ក្រុម​ភ្នំពេញ​ក្រោន និង​វិសាខា សុទ្ធតែ​បានដាក់​គោលដៅ​ដណ្តើម​យក​ជ័យ​ជម្នះ សម្រាប់ការ​ប្រកួតកាត់​សេចក្តី​ជើងទី​២ វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន លើក​ទី១៨ ឆ្នាំ​២០២៥ នៅ​កីឡដ្ឋាន​ព្រីនស៍ នា​ល្ងាច​ម៉ោង​៦ ថ្ងៃពុធ​នេះ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​វគ្គ​​ផ្តាច់​ព្រ័ត្រ។

សម្រាប់ការ​ប្រកួតជើង​ទី​១ នៅលើ​ទឹក​ដី​ក្រុម​ភ្នំពេញ​ក្រោន កាលពី​ថ្ងៃទី​៣០ ខែមេសា ក្រុម​វិសាខា បាន​វាយបក​តាមស្មើ​ក្រុម​ម្ចាស់​ផ្ទះ ២-២ ហើយ​លទ្ធផល​នេះ វានឹងធ្វើ​ឱ្យការ​ប្រកួតកាត់​សេចក្តី​ជើង​ទី​២ នៅ​ថ្ងៃ​នេះ កាន់តែមាន​ភាពតាន​តឹង​ខ្លាំង ព្រោះក្រុមទាំង​២ សុទ្ធតែ​បាន​ដាក់​គោលដៅ​យក​ឈ្នះ​រៀងៗ​ខ្លួន។

លោក Oleg Starynskyi គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន ​បាន​ដឹង​រួច​ទៅ​ហើយ​ថា ការ​ប្រកួត​ជាមួយ​ក្រុម​វិសាខា តែងតែមានភាពតានតឹង និងគួរឱ្យ​ចង់តាមដាន ប៉ុន្តែ​លោក​បាន​អះអាង​ថា នេះ​ជាការ​ប្រកួត​ដ៏សំខាន់​សម្រាប់​ភ្នំពេញ​ក្រោន ក្នុងការ​បោះ​ជំហានឡើង​ទៅកាន់​​វគ្គផ្តាច់ព្រ័ត្រ។លោក​បាន​និយាយ​ថា៖​ «យើង​ចង់​ឡើង​ទៅ​កាន់​វគ្គ​ផ្តាច់ព្រ័ត្រ និង​ឈ្នះ​ពាន​រង្វាន់​សម្រាប់​រដូវ​កាលនេះ។ នេះ​​​ជា​ឱកាសដែល​យើង​ត្រូវ​តែ​ធ្វើ​ឱ្យ​បាន ដើម្បីទទួលបានជ័យជម្នះ គឺ​ជ័យជម្នះ​ដ៏​សំខាន់នេះ ​កំពុង​រង់ចាំ​យើង ដូច្នេះ​យើង​ត្រូវ​តែ​សាង​សង់​ចរិតលក្ខណៈឱ្យ​បានខ្លាំងក្លា និងជំរុញ​ឱ្យ​បាន​លទ្ធផល​ល្អ។ ខ្ញុំ​សង្ឃឹម​ថា យើង​នឹង​ធ្វើឱ្យ​អ្នក​គាំទ្រ​របស់​​យើង​រីករាយ​បាន»។

គ្រូ​បង្វឹក​សញ្ជាតិ​អ៊ុយ​ក្រែន លោក Oleg បាន​បន្ថែម​ថា៖ «យើង​បាន​ផ្តោត​លើ​អ្វី​ដែល​យើង​ត្រូវ​កែប្រែ និង​អ្វី​ដែល​យើង​អាច​ធ្វើឱ្យ​មាន​ភាព​ប្រសើរ​ឡើង ហើយ​យើង​នឹង​ព្យាយាមធ្វើវា។ យើងបានឃើញពីចំណុច​ដែលយើងត្រូវកែប្រែ និងព្យាយាមធ្វើវាឱ្យ​បាន»។

ចំណែក​លោក Tunji Ayoyinka Akeeb គ្រូ​បង្វឹក​ស្តីទីក្រុម​វិសាខា ក៏បាន​អះអាង​ពីការ​ត្រៀម​ខ្លួន​បាន​យ៉ាង​ល្អ សម្រាប់ការ​ប្រកួតកាត់​សេចក្តី​ជាមួយ​​ក្រុម​ភ្នំពេញ​ក្រោន នៅ​ថ្ងៃ​នេះ​ផងដែរ ដោយ​ក្រុម​មួយនេះ ចង់​ដណ្តើម​យក​ជ័យជម្នះ ដើម្បី​បាន​ឡើង​ទៅ​ប្រកួត​ផ្តាច់​ព្រ័ត្រ ហើយ​ក៏ដើម្បី​ជា​ការ​សងសឹក​ក្រុម​ភ្នំពេញ​ក្រោន ដែលបាន​ទម្លាក់ពួកគេ នៅវគ្គ​ពាក់កណ្តាល​ផ្តាច់​ព្រ័ត្រ​នេះ កាលពីឆ្នាំ​មុន​ដែរ។

លោក Tunji Ayoyinka Akeeb បាន​និយាយ​ថា​៖ «បរិយាកាសនៃការហ្វឹកហាត់ក្នុងសប្ដាហ៍នេះ គឺល្អមែនទែន ដោយសារយើងកំពុងតែយកចិត្តទុកដាក់ក្នុងការរៀបចំខ្លួន សម្រាប់ការប្រកួតជើងទី២​នេះ។ កីឡាករទាំងអស់គ្នា ក៏កំពុងមានទឹកចិត្តយ៉ាងខ្លាំង ហើយបានត្រៀមខ្លួន និងលេងឱ្យ​អស់ពីសមត្ថភាព ដើម្បីការពារលទ្ធផលល្អ នៅក្នុងផ្ទះរបស់យើង»៕