
លោក Oleg ពេលលើកពានសម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥ ហើយលោកទើបត្រូវបានក្លិបភ្នំពេញក្រោន បន្តកិច្ចសន្យាឱ្យដឹកនាំក្រុមនេះចំនួន២ឆ្នាំទៀត។ រូបថត ភ្នំពេញក្រោន
ក្លិបបាល់ទាត់ភ្នំពេញក្រោន បានប្រកាសពីភាពជោគជ័យ ក្នុងការបន្តកិច្ចសន្យាជាមួយគ្រូបង្គោលលោក Oleg Starynskyi ចំនួន២ឆ្នាំនេះ ស្របពេលលោក Oleg ក៏បានប្តេជ្ញាចិត្តជាមួយការដាក់គោលដៅច្បាស់លាស់ ក្នុងការដណ្តើមយកពាន និងសមិទ្ធផលជោគជ័យថ្មីៗបន្ថែមទៀតឱ្យ ភ្នំពេញក្រោន។
ភ្នំពេញក្រោន បានប្រកាសពីការបន្តកិច្ចសន្យាថ្មីជាមួយលោក Oleg Starynskyi កាលពីព្រឹកថ្ងៃសុក្រនេះ ហើយនេះជាដំណឹងដ៏ល្អ ដើម្បីលួងចិត្តដល់អ្នកគាំទ្រវិញ បន្ទាប់ពីពួកគេមានការស្រងាកចិត្ត ចំពោះការប្រកាសពីការចាកចេញរបស់កីឡាករបរទេសចំនួន៥នាក់ជាបន្តបន្ទាប់គ្នា រួមមានកីឡាករជប៉ុនមានសញ្ជាតិខ្មែរ Yudai Ogawa និង Takaki Ose រួមទាំងខ្សែប្រយុទ្ធ Jelle Goselink, Ibeh Ofufu និង Javier Gayoso។
សម្រាប់ការសម្រេចបន្តកុងត្រាដឹកនាំក្រុមភ្នំពេញក្រោន ចំនួន២ឆ្នាំទៀតនេះ លោក Oleg បាននិយាយថា៖ «ជាដំបូង ខ្ញុំពិតជាសូមសម្តែងនូវការអរគុណជាខ្លាំង ដែលបានជឿជាក់ និងការទុកចិត្តមកលើខ្ញុំពីសំណាក់ប្រធានក្លិប និងក្រុមការងារក្លិប។ ការធ្វើការជាមួយអ្នកទាំងអស់គ្នាក្នុងរយៈពេល៥ឆ្នាំនេះ វាជារឿងដ៏អស្ចារ្យមួយសម្រាប់ខ្ញុំ គឺខ្ញុំយល់ថា ខ្ញុំកំពុងធ្វើការជាមួយនឹងគោលដៅច្បាស់លាស់ និងការគោរព»។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែនរូបនេះ បានបន្ថែមថា៖ «ការរួមរស់ជាមួយភ្នំពេញក្រោន និងនៅក្នុងប្រទេសកម្ពុជា ខ្ញុំមានអារម្មណ៍ដូចផ្ទះរបស់ខ្ញុំ ហើយជាការពិតណាស់ទីនេះ បានក្លាយជាផ្ទះរបស់គ្រួសារខ្ញុំបាត់ទៅហើយ។ កូនរបស់ខ្ញុំបានកើតនៅទីនេះ ហើយកូនស្រីរបស់ខ្ញុំបានចូលរៀន និងបានដឹងច្រើនអំពីវប្បធម៌ខ្មែរផងដែរ»។
សម្រាប់ការវិលត្រឡប់មកដឹកនាំក្រុមភ្នំពេញក្រោន ក្នុងនាមជាគ្រូបង្គោម តាំងពីឆ្នាំ២០២០ ដល់ឆ្នាំ២០២៥នេះ លោក Oleg Starynskyi បានបង្កើតស្នាដៃជាច្រើនជូន ភ្នំពេញក្រោន រួមមានការឈ្នះពានលីគកំពូលកម្ពុជា ចំនួន២លើកជាប់ៗគ្នា កាលពីឆ្នាំ២០២១ និងឆ្នាំ២០២២ ព្រមទាំងឈ្នះជើងឯករង កាលពីរដូវកាលឆ្នាំ២០២៣-២០២៤ និងរដូវកាលឆ្នាំ២០២៤-២០២៥នេះ។
បន្ថែមលើនេះ លោក Oleg ក៏ទើបតែដឹកនាំក្រុមភ្នំពេញក្រោន ឱ្យឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៥ ជាថ្មីម្តងទៀត បន្ទាប់ពីពួកគេបានរង់ចាំអស់រយៈពេល១៦ឆ្នាំ ពោលគឺចាប់តាំងពីបានឈ្នះពាននេះចំនួន២លើកជាប់ៗគ្នា កាលពីឆ្នាំ២០០៨ និងឆ្នាំ២០០៩ ហើយលោក Oleg ក៏ធ្លាប់បានឈ្នះពានជាគ្រូបង្វឹកល្អជាងគេ ទាំងការប្រកួតលីគកំពូលកម្ពុជា និងពានសម្តេច ហ៊ុន សែន ផងដែរ។

ការប្រកួតរវាងក្រុមភ្នំពេញក្រោន (ក្រហម) និងព្រះខ័នរាជស្វាុយរៀង កន្លងមក ហើយក្រុមទាំង២នេះ សុទ្ធតែមានកៅអីទៅលេងពាន AFC Champions League Two នៅរដូវកាលក្រោយ។ រូបថត ភ្នំពេញក្រោន
យ៉ាងណាក៏ដោយ សម្រាប់ការដឹកនាំក្រុមភ្នំពេញក្រោន ចំនួន៤រដូវកាលកន្លងមកនេះ លោក Oleg នៅមិនទាន់អាចដឹកនាំក្រុមមួយនេះ ឱ្យដណ្តើមបានសមិទ្ធផលល្អ ក្នុងការប្រកួតពានរង្វាន់អន្តរជាតិ នៅឡើយទេ ខណៈការប្រកួតពាន AFC Cup 2023-2024 ភ្នំពេញក្រោន បានឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ សម្រាប់ក្រុមនៅតំបន់អាស៊ាន (ASEAN Zonal semi-finals) តែពួកគេបានចាញ់ក្រុម Central Coast Mariners របស់អូស្រ្តាលី ៤-០។
តែទោះបីជាយ៉ាងណា ក្នុងការបន្តសន្យាចំនួន២ឆ្នាំទៀតនេះ លោក Oleg បានដាក់គោលដៅ ដឹកនាំក្រុមភ្នំពេញក្រោន ឱ្យទទួលបានជោគជ័យបន្ថែមទៀត ទាំងការប្រកួតក្នុងស្រុក និងនៅលើឆាកអន្តរជាតិ ខណៈរដូវកាលក្រោយនេះ ភ្នំពេញក្រោន ក៏ទទួលបានកៅអី លេងនៅពានរង្វាន់លំដាប់ទី២ទ្វីបអាស៊ី (AFC Champions League Two) នៅរដូវកាលក្រោយនេះ ដូចក្រុមព្រះខ័នរាជស្វាយរៀង ផងដែរ។
តាមរយៈក្លិបភ្នំពេញក្រោន លោក Oleg បានបញ្ជាក់ថា៖ «ខ្ញុំពិតជារីករាយសម្រាប់ការធ្វើការងារជាគ្រូបង្វឹកនៅទីនេះ ហើយសម្រាប់គោលដៅនោះ គឺទទួលបានជោគជ័យបន្ថែមទៀត សម្រាប់ក្លិប ទាំងនៅក្នុងស្រុក និងនៅឆាកអន្តរជាតិ។ ទោះបីជាយើង ជាក្លិបដែលជោគជ័យជាងគេមែន តែយើងនៅតែស្រេកឃ្លាន និងចង់បានពានរង្វាន់បន្ថែមទៀត»៕