កីឡាករបទេស​មានសញ្ជាតិខ្មែរ​៣នាក់ ដែល​បានបង្ហាញ​គុណ​ភាព​លេង​យ៉ាង​ល្អ ទាំង​ការ​ប្រកួត​លីគកំពូល​កម្ពុជា និងពាន​រង្វាន់​សម្តេច ហ៊ុន សែន នា​រដូវ​កាលឆ្នាំ​២០២៤-២០២៥​នេះ គ្មាន​ឈ្មោះ​នៅ​ក្នុងការ​ប្រមូល​ផ្តុំ​ជាមួយក្រុមជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតមិត្តភាព​ជាមួយ​ក្រុម​ជម្រើសជាតិ​តាជីគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​ព្រលប់ថ្ងៃ​ទី​៥ ខែមិថុនា ខាងមុខ​នេះ​ទេ។

តាម​បញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ ត្រៀមសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិជាមួយក្រុមជម្រើសជាតិតាជីគីស្ថាន​នេះ គឺគ្មាន​ឈ្មោះ​ខ្សែ​បម្រើប្រយុទ្ធរបស់កូឡុំប៊ី Nieto Rondon ខ្សែ​ការពារ​របស់ជប៉ុន Takaki Ose និង​ខ្សែ​បម្រើ​ជប៉ុន Yudai Ogawa នោះទេ បើទោះបីជា​អ្នកទាំង​៣នេះ ទទួលបានសញ្ជាតិ​ខ្មែរ​ ហើយ​ធ្លាប់​លេងឱ្យក្រុមជម្រើសជាតិ​កម្ពុជា កន្លងមក​ក៏​ដោយ។ ចំណែកកីឡាករ​ខ្មែរ ដែល​ធ្លាប់​ជាប់ជម្រើសជាតិ​មួយចំនួន​ទៀត ក៏​គ្មាន​ឈ្មោះ​សម្រាប់ការ​ប្រមូល​ផ្តុំ​លើក​នេះ​ដែរ។

ជុំវិញ​បញ្ហា​នេះ សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា បានបញ្ជាក់​តាម​រយៈ​ការ​ប្រកាស​បញ្ជីរាយនាមកីឡាករចូលរួមប្រមូលផ្តុំហ្វឹកហាត់ កាលពី​ថ្ងៃពុធ បែបនេះ​ថា​៖ «កីឡាករ​មួយចំនួន បានអវត្តមាន ដោយសារមានបញ្ហារបួសអំឡុងការប្រកួតក្នុងក្លិបរបស់ពួកគេ និងបញ្ហាជាប់កាតក្រហម កាលពីប្រកួតមិត្តភាពអន្តរជាតិកន្លងទៅ»។

តាមព័ត៌​មានច្បាស់ការណ៍​ឱ្យដឹង​ថា ខ្សែ​បម្រើ Yudai Ogawa ដែល​ទើប​ចែក​ផ្លូវជាមួយ​ក្លិប​ភ្នំពេញ​ក្រោន និង​ខ្សែ​បម្រើប្រយុទ្ធ Nieto Rondon សុទ្ធ​តែ​ជាប់ពិន័យកាត​ក្រហម សម្រាប់​ការ​ប្រកួត​អន្តរជាតិ​កន្លងមក ហេតុនេះ​ហើយ​ទើប​អ្នកទាំង​២ មិនត្រូវបាន​កោះហៅ​សម្រាប់​ការ​ប្រមូល​ផ្តុំ​លើកនេះ ចំណែក​ខ្សែ​ការពារ Takaki Ose ដែល​ទើប​ប្រកាស​ចែក​ផ្លូវជាមួយ​ក្រុម​ភ្នំពេញក្រោន កាលពី​ម៉ោង ១២:១៧ ថ្ងៃព្រហស្បតិ៍​នេះ ក៏អាច​មានបញ្ហាអ្វីដែរ ទើប​មិន​បានចូលរួមជាមួយ​ក្រុមជម្រើសជាតិ​កម្ពុជា​លើកនេះ។

ខ្សែ​ការពារ Takaki Ose (ក្រហម) បានបញ្ចប់​កុងត្រា​ជាមួយ​ក្លិប​ភ្នំពេញ​ក្រោន ហើយ​រូបគេ ក៏​គ្មាន​ឈ្មោះ​ក្នុង​ក្រុមជម្រើសជាតិ​កម្ពុជា។ រូប​ថត ភ្នំពេញក្រោន

យ៉ាងណាក៏ដោយ​ខ្សែ​ការពារអាហ្រ្វិក​ខាងត្បូង កាន់ ម៉ូ និងខ្សែ​ប្រយុទ្ធកូតឌីវរ Abdel Kader Coulibaly ដែល​ទើប​បានរួមចំណែក​ជួយ​ឱ្យក្រុម ASEAN All Stars យក​ឈ្នះ​ក្រុម Manchester United  ១-០ ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល សម្រាប់ការ​ប្រកួតមិត្ត​ភាព នៅលើ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី កាលពី​យប់​ថ្ងៃពុធ​ ម្សិលមិញ នៅតែ​មាន​ឈ្មោះ​នៅ​ក្នុងការ​ប្រមូល​ផ្តុំ​ក្រុមជម្រើសជាតិ​កម្ពុជា លើកនេះ ក្នុងនាមជា​កីឡាករ​បរទេស​មានសញ្ជាតិ​ខ្មែរ។ រីឯ​កីឡាករជប៉ុន​សញ្ជាតិ​ខ្មែរ Mizuno Hikaru ក៏មានឈ្មោះ​ក្នុងការ​ប្រមូល​ផ្តុំ​លើក​នេះ​ផងដែរ។

ចំណែក​កីឡាករ​ខ្មែរចំនួន​២០​នាក់​ទៀត ដែល​ត្រូវ​បានកោះហៅ​សម្រាប់ការ​ប្រមូល​ផ្តុំ​ជាមួយក្រុមជម្រើសជាតិ​លើកនេះ រួម​មានអ្នកចាំទី អ៊ុំ វិចិត្រ, វីរៈ ដារ៉ា, រ៉េត លីហេង ខ្សែការពារ សារ៉េត គ្រីយ៉ា, អ៊ុក សុវណ្ណ, ឡេង ណូរ៉ា, ហួត វ៉ាន់ណេត, អ៊ីម វ៉ាឃីម ខ្សែ​បម្រើ ជូ ស៊ីនទិ, គឹម សុខយុទ្ធ, មិន រតនៈ, ស៊ុន សុវណ្ណមករា, អ៊ិន សូដាវីដ, ស៊ិន កក្កដា, បុង សាំយូអ៊េល ខ្សែ​ប្រយុទ្ធ សៀង ចន្ធា, ញាណ សុស៊ីដាន, លឹម ពិសុទ្ធ, សារ ទី និង ហាវ សុខនេត្រ។

ទាក់​ទង​នឹងការ​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​ជាមួយ​ក្រុម​ជម្រើសជាតិ​តាជីគីស្ថាន នៅពហុកីឡដ្ឋានជាតិអូឡាំពិក នា​ថ្ងៃ​ទី​៥ ខែមិថុនាខាងមុខ​នេះ សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា បាន​ដាក់​លក់សំបុត្រ ជា​ផ្លូវ​ការហើយ គឺតំបន់ A ឬ CAT A សំបុត្រ​១​ថ្លៃ​២ម៉ឺន​រៀល និង CAT B សំបុត្រ​១ ថ្លៃ​១ម៉ឺន​រៀល ប៉ុន្តែ​សម្រាប់អ្នក​ទិញ នៅថ្ងៃ​ប្រកួតគឺ CAT A សំបុត្រ​១​ថ្លៃ​៣ម៉ឺន​រៀល និង CAT B សំបុត្រ​១​ថ្លៃ​១៥០០០​រៀល៕