កីឡាករ​ជើង​ខ្លាំង ធឿន ធារ៉ា ត្រូវបានប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុអ្នកប្រដាល់​នីហ្សេរីយ៉ា Abdoulaye Diallo ទាំង​វេទនា សម្រាប់​ការ​ប្រកួតការពារ​ខ្សែ​ក្រវាត់ IPCC Kun Khmer នៅលើទីតាំង ដីឡូតិ៍ជិតបុរីជីបម៉ុង ពោធិ៍ចិនតុង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពី​យប់មិញ ចំណែក​សិស្ស​ប្អូន​របស់​គេ អេ អាំម៉ារីនភូថង ប៊ិះ​តែនឹង​សន្លប់ក្រោម​ដៃ​​កីឡាករអាហ្សង់​ទីន Tomas Aguirre ​ទៅ​ហើយ មុនពេល​ប្រកាស​ឱ្យស្មើ​ពិន្ទុ​ទាំងមិនសូវសម។

សម្រាប់ការ​ប្រកួតការពារ​ដណ្តើម​ខ្សែ​ក្រវាត់ IPCC Kun Khmer ដែល​រៀបចំ​ដោយ​សង្វៀន​ថោន​នេះ ធឿន ធារ៉ា ហាក់មិន​បានបង្ហាញការ​ប្រកួត ដោយមាន​ភាព​រហ័សរហួន ជាមួយគុណ​ភាព​កម្លាំង​​រឹងមាំ​នោះ​ទេ គឺ​រូបគេ បានព្យាយាម​​បិទ និងគេច​ច្រើន ដែល​ធ្វើ​ឱ្យ​កីឡាករ Abdoulaye Diallo កាន់តែ​វាយ​សម្រុក​ខ្លាំង ដើម្បី​យក​ប្រៀប នៅក្នុង​ទឹក​ទី​១។

សម្រាប់​ការ​ប្រកួត​២​ទឹក​ចុងក្រោយ កីឡាករ​នីហ្សេរីយ៉ា Abdoulaye Diallo នៅតែ​ជា​អ្នក​បើកការ​វាយ​លុក ប៉ុន្តែ​រូបគេ ហាក់ស្រុតជំហរ​បន្តិច នៅពេល ធឿន ធារ៉ា ម៉ាត់ចូល​ផ្ទៃ​មុខ​ពេញ នៅ​ក្នុងទឹក​ទី​២។ តែទោះបីជា​យ៉ាង​ណា Abdoulaye Diallo នៅតែ​វាយចេញបានច្រើនជាង ធឿន ធារ៉ា ហើយ​សម​នឹង​ទទួលបាន​ជ័យជម្នះ​ក្នុង​ការ​ប្រកួតនេះ។

យ៉ាង​ណា​ក៏​ដោយ លទ្ធផល​ជា​ផ្លូវ​ការ ក្រោយ​ការ​ប្រកួត​៣​ទឹក​ពេញ ត្រូវ​បាន​គណៈកម្មការ​ប្រកាស​ឱ្យ ធឿន ធារ៉ា ឈ្នះ​ពិន្ទុ ដើម្បី​បន្ត​គ្រ​ង​ខ្សែ​ក្រវាត់ IPCC Kun Khmer ទម្ងន់​៧២គីឡូក្រាម​របស់​គេ​បន្ត​ទៅ​ទៀត។ ប៉ុន្តែ​អ្នកគាំ​ទ្រ​មួយ​ចំនួន​ បាន​បញ្ចេញ​មតិ​រិះគន់​ទៅលើ​​ការ​សម្រេច​នេះ​ថា មិន​យុត្តិធម៌​ចំពោះ​កីឡាករ  Abdoulaye Diallo ដែល​វាយចូល​គោលដៅ​ច្រើនជាង និងមាន​ភាពរឹងមាំជាង ធឿន ធារ៉ា។

ការ​រិះគន់នេះ ដោយ​សារ​អ្នកគាំទ្រ​មើល​ឃើញ​ថា ការ​ប្រកួត​លើក​នេះ ធឿន ធារ៉ា ​វាយមិន​លះ​ដូច​មុនៗ និងមាន​គុណ​ភាព​កម្លាំង ឆាប់​ធ្លាក់ចុះ ធ្វើ​ឱ្យ​រូបគេ មិន​អាច​បញ្ចេញ​ក្បាច់​សម្លាប់បាន​ល្អ ហើយ​អ្វីដែល​កាន់តែគួរអោយកត់សម្គាល់​ទៀត​នោះ គឺកីឡាករ Abdoulaye Diallo អាច​វាយ​បាន​គ្រប់​កាលៈទេសៈ  ទាំងការម៉ាត់ បុកជង្គង់ ទាត់ និងការ​វាយ​កែង ធ្វើ​ឱ្យ ធឿន ធារ៉ា ពិបាក​ក្នុងការ​ចូល​វាយប្តូរ។

បន្ទាប់ពី​ការពារ​ខ្សែ​ក្រវាត់​បាន និង​​ទទួល​បានប្រាក់​រង្វាន់​ចំនួន​១០​លាន​រៀល កាលពី​យប់​ថ្ងៃអាទិត្យ​នោះ ធឿន ធារ៉ា ត្រូវបាន​ប្រភព​ច្បាស់ការណ៍ ទម្លាយ​ថា ត្រូវបានគេ​​បញ្ជូនទៅកាន់​មន្ទីរពេទ្យ បន្ទាប់ពី​មានអាការៈ​ពិបាក​ដកដង្ហើម និងឈឺ​ក្បាល​ខ្លាំង។ ប្រភពដដែល បាន​ឱ្យ​ទៀត​ថា ធារ៉ា មាន​បញ្ហា​គ្រុន​ញាក់ តាំងពី​មុនការ​ប្រកួត ទើប​ធ្វើ​ឱ្យ​រូប​គេ​ឆាប់​ធ្លាក់​កម្លាំង សម្រាប់ការ​ប្រកួត​លើកនេះ។

ការ​ប្រកួត​រវាង អេ អាំម៉ារីនភូថង (ក្រហម) និង​កីឡាករ​អាហ្សង់ទីន Tomas Aguirre ដោយ​អ្នកទាំង​២នេះ បាន​ប្រកាសឱ្យ​ស្មើ​ពិន្ទុ​គ្នា។ រូបថត Wurkz

ចំណែក​ការជួបគ្នា​រវាង អេ អាំម៉ារីនភូថង និង​​​កីឡាករអាហ្សង់​ទីន Tomas Aguirre បាន​ក្លាយជា​ការ​ប្រកួត​ដ៏​ជក់​ចិត្តបំផុត។ បើទោះបីជា Tomas Aguirre មាន​កម្ពស់​ទាបជាង អាំម៉ារីន ដាច់ ប៉ុន្តែរូបគេ ពិតជាតាន់ និង​វាយកណ្តាប់ដៃ​បាន​ល្អ គឺ​គ្រាន់តែ​ពាក់កណ្តាល​ទឹក​ទី​១ កីឡាករ​អាហ្សង់​ទីនរូបនេះ បាន​ម៉ាត់​ចូលផ្ទៃមុខពេញៗ និងបន្ថែម​ដោយការ​បុកជង្គង់ ធ្វើ​ឱ្យ អាំម៉ារីន ឡើង​ចង់​វង្វេង​​ទៅ​ហើយ។

តែទោះបីជា​យ៉ាងណា ការ​វាយ​ថែម​២​កែងទៀត ទៅលើ អាំម៉ារីន នៅពេល​អាជ្ញាកណ្តាល​ចាប់​ឃាត់ទៅ​ហើយ​នោះ បាន​បង្កើត​ជាកំហុស​ចំពោះ Tomas Aguirre ដោយ​រូបគេ ត្រូវបាន​អាជ្ញាកណ្តាលចាប់ដៃ បង្ហាញ​ឱ្យ​ចៅក្រមទាំង​៥នាក់​កាត់ពិន្ទុ បន្ទាប់ពី​លោកអាជ្ញាកណ្តាល​រាប់​ទៅលើ អាំម៉ារីន រួច​មក។

ក្រោយ​ការ​កាត់ពិន្ទុ​នេះ Tomas Aguirre បានធ្វើការ​វាយ​សម្រុក​កាន់តែ​ខ្លាំង ហើយ​ការ​ម៉ាត់​ចូល​ពេញៗ​របស់​គេ បានធ្វើ​ឱ្យ អេ អាំម៉ារីន រកកលចង់​សន្លប់​ម្តងៗ​ទៅ​ហើយ ចំណែក​ការ​ប្រកួត​២​ទឹក​ចុង​ក្រោយ Tomas Aguirre នៅតែ​វាយ​ចំគោលដៅបាន​ច្រើន គ្រាន់តែ​រូបគេ រាង​ចង់​អស់​នៅចុងទឹកទី​៣ បន្ទាប់ពី​បានទទួលរកការ​វាយកែង បុកជង្គង់ និង​ទាត់​ចូល​ធ្ងន់ៗ​របស់ អាំម៉ារីន។

ជាមួយគ្នានេះ ការ​វាយ​កែង​របស់ Tomas Aguirre ក៏​បានបន្សល់​ស្នាមបែក នៅលើ​ចិញ្ចើម​ឆ្វេង​របស់ អេ អាំម៉ារីនភូថង ផងដែរ ហើយ​ក្រោយ​ចប់​ការ​ប្រកួត​ភ្លាម កីឡាករ​អាហ្សង់ទីន​រូបនេះ បានបង្ហាញ​ទំនុកចិត្ត​ខ្ពស់​ថា នឹង​ទទួលបានជ័យជម្នះ ប៉ុន្តែ​ចុងក្រោយ​រូបគេ បាន​ត្រឹម​បង្ហាញការ​ខក​ចិត្ត ចំពោះការ​ប្រកាស​ឱ្យ​ស្នើ​ពិន្ទុ​គ្នាជាមួយ អាំម៉ារីន។

អ្នកគាំ​ទ្រ​មួយចំនួន ក៏បាន​បញ្ចេញ​មតិ​រិះគន់​ទៅលើការ​សម្រេច​សេចក្តី​គូ​ប្រកួត​មិត្ត​ភាព​អន្តរជាតិមួយគូ​​នេះ​ដែរ ព្រោះ​ខុសពីការ​ប្រកួតជាក់​ស្តែង ដែល​គេមើល​ឃើញ​ថា Tomas Aguirre សម​តែអ្នក​ឈ្នះ។ ទន្ទឹមជាមួយគ្នានេះ អាំម៉ារីន ​ត្រូវបាន​បញ្ជូន​ទៅកាន់មន្ទី​រពេទ្យ ដូច ធឿន ធារ៉ា ដែរ ដើម្បីពិនិត្យមើល​ស្នាមពក​ធំៗ២​កន្លែង ដែល​ជា​ការ​វាយកែង​ថែម​របស់ Tomas Aguirre បន្ទាប់​ពី​រូបគេ​មាន​អាការៈ​ឈឺក្បាលមិន​បាត់​នោះ៕