ប្រធាន Mas Fight ប្រចាំ​នៅ​កម្ពុជា លោក គឹម ស្រ៊ុនកុសល ដែលមាន​ឈ្មោះ​ក្រៅ​ Tommy Kim បានអះអាង​ថា  បើ​កម្មវិធី​ប្រកួត ​Mas Fight នៅលើ​សង្វៀន​ថោន ត្រូ​វបាន​បិទ វានឹង​ក្លាយ​ជា​ការខាតបង់​ធំមួយ ព្រោះ​ស្ថាប័ន Mas Fight នៅលើ​ពិភព​លោក នឹងឈប់​ជួយ​ផ្សព្វ​ផ្សាយ​ពីគុនខ្មែរ និង​ប្រទេស​កម្ពុជាផងដែរ។

         ទីប្រឹក្សា​​ស្ថានីយទូរទស្សន៍ថោន លោក Tommy Kim បានលើក​ឡើង​បែបនេះ ដោយសារ​​អ្នកគាំ​ទ្រ​មួយ​នេះ ​បាន​ស្នើ​​ឱ្យ​បិទ​កម្ម​វិធី​ប្រកួត Mas Fight របស់សង្វៀន​ថោន ​នេះ បន្ទាប់ពី​ផ្ទុះ​ការ​រិះគន់​ខ្លាំង ទៅលើ​លោកអាជ្ញាកណ្តាល ឡុង វិបុល ដែលមិនទាន់មានជំនាញច្បាស់លាស់ ក្នុង​ការកាត់សេចក្តី​ការ​​ប្រកួត​បែប MMA នេះ ធ្វើ​ឱ្យកីឡាករ​កម្ពុជា ណាំឈៀវ គុនខ្មែរ ចាប់ក្លេរឹត​ក​អ្នកប្រដាល់​មីយ៉ាន់ម៉ា Joe Phyu ប៊ិះ​នឹង​ដាច់​ខ្យល់ស្លាប់ សម្រាប់​ការ​ប្រកួត Mas Fight នេះ​កាលពី​ថ្ងៃអាទិត្យ។

         យ៉ាងណាក៏​ដោយ លោក Tommy យល់​ថា ការ​ស្នើឱ្យ​បិទ​កម្មវិធី Mas Fight នេះ គឺជា​ការ​ខឹង​ខុស ដែលនឹង​ធ្វើ​ឱ្យបាត់​បង់​ផល​ប្រយោជន៍​រួម។ ចំណែក​លោកអាជ្ញាកណ្តាល ឡុង វិបុល ដែល​ជាអ្នក​បង្កើត​កំហុស ក៏​ត្រូវបាន​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ សម្រេច​ដាក់ពិន័យ​ មិន​ឱ្យ​ចូលរួម​ដឹកនាំ​ការ​ប្រកួត​ចំនួន​៤សប្តាហ៍ រីឯ Joe Phyu ក៏​មិនមាន​កើត​អ្វី​ធំដុំ​នោះ​ដែរ គឺ​បញ្ហា​នេះ​ត្រូវ​បានលោក Tommy សម្រប​សម្រួល​ជាមួយ​ភាគី​មីយ៉ាន់ម៉ា​រួច​ហើយ។

         លោក​ Tommy Kim បាន​​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​បែបនេះ​ថា៖​ «Mas Fight បាន​ដំណើរការ​នៅកម្ពុជា​ចូល​៧​ឆ្នាំ​ហើយ ហើយបានជួយ​កីឡាករ​កម្ពុជា​ជាច្រើន។ ​វា​មិន​មែនជា​កំហុស Mas Fight ទេ ហើយសុខៗ​បែរ​ជា​ខឹង​គោ មក​វាយ​រទេះ ឬ​ខឹង​គោ ទៅ​ដុតរទេះ​ចោល វា​មិន​កើត​ទេ»។

         លោក​បានសង្កត់​ធ្ងន់ថា៖ «សួរ​ថា Mas Fight មាន​ធ្វើ​អី​ខុស? អត់​ធ្វើ​អីខុស​ទេ អ៊ីចឹងបើ​បិទ​មែន ​វាជា​ការខាត​បង់មួយធំ។ ​យើង​បាត់ការ​គាំ​ទ្រពី​​ស្ថាប័ន Mas Fight នៅលើ​ពិភព​លោក ដែល​គេ​ជួយ​ផ្សព្វ​ផ្សាយ​ពីគុនខ្មែរ និង​​ផ្សព្វ​ផ្សាយ​ពី​ប្រទេស​កម្ពុជា អ៊ីចឹង​សួរ​ថា យើងចំណេញ​អី​គេ? អត់មានចំណេញ​អ្វីទាំង​អស់ ហេតុ​នេះ​សូមបងប្អូន​មានការ​យោគយល់ និងអធ្យាស្រ័យ​ផង»។

លោក Tommy Kim បានអះអាង​ថា បើ​បិទការ​ប្រកួត Mas Fight នៅ​សង្វៀន មានតែ​ការ​ខាតបង់ គ្មានការ​ចំណេញ​អ្វី​ដល់​កម្ពុជា និង​ការ​ផ្សព្វ​ផ្សាយគុនខ្មែរនោះ​ទេ។ រូប​ថត Tommy

         ជាមួយគ្នា​នេះ លោក Tommy Kim បាន​ទម្លាយ​ថា អ្នក​ដែល​បានបញ្ចេញ​មតិ​យោបល់​ឱ្យ​បិទ​កម្មវិធី Mas Fight នេះ គឺ​មាន​ចំនួន​តិច​ទេ ដោយសារពួកគាត់ មិនទាន់បានយល់​ច្បាស់ពីច្បាប់ Mas Fight និង​មិន​បាន​គិត​វែង​ឆ្ងាយ​ពី​ផល​ប្រយោជន៍ ដែល​កម្មវិធីនេះ បាន​ជួយ​ដល់​កីឡាករ​កម្ពុជា​យើង និង​ផ្សព្វ​ផ្សាយ​ពី​កម្ពុជា នៅលើ​ឆាក​អន្តរជាតិ។

         ជាមួយ​ហេតុផលនេះ លោក​ Tommy Kim បាន​អះអាង​ថា Mas Fight នឹង​បន្ត​រៀបចំ​ដូច​ធម្មតា នៅ​លើ​សង្វៀន​ថោន ហើយ​លោក​​​គ្រោង​នឹង​នាំ​យក​អាជ្ញាកណ្តាល​បរទេស​​តាម​រយៈ​សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា (CMMA)  មក​កាត់​សេចក្តី តែ​​លោក​ក៏បានស្នើ​ឱ្យសហព័ន្ធ​កីឡាជាតិផ្សេង​ទៀត បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ខ្មែរ​​លើ​ជំនាញ Mas Fight ឬ MMA ឱ្យបានច្រើន​ផងដែរ ចៀសវាង​នាំ​យក​គណៈកម្មការ Mas Fight របស់​គេ​មក​រៀបចំ ដែលត្រូវ​​ចំណាយច្រើន។

         ផ្តោត​លើការ​ប្រកួត Mas Fight នៅ​សង្វៀន​ថោន នា​ថ្ងៃអាទិត្យ​នេះ លោក Tommy បាន​បញ្ជាក់ថា៖ «ខ្ញុំបាន​រៀបចំ​មន្រ្តី​​អាជ្ញាកណ្តាល​បរទេស ហើយ​យើងបានពិភាក្សា​ជាមួយ សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជា ដែលជាលក្ខណៈ MMA ដែរ ដោយសារ​កម្មវិធី​របស់​យើង មានគុនខ្មែរ​​លាយជាមួយ​ MMA»។

         លោក​បន្ថែម​ថា៖ «អ៊ីចឹង​យើងអាចយក​​មន្រ្តី​អាជ្ញាកណ្តាល​បរទេស​មក​ចូលរួម​ ដើម្បី​ឱ្យកម្មវិធី​​នេះ វា​ទៅ​បាន​ពេញ​មុខ​ពេញ​មាត់​តែ​ម្តង។ គ្រាន់តែ​ថា អាច​មានការ​ចំណាយ​ច្រើនជាង​មន្រ្តី​អាជ្ញាកណ្តាល​ខ្មែរ ប៉ុន្តែ​​យើង​រីក​រាយនឹង​ធ្វើ ដើម្បីឱ្យ​​កម្មវិធី​ដំណើរការ​​ទៅ​រលូន ហើយ​បំពេញ​តាម​ការគាំ​ទ្រ​​របស់​បងប្អូន​អ្នក​គាំ​ទ្រ​ខ្មែរ​យើង»។

         ជុំវិញការ​ងារ​នេះ​ លោក វ៉ាត់ ចំរើន អគ្គ​លេខាធិការគណៈកម្មាធិការជាតិ​អូឡាំពិក​កម្ពុជា (NOCC) និងជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា ហើយក៏ជា​ប្រធាន​សហព័ន្ធកីឡាយុទ្ធគុនចម្រុះកម្ពុជាផង​នោះ បាន​ឱ្យ​ដឹង​ថា លោក​កំពុង​ពិនិត្យ និងសម្រប​សម្រួល​ទៅ​លើ​បញ្ហា​ដែល​បាន​កើត​ឡើង នៅ​ក្នុងការ​ប្រកួត Mas Fight នេះ ហើយ​លោក​បញ្ជាក់​ថា ​គ្មាន​អ្នក​ណា អាច​រំលោភ​លើ​ការងារបច្ចេក​ទេស​បាន​ទេ។

         លោក វ៉ាត់ ចំរើន ថ្លែង​ថា៖ «យើងកំពុងពិនិត្យ​ទៅលើការងារ​ទាំងអស់​នេះ គឺ​បច្ចេកទេស​នេះ គ្មាន​អ្នក​ណា​អាច​រំលោភ​បុព្វ​សិទ្ធិ​របស់សហព័ន្ធ, បុព្វសិទ្ធិ​របស់ NOCC និង​របស់ក្រសួងអប់រំ យុវជន និង​កីឡា ដែល​ជា​ស្ថាប័ន​ទទួលខុស​ត្រូវ​របស់​រាជរដ្ឋាភិបាល​បាន​ទេ។ ការ​រក​ចំណូល ឬការឧបត្ថម្ភ​ មិន​អាច​រំលោភ​ទៅ​លើ​បច្ចេក​ទេស និងបទបញ្ជា​នៃ​ការ​ប្រកួតណាមួយ​បានឡើយ គឺ​បុព្វ​សិទ្ធិ​បច្ចេក​ទេស ស្ថិត​នៅលើសហព័ន្ធ និង​នៅលើការគ្រប់​គ្រង​របស់     NOCC និង​​ក្រសួងអប់រំ»៕