
គ្រូបង្វឹកលោក Oleg Starynskyi ពេលដឹកនាំក្រុមភ្នំពេញក្រោន យកឈ្នះក្រុមវិសាខា ១-០ កាលពីយប់ថ្ងៃពុធ។ រូបថត ភ្នំពេញក្រោន/FFC
ក្រុមភ្នំពេញក្រោន បានទម្លាក់ក្រុមវិសាខា ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃពានរង្វាន់សម្តេច ហ៊ុន សែន ជាលើកទី២ បន្ទាប់ពីពួកគេ ដណ្តើមបានជ័យជម្នះ ១-០ សម្រាប់ការប្រកួតកាត់សេចក្តីជើងទី២ទាំងលំបាក កាលពីយប់មិញ គឺបន្ថែមទៅលើលទ្ធផលស្មើគ្នា ២-២ កាលប្រកួតគ្នាជើងទី១ នៅលើទឹកដីភ្នំពេញក្រោន។
គ្រូបង្គោលក្រុមភ្នំពេញក្រោន លោក Oleg Starynskyi បានសម្តែងការអបអរសាទរខ្លាំងទៅកាន់អ្នកគាំទ្រ ជាពិសេសកីឡាករ និងក្រុមការងារទាំងអស់ ដែលបានបង្ហាញការគាំទ្រដ៏អស្ចារ្យ ជាមួយនឹងភាពជឿជាក់គ្នារហូតដល់វិនាទីចុងក្រោយ ដើម្បីដណ្តើមបានជ័យជម្នះលើក្រុមវិសាខា ហើយបានឡើងទៅវគ្គផ្តាច់ព្រ័ត្រ។
លោកបាននិយាយក្រោយការប្រកួតថា៖ «នេះជាការប្រកួតមួយ ដែលមានការប៉ះទង្គិចគ្នាខ្លាំង ហើយយើងបានព្យាយាមរហូតដល់ចប់ការប្រកួត និងបានធ្វើការងារដ៏អស្ចារ្យនេះ។ ខ្ញុំដឹងថា វាមិនមែនជាការប្រកួត ដែលល្អមើលនោះទេ ប៉ុន្តែពេលខ្លះបាល់ទាត់ គឺវាត្រូវការលទ្ធផល ហើយកីឡាកររបស់យើង បានបង្ហាញចរិតលក្ខណៈដ៏អស្ចារ្យ ដូច្នេះខ្ញុំពិតជារីករាយ និងសប្បាយចិត្ត»។
ជាមួយការទទួលបានជ័យជម្នះ ដើម្បីឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រនេះ លោក Oleg បានអះអាងថា វាដល់ពេលវេលា ដែលក្រុមភ្នំពេញក្រោន អាចលើកពានរង្វាន់សម្តេច ហ៊ុន សែន លើកទី១៨ ឆ្នាំ២០២៥នេះបានហើយ បន្ទាប់ពីក្រុមនេះ បានត្រឹមជើងឯករង កាលពីឆ្នាំ២០២៤ ក្រោយចាញ់ក្រុមព្រះខ័នរាជស្វាយរៀង នៅវគ្គផ្តាច់ព្រ័ត្រនោះ។
គ្រូបង្វឹកសញ្ជាតិអ៊ុយក្រែន លោក Oleg បាននិយាយដោយសំណើចតិចៗថា៖ «កាលពី ៣ឆ្នាំមុន យើងទទួលបានលេខ៤ ហើយបន្ទាប់មកយើងបានលេខ៣ ចំណែកការប្រកួតកាលពីឆ្នាំមុន យើងបានលេខ២ ដូច្នេះនៅរដូវកាលនេះ ខ្ញុំគិតថា វាគឺជាពេលល្អ ក្នុងការលើកពានសម្តេច ហ៊ុន សែន បានហើយ»។

ការប្រកួតកាត់សេចក្តីជើងទី២រវាងក្រុមភ្នំពេញក្រោន (ក្រហម) និងក្រុមម្ចាស់ផ្ទះវិសាខា ដោយ ភ្នំពេញក្រោន បានយកឈ្នះ ១-០។ រូបថត វិសាខា/ភ្នំពេញក្រោន/FFC
សម្រាប់ការប្រកួត នៅកីឡដ្ឋានព្រីនស៍ កាលពីយប់ថ្ងៃពុធម្សិលមិញនេះ ក្រុមម្ចាស់ផ្ទះវិសាខា និង ភ្នំពេញក្រោន បានបង្ហាញការប្រកួតប្រជែងគ្នា ដោយប្រុងប្រយ័ត្នបំផុត ព្រោះក្រុមទាំង២ សុទ្ធតែខ្លាចរបូតគ្រាប់បាល់ ហើយសកម្មភាពនេះ បានធ្វើឱ្យប្រកួត ហាក់មិនសូវមានការវាយសម្រុកគ្នាខ្លាំងប៉ុន្មានឡើយ ជាពិសេសនៅតង់ទី១ ដោយក្រុមទាំង២នេះ មិនអាចរកបានគ្រាប់បាល់ដូចគ្នា។
តែទោះបីជាយ៉ាងណា នៅក្នុងតង់ទី២ Yudai Ogawa បានលើកបាល់ពីកណ្តាលតារាង ទម្លាក់ទៅឱ្យ យ៉ែម ដេវីត ហើយ ដេវីត បានឆ្កឹះបាល់នោះទម្លាក់ផុតពីការចេញមកជួយសង្រ្គោះរបស់អ្នកចាំទី កែវ សុខសិលា ធ្វើឱ្យបាល់រត់ចូលទីដោយសុវត្ថិភាព នៅនាទីទី៨៥ ហើយក៏ជាគ្រាប់បាល់ជ័យជម្នះផងដែរ ខណៈការព្យាយាមវាយសម្រុករបស់ក្រុមវិសាខា រហូតដល់នាទីទី ៩០+៧ គ្មានគ្រាប់បាល់កើតឡើងនោះ។
ក្រុមវិសាខា បានបង្ហាញការសោកស្តាយខ្លាំង ចំពោះការចាញ់ក្រុមភ្នំពេញក្រោន ១-០ នេះ ដោយកីឡាករខ្លះ បានសម្រក់ទឹកភ្នែក ចំពោះការបរាជ័យនេះ ចំណែកក្លិបវិសាខា បានបង្ហាញសារ ក្រោយការប្រកួតបែបនេះថា៖ «វាគឺជាសុបិនអាក្រក់ តែពួកយើង នឹងបន្ដការខំប្រឹង ដើម្បីគោលដៅទៅមុខទៀត»។
សម្រាប់ការធ្លាក់ចេញពីពានរង្វាន់សម្តេច ហ៊ុន សែន ត្រឹមវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ជាលើកទី២នេះ បានធ្វើឱ្យក្រុមធ្លាប់ឈ្នះជើងឯក៣សម័យកាលជាប់គ្នា វិសាខា នៅសល់ឱកាសត្រឹមការដណ្តើមយកលេខ៣ ដែលពួកគេអាចជួបក្រុមបឹងកេត ឬ ក្រុមព្រះខ័នរាជស្វាយរៀង។
ចំពោះការប្រកួតរវាងក្រុមបឹងកេត និងស្វាយរៀង នេះគឺក្រុមណាឈ្នះ ត្រូវឡើងទៅប្រកួតផ្តាច់ព្រ័ត្រជាមួយ ភ្នំពេញក្រោន ហើយក្រុមចាញ់ ត្រូវធ្លាក់មកដណ្តើមយកលេខ៣ និងលេខ៤ ជាមួយវិសាខា ខណៈការប្រកួតជើងទី១ កាលពីថ្ងៃទី២៣ ខែមេសា ក្រុមស្វាយរៀង បានយកឈ្នះក្រុមម្ចាស់ផ្ទះ បឹងកេត ១-០៕