លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈ​កម្មាធិការជាតិ​អូឡាំពិកកម្ពុជា (NOCC) និងជា​រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រាប់​ទៅ​គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់សហព័ន្ធកីឡា​ចំបាប់​កម្ពុជា ត្រូ​វ​​ធ្វើ​ម៉េច​គ្រប់​គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​តម្លាភាព ចៀស​វាងការ​បែប​បាក់​ផ្ទៃ​ក្នុង នៅ​ក្នុង​សហព័ន្ធនេះ។

លោក វ៉ាត់ ចំរើន បាន​លើក​ឡើងបែបនេះ នៅ​ក្នុង​មហាសន្និបាត​សហព័ន្ធ​កីឡាចំបាប់កម្ពុជា ​បញ្ចប់អាណត្តិទី​៧ ឆ្នាំ​២០២១-២០២៥ និងបន្តអាណត្តិ​ទី​៨ ឆ្នាំ​២០២៥-២០២៩ នៅទី​ស្នាក់ការ NOCC កាលពី​ព្រឹក​ថ្ងៃ​សុក្រ ហើយ​​នៅ​ក្នុង​អាណត្តិថ្មី​​នេះ លោក វ៉ាត់ ចំរើន នៅតែ​ទទួល​បានការគាំ​ទ្រ​ឱ្យ​បន្ត​ធ្វើជា​ប្រធានសហព័ន្ធ ដោយមាន​លោក Casey Barnett លោក សំ សោភាន់ ​លោក​ព្រឹទ្ធាចារ្យ ហុក ឈាងគីម និង​លោក​ ស៊ឹម ទូច ជាអនុ​ប្រធាន អម​ដោយអគ្គលេខាធិការ អគ្គហេរញ្ញិក និងសមាជិក​ចំនួន​៨នាក់​ទៀត។

យ៉ាង​ណាក៏ដោយ នៅ​ក្នុងចំណោមគណៈ​កម្មាធិការ​ប្រតិបត្តិ​​សហព័ន្ធ​កីឡាចំបាប់​កម្ពុជា ក្នុង​អាណត្តិ​ទី​៨នេះ លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់​ទៅលើ​កញ្ញា កាង ណុចបវរ ជាអគ្គលេខាធិការ និង​លោក អន សុវឌ្ឍីយ៉ា ជាអគ្គហេរញ្ញិក ក៏ដូច​រូប​លោក​ផ្ទាល់ ជា​ប្រធានសហព័ន្ធ ដែល​ត្រូវ​ធ្វើ​ឱ្យមាន​តម្លា​ភាពលើការ​គ្រប់​គ្រងហិរញ្ញវត្ថុ​រួម​របស់សហព័ន្ធ​នេះ។

លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖​ «ឥឡូវនេះ​យើង​មានអគ្គលេខាធិការ និង​អគ្គហេរញ្ញិក អ៊ីចឹង​យើង​ត្រូវ​ធ្វើ​ម៉េច​ឱ្យមាន​តម្លៃ​ភាព ក្នុងការ​រៀបចំ​ហិរញ្ញ​វត្ថុ​របស់​យើង។ តម្លាភាពនេះ​បាន​ន័យ​ថា អ្នក​បញ្ជា​ចាយ អត់​មានសិទ្ធិ​កាន់លុយ រីឯ​អ្នកកាន់លុយ​ អត់​មានសិទ្ធិបញ្ជា​ចាយ គឺ​ប្រធានសហព័ន្ធ មានសិទ្ធិតែ​បញ្ជា​គេ​ទេ តែអត់​មានសិទ្ធិ​កាន់​លុ​យឡើយ រីឯ​អគ្គលេខាធិការ មានសិទ្ធិ​បញ្ជា​ចាយ តែ​អត់​មាន​សិទ្ធិ​កាន់​លុយ ចំណែក​អគ្គហេរញ្ញិក ​កាន់​លុយតែ​អត់មានសិទ្ធិចាយ​ទេ»។

លោក​​បាន​បន្ថែម​ថា៖​ «វា​ត្រូវតែ​ធ្វើ​បែបហ្នឹង ដើម្បី​ឱ្យមាន​តម្លា​ភាព​ នៅក្នុងក្របខ័ណ្ឌនៃ​អភិបាល​កិច្ច​ល្អ​របស់សហព័ន្ធមួយៗ គឺ​ត្រូវ​​តែ​​ទទួល​ខុស​ត្រូវ​ក្នុ​ងតម្លា​ភាពនេះ ដើម្បី​ឱ្យមាន​យុត្តិធម៌ និង​សម​ភាព នៅក្នុងការ​ដឹក​នាំ​គ្រប់​គ្រង​ កុំ​ឱ្យបែកបាក់​ផ្ទៃក្នុង»​។

អ្នកជំនាញ​កីឡា លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់ថា ការ​ធ្វើ​ឱ្យមាន​តម្លា​ភាព ក្នុងការ​រៀបចំគ្រប់​គ្រង​លើ​ហិរញ្ញវត្ថុ នៅ​ក្នុងសហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា​នេះ វាជា​រឿងសំខាន់ ដែល​ត្រូវ​ធ្វើ​ឱ្យ​បាន ហើយ​​មិនមែន​យកមនោសញ្ចេតនា​មក​ធ្វើ​ការ​ងារ​​នោះ​ទេ គឺ​ត្រូវ​យកច្បាប់ ទម្លាប់ ក្រឹត្យក្រម វិធាន និង​បទបញ្ញត្តិ ​មក​ធ្វើ។

លោក​បញ្ជាក់ថា៖ «យើង​ដាក់ទិសដៅ​យ៉ាងម៉េច យើងត្រូវ​​ធ្វើអ៊ីចឹង ហើយនេះជា​អ្វី​ដែល​យើងត្រូវពង្រឹងសមត្ថ​ភាព​គ្រប់​គ្រង​របស់​យើង។ បើយើងគ្រប់​គ្រង​ទៅធូររលុង​ អត់មាន​​វិន័យ និងអត់​គោរព​តាម​ក្រឹត្យក្រម​ យើងនឹងមានជម្លោះ​ផ្ទៃ​ក្នុង និង​មាន​សតិ​អារម្មណ៍ អ៊ីចឹងអ្វី​​ដែល​ល្អ គឺ​ត្រូវ​បានតម្លា​ភាព នៅ​ក្នុងការ​គ្រប់គ្រង​របស់​យើង ហើយ​នេះជា​អ្វី​ដែល​យើង​ទាំងអស់​គ្នា ​ត្រូវ​ធ្វើ​ឱ្យបាន នៅ​ក្នុងអាណត្តិ​នេះ»។

គណៈកម្មាធិការ​ប្រតិបត្តិ​ទី​៨​របស់សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ថតជាមួយ​ក្រុមគ្រូ​បង្វឹក និង​កីឡាករ កីឡាការិនី នៅ​ថ្ងៃ​មហាសន្និបាត។ រូប​ថត ឈន ណន

បន្ថែម​ទៅលើ​ការ​ជំរុញ​ឱ្យមានការ​រៀបចំគ្រប់​គ្រង​ហិរញ្ញវត្ថុ​ឱ្យ​មាន​តម្លាភាព​នេះ លោក វ៉ាត់ ចំរើន បានស្នើ​ឱ្យ​មន្រ្តី​​ក្រោមឱវាទ នៅក្នុងសហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ត្រូវខំប្រឹង​អភិវឌ្ឍ​បច្ចេកទេស​​ពី​អត្តពលិក​ ពី​កម្រិត​ថ្នាល​រហូត​ដល់​ក្រុមជម្រើសជាតិ ក៏ដូចជា​អភិវឌ្ឍ​មន្រ្តី​បច្ចេក​ទេស​ អាជ្ញាកណ្តាលចៅ​ក្រមផងដែរ។

នៅក្នុង​ចំណុច​នេះ លោក ចំរើន បាន​ប្រាប់​ឱ្យ​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា បង្កើត​​គណៈកម្មការ​​អាជ្ញាកណ្តាល​ចៅ​ក្រម​, គណៈកម្មការ​អភិវឌ្ឍបច្ចេក​ទេស, គណៈកម្មការផ្នែក​ចំបាប់បុរាណ និងគណៈកម្មការ​ផ្នែក​ទីផ្សារ និង​ផ្សព្វ​ផ្សាយ ជា​ដើម ដើម្បី​ឱ្យបំពេញ​ការងារ​ដាច់​ដោយឡែក​ពី​គ្នា ក្នុងការ​ជំរុញការ​អភិវឌ្ឍ​វិស័យ​កីឡាចំបាប់​កម្ពុជា ឱ្យកាន់តែរីកចម្រើនទៅមុខ​ទៀត។

តែទោះ​បីជា​យ៉ាង​ណា ​គេ​នៅមិនទាន់​ដឹង​​ថា គណៈកម្មាធិការ​ប្រតិបត្តិ​ថ្មី​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា ជាពិសេស​​កញ្ញា កាង ណុចបវរ ដែលជា​អ្នក​កាន់​ការងារ​រួម​ផ្នែក​បច្ចេក​ទេស នៅ​ក្នុងសហព័ន្ធ​នេះ អាច​ធ្វើ​បាន​ទៅតាមការ​ចង្អុល​បង្ហាញ​របស់​លោក វ៉ាត់ ចំរើន ដែលជា​ប្រធានសហព័ន្ធ ឬ​យ៉ាង​ណា​ទេនោះ​ទេ ខណៈការ​បំពេញការងារ​ក្នុងអាណត្តិ​ទី​៧​កន្លងមក ​អគ្គលេខាធិការ​រូបនេះ ហាក់មិនសូវស្វាគមន៍​​ដល់​​​គ្រប់​ប្រព័ន្ធ​ផ្សព្វផ្សាយ ឱ្យ​​ចូលរួមជួយ​ផ្សព្វ​ផ្សាយ​ពី​សកម្ម​ភាពកីឡាចំបាប់​ប៉ុន្មាន​ទេ៕