គ្រូ​បង្គោលក្រុម​ភ្នំពេញក្រោន លោក Oleg Starynskyi បាន​អះអាង​ថា លោក និងថ្នាក់ដឹកនាំ​ក្លិប បាន​នឹងកំពុង​ស្វះស្វែង​រក​កីឡាករ​បរទេស មកពីលីក​ខ្លាំងៗ ​មានសមត្ថ​ភាពខ្ពស់ មកជួយ​ដល់​ក្រុម សម្រាប់​ប្រកួតប្រជែង​យកពាន​បន្ថែម​ទៀត នៅ​រដូវ​កាល ឆ្នាំ​២០២៥/២០២៦ ប៉ុន្តែ​កីឡាករ​បរទេស​ទាំង​នោះ មិនមែនជា​អ្នកចាស់ ដែល​ធ្លាប់​លេង​ឱ្យ​ភ្នំពេញក្រោន កន្លងមក​នោះទេ។

លោក Oleg បាន​ទម្លាយថា ខ្សែ​ប្រយុទ្ធ​ដែល​ធ្លាប់បង្ហាញ​គុណ​ភាពបញ្ចប់​ទី​បានយ៉ាង​ល្អ​របស់ជប៉ុន Shintaro Shimizu រួមទាំង​​កីឡាករ​បរទេសចាស់ៗមួយ​ចំនួន​ទៀត ដែល​ធ្លាប់​លេង​ជាមួយ​ក្រុម​ភ្នំពេញក្រោន ជា​ពិសេស​កីឡាករជប៉ុនមានសញ្ជាតិ​ខ្មែរ Takaki Ose, Yudai Ogawa និង​ខ្សែ​បម្រើប្រយុទ្ធ​​កូឡុំប៊ីមានសញ្ជាតិ​ខ្មែរ Nieto Rondon ក៏ដូចជាខ្សែ​ប្រយុទ្ធ Jelle Goselink, Ibeh Ofufu និង Javier Gayoso នឹងមិន​​វិល​ត្រឡប់​មក​វិញ​ទេ។

គ្រូ​បង្វឹកសញ្ជាតិអ៊ុយ​ក្រែន​រូប​នេះ បានប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា៖​ «​ខ្ញុំ​ធ្លាប់បាន​និយាយ​​ក្នុងសន្និសីទកាសែត៤ទៅ​៥ដងហើយថា Shintaro នឹង​មិន​វិល​ត្រឡប់​មក​វិញនោះ​ទេ ចំណែក​កីឡាករ​ដទៃទៀត​ ដែល​ធ្លាប់នៅទីនេះ ក៏នឹងមិន​ត្រឡប់មកវិញដូចគ្នា។ យើងនឹង​នាំ​យក​កីឡាករ​ដែល​ថ្មី ពីលីគ​ខ្លាំងៗ មានសមត្ថ​ភាពខ្ពស់ ដែលអាច​ជួយ​ក្រុម​ឱ្យកាន់​តែ​រីក​ចម្រើន និងចែក​រំលែក​ចំណេះដឹង​​របស់ពួក​គេ​ទៅ​កីឡាករ​ខ្មែរ»។

លោក Oleg ដែល​ធ្លាប់ដឹកនាំ​ក្រុម​​ភ្នំពេញក្រោន ឱ្យ​​ឈ្នះ​ពាន​លីគកំពូលកម្ពុជា ចំនួន​២​លើក កាលពី​ឆ្នាំ​២០២១ និងឆ្នាំ​២០២២ និង​ទើប​​ឈ្នះ​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ឆ្នាំ​២០២៥នេះ បានអះអាង​ថា វាជាពេល​វេលាដែល ភ្នំពេញ​ក្រោន ​ត្រូវ​ធ្វើការ​ផ្លាស់ប្តូរខ្លះ ដែលមានភាពវិជ្ជមាន។ «យើងត្រូវ​ការថាមពលថ្មី ឈាម​ថ្មី នៅក្នុងក្រុម ដូច្នេះ​យើង​អាច​ប្រឹងប្រែង​សម្រាប់​ពានរង្វាន់​ជា​ច្រើន​ទៀត ដូច្នេះ​ការ​ផ្លាស់ប្តូរនេះស្ថិត​នៅក្នុងគំនិត​របស់​យើង​ ដោយ​​យើងចង់នាំ​យកនូវ​គុណភាព​ថ្មីបន្ថែមទៀត»​។

លោក​បានបន្ថែម​ថា៖ «ឥឡូវនេះ​យើងកំពុង​ជ្រើស​រើស​កីឡាករ​ ដែលស្រប​តាមគោលការណ៍​របស់​យើង ស្របទៅនឹងគុណ​ភាព​របស់​ក្រុម ដើម្បីជួយ​ក្នុង​ការ​ឈ្នះ​ពាន​បន្ថែម​ទៀត និង​​ជោគ​ជ័យ​នៅលើ​ឆាក​អន្តរជាតិ​បន្ត​ទៀត។ ​ក្រុម​របស់​យើង កំពុង​ធ្វើការ​លើ​រឿងនេះ ដូច្នេះ​​អ្នកគាំ​ទ្រ​មិនចាំបាច់​ស្មុគស្មាញ​ជុំវិញការ​ផ្លាស់ប្តូរនេះ​ទេ»។

ខ្សែ​ប្រយុទ្ធ​របស់ជប៉ុន Shintaro Shimizu (ក្រហម) ពេល​លេង​ឱ្យ​ក្រុម​ភ្នំពេញ​ក្រោន កាលពី​រដូវ​កាល ឆ្នាំ​២០២៣-២០២៤។ រូ​បថត សហការី

គិតមកដល់ពេលនេះ ភ្នំពេញ​ក្រោន បានបញ្ចប់​កិច្ចសន្យា​ជាមួយ​កីឡាករ​បរទេស​រហូត​ដល់​៦នាក់ គឺបានរក្សា​ទុក​តែ​ខ្សែការពារ​របស់កូរ៉េខាងត្បូង Yi Young Park ម្នាក់​ទេ តាម​រយៈការ​បន្តកុង​ត្រា​ចំនួន​១​ឆ្នាំ​ទៀត ហេតុនេះ​ភ្នំពេញ​ក្រោន ចាំបាច់ត្រូវជ្រើស​រើស​កីឡាករ​បរទេស​បន្ថែម​​ទៀត ដើម្បី​ត្រៀម​ការ​ប្រកួត​រដូវកាល​ថ្មី ជាពិសេស​ការ​ប្រកួត​ពានរង្វាន់ AFC Challenge League 2025/2026 ដែល​ភ្នំពេញ​ក្រោន ត្រូវប្រកួតជម្រុះ​ជាមួយ​ក្រុមជើងឯក​របស់​ប្រ៊ុយណេ Kasuka FC នៅ​ថ្ងៃទី​​១២ ខែសីហា ឆ្នាំ​២០២៥។

បើទោះបីជា​ក្រុម​ភ្នំពេញក្រោន បាន​ត្រឹម​ប្រកួតជម្រុះ​ពាន​រង្វាន់ AFC Challenge League 2025/2026 ខុសពី​ក្រុមម្ចាស់​ជើងឯក ព្រះខ័នរាជស្វាយរៀង ដែលបាន​ឡើង​ទៅលេង​នៅវគ្គ​ចែក​ពូល​នៃពាន​រង្វាន់នេះ ដោយស្វ័យប្រវត្តិ ប៉ុន្តែ​លោក Oleg បានចាត់ទុកការ​ទទួលបាន​កៅអី​នេះថា ពិតជា​ដំណឹង​វិជ្ជមាន សម្រាប់​ក្លិប​ និង​ប្រជាជនកម្ពុជា ដែល​ភ្នំពញ​ក្រោន បាន​លេងតំណាង​ឱ្យ​កម្ពុជា ជាថ្មី នៅលើ​ឆាកអន្តរជាតិ។

លោក​បញ្ជាក់​ថា៖ «​ពិតណាស់​ដំបូង​ឡើយ យើងមិន​បាន​រំពឹង​ថា​ នឹង​បានកៅអីនេះទេ តែ​រហូត​ដល់​ចប់រដូវកាល យើង​ទទួលបាន​ដំណឹង​នេះ ជុំវិញការ​កែ​សម្រួល​ ដូច្នេះ​វាពិតជា​ល្អ ហើយ​គ្រប់គ្នា​មានការ​រំភើប​ និង​រង់ចាំ​សម្រាប់​ពាន​រង្វាន់នេះ»។

គ្រូ​បង្គោល​ក្រុម​ភ្នំពេញ​ក្រោន លោក Oleg បាន​បន្ថែម​ថា៖ «​យើង​រីក​រាយ​ខ្លាំងណាស់ ហើយ​យើង​នឹងរៀបចំ​​ក្រុម​សម្រាប់វគ្គ​ជម្រុះ​នេះ។ គោលដៅ​របស់យើង គឺ​ឡើង​វគ្គ​ចែកពូល​ ដូច្នេះ​វាជា​ការ​​ប្រកួតប្រជែង​ដ៏​ល្អ។ យើងនឹងរៀបចំក្រុម រៀបចំកីឡាករ ជាមួយតាក់តិច និង​អ្វីៗគ្រប់​យ៉ាង​ ដើម្បី​ទទួល​បានលទ្ធផល​ល្អ៕​