ ត្រូវបានមហាជនមួយចំនួនរិះគន់ថា ជាការអនុវត្តច្បាប់បែបយល់ញាតិឃ្លាតច្បាប់ និងគ្មានគោលការរឹងមាំ ក្នុងការលុបភាពមិនប្រក្រតី នៅក្នុងវិស័យប្រដាល់គុនខ្មែរ។
បន្ថែមលើនេះ ការដាក់ពិន័យត្រឹមរយៈពេល៣សប្តាហ៍ ឬ ៤សប្តាហ៍ គឺជាទម្ងន់ទោសស្រាលពេក ដែលអ្នកគាំទ្រភាគច្រើន បានលើកជាគំនិតថា មិនអាចធ្វើឱ្យមន្រ្តីចៅក្រមអាជ្ញាកណ្តាល ឬអ្នកប្រព្រឹត្តខុសរាលចាលនោះទេ ព្រោះទម្រង់បែបបទនៃការដាក់ពិន័យបែបនេះ ត្រូវបានធ្វើឡើង តាំងពីជំនាន់លោក តែម ម៉ឺន នៅធ្វើជាប្រធានសហព័ន្ធ ប៉ុន្តែចុងក្រោយ អ្នកប្រព្រឹត្តខុស នៅតែបន្តធ្វើខុស ហើយភាពមិនប្រក្រតីក្នុងការដាក់ពិន្ទុ និងកាត់សេចក្តីតាមសង្វៀននីមួយៗ នៅតែកើតមានឡើងច្រើនដដែល។
តែទោះបីជាយ៉ាងណា បើតាមព័ត៌មានច្បាស់ការណ៍ បានទម្លាយឱ្យដឹងថា មន្រ្តីចៅក្រមអាជ្ញាកណ្តាល ដែលត្រូវបានសហព័ន្ធកីឡាដាក់ពិន័យ ក្នុងរចនាសម្ព័នគ្រប់គ្រងថ្មីក្នុងអាណត្តិទី៨ ឆ្នាំ២០២៥-២០២៩របស់លោក ខូវ ឆាយ គឺគ្មានការផ្តល់ប្រាក់ឧបត្ថម្ភ ដូចការអនុវត្តច្បាប់ ក្នុងអាណត្តិមុនៗកន្លងមកនោះទេ។
ជុំវិញការងារនេះ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលកំពុងបំពេញបេសកកម្មនៅប្រទេសស្រីលង្កានោះ បានប្រាប់តាមប្រព័ន្ធតេឡេក្រាមមកថា៖ «ចំពោះមន្រ្តីចៅក្រមអាជ្ញាកណ្តាល ដែលត្រូវបានដាក់ពិន័យនេះ មិនបើកប្រាក់ឧបត្ថម្ភឱ្យទេ! បើមិនឱ្យធ្វើការ ហើយបើកប្រាក់ឧបត្ថម្ភជូន មិនមែនជាការដាក់ពិន័យទេ គឺជាការលើកទឹកចិត្តទៅវិញ»។
តាមការបញ្ជាក់របស់លោក ខូវ ឆាយ គឺមានន័យថា លោកអាជ្ញាកណ្តាល ឡុង វិបុល និងចៅក្រមជាប់ពិន័យ៣នាក់ទៀត ដែលប្រភពច្បាស់ការណ៍ទម្លាយឈ្មោះមកថា ជាលោក ពៅ ប៊ុណ្ណា លោក សួង សុវណ្ណថា និងលោក ឡុង សំអឿន នោះ គឺមិនទទួលបានប្រាក់ឧបត្ថម្ភ នៅក្នុងអំឡុងជាប់ពិន័យនេះទេ ហើយមន្រ្តីបច្ចេកទេស ដែលមិនជាប់ពិន័យ តែមិនបានមកបំពេញការងារតាមគោលដៅកំណត់ ក៏មិនបានប្រាក់ឧបត្ថម្ភដូចគ្នា បើសិនជាគ្មានការបញ្ជាក់មូលហេតុច្បាស់លាស់ពីការអនុវត្តមានទេនោះ៕