អង្គមហាសន្និបាត​របស់​សហព័ន្ធ​កីឡាអុកចត្រង្គ​កម្ពុជា កាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ បានបោះ​ឆ្នោត​ដោយការ​លើក​ដៃ ​គាំ​ទ្រ​ឱ្យ​ លោក គុជ គីមឡុង បន្ត​ធ្វើ​ជាប្រធានសហព័ន្ធ ក្នុងអាណត្តិ​ទី​៣ ឆ្នាំ​២០២៥-២០២៩ បន្ទាប់​ពី​លោក​បាន​ដឹកនាំ​​សហព័ន្ធ​នេះ​ ឱ្យ​ទទួល​បានជោគ​ជ័យ កាលពី​អាណត្តិ​មុន។

នៅ​ក្នុង​​មហាសន្និបាត​បញ្ចប់អាណត្តិ​ទី​២ និង​បន្ត​អាណត្តិ​ទី​៣ ដែល​ធ្វើ​នៅទី​ស្នាក់ការ​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា កាលពី​ព្រឹក​ថ្ងៃសុក្រ​នេះ លោក គុជ គីមឡុង ត្រូវ​បាន​អង្គមហាសន្និបាត​គាំ​ទ្រ១០០​ភាគ​រយឱ្យ​បន្ត​ធ្វើ​ជា​ប្រធាន​សហព័ន្ធ​កីឡាអុកចត្រង្គ​កម្ពុជា ហើយ​លោក​វេជ្ជបណ្ឌិត សុខ សំបូរ និង​លោក ឃាង ពីវ ជាអនុ​ប្រធាន​សហព័ន្ធ។

ចំណែក​លោក សេក សុភ័ក្រ្ត បាន​បន្ត​ធ្វើ​ជា​អគ្គលេខាធិការ​សហព័ន្ធកីឡាអុកចត្រង្គកម្ពុជា ហើយ​លោក ហូយ សូណា និង​លោក គាង ម៉េងសៀង ជាអគ្គលេខាធិការ​រង រីឯ​លោក សេក សុភ័ណ ជាអគ្គហេរញ្ញិក លោក គ្រួច ចន្ថារិទ្ធ ជាអគ្គ​ហេរញ្ញិក​រង និង​លោក មាន មានិត ជាសមាជិក។

ចំពោះ​​ការ​បន្តធ្វើជា​ប្រធាន​សហព័ន្ធកីឡា​អុកចត្រង្គ​កម្ពុជា ក្នុងអាណត្តិ​ទី​៣​នេះ លោក គុជ គីមឡុង បានសម្តែងការ​កោតសរសើរ​ដល់​គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធទាំងអស់ ព្រម​ទាំង​គ្រូ​បង្វឹក កីឡាករ កីឡាការិនី និង​អ្នកពាក់ព័ន្ធ​ផ្សេង​ទៀត ដែលបាន​លះ​​បង់​ទាំងកម្លាំង​កាយ​ចិត្ត និងថវិកា ដោយការ​​ស្ម័គ្រ​ចិត្ត ​ក្នុង​ការ​អភិរក្ស និង​អភិវឌ្ឍ​កីឡាអុកចត្រង្គ ឱ្យមាន​ការ​រីកចម្រើន​ទៅ​មុខ។

លោក គុជ គីមឡុង បាន​ថ្លែង​ថា៖ ​«​យើងទាំងអស់​គ្នា សុទ្ធតែ​បាន​​ចំណាយ​កម្លាំង​កាយ​ចិត្ត និងថវិកា​ផ្ទាល់​ខ្លួន​ផងដែរ។ វាជា​ការលះបង់​មួយ ដែលមិន​ទទួល​បានកម្រៃត្រឡប់​មក​វិញ​នោះ​ទេ ប៉ុន្តែ​ពួក​យើង​សប្បាយ​ចិត្ត នៅពេល​ឃើញ​​ប្រភេទ​កីឡាអុកចត្រង្គ​នេះ​មានការ​រីកចម្រើន និងកំពុង​បន្ត​ដំណើរ​ទៅមុខ»។

នៅក្នុងសមិទ្ធផល ដែល​សហព័ន្ធ​កីឡាអុក​ចត្រង្គ​កម្ពុជា សម្រេច​បាន​ក្នុង​រយៈពេល​២អាណត្តិ ស្មើ​នឹង​៨​ឆ្នាំ​កន្ល​ង​មកនេះ លោក គុជ គីមឡុង បាន​សង្កត់​ធ្ងន់ទៅលើ​សមិទ្ធ​ផល​ជោគ​ជ័យ ជាប្រវត្តិសាស្រ្ត ដែល​ក្រុមអុកចត្រង្គ​កម្ពុជា សម្រេច​បាន ក្នុងការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ គឺ​ការ​​ដណ្តើម​បាន​មេដាយមាស​១ ប្រាក់​៤ និងសំរឹទ្ធ​១ ក្នុងនាមជា​ម្ចាស់​ផ្ទះ។

លោក គុជ គីមឡុង បានថតជាមួយ​តំណាង​របស់​គណៈកម្មាធិការជាតិ​អូឡាំពិកកម្ពុជា ព្រមទាំង​គ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី នៅ​ក្នុងមហាសន្និបាត កាលពី​ព្រឹកមិញ។ រូប​ថត ឈន ណន

តែទោះបីជា​យ៉ាង​ណា លោក គុជ គីមឡុង បានជំរុញ​ និង​លើកទឹកចិត្ត​ដល់​ក្រុមជម្រើសជាតិ​អុក​ចត្រង្គ​កម្ពុជា ក៏ដូចជា​គ្រូ​បង្វឹក និង​អ្នកពាក់ព័ន្ធ ត្រូវ​ខិត​ខំប្រឹង​ប្រែង​ពង្រឹង​សមត្ថ​ភាព និងបច្ចេក​ទេស​ឱ្យបាន​ល្អ​ថែម​ទៀត ដើម្បី​ត្រៀម​ប្រកួតប្រជែង​រក​មេដាយ ក្នុងព្រឹត្តិការណ៍​ស៊ីហ្គេម លើក​ទី​៣៣ នៅប្រទេស​ថៃ ចុងឆ្នាំ​២០២៥​នេះ។

លោកបានបញ្ជាក់ថា៖ ​«​កាល​ស៊ីហ្គេម ឆ្នាំ​២០២៣​នៅ​កម្ពុជា គឺ​យើងមិនរំពឹង​ថា អាចដណ្តើម​បានមេដាយច្រើន​នោះ​ទេ ប៉ុន្តែ​ជាក់​ស្តែង​យើងដណ្តើមបានទាំងមេដាយមាស ប្រាក់ និងសំរឹទ្ធ។ នេះជាជោគ​ជ័យមួយ សម្រាប់​ឆ្នាំ​២០២៣ អ៊ីចឹងចំពោះ​ស៊ីហ្គេម នៅប្រទេស​ថៃ ចុងឆ្នាំ​នេះ យើង​ត្រូវ​ធ្វើ​យ៉ាង​​ណា ដើម្បី​​អាច​ដណ្តើម​បាន​មេដាយទៀត»។

តាម​លោក គុជ គីមឡុង ​បាន​ឱ្យដឹង​ថា សម្រាប់ស៊ីហ្គេម ឆ្នាំ​២០២៥នេះ សហព័ន្ធ កំពុងសម្រួច​គុណ​ភាព​អត្តពលិក ដើម្បី​សម្រិត​សម្រាំង​យក​អ្នក​មាន​សមត្ថ​ភាព​ល្អ​៩​នាក់​ឱ្យ​​ទៅ​ចូលរួម ហើយ​លោក​ក៏គ្រោង​នឹងស្នើ​សុំ​កញ្ចប់ថវិកា​ប្រចាំឆ្នាំបន្ថែម​ ​ពី​ក្រសួងអប់រំ យុវជន និង​កីឡា ដើម្បីបណ្តុះ​ថ្នាល​បន្ត​វេន​ ក៏ដូច​ជា​អនុវត្តផែនការបន្ទាប់ នៅក្នុងអាណត្តិទី​៣​នេះ។

ចំពោះ​ផែនការ​សំខាន់ៗ ដែលត្រូវ​អនុវត្ត​ជាបន្ត​ទៀត នៅ​ក្នុង​អាណត្តិទី​៣​នេះ ត្រូវ​បាន​លោក សេក សុភ័ក្រ្ត អគ្គ​លេខាធិការ​សហព័ន្ធកីឡាអុកចត្រង្គ​កម្ពុជា បង្ហាញ​ថា គឺ​ការ​ពង្រឹង និង​ពង្រីក​សមត្ថ​ភាព​គ្រូ​បង្វឹក​ជម្រើសជាតិ និង​កីឡាករ​ជម្រើសជាតិ ក៏ដូចជាសាមី​​ក្លិប តាម​រយៈការ​រៀបចំ​ផែនការ​ហ្វឹកហាត់​ទៅ​តាមវិធី​សាស្រ្ត​ផ្សេងៗ​ ព្រមទាំង​ត្រៀម​លក្ខណៈ​ចូលរួម​​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៥​នេះ នៅថៃ។

លោក សេក សុភ័ក្រ្ត បាន​បន្ថែម​ថា ជាមួយគ្នា​នេះ សហព័ន្ធកីឡាអុកចត្រង្គ​កម្ពុជា​ ត្រូវ​រៀបចំ​វគ្គបណ្តុះបណ្តាល​​គ្រូ​បង្វឹក អាជ្ញាកណ្តាល ជា​រៀង​រាល់​ឆ្នាំ ព្រមទាំង​រៀបចំ​ការ​ប្រកួត​ជ្រើស​រើស​ជើងឯក​ថ្នាក់​ជាតិ​ជា​រៀង​រាល់​ឆ្នាំ និង​រៀបចំការ​ប្រកួត​មិត្តភាព​លក្ខណៈជាតិ អន្តរជាតិ ផ្សេងៗ​ទៀត ដើម្បី​ភាព​រីកចម្រើន​កីឡាអុកចត្រង្គបន្ត​ទៅមុខ​ទៀត៕