
លោក Pep Munoz សម្រេចចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៅចុងរដូវកាលនេះ បន្ទាប់ពីលោកបានបង្កើតស្នាដៃជាច្រើនជូនក្លិបមួយនេះ ក្នុងនាមជាគ្រូបង្គោលរយៈពេល២រដូវកាលនេះ។ រូបថត ស្វាយរៀង
បើទោះបីជាទទួលបានជោគជ័យខ្លាំង ក្នុងនាមជាគ្រូបង្គោល សម្រាប់ការមកប្រកបអាជីពបាល់ទាត់នៅប្រទេសកម្ពុជា ក្នុងរយៈពេលជាង២ឆ្នាំនេះ ប៉ុន្តែលោក Pep Munoz បានសម្រេចចាកចេញពីក្លិបព្រះខ័នរាជស្វាយរៀង នៅចុងរដូវកាលនេះហើយ។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ក្លិប នៅព្រឹកថ្ងៃអង្គារនេះ។
ក្លិបព្រះខ័នរាជស្វាយរៀង បានបញ្ជាក់តាមសេចក្តីថ្លែងការណ៍របស់ខ្លួនថា៖ «នៅចុងបញ្ចប់នៃរដូវកាលនេះ លោក Pep Munoz នឹងចាកចេញពីតួនាទីជាគ្រូបង្វឹក ព្រះខ័នរាជស្វាយរៀង។ ក្រោមការដឹកនាំរបស់គាត់ ក្លិបបានសម្រេចនូវសមិទ្ធផលក្នុងព្រឹត្តិការណ៍សំខាន់ៗ និងទទួលបានភាពជោគជ័យ ដែលមិនធ្លាប់មានពីមុនមក ក្នុងការប្រកួតទាំងក្នុង និងក្រៅប្រទេស»។
គ្រប់គ្នានៅក្លិបព្រះខ័នរាជស្វាយរៀង បានសម្តែងការអរគុណចំពោះលោក Pep និងបានជូនពរឱ្យគ្រូបង្វឹកអេស្ប៉ាញរូបនេះ ទទួលបានជោគជ័យក្នុងជំហ៊ានបន្ទាប់នៃអាជីពជាគ្រូបង្វឹកបាល់ទាត់របស់លោក។ ប៉ុន្តែចំពោះអ្នកគាំទ្របាល់ទាត់នៅកម្ពុជាវិញ បានបង្ហាញការសោកស្តាយស្ទើរគ្រប់គ្នា នៅពេលដឹងថា គ្រូបង្វឹកដ៏មានស្នាដៃរូបនេះ សម្រេចចាកចេញពីក្រុមស្វាយរៀង នៅចុងរដូវកាលនេះ។
យោងតាមសេចក្តីថ្លែងការណ៍របស់ក្លិបព្រះខ័នរាជស្វាយរៀងនេះ គឺមានន័យថា ការប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នាល្ងាចថ្ងៃទី២៤ ខែឧសភាខាងមុខនេះ វាជាពេលវេលាចុងក្រោយ ដែលលោក Pep ត្រូវដឹកនាំក្រុមស្វាយរៀង ប្រកួតដណ្តើមពាននេះជាមួយក្រុមភ្នំពេញក្រោន មុនពេលលោកចាកចេញ។
ជាមួយគ្នានេះ ព្រះខ័នរាជស្វាយរៀង បានទទូចសុំចិត្តដល់អ្នកគាំទ្រទាំងអស់ អញ្ជើញទៅចូលរួមទស្សនាការប្រកួតផ្តាច់ព្រ័ត្រនេះ ឱ្យបានច្រើនកុះករ ដើម្បីបង្ហាញក្តីស្រលាញ់រាប់អានរបស់យើងទាំងអស់គ្នាទៅកាន់លោក Pep Munoz។

ក្រុមស្វាយរៀង បានអបអរពិធីលើកពានលីគកំពូលកម្ពុជា កាលពីថ្ងៃអាទិត្យ។ រូបថត ស្វាយរៀង
ជុំវិញការប្រកួតផ្តាច់ព្រ័ត្រជាមួយក្រុមភ្នំពេញក្រោននេះដែរ លោក Pep បានចាត់ទុកថា ជាជំនួបចុងក្រោយដ៏សំខាន់ នៅរដូវកាលនេះ ដោយលោករំពឹងថា នឹងឃើញអ្នកគាំទ្រដ៏ច្រើនទៅទស្សនាផ្ទាល់ ដូចពេលក្រុមស្វាយរៀង ប្រកួតផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ជាមួយក្រុម FK Arkadag កាលពីថ្ងៃទី១០ ខែឧសភា កន្លងមកដែរ។
លោក Pep បានបញ្ជាក់ថា៖ «យើងសង្ឃឹមថា អ្នកដែលបានទៅគាំទ្រពួកយើង កាលប្រកួតផ្តាច់ព្រ័ត្រ AFC Challenge League នឹងទៅគាំទ្រ និងលើកទឹកចិត្តទាំងអស់គ្នា សម្រាប់ការប្រកួតផ្តាច់ព្រ័ត្រ Hun Sen Cup ព្រោះវាជាពានចុងក្រោយ សម្រាប់បាល់ទាត់កម្ពុជា នៅរដូវកាលនេះ»។
«សង្ឃឹមថា ថ្ងៃនោះ ជាថ្ងៃមួយនៃពិធីជប់លៀងបាល់ទាត់របស់ប្រជាជនកម្ពុជាយើង ហើយសង្ឃឹមថា យើងនឹងទទួលបានជយលាភី»។ គ្រូបង្គោលលោក Pep Munoz បានបន្ថែម ព្រោះគ្រូបង្វឹករូបនេះ ចង់ជួយឱ្យក្រុមស្វាយរៀង លើកពានសម្តេច ហ៊ុន សែន ដើម្បីឈ្នះពានផ្តាច់មុខដូចកាលពីរដូវកាលមុនដែរ។
គួរបញ្ជាក់ថា ក្រុមព្រះខ័នរាជស្វាយរៀង ក្រោមការដឹកនាំរបស់គ្រូបង្គោលលោក Pep Munoz រយៈពេល២រដូវកាលនេះ គឺពួកគេបានឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជាចំនួន២លើកជាប់ៗគ្នា ខណៈការលើកពានលីគកំពូល នៅរដូវកាលឆ្នាំ២០២៤/២០២៥នេះ ស្វាយរៀង ធ្វើបានកាន់តែល្អ ដោយរកបាន៧៦ពិន្ទុ ក្នុងការប្រកួតទាំង៣០លើករបស់ខ្លួន ចំណែកក្រុមភ្នំពេញក្រោន បានលេខ២ មាន៧២ពិន្ទុ និងក្រុមវិសាខា បានលេខ៣ មាន៦៥ពិន្ទុ។
បន្ថែមលើនេះ លោក Pep បានដឹកនាំក្រុមព្រះខ័នរាជស្វាយរៀង ឱ្យឈ្នះពាន Cambodian Premier League Super Cup ឆ្នាំ២០២៤/២០២៥ និងពានរង្វាន់ សម្តេច ហ៊ុន សែន ឆ្នាំ២០២៣/២០២៤ ហើយក្រុមស្វាយរៀង ក៏អាចនឹងឈ្នះពានសម្តេច ហ៊ុន សែន ជាថ្មីម្តងទៀត បើសិនជាពួកគេអាចយកឈ្នះលើក្រុមភ្នំពេញក្រោន នាជំនួបផ្តាច់ព្រ័ត្រ នៅថ្ងៃសៅរ៍ចុងសប្តាហ៍នេះ។
អ្វីដែលកាន់តែពិសេសនោះ លោក Pep Munoz បានក្លាយជាគ្រូបង្គោលដំបូងគេ ដែលបានបង្កើតប្រវត្តិសាស្រ្តថ្មីសម្រាប់ក្រុមស្វាយរៀង ក្នុងការប្រកួតដណ្តើមពានលើឆាកអន្តរជាតិ បន្ទាប់ពីលោកបានដឹកនាំក្រុមតំណាងឱ្យកម្ពុជាមួយនេះ ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ ជើងឯករងពានរង្វាន់ក្លិបអាស៊ីលំដាប់ទី៣ (AFC Challenge League) ឆ្នាំ២០២៤/២០២៥ នោះ។
បើទោះបីជាការប្រកួតផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ ខែឧសភានោះ ក្រុមស្វាយរៀង បានចាញ់ក្រុម FK Arkadag របស់តួកមេគីស្ថាន ២-១ ប៉ុន្តែតាមរយៈការប្រកួតរហូតដល់១២០នាទីនោះ អ្នកគាំទ្រ ពិតជាមានការពេញចិត្តខ្លាំងទៅនឹងទម្រង់ប្រកួតរបស់ក្រុមស្វាយរៀង ក្រោមការរៀបចំរបស់លោក Pep ដែលបានដាក់សម្ពាធទៅលើក្រុម FK Arkadag យ៉ាងខ្លាំង គ្រាន់តែគ្មានសំណាងក្នុងការរកបានគ្រាប់បាល់បន្ថែម។ ចំណែការប្រកួតពាន ASEAN Club Championship Shopee Cup 2024/2025 ក្រុមស្វាយរៀង បានឈរនៅលេខ៣ ក្នុងវគ្គជម្រុះតាមពូល៕