
កីឡាករ Yudai Ogawa (អ្នកកាន់ពាន) និង Jelle Goselink (អ្នកនៅពីក្រោយ) បានសម្រេចចែកផ្លូវជាមួយក្រុមភ្នំពេញក្រោន ជាផ្លូវការហើយ។ រូបថត ភ្នំពេញក្រោន
ក្លិបភ្នំពេញក្រោន បានប្រកាសពីការចែកផ្លូវគ្នាជាមួយកីឡាករជប៉ុនមានសញ្ជាតិខ្មែរ Yudai Ogawa ជាផ្លូវការហើយ បន្ទាប់ពីរួមរស់ជាមួយគ្នា តាំងពីឆ្នាំ២០២១មក ហើយជាមួយគ្នានេះ ក្លិបវិសាខា ក៏បានប្រកាសពីបេក្ខភាពគ្រូបង្គោលថ្មី លោក Gerald Emlyn Jones សម្រាប់ដឹកនាំក្រុម នៅរដូវកាលក្រោយនេះផងដែរ។
ភ្នំពេញក្រោន បានប្រកាសពីការចែកផ្លូវជាមួយខ្សែបម្រើ Yudai Ogawa កាលពីថ្ងៃអង្គារហើយកាលពីម៉ោង១០ជាង នាព្រឹកថ្ងៃពុធនេះ ភ្នំពេញក្រោន ក៏បានប្រកាសពីការចាកចេញរបស់ខ្សែប្រយុទ្ធ Jelle Goselink ផងដែរ បន្ទាប់ពីក្រុមនេះ បានបញ្ចប់រដូវកាលនេះ ដោយឈ្នះបានពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៥ ក្រោយរង់ចាំអស់រយៈពេល១៦ឆ្នាំ និងបានបន្តឈ្នះតំណែងជើងឯករងលីគកំពូលកម្ពុជា រដូវកាលឆ្នាំ២០២៤-២០២៥។
នៅក្នុងវីដេអូខ្លីមួយ ដែលត្រូវបានបង្ហោះផេចហ្វេសប៊ុកផ្លូវការរបស់ភ្នំពេញក្រោន នៅព្រឹកថ្ងៃពុធនេះ Yudai Ogawa បាននិយាយអរគុណទៅដល់គ្រប់គ្នា នៅក្លិបបាល់ទាត់ភ្នំពេញក្រោន ជាពិសេសអ្នកគាំទ្រ ដែលតែងតែចាំលើកទឹកចិត្តគ្រប់ពេលវេលាទាំងក្នុងស្ថានភាពល្អ និងអាក្រក់ ហើយការគាំទ្រនេះហើយ ដែលជួយឱ្យក្រុមភ្នំពេញក្រោន បានបញ្ចប់គ្រប់យ៉ាង ដោយលទ្ធផលល្អ។
សម្រាប់ការលេងឱ្យក្រុមភ្នំពេញក្រោន រយៈពេលចូល៥ឆ្នាំនេះ Yudai Ogawa បានរួមចំណែកយ៉ាងសំខាន់ ក្នុងការជួយឱ្យក្រុមនេះឱ្យឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជា កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ ដែលធ្វើឱ្យក្រុមមានរហស្សនាម «សិង្ហក្រហម» មួយនេះ មានឱកាសចេញទៅប្រកួតនៅលើឆាកអន្តរជាតិ តំណាងឱ្យកម្ពុជា ជាបន្តបន្ទាប់ និងធ្លាប់ឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រសម្រាប់ក្រុមនៅតំបន់អាស៊ាន (ASEAN Zonal) នៃពានរង្វាន់ AFC Cup 2023-2024 ផងដែរ។

លោក Gerald Emlyn Jones បានក្លាយជាគ្រូបង្គោលថ្មីរបស់ក្លិបបាល់ទាត់វិសាខា សម្រាប់ការប្រកួតប្រជែងរដូវកាលក្រោយនេះ។ រូបថត វិសាខា
ជាមួយការបង្ហាញសមត្ថភាពលេងបានយ៉ាងល្អជាមួយក្រុមភ្នំពេញក្រោន នេះ Yudai Ogawa ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ផ្តល់នូវទំនុកចិត្ត តាមរយៈការជួយជ្រោមជ្រែងផ្តល់សញ្ជាតិខ្មែរឱ្យរូបគេ ដើម្បីបានលេងឱ្យក្រុមជម្រើសជាតិកម្ពុជា ធ្វើឱ្យក្រុមគោព្រៃកម្ពុជា អាចប្រកួតប្រជែងជាមួយក្រុមនៅក្នុងតំបន់បានល្អជាងមុន ទោះបីជាក្រុមនេះ បានធ្លាក់ពីគ្រប់ការប្រកួតពានរង្វាន់អន្តរជាតិ នៅឆ្នាំ២០២៤ និងឆ្នាំ២០២៥នេះ។
ជាមួយគ្នានេះ ក្រុមអ្នកគាំទ្រក្រុមភ្នំពេញក្រោន បានបង្ហាញការសោកស្តាយ នៅពេលដឹងថា Yudai Ogawa សម្រេចចាកចេញពីក្លិបមានមូលដ្ឋាននៅកីឡដ្ឋាន Smart RSN មួយនេះ។ ទន្ទឹមនឹងនេះ មានព័ត៌មានក្រៅផ្លូវការមកថា Yudai Ogawa ទំនងជាទៅចុះកិច្ចសន្យាជាមួយក្លិបម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង ជាមួយការទទួលបានតម្លៃពលកម្មច្រើនជាងការនៅជាមួយភ្នំពេញក្រោន។
តែទោះបីជាយ៉ាងណា គិតត្រឹមម៉ោង១២ព្រឹកថ្ងៃពុធនេះ ក្លិបព្រះខ័នរាជស្វាយរៀង នៅមិនទាន់ប្រកាសពីព័ត៌មានណាមួយទាក់ទងនឹងការចុះកិច្ចសន្យាជាមួយ Yudai Ogawa នោះទេ គឺមានតែប្រកាសពីការនាំយកខ្សែប្រយុទ្ធ ចន្ថា ចន្ទាកា ដែលធ្លាប់លេងឱ្យបឹងកេត និងកីឡាករ សុផល ឌីម៉ង់ ដែលធ្លាប់លេងឱ្យក្រុមអង្គរថាយហ្គឺរ មកចូលរួមជាមួយក្រុម សម្រាប់ត្រៀមការប្រកួតរដូវកាលក្រោយនេះ។
ដោយឡែកក្លិបវិសាខា ដែល ទទួលបានលេខ៣ ក្នុងការប្រកួតលីគកំពូលកម្ពុជា រដូវកាលនេះ និងទទួលបានលេខ៤ ក្នុងការប្រកួតពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៥ ជំនួសការឈ្នះពាន៣លើកជាប់ៗគ្នា កាលពីឆ្នាំ២០២០ ឆ្នាំ២០២១ និងឆ្នាំ២០២២នោះ បានប្រកាសពីការនាំយក លោក Gerald Emlyn Jones មកដឹកនាំក្រុម ក្នុងនាមជាគ្រូបង្គោលថ្មី សម្រាប់រដូវកាលក្រោយនេះ។
បុរសវ័យ៣៥ឆ្នាំ សញ្ជាតិអង់គ្លេស លោក Gerald Emlyn Jones គឺជាគ្រូបង្វឹកដ៏មានបទពិសោធន៍ម្នាក់ ដែលធ្លាប់ធ្វើជានាយកគ្រូបង្វឹកនៅសាលាបាល់ទាត់ Arsenal ពីឆ្នាំ២០១០-២០១១ ហើយលោកក៏ធ្លាប់បំពេញការងារជាជំនួយការគ្រូបង្វឹក, គ្រូបង្គោល, ប្រធានគ្រូបង្វឹក និងជាអ្នកគ្រប់គ្រងនៅក្លិបបាល់ទាត់ចំនួន៥ទៀត ដែលមានមូលដ្ឋាននៅអង់គ្លេស ចន្លោះពីឆ្នាំ២០១១ ដល់ឆ្នាំ២០១៨។
ក្រោយមក លោក Gerald Emlyn Jones បានផ្លាស់មកធ្វើជាគ្រូបង្វឹកកម្រិតខ្ពស់ នៅក្នុងសហព័ន្ធបាល់ទាត់ប្រទេសម៉ារ៉ុក ឈ្មោះថា Royal Moroccan Football Federation និងធ្វើជាគ្រូបង្ហាត់នៅ United States Soccer Federation ហើយចុងក្រោយលោកធ្វើជាប្រធានគ្រូបង្វឹកឱ្យក្លិបមានមូលដ្ឋាននៅអាមេរិក Sporting Kansas City ដែលលេងនៅ Major League Soccer (MLS)៕