
កីឡាករ Breno Caetano ពេលលេងឱ្យក្រុមព្រះខ័នរាជស្វាយរៀង ក្នុងពានរង្វាន់AFC Challenge League 2025។ រូបថត ស្វាយរៀង
ក្លិបម្ចាស់ជើងឯក ព្រះខ័នរាជស្វាយរៀង បានប្រកាសពីការចែកផ្លូវជាមួយកីឡាករបរទេសសញ្ជាតិប្រេស៊ីលចំនួន៣នាក់ហើយ ហើយក្លិបនេះ ក៏នឹងត្រៀមប្រកាសពីបេក្ខភាពគ្រូបង្វឹកថ្មី ជំនួសការចាកចេញរបស់គ្រូបង្គោលសញ្ជាតិអេស្ប៉ាញលោក Pep Munoz នៅថ្ងៃពុធសប្តាហ៍ក្រោយនេះផងដែរ ដើម្បីត្រៀមដឹកនាំការប្រកួតរដូវកាលថ្មី ឆ្នាំ២០២៥-២០២៦។
តាមការប្រកាសជាបន្តបន្ទាប់ នៅលើផេចហ្វេសប៊ុករបស់ក្លិបព្រះខ័នរាជស្វាយរៀង កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ បានបញ្ជាក់ថា ក្លិបមូលដ្ឋាននៅខេត្តស្វាយរៀង មួយនេះ បានបញ្ចប់កិច្ចសន្យាជាមួយខ្សែប្រយុទ្ធ Pablo Augusto រួមជាមួយមិត្តរួមជាតិរបស់គេ Breninho ឬBreno Caetano និង Matheus Moresche ជាផ្លូវការហើយ។
នៅក្នុងចំណោមកីឡាករប្រេស៊ីលទាំង៣នេះ អ្នកគាំទ្រកម្ពុជា បានបង្ហាញការសោកស្តាយចំពោះសមត្ថភាព Breno Caetano។ បើទោះបីជាម្ចាស់អាវលេខ៩៧រូបនេះ ចូលលេងឱ្យក្រុមស្វាយរៀង បានត្រឹម៥លើក ក្នុងការប្រកួតបានរង្វាន់ AFC Challenge League ប៉ុន្តែ Breno ពិតជាមានគុណភាពលេងបានល្អ និងជាកីឡាករមានល្បឿនលឿន ដែលអាចផ្លាស់ទីលេងពីតំបន់ការពារទៅដល់ប្រយុទ្ធ ដោយមិនបានបង្ហាញពីការថមថយគុណភាពកម្លាំងនោះទេ។
កីឡាករ Breno Caetano ត្រូវបានលោក Pep Munoz នាំយកមក សម្រាប់តែការប្រកួតពាន AFC Challenge League នេះទេ ព្រោះលោកមានបំណងចង់ជួយក្រុមស្វាយរៀង ឱ្យឈ្នះជើងឯកពានលំដាប់ទី៣ទ្វីបអាស៊ីមួយនេះ ជាលើកដំបូង ប៉ុន្តែគ្រាប់យ៉ាងបានរលាយបាត់ បន្ទាប់ពីស្វាយរៀង បានចាញ់ក្រុម FK Arkadag របស់តួកមេគីស្ថាន ២-១ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីថ្ងៃទី១០ ខែឧសភានោះ។

កីឡាករប្រេស៊ីល Pablo Augusto (រាប់ពីឆ្វេង) GABI, Cristian Roque, Matheus Moresche និង Breno Caetano ពេលថតជាមួយគ្នាកន្លងមក។ រូបថត ស្វាយរៀង
ការបរាជ័យក្រោយការប្រកួតរហូតដល់១២០នាទីនោះ បានក្លាយជារាត្រីដ៏ឈឺចាប់សម្រាប់ក្រុមស្វាយរៀង និងអ្នកគាំទ្របាល់ទាត់កម្ពុជា។ Breno និងមិត្តរួមក្រុម បានសម្រក់ទឹកភ្នែកសោកស្តាយ ចំពោះការបាត់បង់ឱកាសឈ្នះពាន AFC Challenge League នោះ ហើយទង្វើនេះបានធ្វើឱ្យអ្នកគាំទ្រ មើលឃើញកាន់តែច្បាស់ពីទំហំទឹកចិត្តរបស់ Breno ដែលមានចំពោះកម្ពុជា និងចង់ឃើញកីឡាករប្រេស៊ីលរូបនេះ បន្តលេងនៅក្រុមស្វាយរៀង ប៉ុន្តែគ្រប់យ៉ាងបានបញ្ចប់ហើយ។
ជាមួយគ្នានេះ Breno Caetano បានបង្ហោះសារអរគុណដល់គ្រប់គ្នានៅក្នុងក្លិបព្រះខ័នរាជស្វាយរៀង ជាពិសេសអ្នកគាំទ្រកម្ពុជា ដែលបានបង្កើតនូវរឿងដ៏ភ្ញាក់ផ្អើលសម្រាប់រូបគេ ក្នុងការមកប្រកបអាជីពបាល់ទាត់នៅកម្ពុជា ក្នុងរយៈពេលប្រមាណ៣ខែនេះ។ Breno សរសេរថា៖ «ខ្ញុំបានជួបប្រទះរឿងអស្ចារ្យនៅទីនេះ ហើយខ្ញុំតែងតែព្យាយាមលះបង់ខ្លួនឯងឱ្យអស់ពីសមត្ថភាព នៅលើទីលាន»។
បន្ថែមលើកនេះ Breno ក៏បានសម្តែងការគោរព និងដឹងគុណដល់គ្រូបង្គោលលោក Pep Munoz ដែលបានផ្តល់ទំនុកចិត្ត និងភាពជឿជាក់ ក្នុងការផ្តល់ឱកាសនាំយករូបគេមកលេងនៅក្រុមស្វាយរៀង ដែលជាកន្លែងទទួលបាននៅការយកចិត្តទុកដាក់ ការជួយទំនុកបម្រុង និងការលើកទឹកចិត្តទាំងមិត្តរួមក្រុម និងអ្នកគាំទ្រ ធ្វើឱ្យរូបគេកាន់តែចង់បង្ហាញសមត្ថភាពឱ្យប្រសើរឡើង។
កីឡាករវ័យ២៨ឆ្នាំរូបនេះ បានបញ្ជាក់ជារួមថា៖ «អរគុណអ្នកគាំទ្រទាំងអស់ ខ្ញុំមិនមានពាក្យអរគុណអ្វីឱ្យសមទៅនឹងក្តីស្រឡាញ់ ដែលខ្ញុំទទួលបានពីអ្នកទាំងអស់គ្នានោះទេ គឺតែងតែគាំទ្រ និងផ្តល់នូវថាមពលវិជ្ជមានសម្រាប់ខ្ញុំ។ អរគុណសម្រាប់ការអនុញ្ញាតឱ្យខ្ញុំជាផ្នែកមួយនៃគ្រួសារបាល់ទាត់ស្វាយរៀង។ ខ្ញុំសូមជូនពរឱ្យក្លិបទទួលបានជោគជ័យ ហើយខ្ញុំនឹងលើកទឹកចិត្តជានិច្ច។ ខ្ញុំរីករាយដែលបានពាក់អាវក្រុមស្វាយរៀង»។
ក្រៅពីការប្រកាសពីការចាកចេញរបស់កីឡាករប្រេស៊ីលទាំង៣នាក់ខាងលើនេះ ក្លិបព្រះខ័នរាជស្វាយរៀង ក៏បានបញ្ចប់កិច្ចសន្យាជាមួយកីឡាករកម្ពុជា នី សុខរី ផងដែរ តែបានប្រកាសនាំយកខ្សែប្រយុទ្ធ ចន្ថា ចន្ទាកា ដែលធ្លាប់លេងឱ្យបឹងកេត និង សុផល ឌីម៉ង់ ដែលធ្លាប់លេងឱ្យក្រុមអង្គរថាយហ្គឺរ មកចូលរួមជាមួយក្រុមនេះ សម្រាប់ត្រៀមការប្រកួតរដូវកាលក្រោយ។
ទន្ទឹមជាមួយគ្នានេះ ក្លិបព្រះខ័នរាជស្វាយរៀង ក៏នឹងធ្វើសន្និសីទកាសែត ប្រកាសពីបេក្ខភាពគ្រូបង្គោលថ្មី ជំនួសការចាកចេញរបស់លោក Pep Munoz ផងដែរ ដែលនឹងធ្វើនៅសណ្ណាគារសូហ្វីតែល នាថ្ងៃអង្គារ ទី៣ ខែមិថុនា សប្តាហ៍ក្រោយនេះ៕