ក្លិបបាល់​ទាត់ឡាយហ្វ (Life FC) បានបង្ហាញពីទំនុកចិត្ត​ខ្ពស់​ចំពោះ​គ្រូ​បង្គោល​ថ្មី លោក Heo Jae Won  ក្នុងការ​ដឹកនាំ​ក្រុម​ឆ្ពោះទៅរក​ការ​ទទួលបាននូវ​សមិទ្ធផល​ជោគ​ជ័យ សម្រាប់ការ​ប្រកួតប្រជែង​នៅរដូវកាលថ្មី ឆ្នាំ​២០២៥-២០២៥ បន្ទាប់ពីក្រុមមួយនេះ បានបញ្ចប់​ការ​ប្រកួត នៅរដូវ​កាលចាស់ ដោយមិនទទួល​បានអ្វីសោះនោះ។

     Life FC បានប្រកាស​​តែងតាំងលោក Heo Jae Won ជា​គ្រូ​បង្គោល​ថ្មី កាលពី​ល្ងាច​ថ្ងៃ​ចន្ទហើយ​តាម​រយៈ​ការ​ប្រកួត​ជា​ផ្លូវ​ការនេះ គ្រូ​បង្វឹក​ជនជាតិកូរ៉េខាងត្បូងរូប​នេះ នឹង​ចូល​ខ្លួន​ដឹកនាំ​ក្រុម​ជំនួស​អតីត​គ្រូ​បង្គោល​ចាស់ លោក Jorg Peter Steinebrunner ដែល​ត្រូវបាន​ Lifeប្រកាស​ចែក​ផ្លូវ​គ្នា កាលពី​ថ្ងៃទី​៦ ខែមិថុនា ឆ្នាំ​២០២៥។

     មិនមែនតែ​  លោក Jorg Peter Steinebrunner ម្នាក់​ទេ ដែល​ Life FC បាន​បញ្ចប់កិច្ចសន្យា ប៉ុន្តែ​លោក កាក់ មេសា ជាអ្នកចាត់ការទូទៅ ក៏​ត្រូវបានក្លិប​នេះ ប្រកាស​ពីការបញ្ចប់កិច្ចសន្យា កាលពីថ្ងៃ​អាទិត្យ ហើយ​កីឡាករ​បរទេស​ដូចជា Samual Erik Strong, Okoro Osa Orobosa, Kipson Atuheire និង Seo-in Kim និងកីឡាករ​ក្នុងស្រុក លីន តារាដេវិត្យ, ចាន់ សារ៉ាពេជ្រ, សន សុវត្ថិ, ម៉េង សុភា, រង់ ពិសី, ទៀត គីមហេង សុទ្ធតែ Life បានប្រកាស​ពីការ​បញ្ចប់កិច្ចសន្យា។

     ជាមួយការ​រុះរើ​ទាំង​ក្បាលម៉ាស៊ីនដឹកនាំ និង​កីឡាករជា​ច្រើននាក់​នេះ ត្រូវបាន​គេ​គិត​ថា ដោយសារ​ក្លិបបាល់​ទាត់ឡាយហ្វ ដណ្តើម​លទ្ធផលមិនល្អ ក្នុងការ​ប្រកួត​រដូវ​កាលចាស់ ឆ្នាំ​២០២៤-២០២៥ ដោយក្រុម​នេះ បានត្រឹម​ចំណាត់ថ្នាក់លេខ​១០ សម្រាប់​ការ​ប្រកួត​លីគកំពូល​កម្ពុជា  ដោយ​ឈ្នះ​៤ ស្មើ​៥ ចាញ់​១៩​ដង និង​​បានធ្លាក់ចេញពីការ​ប្រកួត​ពានរង្វាន់​សម្តេច ហ៊ុន សែន នៅត្រឹម​វគ្គ​ជម្រុះ​១៦ក្រុម ក្រោយ​ចាញ់​ក្រុមគិរីវង់សុខសែនជ័យ ២-០ និង ៣-២ សម្រាប់ការ​ប្រកួតទាំង​២​ជើង។

     យ៉ាងណា​ក៏​ដោយ ជាមួយការ​ប្រកាស​បេក្ខភាព​គ្រូ​បង្គោល​ថ្មី  លោក Heo Jae Won ក្លិប​បាល់​ទាត់ឡាយហ្វ បានបង្ហាញ​ទំនុក​ចិត្តខ្ពស់​ទៅលើ​គ្រូ​បង្វឹក​កូរ៉េខាងត្បូងម្នាក់នេះ ថា នឹងនាំយក​នូវ​បទពិសោធន៍បាល់​ទាត់​ល្អៗ មកបណ្តុះក្តីសង្ឃឹម​ដល់​យុវជន​ ក៏ដូចជា​ដឹកនាំ​ក្រុម Life FC ឆ្ពោះ​ទៅ​រក​ភាព​ជោគជ័យ។

សកម្មភាពប្រកួត​របស់ក្រុម​ Life FC ក្នុង​ការ​ប្រកួតលីគកំពូលកម្ពុជា រដូវ​កាលឆ្នាំ​២០២៤-២០២៥។ រូប​ថត Life FC

     Life FC បានបញ្ជាក់​តាមសេចក្តី​ប្រកាស​របស់ខ្លួន​បែបនេះ​ថា៖ «ជាមួយនឹងបទពិសោធន៍ និងទេពកោសល្យ ក្នុងភាពជាគ្រូបង្វឹកដឹកនាំបាល់ទាត់អស់ជាច្រើនឆ្នាំ លោក Heo Jae Won នឹងនាំមកនូវបទពិសោធ បាល់ទាត់ ដែលបណ្តុះក្តីស្រមៃរបស់យុវជន ក្លិបបាល់ទាត់ឡាយហ្វ និងបង្ហាញផ្លូវសម្រាប់អនាគត​កីឡាករ​ជំនាន់​ក្រោយ​របស់​កម្ពុជា នៅក្នុងរដូវ​កាល​ថ្មី​ដ៏គួរ​ឱ្យ​រំភើប​នាពេលខាង​មុខនេះ»។

     ក្លិប​បានបន្ថែមថា៖ «យើងខ្ញុំកំពុងទន្ទឹងរង់ចាំនូវរដូវកាលមួយ ដែលពោរពេញទៅដោយការប្រកួតប្រជែងដ៏ខ្លាំងខ្លា ដែលមានការរូបរួមគ្នាជាក្រុម ឆ្ពោះទៅរកភាពជោគជ័យ និងពេលវេលា ដែល​មិន​អាច​បំភ្លេចបាន។ សូមរង់ចាំតាមដានព័ត៌មានថ្មីៗ ហើយត្រៀមខ្លួន​ដើម្បី​គាំទ្រ​ក្រុម​របស់យើង​សម្រាប់​រដូវកាលថ្មីនេះ!»។

     តាមប្រវត្តិត្រួសៗ លោក Heo Jae Won ធ្លាប់​ជាប់​ជាកីឡាករ​ជម្រើសជាតិ​កូរ៉េខាងត្បូង ទាំងក្រុម​អាយុ​ក្រោម​២០​ឆ្នាំ និង​អាយុក្រោម​២៣​ឆ្នាំ មុនពេល​ខ្សែការពារ​កម្ពស់​១,៨៧​ម៉ែត្រ​រូប​នេះ ចូលប្រកប​អាជីព​ជាមួយ​ក្លិប​ លេង​នៅលីគកូរ៉េខាងត្បូង ចំនួន​៥ ជាបន្តបន្ទាប់​គ្នា ពី​ឆ្នាំ​២០០៦ ដល់​ឆ្នាំ​២០១៥។ 

បន្ទាប់​មក​នៅ​ឆ្នាំ​២០១៦ លោក​បានចេញមក​ប្រកកអាជីពនៅ​​ក្រៅស្រុក​ជាមួយ​ក្រុម Al-Khor Sports Club ដែល​លេង​នៅលីគកាតា និងក្រុម Dibba Football Club ហើយ​នៅឆ្នាំ​២០១៧ លោក​ Heo Jae Won បាន​មករួមរស់ជាមួយក្រុម Pahang FC នៅលីគកំពូលម៉ាឡេស៊ី មុន​វិល​ត្រឡប់​ទៅលេង​ឱ្យ​ក្រុម Jeonnam Dragons នៅស្រុកកំណើតវិញ នៅ​ឆ្នាំ​២០១៨។

យ៉ាងណា​ក៏ដោយ គេនៅមិនទាន់ប្រាកដ​ថា ការ​ធ្វើដំណើរ​មកប្រកបអាជីព​ជា​លើក​ដំបូង នៅ​ប្រទេស​កម្ពុជា ក្នុងនាមជា​គ្រូ​បង្គោល​ឱ្យ​ក្រុម Life FC លោក Heo Jae Won នឹង​អាច​កែប្រែ​ស្ថាន​ភាព​ក្រុម​មួយនេះ ឱ្យឈានទៅរកការ​ប្រកួតប្រជែងកាន់​តែ​ខ្លាំង ឬក៏ជួបហេតុការណ៍គិត​មិន​ដល់​ដូច​គ្រូ​បង្វឹក Jorg Peter Steinebrunner នោះទេ ព្រោះកៅអី​នៅ Life FC រាង​ក្តៅបន្តិច​ហើយ ព្រោះ​គ្រូ​បង្វឹក​ជើងចាស់ លោក ប្រាក់ សុវណ្ណារ៉ា ក៏ធ្លាប់​ត្រូវ​បានក្លិប​មួយនេះ បញ្ចប់កិច្ចសន្យា​ផងដែរ៕