គ្រូ​បង្គោល​ក្រុម ASEAN All-Stars លោក Kim Sang-Sik បាន​ស្នើ​ឱ្យ​សហព័ន្ធ​កីឡាបាល់​ទាត់កម្ពុជា (FFC) ផ្លាស់ប្តូរសមាសភាពកីឡាករ នេតូ រ៉ុនដុន (Neito Rondon) ចេញ ហើយដាក់ជំនួស​វិញ​ដោយ​ខ្សែ​ប្រយុទ្ធ​កូតឌីវ័រ​មាន​សញ្ជាតិ​ខ្មែរ ឃូលីបាលី អាបឌែល (Coulibaly Abdel Kader) ដើម្បី​ចូល​រួមជាមួយ​ ASEAN All Stars ត្រៀម​សម្រាប់​ការ​ប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិ ជាមួយក្លិប Manchester United នៅប្រទេសម៉ាឡេស៊ី នា​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ២០២៥។

តាម​សេចក្ដីជូនដំណឹងរបស់ FFC ស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករ​នេះ កាលពី​ព្រឹក​ថ្ងៃអង្គារ​ បានបញ្ជាក់​ថា ផ្អែកលើការទំនាក់ទំនងផ្លូវការរបស់សហព័ន្ធកីឡាបាល់ទាត់អាស៊ាន (AFF) ដែលទទួលបានពីគណៈកម្មការវិន័យ FIFA គឺ​កីឡាករ នេតូ រ៉ុនដុន មិនអាចចូលរួមតំណាងឱ្យជម្រើសជាតិកម្ពុជា សម្រាប់ការប្រកួតមិត្តភាពសប្បុរសធ៌មអន្តរជាតិជាមួយនឹងក្លិបបាល់ទាត់ Manchester United នៅពេលខាងមុខបានទេ។

ការ​ខកខាន​មិនបានចូលរួម​របស់​ខ្សែ​ប្រយុទ្ធកូឡ៊ុំប៊ី​មានសញ្ជាតិខ្មែរ  នេតូ រ៉ុនដុនដោយសារ​តែកីឡាកររបស់​ក្រុម​ភ្នំពេញក្រោន​រូប​នេះ មាន​បញ្ហាព្យួរដោយស្វ័យប្រវត្តិ ពីបទវិន័យចែងក្នុងច្បាប់របស់​ FIFA ដោយជាប់កាតក្រហមពីការប្រកួតមិត្តភាពអន្តរជាតិ​រវាង​ក្រុម​ជម្រើសជាតិ​កម្ពុជា ជាមួយ​ក្រុម​ជម្រើសជាតិ​អារ៉ូបា កាលពីថ្ងៃ២៥ ខែមីនា ឆ្នាំ២០២៥។

ខ្សែ​ការពារជា​ប្រធានក្រុមពាក់លេខ​៤ កាន់ ម៉ូ ខ្សែ​ប្រយុទ្ធ​ពាក់​លេខ​១០ Neito Rondon និង Coulibaly Abdel Kader ពេល​បង្ហាញ​ខ្លួនរួមគ្នា​ឱ្យក្រុមជម្រើសជាតិ ក្នុងពេល​ប្រកួតជាមួយ​ក្រុមជម្រើសជាតិអារ៉ូបា កន្លងមក។ រូប​ថត FFC

សេចក្ដីជូនដំណឹងស្ដីពីការផ្លាស់ប្ដូរសមាសភាពកីឡាករដែលនេះ បានបញ្ជាក់​ថា៖ «បន្ទាប់ពីបានទទួលព័ត៌មាននេះ លោកគ្រូបង្គោល Kim Sang-Sik បានដាក់សំណើ​សារជាថ្មី តាមរយៈសហព័ន្ធកីឡាបាល់ទាត់អាស៊ាន ដោយស្នើសុំធ្វើការផ្លាស់ប្តូរកីឡាករ នេតូ រ៉ុនដុន ដោយជ្រើសរើសយកកីឡាករ ឃូលីបាលី អាប់ឌែល ជំនួសវិញ»។

តាម​រយៈសំណើ​នេះ ខ្សែ​ប្រយុទ្ធ Coulibaly Abdel Kader ដែលកំពុងលេង​ឱ្យក្រុម​អង្គរ​ថាយហ្គឺរ និង​ខ្សែការពារ​​អាហ្រ្វិកខាងត្បូង​មានសញ្ជាតិ​ខ្មែរ កាន់ ម៉ូ ដែល​កំពុង​លេង​ឱ្យ​ក្រុម​វិសាខា នឹង​ត្រូវ​ធ្វើ​ដំណើរ​ទៅ​ចូលរួម​ជាមួយក្រុម ASEAN All Stars ក្នុងនាមជា​កីឡាករ​ជម្រើសជាតិ​កម្ពុជា ដើម្បី​ត្រៀម​ប្រកួតមិត្ត​ភាព​អន្តរជាតិ​ជាមួយក្រុម Manchester United នាថ្ងៃទី​២៨ ខែឧសភា ខាងមុខ​នេះ។

គួរ​បញ្ជាក់ថា ASEAN All Stars គឺជា​ក្រុម​ដែលប្រមូល​ដោយ​កីឡាករឆ្នើមៗ​នៃ​ក្រុម​​ជម្រើសជាតិ តំណាង​ឱ្យ​ប្រទេសនៅ​ក្នុងតំបន់អាស៊ាន​ទាំង​១១ ហើយ​គិតមក​ដល់​ពេលនេះ ​កីឡាករ​ចំនួន​​១៧នាក់ ត្រូវ​បាន​​គ្រូបង្គោល លោក Kim Sang-Sik ធ្វើ​ការ​​ជ្រើស​រើស សម្រាប់ត្រៀម​ប្រកួត​មិត្តភាព​អន្តរជាតិ​ជាមួយក្រុម Man United ជាលើក​ដំបូងនេះ ដោយក្នុង​នោះមាន​កីឡាករ​ជម្រើសជាតិថៃ ៤នាក់ វៀតណាម ៣នាក់ កម្ពុជា ២នាក់ ឥណ្ឌូនេស៊ី ២នាក់ និង​កីឡាករជម្រើសជាតិ​ម៉ាឡេស៊ី សិង្ហបុរី មីយ៉ាន់ម៉ា ឡាវ ប្រ៊ុយណេ និង​ទីម័រខាងកើត ចំនួន​១នាក់​ដូចគ្នា តែ​គ្មាន​កីឡាករជម្រើសជាតិ​ហ្វីលីពីននោះ​ទេ៕