ក្រុម​កីឡាករ កីឡាការិនីហាប់គីដូកម្ពុជា បានបញ្ចប់ការ​ប្រកួត​​កីឡាហាប់គីដូ​ជើងឯក​អាស៊ីអាគ្នេយ៍ លើក​ទី​២ ឆ្នាំ​២០២៥ (2nd South East Asia Hapkido Championship 2025) នៅប្រទេស​ឥណ្ឌូនេស៊ី ដោយ​ឈ្នះ​បានមេដាយសរុប​ចំនួន​២៣ គឺមេដាយ​មាស​៤ ប្រាក់​៧ និងមេដាយ​សំរឹទ្ធចំនួន​១២។

តាម​រយៈ​ការ​ប្រកួតចំនួន​២​ថ្ងៃ កាលពី​ថ្ងៃទី​១៤ និងទី​១៥ ខែមិថុនានេះ ក្រុមអត្តលិកកីឡាហាប់គីដូកម្ពុជា បាន​ធ្វើ​ឱ្យបណ្តា​ប្រទេស​ទាំង​៨ ដែលបានចូលរួមក្នុងការ​ប្រកួតកីឡាហាប់គីដូ​ជើងឯកអាស៊ាន​នេះ មានការ​ភ្ញាក់ផ្អើល តាម​រយៈការ​ដណ្តើម​បានមេដាយមាស ប្រាក់ និងសំរឹទ្ធ ស្ទើរ​គ្រប់វិញ្ញាសា ជាពិសេស​គឺ​អត្តពលិកទាំង​១១នាក់​របស់កម្ពុជា សុទ្ធតែ​ដណ្តើមបានមេដាយដូចគ្នា។

លោក គង់ ចាន់ធីណា អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ បានប្រាប់ពី​ប្រទេសឥណ្ឌូនេស៊ីមក​ថា៖ ​«មុនការ​ប្រកួត យើង​គិតថា ឱ្យតែ​ដណ្តើម​បាន​មេដាយមាស​ចន្លោះពី​២​ទៅ​៣​គ្រឿង វាអាច​បញ្ជាក់ពីកម្រិតបច្ចេកទេសរបស់​យើង​ប្រដំប្រសង​នឹងប្រទេស​មួយចំនួនទៅហើយ ប៉ុន្តែ​ជាក់​ស្តែង​យើងដណ្តើមបានមេដាយមាស​៤ រួមទាំង​មេដាយប្រាក់ និងសំរឹទ្ធ​ជាច្រើនទៀត គឺពិតជារំភើបណាស់»។

លោកបញ្ជាក់ថា៖ «យើង​ទទួលបានលទ្ធផល​ល្អប្រសើរជាងការ​រំពឹងទុក ហើយការ​ដណ្តើមបានមេដាយជាច្រើននេះ ធ្វើ​ឱ្យប្រណ្តា​ប្រទេស​ចូលរួម​ទាំងអស់ មានការ​ភ្ញាក់​ផ្អើល ដែល​កម្ពុជា​យើងធ្វើបានល្អ ទោះបីជា​ក្រុមអត្តពលិក​របស់យើង មិនសូវមានឱកាស​បានចេញ​ទៅ​ប្រកួត​នៅក្រៅប្រទេស»។

នៅក្នុងចំណោម​​មេដាយ​ទាំង​២៣ ដែល​ក្រុមហាប់គីដូកម្ពុជា ដណ្តើមបានពីការ​ប្រកួតជើងឯក​អាស៊ាន​នេះ កីឡាការិនី គង់ម៉ូណា ជេសស៊ីកា ដណ្តើម​បានមេដាយ​ទាំង​៣​វិញ្ញាសា ដែល​កញ្ញាបានឈ្នះ​មេដាយមាស​១ ប្រាក់​១ និងសំរឹទ្ធ​១ ចំណែក​ប្អូនស្រី​របស់នាង គង់ម៉ូណា ដាយអាណា ឈ្នះ​បាន​មេដាយមាស​១ និងសំរឹទ្ធ​១​ ហើយ​កីឡាករ គង់ម៉ូណា មិថុរ៉ា ដែល​ជាបងប្រុស ដណ្តើម​បាន​មេដាយប្រាក់​ចំនួន​២។

លោក គង់ ចាន់ធីណា ពេលឡើងបំពាក់មេដាយ​ដល់​អត្តពលិកកម្ពុជា និង​អត្តពលិក​អន្តរជាតិ ដែល​ដណ្តើមបានមេដាយ ក្នុងការ​ប្រកួតកីឡាហាប់គីដូជើងឯក​អាស៊ាន លើក​ទី​២ ឆ្នាំ​២០២៥។ រូប​ថត សហព័ន្ធ

ជាមួយគ្នានេះ ​កីឡាករវ័យក្មេង សុខុន សីហនុត ក៏ដណ្តើមបានមេដាយ​ទាំង​៣​វិញ្ញាសា ដែរ គឺរូបគេ​បាន​មេដាយមាស លើ​វិញ្ញាសាប្រយុទ្ធ និងមេដាយសំរឹទ្ធចំនួន​២​ទៀត លើ​វិញ្ញាសា​លោតចម្ងាយ និងវិញ្ញាសាកាច់។ រីឯ​​មេដាយមាស​១​ទៀត ដណ្តើម​បាន​ដោយ​​កីឡាករ ភិន មុនីរតន៍ លើ​វិញ្ញាសាលោតចម្ងាយ ហើយ មុនីរតន៍ ក៏ដណ្តើម​បាន​មេដាយប្រាក់​​លើ​វិញ្ញាសា​ប្រយុទ្ធ​ផងដែរ។

ជាមួយការ​ដណ្តើមបានមេដាយមាស​៤ ប្រាក់៧ និងសំរឹទ្ធចំនួន​១២ ពីការ​ប្រកួតកីឡាហាប់​គីដូ​ជើងឯក​អាស៊ាន​នេះ លោក គង់ ចាន់ធីណា បាន​បង្ហើប​ថា ប្រទេស​មួយចំនួន មិនធ្លាប់​ដឹង​ថា កម្ពុជា មាន​វិស័យកីឡា​ហាប់​កីដូ​នោះ​ទេ ប៉ុន្តែ​ក្រុមកម្ពុជា បែរជាបង្ហាញ​សមត្ថភាព​ប្រកួត​ប្រជែងគួរ​ឱ្យកោត​សរសើរ។

លោក ចាន់ធីណា ដែលជា​គ្រូ​ធំប្រចាំសហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ​ផង​នោះ បញ្ជាក់​ថា៖ «ប្រទេស​ខ្លះ មានការងឿយ​ឆ្ងល់ ព្រោះពួកគាត់មិន​ដឹង​ថា នៅកម្ពុជា​យើង មានប្រភេទ​កីឡាហាប់គីដូ​ដែរ តែនៅពេល​ឃើញ​វត្តមាន​ក្រុមហាប់គីដូ​របស់យើង ធ្វើបាន​ល្អបែបនេះ គឺ​ប្រតិភូ​របស់ប្រទេស​ផ្សេង មានការ​ភ្ញាក់​ផ្អើល និងបានកោតសរសើរ​ដល់​ពួក​យើង ជាពិសេសម្ចាស់ផ្ទះឥណ្ឌូនេស៊ីតែម្តង ដែលមានការ​រីកចម្រើន​ខ្លាំង​លើប្រភេទ​កីឡា​ហាប់គីដូ​នេះ»។

ជាមួយ​ភាពរីកចម្រើន​របស់ក្រុម​ហាប់គីដូកម្ពុជា​នេះ លោក ចាន់ធីណា បានបន្ថែម​ថា៖ «ទិសដៅ​របស់ថ្នាក់ដឹកនាំ​ ជាពិសេស​​លោកឧកញ៉ា សៅ សេងហាក់ ជាប្រធានសហព័ន្ធ បាន​ខិតខំប្រឹងប្រែង​ជំរុញ​ការអភិវឌ្ឍ​វិស័យ​កីឡា​នេះ​នៅ​កម្ពុជា ឱ្យបោះជំហានទៅមុខ​បាន​ល្អប្រសើរ​ជាងមុន ដោយ​លោក​ឧកញ៉ា​ បានលះ​បង់ថវិកា​ផ្ទាល់​ខ្លួន គឺ​ធ្វើ​ម៉េច​ឱ្យក្រុម​ហាប់គីដូ​របស់យើង បានចេញ​ទៅប្រកួត នៅលើ​ឆាកអន្តរជាតិ»។

គួរបញ្ជាក់ថា នៅក្នុង​រយៈពេល​ជាង​៣០ឆ្នាំមកនេះ សហព័ន្ធ​ខ្មែរ​កីឡាហាប់គីដូ ទើបតែ​មានឱកាស​​បញ្ជូនក្រុម​អត្តពលិក​ទៅ​ចូលរួមការ​ប្រកួត​នៅលើ​ឆាក​អន្តរជាតិ ជា​លើក​ទី​២​នេះទេ ខណៈការ​ចូលរួម​ការ​ប្រកួត​ជាលើកដំបូង ក្នុង​ការ​​ប្រកួត​កីឡាហាប់គីដូ​ជើងឯកពិភពលោក ​ឆ្នាំ​២០២៤ (World I.H.F Hapkido Championship 2024) នៅ​ប្រទេសថៃ  ក្រុមហាប់គីដូកម្ពុជា ទទួលបានលទ្ធផល​ដ៏​ត្រចះត្រចង់ គឺ​​ដណ្តើម​បានមេដាយ​មាស​១២ ប្រាក់​១៣ និងសំរឹទ្ធ​​១៥ សរុបចំនួន​៤០មេដាយ៕