ទោះបីជា​ធ្លាប់ទទួល​រង​ការចោទប្រកាន់ពីអ្នកគាំទ្រថា​ បាន​​លក់​គ្រាប់​បាល់ ពេល​លេ​ង​ឱ្យក្រុមជម្រើសជាតិ​កម្ពុជា ប៉ុន្តែ​អ្នកចាំទី វីរៈ ដារ៉ា របស់​ក្រុមព្រះខ័នរាជស្វាយរៀង នៅតែជាប់​ឈ្មោះ​ជា​អ្នកចាំទី​ល្អ​​ផ្តាច់​គេ សម្រាប់ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវ​កាល​ឆ្នាំ​២០២៤-២០២៥​ ដោយ​ទទួល​បានពាន​ឯក​ត្តជន​ចំនួន​៣​តែម្នាក់​ឯង ដូចគ្នា​ទីនឹង​​កីឡាករ Nieto Rondon របស់​ក្រុម​ភ្នំពេញ​ក្រោន​ដែរ។

គេ​នៅចាំបាន​ថា អ្នក​ចាំទី វីរៈ ដារ៉ា ត្រូវបាន​អ្នកគាំ​ទ្រ​ភាគ​ច្រើន បានដាក់ការ​សង្ស័យ​ថា មាន​ចេតនា​លក់គ្រាប់​បាល់ ឬ​កំណត់​លទ្ធផល​ទុកជាមុន បន្ទាប់ពី​ពេល​រូបគេ​បានបង្កើត​កំហុស នៅមុខ​ទី ធ្វើ​ឱ្យ​របូត​គ្រាប់បាល់​​២​គ្រាប់​ជាប់ៗ​គ្នា នាំ​ឱ្យក្រុមជម្រើសជាតិ​កម្ពុជា ចាញ់​ក្រុមម្ចាស់​ផ្ទះ​​សិង្ហបុរី ២-១ ក្នុង​ព្រឹត្តិការណ៍ ASEAN Championship Mitsubishi Electric Cup កាលពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២៤។

សហព័ន្ធកីឡាបាល់​ទាត់​កម្ពុជា (FFC) បាន​បើក​​ការស៊ើបអង្កេត​អំពីករណី​​សង្ស័យនេះ ទៅលើ វីរៈ ដារ៉ា ប៉ុន្តែ​​ក្រោយ​ពី​អាជ្ញាធរ​មាន​សមត្ថកិច្ច​ បាន​ធ្វើ​ការ​តាមដាន និងស៊ើប​អង្កេត​តាម​ជំនាញ​​រួច​រាល់ និងរួម​ផ្សំ​ដោយ​ការ​ស្រាវជ្រាវ​របស់​គណៈកម្មការ​សុចរិត​ភាព​​របស់​ FFC ទៅតាមនីតិ​វិធី​ជាក់​​លាក់​ និង​ដោយការ​យក​ចិត្តទុកដាក់ ជាមួយ​​នឹងអង្គភាពជំនាញ​​ក្រៅ​ប្រទេស​មួយចំនួន​កន្លងមក គឺ​បាន​បង្ហាញ​លទ្ធផល​ជា​អវិជ្ជមាន​រួមគ្នាថា វីរៈ ដារ៉ា ពុំ​មាន​អ្វី​ពាក់​ព័ន្ធទៅនឹង​ការ​សង្ស័យ​ទាំង​អស់នោះ​ទេ។ ផ្ទុយ​ទៅ​វិញ កំហុស​ដែល​កើតឡើង​នាពេល​នោះ គឺជាកំហុស​បច្ចេក​ទេស​នៃ​ការ​លេង ដោយអចេតនា​ប៉ុណ្ណោះ។

យ៉ាង​ណា​ក៏​ដោយ ជុំវិញ​ការ​ចោទប្រកាន់​នោះ បាន​ធ្វើ​ឱ្យ វីរៈ ដារ៉ា ទទួល​រងសម្ពាធ​ខ្លាំង ពីអាជីព​បាល់​ទាត់របស់​ខ្លួន ប៉ុន្តែ​គ្រប់​យ៉ាង​បាន​វិល​មក​រក​ភាព​ប្រក្រតី​វិញ នៅពេល​រូបគេ​​ចូល​លេង​បានជាប់​លាប់​ជាមួយ​ក្រុម​ស្វាយ​រៀង​វិញ ហើយបានជួយ​ឱ្យក្រុម​នេះ ឱ្យ​ឈ្នះ​ពាន​លីគកំពូល​កម្ពុជា និង​ឈ្នះជើងឯក​រង ពាន​រង្វាន់​សម្តេច ហ៊ុន សែន ជាពិសេស​បានជួយ​ឱ្យក្រុមស្វាយរៀង ឈ្នះ​ជើងឯក​រក​ពាន​ AFC Challenge League ជាប្រវត្តិសាស្រ្ត​លើកដំបូង។

បន្ថែម​លើ​​លទ្ធផល ដែល​ដណ្តើម​បាន សម្រាប់​ការ​លេង​ជា​ក្រុម​នេះ អ្នកចាំទី វីរៈ ដារ៉ា បាន​ឈ្នះ​ពាន​ឯក​ជន​ចំនួន​៣​តែម្នាក់​ឯង ដែល​ត្រូវបាន​ប្រកាស នៅក្នុង​កម្ម​វិធីប្រគល់​ពាន​លីគកំពូល​កម្ពុជា (CPL Honors) កាលពី​យប់ថ្ងៃចន្ទ។ ដារ៉ា បាន​ឈ្នះ​ពានស្រោម​ដៃមាស ​​ជា​អ្នក​ចាំទី​ល្អ​ជាង​គេ ឈ្នះ​ពាន​ជា​​កីឡាករ​សង្រ្គោះ​បាល់បាន​ល្អជាង​គេ ​និង​បាន​​ឈ្នះ​ពាន​ជា​កីឡាករ​១១នាក់​ល្អជាង​គេ ប្រចាំ​រដូវកាលនេះ​។

អ្នក​ចាំទី វីរៈ ដារ៉ា បានបង្ហាញ​ពី​មោទនភាព ចំពោះការ​ឈ្នះ​ពានឯកត្តជន​ចំនួន​៣​តែម្នាក់​ឯង ក្នុង​រដូវ​កាលនេះ។ ដារ៉ា បាន​យករូប​ភាពនៃ​ការ​ឡើង​ទទួលពាន​ទាំង​៣នេះ ទៅ​បង្ហោះ​នៅផេច​ហ្វេស​ប៊ុក​របស់​ខ្លួន ប៉ុន្តែ​អ្នកចាំទី​ឆ្នើម​រូបនេះ មិនបាន​រាប់រៀបអ្វីច្រើន​ទេ ដោយបានសរសេរ​យ៉ាង​ខ្លីថា៖ «ចាំជួបគ្នា សម្រាប់ការ​ប្រកួត នៅរដូវកាល​ក្រោយ​ទៀត»។

ចំណែក​កីឡាករកូឡុំប៊ី Nieto Rondon ​របស់​ក្រុម​ភ្នំពេញ​ក្រោន បាន​ឈ្នះ​ពានឯកត្ត​ជន​ចំនួន​៣តែម្នាក់ឯក​ដូច វីរៈ ដារ៉ា ដែរ គឺ​​​ពាន​​ស្បែ​ក​ជើង​មាស ក្នុង​នាមជា​អ្នកទាត់បាល់បញ្ចូល​ទីបានច្រើនជាង​គេ (២១គ្រាប់) ​​ពាន​ជា​កីឡាករ​ល្អជាង​គេ​ និងពាន​ជា​កីឡាករ​១១នាក់​ល្អជាង​គេ ប្រចាំ​រដូវ​កាលនេះ​។

ខ្សែ​បម្រើប្រយុទ្ធ​របស់​ភ្នំពេញ​ក្រោន Nieto Rondon បាន​បង្ហាញ​ពាន​ឯកត្តជន​ទាំង​៣ ដែល​រូបគេ​ទទួលបាន សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវ​កាល ឆ្នាំ​២០២៤-២០២៥​នេះ។ រូប​ថត ភ្នំពេញ​ក្រោន

ចំពោះ​កីឡាករ ដែល​បាន​ឈ្នះ​ពាន​ជា​កីឡាករ​១១នាក់​ល្អជាង​គេ ប្រចាំ​រដូវ​កាលនេះចំនួន​៩នាក់ផ្សេង​ទៀត រួម​មាន​​ខ្សែការពារ​ កាន់ ម៉ូ, អ៊ុក សុវណ្ណ និងខ្សែ​ប្រយុទ្ធ De Andrade Souza Ramon របស់​វិសាខា។ ខ្សែការពារ Mateus Martins របស់​ណាហ្គាវើលដ៍ កីឡាករ សារ៉េត គ្រីយ៉ា, ញាណ សុស៊ីដាន និង Santos Cristian របស់​ស្វាយរៀង ខ្សែ​ប្រយុទ្ធ Nnamdi Ofufu Ibeh របស់​ភ្នំពេញក្រោន និង សៀង ចន្ធា របស់​បឹងកេត។

ជាមួយគ្នានេះ​លោក Pep Munoz គ្រូ​បង្គោល​ក្រុម​ព្រះខ័នរាជស្វាយរៀង ទទួលបានពានជា​គ្រូ​បង្វឹកល្អជាង​គេ សម្រាប់​ការ​ដឹកនាំ​ក្រុម​ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវកាល​នេះ រីឯ​កីឡាករ ហាវ សុខណេត ​របស់ក្រុម ISI ដង្កោសែន​ជ័យ បាន​ឈ្នះ​ពាន​កីឡាករ​វ័យ​ក្មេង​ល្អ​ជាង​គេ ហើយកីឡាករ ជា ច័ន្ទដារ៉ា​ របស់​ណាហ្គាវើលដ៍ បាន​ឈ្នះ​ពាន​​កីឡាករ​ស៊ុត​ចូល​ទី​​ល្អ​ជាង​គេ។

ទន្ទឹមជាមួយគ្នា​នេះ ពហុកីឡដ្ឋាន និងកីឡដ្ឋានចំនួន​៣ ត្រូវបាន​គណៈកម្មការ​រៀបចំការ​ប្រកួត​លីគកំពូល​កម្ពុជា ចាត់ចំណាត់ថ្នាក់​ល្អ ហើយ​បានប្រគល់​ពាន នៅ​ក្នុងពិធី CPL Honors នោះ​ដែរ គឺ​កីឡដ្ឋាន​ព្រីនស៍​របស់​ក្លិប​វិសាខា បានឈ្នះ​ពានជា​ទីលាន​ប្រកួត​ល្អ​ជាង​គេ និងពាន​ជា​កីឡដ្ឋាន ដែលមានទស្សនិកជន​ពេញ​ចិត្តជាង​គេ។

ចំណែកពហុកីឡដ្ឋានជាតិ​អូឡាំពិក ដែល​ក្លិប​បឹងកេត បាន​យក​ជា​កន្លែង​រៀបចំ​ការ​ប្រកួត ក្នុង​នាមជា​ម្ចាស់​ផ្ទះ​នោះ បាន​ទទួល​ពាន​​ជាកីឡដ្ឋាន​ធ្វើ​ជា​ម្ចាស់​ផ្ទះ​ល្អ​ជាង​គេ ចំណែក​កីឡដ្ឋាន​ស្វាយរៀង ​របស់​ក្លិប​ព្រះខ័នរាជស្វាយរៀង បាន​ទទួល​ពាន​​ជាកីឡដ្ឋាន​មានអ្នកទស្សនា​ច្រើន​ជាង​គេ៕