ខ្សែ​បម្រើប្រយុទ្ធរបស់ប្រេស៊ីល Cristian Roque បានរំឭកអនុស្សាវរីយ៍​ដ៏ជូរចត់​​​ជាមួយ​មិត្តរួមជាតិ Gabriel Silva Costa (GABI) តាម​រយៈ​ការបង្ហោះ​រូប​ភាពជា​ច្រើន​សន្លឹក ក្នុងពេលពួកគេ​លេងជាមួយគ្នា ​ឱ្យក្រុម​ព្រះខ័នរាជស្វាយរៀង ប៉ុន្តែ​ពេល​នេះ​គ្រប់យ៉ាង​ត្រូវបានបញ្ចប់ បន្ទាប់ពី GABI បាន​សម្រេច​ចាក​ចេញពី​ក្រុមស្វាយរៀង។

Cristian បានចាត់​ទុកការ​ចាក​ចេញ​របស់​ GABI ជារឿង​ដែល​រូបគេ​ពិបាក​នឹង​ទទួល​យក ខណៈ​អ្នកទាំង​២នេះ ជាអ្នក​នាំ​លេង​យ៉ាងសំខាន់​ ដែលបានជួយឱ្យក្រុមស្វាយរៀង បង្កើតបាន​សមិទ្ធផល​ជាច្រើន ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល​លោក Pep Munoz គឺ​ការឈ្នះពាន​លីគកំពូលកម្ពុជា ២រដូវកាល​ជាប់ៗ​គ្នា​ ឈ្នះពានរង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៤ ជាពិសេស​ការជួយ​ឱ្យក្រុមស្វាយរៀង ឡើង​ដល់​វគ្គ​ផ្តាច់ព្រ័ត្រ ពាន​រង្វាន់​ AFC Challenge League ជាប្រវត្តិសាស្រ្តលើកដំបូង។

ម្ចាស់​អាវលេខ២១ Cristian បានបង្ហោះ​សារសំដៅលើ​ការចាកចេញ​របស់ GABI ​បែបនេះ​ថា៖ «ប្អូន​ប្រុស តើ​ខ្ញុំ​ចាប់​ផ្តើម​រឿង​នេះដោយ​របៀប​ណា? ... តើ​អ្នក​ចាំ​ហ្គេម​ដំបូង​របស់​យើងពេល​លេង​ជាមួយ​គ្នា​បាន​ទេ? អ្នក​ប្រាប់​ខ្ញុំ​ថា យើង​នឹង​បង្កើត​ប្រវត្តិ​សាស្ត្រ​ជាមួយ​គ្នា ហើយ​យើងធ្វើ​វា​បាន​ហើយ យើង​បង្កើត​ប្រវត្តិ​សាស្ត្រ​ជាមួយ​គ្នា តែ​ឥឡូវ​នេះ អ្នក​កំពុង​និយាយ​លា បញ្ចប់​រឿងដ៏​ស្រស់​ស្អាត និង​ជ័យជម្នះ​របស់​អ្នក​នៅ​ទី​នេះ»។

Cristian ​បន្ថែម​ថា៖​ «ខ្ញុំ​នឹង​រក្សា​មិត្ត​ភាព​របស់​យើង ជារៀង​រហូត​នៅ​ក្នុង​បេះ​ដូង​របស់​ខ្ញុំ ហើយ​ខ្ញុំ​នឹង​ចងចាំ​ពេល​វេលា​របស់​យើង​ជា​និច្ច នោះ​គឺ​ជា​រដូវ​កាល ដែល​ខ្ញុំ​មិន​អាច​បំភ្លេច​បាន។ អរគុណ​អ្វី​គ្រប់​យ៉ាង សម្រាប់​ពេល​វេលា​ល្អ និង​អាក្រក់ ដែល​អ្នក​ដឹង​ថា អ្នក​អាច​ពឹង​ផ្អែក​លើ​ខ្ញុំ​ជានិច្ច សម្រាប់​ខ្ញុំ អ្នក​ជា​ប្អូន​ប្រុស​របស់​ខ្ញុំ។ ខ្ញុំ​សូម​ជូនពរ​អ្នក​ឱ្យ​ជួប​រឿង​ល្អ​បំផុត​ក្នុង​ជីវិត ហើយ​ខ្ញុំសង្ឃឹម​ថា ថ្ងៃណាមួយ​យើង​នឹង​បាន​ជួប​គ្នា​ម្តង​ទៀត ដើម្បី​យើង​អាច​លេង និង​រាំជា​មួយ​គ្នា​ដូច​រដូវកាលនេះ»។

គួរ​បញ្ជាក់​ថា ក្លិប​ព្រះខ័ន​រាជ​ស្វាយរៀង បាន​ប្រកាស​ពី​ការ​ចាក​ចេញ​របស់ខ្សែ​បម្រើ​ប្រយុទ្ធ GABI កាលពី​ថ្ងៃទី​៨ ខែមិថុនា គឺបន្ទាប់ពី​ក្លិប​មួយនេះ បាន​បញ្ចប់​កិច្ចសន្យា​ជាមួយ​ខ្សែ​ប្រយុទ្ធ  ប្រេស៊ីល Pablo Augusto រួមជាមួយមិត្តរួមជាតិ​របស់​គេ Breninho​ ឬ Breno Caetano និង Matheus Moresche កាលពីថ្ងៃទី​២៩ ខែឧសភា។

ខ្សែ​បម្រើប្រយុទ្ធជាមិត្តរួមជាតិ​ប្រេស៊ីល Cristian និង GABI ពេល​បង្ហាញ​វត្តមាន​រួមគ្នាជាមួយ​ក្រុមព្រះខ័នរាជស្វាយរៀង កន្លងមក។ រូប​ថត ស្វាយរៀង

ជាមួយ​គ្នា​នេះ ព្រះខ័ន​រាជ​ស្វាយរៀង ក៏​បាន​ចែក​ផ្លូវ​ជាមួយ​កីឡាករ​ខ្មែរ-អាមេរិក ថេឡរ ឌឿន នីកូឡាស ផងដែរ ប៉ុន្តែ​​ក្លិប​មួយនេះ បានសម្រេច​បន្ត​កិច្ចសន្យា​ថ្មី​ដល់​ខ្សែ​បម្រើ​ប្រយុទ្ធ Cristian Roque ​ខ្សែ​ការពារជប៉ុន Takashi Odawara ខ្សែ​ប្រយុទ្ធ​របស់​ឡាវ Bounphachan Bounkong និង​កីឡាករ​របស់ហុងកុង Ryo Fujii ដើម្បី​រួមចំណែក​ជួយក្លិបបន្ត​ទៀត នៅ​រដូវកាល​ក្រោយ ក្រោមការ​ដឹកនាំ​របស់​គ្រូ​បង្គោល លោក Matthew McConkey។

ក្លិប​បាន​បញ្ជាក់​តាម​សេចក្តី​ប្រកាស នៅលើ​ផេចហ្វេសប៊ុក​បែប​នេះ​ថា៖ ​«ព្រះខ័នរាជស្វាយរៀង សូម​ថ្លែង​អំណរ​គុណ​ដល់​កីឡាករ​ម្ចាស់អាវ​លេខ​៩ Gabriel Silva Costa សម្រាប់ការ​ចូល​រួម​ចំណែក​ខិតខំ​ប្រឹង​ប្រែង​កន្លង​មក​ចំពោះ​ក្លិប និង​ជូនពរ​ដល់ Gabriel Silva Costa ឱ្យ​មាន​សុខភាព​ល្អ​ សំណាងល្អ ជោគជ័យ​ក្នុង​ពេល​អនាគត»។

ចំពោះការ​ប្រកាស​ចែក​ផ្លូវជាមួយ​កីឡាករ Gabriel Silva Costa នេះ បាន​ក្លាយជា​រឿង​ដ៏គួរ​ឱ្យ​ភ្ញាក់​ផ្អើល​ចំពោះ​អ្នក​ស្នេហា​វិស័យ​កីឡាបាល់​ទាត់​កម្ពុជា ជាពិសេស​អ្នកគាំ​ទ្រក្លិប​ព្រះខ័នរាជ​ស្វាយរៀង ផ្ទាល់​ ដោយ​ពួកគេ​បាន​សម្តែង​ការ​ខក​ចិត្ត និងសោក​ស្តាយ ដែល​ក្លិប​មួយ​នេះ មិនអាច​បន្ត​កុងត្រា​ថ្មី​ដល់ GABI បាន។

យ៉ាងណា​ក៏ដោយ​កីឡាករ Cristian បាន​បង្ហាញ​ការ​តាំង​ចិត្ត​ខ្ពស់ ក្នុងការ​ជួយ​ដល់​​ក្រុមស្វាយរៀង ទោះ​លែង​មាន​មិត្ត​យល់​ចិត្ត​ដូច GABI។ «អរគុណ​ព្រះខ័ន​រាជស្វាយរៀង ដែល​ជឿជាក់​លើ​ការងារ​របស់​ខ្ញុំ។ ខ្ញុំ​សន្យា​ម្តង​ទៀត​ថា នឹង​ប្រឹងប្រែង​ឱ្យ​អស់​ពី​សមត្ថភាព ដើម្បី​ធ្វើ​ឱ្យ​អ្នកគាំទ្រ​សប្បាយ​ចិត្ត ហើយ​ខ្ញុំ​សង្ឃឹមថា រដូវ​កាល​ក្រោយ ឆ្នាំ​២០២៥-២០២៦ យើង​នឹង​សប្បាយចិត្ត​ម្តង​ទៀត​នៅ​ទីបញ្ចប់។ ប្រវត្តិ​សាស្រ្ត​នៅតែ​បន្តចារ»៕