
លោក ហ៊ុន ច័ន្ទរាជ្យ បានថតជាមួយកីឡាករ កីឡាការិនី ដែលដណ្តើមបានមេដាយមាស២ និងប្រាក់៣ ពីការប្រកួត ISKA kickboxing Thailand Open 2025 រូបថត CTT
ក្រុមឃីកបុងស៊ីងកម្ពុជា បានបញ្ចប់ការប្រកួត ISKA kickboxing Thailand Open 2025 ដោយដណ្តើមបានមេដាយមាស២ និងប្រាក់៣ រីឯក្រុមអត្តពលិកជឺជីតស៊ូកម្ពុជា បានចាប់ផ្តើមការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី៩ (9th Asian Ju-Jitsu Championship) នៅទីក្រុង Amman ប្រទេសហ្សកដានី ពីថ្ងៃទី២២នេះ រហូតដល់ថ្ងៃទី ២៧ ខែឧសភា។
សម្រាប់ការប្រកួត ISKA kickboxing Thailand Open 2025 ដែលធ្វើនៅប្រទេសថៃ ពីថ្ងៃទី១៨ ដល់ទី២២ ខែឧសភានេះ គឺកីឡាករ កីឡាការិនីឃីកបុងស៊ីងទាំង៥នាក់របស់ក្លិប Cambodian Top Team បានឈ្នះមេដាយរៀងៗខ្លួនជូនកម្ពុជា គឺមេដាយមាស២ និងមេដាយប្រាក់៣។
នៅក្នុងចំណោមមេដាយទាំង៥នេះ កីឡាករ ផេង សុបញ្ញា ដែលគេស្គាល់ថាជាជើងខ្លាំងវ័ក្មេង គោរមៈ ច័ន្ទរាជ្យ បានឈ្នះមេដាយមាស លើវិញ្ញាសា K1 18 + Men ទម្ងន់ ៦០ គីឡូក្រាម ហើយកីឡាករ ជៀ ពៅ ហៅ គុជសារ ច័ន្ទរាជ្យ បានឈ្នះមេដាយមាស លើវិញ្ញាសា K1 18 + Men ទម្ងន់ ៧០ គីឡូក្រាម។
ចំណែកកីឡាករ ស៊ា វិច្ឆិកា ឬ អធិជ័យ ច័ន្ទរាជ្យ បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា Full Contact ទម្ងន់ ៦០ គីឡូក្រាម ហើយកីឡាករ ឃួន ចាន់ពិសិដ្ឋ បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា K1 18 - Men ទម្ងន់ ៥៥ គីឡូក្រាម និងកីឡាការិនី គន្ធ វណ្ណនីតា បានឈ្នះមេដាយប្រាក់ លើវិញ្ញាសា K1 18 + Women ទម្ងន់ ៧០ គីឡូក្រាម។
លោក ហ៊ុន ច័ន្ធរាជ្យ ប្រធានក្លិប Cambodian Top Team និងជាអ្នកដឹកនាំក្រុមអត្តពលិក បានចាត់ទុកការដណ្តើមបានមេដាយមាស២ និងប្រាក់៣ ពីការប្រកួត ISKA kickboxing Thailand Open 2025 នេះ ថាជាសមិទ្ធផលដ៏ជោគជ័យ ហើយគ្រប់គ្នាបានបង្ហាញពីមោទនភាព និងភាពរីករាយ ដែលគ្រប់ការឈ្នះមេដាយរបស់ពួកគេ សុទ្ធតែទទួលបានសារអបអរពីលោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត នោះ។
ជាមួយគ្នានេះ ក្លិប Cambodian Top Team (CTT) បានបង្ហោះសារសម្តែងការអរគុណដល់អត្តពលិកទាំង៥នាក់ ដែលខំប្រឹងដណ្តើមបានមេដាយមាស២ និងប្រាក់៣ ពីការប្រកួតនៅប្រទេសថៃនេះ ដោយសរសេរថា៖ «សូមអរគុណចំពោះការខិតខំប្រឹងប្រែងរបស់អ្នកទាំងអស់គ្នា សម្រាប់ជាតិ សម្រាប់អ្នកគាំទ្រ និងក្លិប CTT។ សូមបន្តការហ្វឹកហាត់ និងប្រឹងប្រែងបន្តទៀត»។

ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ពេលថតជុំគ្នា នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃទី២០ ខែឧសភា ហើយពួកគេ ចាប់ផ្តើមប្រកួត Asian Ju-Jitsu Championship នៅប្រទេសហ្សកដានី ថ្ងៃព្រហស្បតិ៍នេះ។ រូប សហព័ន្ធ/NOCC
ដោយឡែកក្រុមជម្រើសជាតិកីឡាជឺជីតស៊ូកម្ពុជា ចំនួន៦នាក់ ដែលបានចាកចេញពីមាតុប្រទេស កាលពីថ្ងៃទី២០ ខែឧសភានោះ នឹងចាប់ប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី៩ ឆ្នាំ២០២៥ នៅប្រទេសហ្សកដានី នាថ្ងៃព្រហស្បតិ៍នេះ ហើយគ្រោងបញ្ចប់នៅថ្ងៃទី២៧ ខែឧសភា។
ជាមួយគ្នានេះ លោក ថោង ធន ប្រធានស្ដីទីសហព័ន្ធកីឡាជឺជីតតស៊ូកម្ពុជា បានអះអាងថា កីឡាករ កីឡាករទាំង៦នាក់ ដែលត្រូវបានបញ្ជូនទៅចូលរួមព្រឹត្តិការណ៍កីឡាជឺជីតស៊ូជើងឯកអាស៊ី សម្រាប់អាយុក្រោម២១ឆ្នាំ (U21) និងពេញវ័យ នៅប្រទេសហ្សកដានីលើកនេះ សុទ្ធសឹងតែជាអ្នកមានសមត្ថភាពល្អៗ អាចដណ្ដើមបានមេដាយជូនជាតិ។
លោកបានថ្លែងថា៖ «យើងបញ្ជូនកីឡាករ កីឡាការិនី ដែលអាចមានសមត្ថភាពឈ្នះមេដាយជូនជាតិ ព្រោះពួកគាត់សុទ្ធតែជាម្ចាស់មេដាយមាស និងមេដាយផ្សេងៗទៀត នៅស៊ីហ្គេម ឆ្នាំ២០២៣ ហើយក៏បានបង្ហាញសមិទ្ធផលល្អ ក្នុងការប្រកួតថ្នាក់តំបន់ នៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី កាលពីឆ្នាំមុន ក៏ដូចជាម្ចាស់មេដាយថ្នាក់ជាតិឆ្នាំនេះផងដែរ»។
ចំណែកលោក Jasper Martjin Paas គ្រូបង្វឹកក្រុមជម្រើសជាតិជឺជីតស៊ូកម្ពុជា បានបង្ហាញការតាំងចិត្តយ៉ាងមុតមាំថា នឹងព្យាយាមត្រួសត្រាយឱ្យកូនក្រុមទទួលបានកម្រិតមេដាយខ្ពស់ជាងមុន បន្ទាប់ពីទទួលបានមេដាយសំរឹទ្ធ៥គ្រឿង សម្រាប់ការប្រកួត នៅប្រទេសអេមីរ៉ាតអារ៉ាប់រួម កាលពីឆ្នាំមុន៕