
លោក អាំង សិរីពិសិដ្ឋ ពេលចូលរួមដឹកនាំក្រុមវិសាខា នៅក្នុងការប្រកួតបាល់ទះពាន់រង្វាន់ WSVI Tournament 2025 នៅតៃវ៉ាន់ ដែលបានបញ្ចប់កាលពីថ្ងៃអាទិត្យ។ រូបថត សហព័ន្ធ
អនុប្រធាន និងជាអគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា លោកបណ្ឌិត អាំង សិរីពិសិដ្ឋ បានចាត់ទុកការបរាជ័យ ចំពោះការការពារតំណែងជើងឯក ក្នុងពានរង្វាន់ Win+Streak Volleyball Invitation (WSVI) Tournament 2025 នៅតៃវ៉ាន់ ថា ជាសុបិនអាក្រក់ ហើយលោកបានប្រាប់ឱ្យក្រុមវិសាខា បំភ្លេចចោលនូវសុបិនអាក្រក់នោះ ដើម្បីផ្តោតអារម្មណ៍ទៅលើការប្រកួត SEA V.League 2025 តំណាងឱ្យក្រុមជម្រើសជាតិកម្ពុជាវិញម្តង។
លោក អាំង សិរីពិសិដ្ឋ បាននិយាយបែបនេះ នៅពេលលោកបានដឹកនាំក្រុមវិសាខា មកដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ កាលពីថ្ងៃចន្ទ ហើយការលើកឡើងដូច្នេះ ដោយសារតែកីឡាករកម្ពុជា ដែលត្រូវបានជ្រើសរើសឱ្យទៅប្រកួតនៅតៃវ៉ាន់ តំណាងឱ្យក្រុមវិសាខា នោះ គឺសុទ្ធតែជាកីឡាករជម្រើសជាតិ ហើយពួកគេនឹងត្រូវបិទខ្ទប់ហ្វឹកហាត់សាជាថ្មី ដើម្បីត្រៀមការប្រកួត SEA V.League 2025 នៅខែកក្កដា។
លោក សិរីពិសិដ្ឋ បាននិយាយនៅចំពោះមុខកីឡាករ និងគ្រូបង្វឹក កាលពីថ្ងៃចន្ទនោះថា៖«ខ្ញុំទុកពេលឱ្យពួកយើងសម្រាក១សប្តាហ៍ ហើយពេលត្រឡប់មកវិញ សូមមកហ្វឹកហាត់ឱ្យទៀតទាត់ គឺយើងមិនអាចឱ្យអ្នកណាមកយឺតពេលនោះទេ ព្រោះយើងនៅមានកាតព្វកិច្ចការប្រកួត SEA V.League នៅខែកក្កដា»។
លោកបានបន្ថែមថា៖ «យើងត្រូវធ្វើការបិទខ្ទប់ហ្វឹកហាត់ មិនឱ្យទៅណាទេ ហេតុនេះពេលទៅជួបក្រុមគ្រួសារ និងប្រពន្ធកូន គឺសុំការអធ្យាស្រ័យពីពួកគាត់ឱ្យហើយទៅថា យើងត្រូវបិទខ្ទប់ហ្វឹកហាត់រយៈពេលជាង១ខែទៀត ដើម្បីឱ្យការប្រកួត SEA V.League របស់យើងបានល្អប្រសើរ គឺត្រូវលើកទឹកចិត្តខ្លួនឯងឡើងវិញ»។
គួរបញ្ជាក់ថា នេះជាលើកទី១ហើយ ដែលក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទទួលបានកៅអី ចូលទៅប្រកួត SEA V.League 2025 បន្ទាប់ពីពួកគេ បានក្លាយជាម្ចាស់ជើងឯក ក្នុងការប្រកួត SEA V.League Challenge 2024 ក្នុងនាមជាម្ចាស់ផ្ទះ នៅវិមានពហុកីឡដ្ឋានជាតិ កាលពីខែកញ្ញា ឆ្នាំ២០២៤។

សកម្មភាពប្រកួតរបស់ក្រុមវិសាខា (ពណ៌ខៀវ) ក្នុងពានរង្វាន់ WSVI Tournament 2025 នៅតៃវ៉ាន់ ដោយក្រុមការពារជើងឯកមួយនេះ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៤។ រូបថត សហព័ន្ធ
ក្រុមជម្រើសជាតិបាល់ទះកម្ពុជា នឹងត្រូវប្រកួតប្រជែងជាមួយក្រុមជម្រើសជាតិឥណ្ឌូនេស៊ី ក្រុមជម្រើសជាតិថៃ និងក្រុមជម្រើសជាតិហ្វីលីពីន ដែលឈរចាំ សម្រាប់ពាន SEA V.League 2025 នេះ។ ក្រុមទាំង៤នេះ នឹងត្រូវប្រកួត២ជើង គឺជើងទី១ ធ្វើនៅប្រទេសហ្វីលីពីន ពីថ្ងៃទី១១ ដល់ ១៣ ខែកក្កដា ហើយជើងទី២ ត្រូវធ្វើនៅប្រទេសឥណ្ឌូនេស៊ី ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ ខែកក្កដា។
នៅក្នុងការប្រកួតទាំង២ជើងនេះ គឺមានការចាត់ជាចំណាត់ថ្នាក់ដាច់ដោយឡែកពីគ្នា ដើម្បីប្រគល់ពានដល់ម្ចាស់ជយលាភី នៅតាមជើងនីមួយៗ ហេតុនេះក្រុមខ្លាំង ដែលអាចឈ្នះការប្រកួតទាំង២ជើង នឹងទទួលបានពានជាក្រុមម្ចាស់ជើងឯកចំនួន២តែម្នាក់ឯង។
ជាក់ស្តែង សម្រាប់ការប្រកួត SEA V.League ឆ្នាំ២០២៣ ក្រុមជម្រើសជាតិបាល់ទះឥណ្ឌូនេស៊ី ឈ្នះពានទាំងជើងទី១ និងជើងទី២ ហើយនៅឆ្នាំ២០២៤ ក្រុមជម្រើសជាតិថៃ បានឈ្នះពានទាំងជើងទី១ និងជើងទី២ ដូចគ្នា។
ដោយឡែកក្រុមជម្រើសជាតិបាល់ទះវៀតណាម ដែលធ្លាប់ដណ្តើមបានជើងឯករង និងចំណាត់ថ្នាក់លេខ៣ សម្រាប់ការប្រកួត SEA V.League កាលពីឆ្នាំ២០២៣ គឺត្រូវបានកាត់ចេញពីការប្រកួត SEA V.League នៅឆ្នាំ២០២៥នេះហើយ បន្ទាប់ពីពួកគេ ទទួលបានលេខ៤ចុងក្រោយ សម្រាប់ការប្រកួតទាំង២ជើង កាលពីឆ្នាំ២០២៤។
តាមលក្ខខណ្ឌនៃការប្រកួត គឺក្រុមជម្រើសជាតិបាល់ទះវៀតណាម ត្រូវបានសម្រេចជាបឋមឱ្យធ្លាក់មកលេងក្នុងពានរង្វាន់ SEA V.League Challenge ឆ្នាំ២០២៥ ជាមួយក្រុមជម្រើសជាតិម៉ាឡេស៊ី សិង្ហបុរី ឡាវ និងក្រុមជម្រើសជាតិមីយ៉ាន់ម៉ា ដើម្បីរកក្រុមលេខ១ ឡើងទៅប្រកួត SEA V.League នៅឆ្នាំ២០២៦៕