កីឡាករ​ប្រដាល់សកល​​កម្ពុជា៣នាក់ និងគ្រូ​បង្វឹក១​នាក់ ត្រូវបាន​សហព័ន្ធ​កីឡាប្រដាល់​សកល​កម្ពុជា បញ្ជូន​ឱ្យ​ទៅ​​ចូលរួម​ការ​ប្រកួតកីឡា​ប្រដាល់សកលយុវជនជើងឯកអាស៊ី ឆ្នាំ​២០២៥ (Asian U22 and Youth Boxing Championships 2025) នៅ​ស្រីលង្កា ហើយ​អ្នកទាំង​នេះ បាន​បង្ហាញ​ទំនុក​ចិត្តខ្ពស់ ក្នុង​ការ​ដណ្តើម​​យក​មេដាយមក​ជូនប្រទេស​ជាតិ។

លោក ជ័យ ណារ៉ា គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា នៅមិនទាន់ប្រាកដ​ថា ​ការ​ប្រកួតកីឡា​ប្រដាល់សកលយុវជនជើងឯកអាស៊ី ឆ្នាំ​២០២៥ ដែល​នឹង​ធ្វើ​ពី​ថ្ងៃទី​១០ ដល់​ទី​២៤ ខែឧសភា នៅ​ប្រទេស​ស្រីលង្កា​ លើកនេះ អាច​មាន​៣៧​ប្រទេស​ចូលរួម​ដូច​ធ្វើ​នៅប្រទេស​ថៃ ឬ​ក៏ច្រើនជាង​នេះទេ ហើយ​លោក​ក៏មិនអាច​វាយតម្លៃ​ពី​កម្រិតបច្ចេក​ទេស​ និង​ចំណុច​ខ្លាំង​របស់​ក្រុម​កីឡាករ​មកពី​ប្រទេស​ផ្សេងៗ​នោះ​ដែរ។

តែទោះបីជា​យ៉ាង​ណា គ្រូបង្វឹកជម្រើសជាតិប្រដាល់សកលកម្ពុជា បានបង្ហាញ​ទំនុក​ចិត្ត​ខ្ពស់​ទៅ​ដល់​កីឡាករ នា សុវណ្ណ, រ៉ុន វិរៈ និង​កីឡាករ ឡុង ណូវែល ដែល​ត្រូវ​បានជ្រើស​រើស​យក​ទៅ​ប្រកួត​នៅ​ស្រីលង្កា​នេះ។ ​លោក ជ័យ ណារ៉ា ​មើល​ឃើញ​ថា អ្នកទាំង​៣​នេះ មាន​កម្រិតបច្ចេក​ទេស​ខ្ពស់ ដែល​អាច​នឹង​ឈាន​ទៅ​ដល់​ការ​ដណ្តើម​បានមេដាយ ពីការ​ប្រកួត Asian U22 and Youth Boxing Championships 2025 នេះ។

លោក​គ្រូ ណារ៉ា បាន​ថ្លែង​ថា៖ «កីឡាករ ដែលយើងជ្រើសរើសទៅចូលរួមលើក​នេះ គឺមានទេពកោសល្យ និង​​កម្រិតបច្ចេកទេស​ខ្ពស់ ចូល​៩០​ភាគ​រយ​ហើយ ដោយសារពួកគាត់​មានការ​យកចិត្តទុកដាក់ក្នុងការ​ហ្វឹកហាត់ ហេតុ​នេះ​ខ្ញុំដាក់ក្ដីសង្ឃឹម ៦០ភាគរយ​ថា នឹងទទួលបានមេដាយ សម្រាប់​​ការចេញ​ទៅ​ប្រកួត​លើក​នេះ»។

សម្រាប់​ការ​ប្រកួត Asian U22 and Youth Boxing Championships 2025 នេះកីឡាករ នា សុវណ្ណ នឹង​ត្រូវ​ប្រកួតលើប្រភេទទម្ងន់ ៤៨គីឡូក្រាម រីឯ រ៉ុន វិរៈ ប្រភេទទម្ងន់ ៦០គីឡូក្រាម និង ឡុង ណូវែល ប្រកួតក្នុងប្រភេទទម្ងន់ ៥១គីឡូក្រាម ហើយលោក ជ័យ ណារ៉ា បាន​ផ្តល់​ទំនុកចិត្ត​ដល់​អ្នកទាំង​៣នេះ​ស្មើៗគ្នា។ លោកបញ្ជាក់ថា៖​ «កីឡាករ​ទាំង​៣​នាក់នេះ មាន​កម្រិត​បច្ចេក​ទេសល្អ​ស្មើ​គ្នា អ៊ីចឹង​យើង​សង្ឃឹម​៦០​ភាគ​រយ ចំពោះ​ការ​ដណ្តើម​មេដាយ»។

លោកគ្រូ ជ័យ ណារ៉ា និងកីឡាករ​ទាំង​៣នាក់ ពេល​ផ្តល់​បទសម្ភាស​ឱ្យប្រព័ន្ធ​ផ្សព្វផ្សាយ ហើយ​អ្នកទាំង​៤ នឹង​ត្រូវ​ធ្វើដំណើរ​ទៅ​កាន់​ប្រទេស​ស្រីលង្កា នា​ម៉ោង​៩ ថ្ងៃ​សៅរ៍​ស្អែក​នេះ។ រូប​ថត សហការី

យ៉ាងណាក៏​ដោយ ​ទាំង​កីឡាករ ឡុង ណូវែល និង រ៉ុន វិរៈ ហាក់មានការ​បារម្ភ​ ចំពោះ​ការ​ប្រកួត​ Asian U22 and Youth Boxing Championships 2025 ព្រោះ​នេះជា​លើក​ទី​១​ហើយ ដែល​កីឡាករ​ជាយុវជន​ទាំង​២​នេះ ទទួលបានឱកាស​ចេញ​ទៅ​ប្រកួត​នៅ​ក្រៅ​ប្រទេស ហេតុ​នេះពួកគេយល់​​ថា អាចចាញ់ប្រៀប​ផ្នែក​កម្ពស់ និងគុណ​ភាព​កម្លាំង​របស់​កីឡាករ​បរទេស ប៉ុន្តែ​អ្នកទាំ​ង​២​នេះ បានតាំងចិត្តយ៉ាង​មុតមាំ ក្នុង​ការ​ប្រជែង​យក​មេដាយ​ត្រឡប់​មក​វិញ។

កីឡាករ រ៉ុន វិរៈ បាន​និយាយ​ថា៖​ «ខ្ញុំ​មានការ​បារម្ភ​ដែរ ព្រោះ​យើង​អាចចាញ់​កម្ពស់​គេ ប៉ុន្តែ​ខ្ញុំ​ក៏​សប្បាយ​ចិត្ត ដែល​បានចេញ​ទៅ​ប្រកួត នៅ​​ក្រៅ​ប្រទេស​លើកដំបូងនេះ។ ខ្ញុំ​នឹងខំប្រឹង​ឱ្យអស់​ពីសមត្ថភាព ហើយខ្ញុំ​​មានក្តីរំពឹង​​ថា នឹង​ដណ្តើម​បាន​មេដាយ ជូនជាតិ​មាតុភូមិ»។

ចំណែក​កីឡាករ នា សុវណ្ណ ដែល​ធ្លាប់​បានចេញ​ទៅ​ប្រកួតប្រដាល់​សកល​អាជីព​៦​ទឹក នៅ​ប្រទេសជប៉ុន​នោះ ក៏​ហាក់មាន​ការបារម្ភ​ទៅលើ​គុណ​ភាពកម្លាំងផងដែរ ប៉ុន្តែ​រូបគេ​បាន​យក​បទពិសោធន៍​ទទួល​បានពីការ​ប្រកួត​នៅជប៉ុន មក​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង ដោយ​​បង្កើន​សមត្ថភាព​វាយ និងចលនា​ចេញ​ចូលបានលឿនជាងមុន។​

សុវណ្ណ បាន​បញ្ជាក់ថា៖ «ខ្ញុំ​ធ្លាប់​ប្រកួត​ប្រដាល់​សកល​៣ទឹក នៅ​កម្ពុជា​យើង ដោយបានជួបអ្នក​ខ្ពស់ៗ​ច្រើន​ដែរ តែ​ខ្ញុំ​នៅតែ​អាច​ដណ្តើម​បាន​មេដាយមាស ចំណែកការ​ចេញទៅប្រកួត នៅ​​ស្រីលង្កា​លើកនេះ ខ្ញុំ​អាច​ចាញ់កម្លាំង​គេ​ក៏​ថាបាន ព្រោះ​ខ្ញុំបាន​សម្រក់​ទម្ងន់ពី​៥១គីឡូក្រាម មក​ប្រកួត​៤៨គីឡូក្រាម ប៉ុន្តែ​ទោះ​លទ្ធផល​បែប​ណា ខ្ញុំនឹងប្រឹងប្រែងឱ្យអស់​ពីសមត្ថ​ភាព ហើយ​ខ្ញុំទុក​ចិត្ត​ខ្លួនឯង​​ថា ​នឹង​អាច​ធ្វើ​បានល្អ»៕