
លោក ឃឹម សុជាតិ ពេលបំពេញតួនាទីជាអាជ្ញាកណ្តាល នៅតាមសង្វៀនរបស់ស្ថានីយទូរទស្សន៍ឯកជនកន្លងមក តែពេលនេះ លោកស្នើដល់ស្ថានីយមួយចំនួន ផ្តល់តម្លៃដល់អាជ្ញាកណ្តាលផង។ រូបថត Ganzberg
លោក ឃឹម សុជាតិ ដែលត្រូវបានគេចាត់ទុកថា ជាអាជ្ញាកណ្តាលល្អ មានភាពរហ័សរហួន និងកាត់សេចក្តីនៅលើសង្វៀនបានច្បាស់លាស់នោះ បានស្នើទៅដល់ស្ថានីយទូរទស្សន៍ជាម្ចាស់សង្វៀនប្រដាល់មួយចំនួន ឱ្យផ្តល់តម្លៃដល់អាជ្ញាកណ្តាល គឺកុំចង់បានតែអាជ្ញាកណ្តាលល្អ យកទៅកាត់ក្តី ដើម្បីល្បីនៅប៉ុស្តិ៍របស់ខ្លួន ប៉ុន្តែមិនបានផ្តល់កម្រៃបន្ថែម សម្រាប់ការលះបង់របស់អាជ្ញាកណ្តាលសូម្បី១រៀល។
លោកអាជ្ញាកណ្តាល ឃឹម សុជាតិ បានអះអាងថា លោកបានជួបហេតុការណ៍នេះជាច្រើនលើកមកហើយ ហើយវាជារឿងដ៏អយុត្តិធម៌ចំពោះអាជ្ញាកណ្តាល ដែលគាត់ខំជិះម៉ូតូពីសង្វៀនមួយ ទៅសង្វៀនមួយទៀត ដើម្បីបំពេញតាមការចង់បានរបស់ម្ចាស់សង្វៀន ប៉ុន្តែចុងក្រោយ មិនទទួលបានថវិកាជាការលើកទឹកចិត្តបន្ថែម សូម្បី១រៀល សម្រាប់ចាក់សាំជិះត្រឡប់មកវិញ។
លោក ឃឹម សុជាតិ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា៖ «ស្ថានីយទូរទស្សន៍មួយចំនួន តែងចង់បានអាជ្ញាកណ្តាលល្អ ឆ្នើម និងល្បីៗ ទៅកាត់ក្តីសម្រាប់ការប្រកួតនៅស្ថានីយខ្លួនឯង ប៉ុន្តែគាត់មិនដែលបានគិតពីតម្លៃរបស់អាជ្ញាកណ្តាលផងហ្នឹង! កីឡាករ វ៉ៃបានរាប់ពាន់ រាប់ម៉ឺនដុល្លា តែសួរថា យកអាជ្ញាកណ្តាលទៅធ្វើយ៉ាងម៉េច? ខំជិះពីប៉ុស្តិ៍មួយ ទៅប៉ុស្តិ៍មួយ តែសូម្បី១រៀលលុយខ្មែរ មិនបានផងហ្នឹង!»។
ជាមួយបទពិសោធន៍ដ៏ជូរចត់នេះ លោក សុជាតិ បានលើកយកការប្រកួតនៅលើសង្វៀនហង្សមាស កាលពីថ្ងៃទី៧ ខែមិថុនា មកបញ្ជាក់ ដោយលោកបានខំជិះម៉ូតូទៅកាត់សេចក្តីការប្រកួតរវាងកីឡាករ មហាម៉ាត់ និងកីឡាករ នូវ វណ្ណី ទៅតាមការចង់បានរបស់ស្ថានីយ ប៉ុន្តែការលះបង់របស់លោក មិនទទួលបានថវិកាលើកទឹកចិត្ត សូម្បី១រៀល គឺចុងក្រោយ លោកបានត្រឹមទទួលប្រាក់របបតាមក្រុម ពីសហព័ន្ធកីឡាប្រដាល់គុនខ្មែរដដែល។
លោកបានបញ្ជាក់ថា៖ «និយាយតាមត្រង់ ខ្ញុំបានទៅធ្វើអាជ្ញាកណ្តាលការប្រកួតរបស់កីឡាករ មហាម៉ាត់ និង កីឡាករ នូវ វណ្ណី នៅស្ថានីយហង្សមាស សូម្បី១រៀលមិនបានផងហ្នឹង គឺខ្ញុំមកយករបបតាមក្រុមរបស់ខ្ញុំដដែលហ្នឹង។ ខ្ញុំចំណាយពេលជិះទៅជិះមក អស់សាំងទទេ អ៊ីចឹងកន្លែងហ្នឹង ស្ថានីយមួយចំនួន គួរផ្តល់តម្លៃឱ្យពួកខ្ញុំផង!»។
«គេសួរថា គ្រូជាតិ មកធ្វើ (អាជ្ញាកណ្តាល) នៅហ្នឹង (ហង្សមាស) បានច្រើនណាស់ហើយ តែតាមពិតអត់មាន១រៀលទេ! បេះដូងរបស់គ្រូជាតិ តែនិយាយហើយ អត់កុហកទេ គឺនេះជារឿងពិត ហើយសូមបញ្ជាក់ថា មិនមែនមើលឃើញតែលុយទេបងប្អូន តែបើអត់លុយក៏មិនដឹងធ្វើអីចេញដែរ ព្រោះខ្ញុំចាក់សាំង ខ្វះគេតែ១០០រៀល ក៏គេមិនចាក់ឱ្យដែរ»។
ទាក់ទងទៅនឹងការបំពេញការងាររបស់មន្រ្តីបច្ចេកទេស ជាអាជ្ញាកណ្តាល ចៅក្រម នាពេលបច្ចុប្បន្ន សហព័ន្ធកីឡាប្រដាល់គុនខ្មែរ បានបែងចែកជា៦ក្រុម ដើម្បីចល័តបំពេញការងារនៅតាមសង្វៀនប្រដាល់របស់ស្ថានីយទូរទស្សន៍ឯកជន ហើយក្នុងនោះ លោក ខូវ ឆាយ ជាប្រធានសហព័ន្ធ បានសម្របសម្រួលជាមួយគ្រប់ម្ចាស់ង្វៀន ឱ្យដំឡើងតម្លៃពលកម្មដល់អាជ្ញាកណ្តាល់ចៅក្រម ពី១៥ដុល្លារ ទៅ២៥ដុល្លារ ក្នុងមួយកម្មវិធី ដោយការកំណត់នេះ បានចាប់ផ្តើមតាំងពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៤មក។
ការដំឡើងតម្លៃពលកម្មនេះ ដោយលោក ខូវ ឆាយ យល់ឃើញថា ដើម្បីឱ្យសក្តិសមទៅនឹងទំហំការងារចម្រុះដែលមន្ត្រីសហព័ន្ធទាំងអស់ត្រូវបំពេញរយៈពេលយ៉ាងហោច ៦ម៉ោងក្នុងកម្មវិធីនីមួយៗ ស្របពេលដែលតម្លៃខ្លួនចាស់ ទទួលបានជាមធ្យម ១៥ដុល្លារក្នុងមួយកម្មវិធី។
លោកមានបញ្ជាក់ជុំវិញបញ្ហានេះថា៖ «យើងបានសម្រេចផ្តល់ប្រាក់ឧបត្ថម្ភ ចាប់ពី ១០ម៉ឺនរៀលទៅ។ អាជ្ញាកណ្តាល គឺ១០ម៉ឺន ហើយអាចលើសហ្នឹងតិចតួច សម្រាប់អ្នកដែលមានជំនាញច្បាស់លាស់ មានការងារច្រើនមុខ។ ដូចថា អ្នកខ្លះធ្វើអាជ្ញាកណ្តាលផង ចៅក្រមផង អាចបានលើសហ្នឹងតិចតួច»។
ជុំវិញប្រធានបទដដែលនេះ លោក ឃឹម សុជាតិ បានប្រាប់ទៅស្ថានីយទូរទស្សន៍ ជាម្ចាស់សង្វៀន ដែលចង់បានរូបលោក ទៅកាត់សេចក្តីការប្រកួត គឺសូមទាក់ទងផ្ទាល់ទៅលោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ តែម្តងទៅ ហើយចចារកំណត់តម្លៃរួមតែម្តងទៅ ព្រោះលោកក៏មិនចង់ផ្តាច់ខ្លួនចេញពីក្រុមការងាររបស់លោក ដែលកំពុងបំពេញការងារ នៅលើសង្វៀនមួយ រួចបន្តទៅធ្វើជាអាជ្ញាកណ្តាល នៅសង្វៀនមួយទៀត ក្នុងថ្ងៃតែមួយ ដោយមិនមានការផ្តល់ថវិកាលើកទឹកចិត្តបន្ថែមបែបនេះឡើយ។
លោក ឃឹម សុជាតិ បានបញ្ជាក់ថា៖ «បើមានស្ថានីយណាដាក់សំណើមក (ចង់បានអាជ្ញាកណ្តាលល្អ) ឱ្យគាត់និយាយផ្ទាល់ជាមួយប្អូន ឆាយ ជាប្រធានសហព័ន្ធតែម្តងទៅ គឺមួយកម្មវិធីទាមទារលុយតែម្តង កុំឱ្យពិបាកច្រើន។ យើងចង់បានល្បីប៉ុស្តិ៍យើង ដោយឱ្យខ្ញុំផ្តាច់ចេញពីក្រុមខ្ញុំ តែសួរថា ខ្ញុំមានតម្លៃអត់? ក្រុមខ្ញុំមានតម្លៃអត់? អត់មានតម្លៃផងហ្នឹង អ៊ីចឹងសូមឱ្យតម្លៃដល់ពួកអាជ្ញាកណ្តាលផង»៕