
លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ពេលដឹកនាំអង្គប្រជុំ កាលពីថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៥។ រូបថត សហព័ន្ធ
មន្រ្តីសហព័ន្ធកីឡាប្រដាល់គុនខ្មែរ លោក រាជ សុផែន បានចាត់ទុកទង្វើរបស់លោកគ្រូ សួង បញ្ញា ប្រៀបដូចទៅនឹងមនុស្ស «ពាល» ដែលមិនស្តាប់ថ្នាក់ដឹកនាំសហព័ន្ធ ហើយថែមទាំងបានពោលពាក្យតិះដៀលថ្នាក់ដឹកនាំទៀត ហេតុនេះហើយ ទើបសហព័ន្ធ ឈានដល់ការដាក់ពិន័យ ប៉ុន្តែ សួង បញ្ញា មិនព្រមទទួលយកការពិន័យនេះទេ ដោយប្រកាន់ជំហរប្រឆាំងដល់ដំណាក់កាលចុងក្រោយ។
លោក រាជ សុផែន បានទម្លាយថា ក្លិបអភិរក្សគុនខ្មែររុងរឿងរបស់លោកគ្រូ សួង បញ្ហា ជាសមាជិករបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ប៉ុន្តែរាល់ការអនុវត្តរបស់គ្រូបង្វឹកម្នាក់នេះ តែងតែធ្វើការរិះគន់ និងប្រឆាំងជាមួយសហព័ន្ធ ដោយចោទថា សហព័ន្ធ មិនដឹងយកច្បាប់ពីណាមកដាក់ពិន្ទុដល់កីឡាករ ដែលមិនមានភាពច្បាស់លាស់។
លោកបានបន្ថែមថា៖ «សហព័ន្ធ មានបទបញ្ជាផ្ទៃក្នុង មានច្បាប់ និងមានមន្រ្តីបច្ចេកទេស សុទ្ធតែបានឆ្លងកាត់ការរៀនសូត្រ មុននឹងឱ្យចូលរួមបំពេញការងារក្នុងសហព័ន្ធ ប៉ុន្តែលោក សួង បញ្ហា មិនទទួលស្គាល់ថា មន្រ្តីទាំងអស់ហ្នឹង ជាមន្រ្តីត្រឹមត្រូវតាមផ្លូវច្បាប់នោះទេ។ គាត់ថា មន្រ្តីទាំងអស់ហ្នឹង មិនដែលឡើងប្រកួតផង ហេតុអីមកអង្គុយដាក់ពិន្ទុបាន»។
ចំពោះឥរិយាបទរបស់លោក សួង បញ្ញា នេះ លោក រាជ សុផែន បញ្ជាក់ថា៖ «ខ្ញុំហ៊ាននិយាយថា គាត់ ជាមនុស្សពាល ព្រោះគាត់មិនស្តាប់ថ្នាក់ដឹកនាំរបស់សហព័ន្ធ ដែលប្រៀបដូចជាឪពុកម្តាយទៅហើយនោះ ហើយគាត់ថែមទាំងបានបង្ហោះហ្វេសប៊ុកតិះដៀល និងប្រើពាក្យអសុរោះមកលើសហព័ន្ធ ហេតុនេះហើយទើបសហព័ន្ធ ពិចារណា និងប្រជុំដាក់ពិន័យតែម្តងទៅដើម្បីកុំឱ្យអ្នកផ្សេងទៀត យកគំរូតាមគាត់»។
តាមសេចក្តីសម្រេចរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ចុះថ្ងៃទី១៦ ខែមិថុនា បានពិន័យលោក សួង បញ្ញា គ្រូបង្វឹកកីឡាប្រដាល់គុនខ្មែរនៃក្លិបអភិរក្សខ្មែររុងរឿង មិនអនុញ្ញាតឱ្យចូលរួមក្នុងកម្មវិធីប្រកួតកីឡាប្រដាល់គុនខ្មែរ តាមបណ្តាញស្ថានីយទូរទស្សន៍ ដៃគូអភិវឌ្ឍ និងសហព័ន្ធកីឡាប្រដាល់គុនខ្មែររយៈពេល៣ខែ ចាប់ពីថ្ងៃទី១៧ ខែមិថុនា ដល់ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥។
ចំពោះការដាក់ពិន័យនេះ សហព័ន្ធ បានបញ្ជាក់ថា៖ «ដោយសារ (លោក សួង បញ្ញា) បានប្រព្រឹត្តចោទប្រកាន់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដោយគ្មានមូលដ្ឋាន ផ្សព្វផ្សាយបង្កើតឱ្យមានការយល់ច្រឡំ ញុះញង់ឱ្យមានអធិករណ៍ នៅក្នុងវិស័យកីឡាប្រដាល់គុនខ្មែរ ធ្វើឱ្យប៉ះពាល់ដល់ការអភិវឌ្ឍវិស័យកីឡាប្រដាល់គុនខ្មែរទាំងមូល»។

លោកគ្រូ សួង បញ្ញា ពេលឡើងសួរសំណួរទៅកាន់លោក ខូវ ឆាយ នៅក្នុងកិច្ចប្រជុំ កាលពីថ្ងៃទី១៦ ខែមិថុនា មុនពេលលោកត្រូវបានសហព័ន្ធ សម្រេចពិន័យបញ្ឈរជើងចំនួន៣ខែ។ រូបថត សហព័ន្ធ
គួររំឭកថា នៅមុនការដាក់ពិន័យចំពោះលោក សួង បញ្ហា នេះ លោក ខូវ ឆាយ សហព័ន្ធកីឡាប្រដាល់គុនខ្មែរ កាលពីរសៀលថ្ងៃទី១៦ ខែមិថុនា បានដឹកនាំកិច្ចប្រជុំ ស្តីពីការពង្រឹងលើការងាររៀបចំចងក្រងគណៈកម្មការចាប់គូប្រចាំស្ថានីយ៍នីមួយៗ និងការងារដឹកនាំគ្រប់គ្រងការប្រកួតកីឡា ប្រដាល់គុនខ្មែរប្រចាំសប្តាហ៍ ដោយមានការអញ្ជើញចូលរួម ពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ហើយលោក សួង បញ្ញា ក៏មានវត្តមានក្នុងកិច្ចប្រជុំនោះដែរ។
នៅក្នុងកិច្ចប្រជុំនោះ លោក ខូវ ឆាយ បានលើកយកសៀវតាក់តែងច្បាប់ និងលក្ខន្តិកផ្សេងៗ ដែលត្រូវបានកែសម្រួល កាលពីឆ្នាំ២០២៤ មកពិភាក្សាគ្នា ហើយផ្តោតខ្លាំងទៅលើបច្ចេកទេសនៃការដាក់ពិន្ទុរបស់មន្រ្តីចៅក្រម។ លោកបានពន្យល់យ៉ាងលម្អិតពីបញ្ហានេះ ដែលគ្រប់គ្នាសុទ្ធតែទទួលយកបាន ប៉ុន្តែលោក សួង បញ្ញា មិនព្រមទទួលយកពីច្បាប់ដាក់ពិន្ទុជារួមនេះទេ ទោះបីជាមានការពន្យល់បន្ថែមពីគ្រូបង្វឹកចាស់ៗ ដែលជាអ្នកចូលរួមតាក់តែងច្បាប់ទាំងអស់នេះក្តី។
លើសពីនេះ លោក សួង បញ្ញា បានដើរចេញពីអង្គប្រជុំមុនពេលកំណត់ ហើយបានបង្ហោះសារ បែបមិនផ្តល់តម្លៃដល់ថ្នាក់ដឹកនាំសហព័ន្ធ និងគ្រូបង្វឹកចាស់់ៗ ដែលប្រាប់ពីលក្ខខណ្ឌច្បាប់ដល់រូបលោកបែបនេះថា៖ «គ្នាច្រើន ចង់ព្រួតវៃ សួង បញ្ញា ទៅអត់រួចទេ មិនក្បត់ឧត្តមគតិខ្លួនឯងឡើយ។ អរគុណមេមេ ដែលប្រជុំ»។
ក្រៅពីសារមួយនេះ លោក សួង បញ្ហា បានបង្ហោះសារដាច់ដោយឡែកមួយទៀត ដែលហាក់សំដៅទៅលើលោក ខូវ ឆាយ ដែលបានចាត់ទុកការលើកឡើងរបស់លោក នៅក្នុងអង្គប្រជុំកាលពីថ្ងៃទី១៦ ខែមិថុនានោះ ថា ជាការយល់ឃើញដោយខ្លួនឯង ដោយផ្នែកតែលើកបទពិសោធន៍ តែគ្មានឯកសារ និងការសិក្សាពីច្បាប់ប្រកួតជាអន្តរជាតិឱ្យបានច្បាស់លាស់។
លោកគ្រូ សួង បញ្ញា បានសរសេរថា៖ «ខ្ញុំដើររៀនសូត្រសង្វៀនក្រៅប្រទេសច្រើនណាស់ ខ្ញុំមិនមែនកង្កែបក្នុងអណ្តូងទេ កុំមើលងាយខ្ញុំថា មិនដែលរៀនសូត្រ។ វ៉ៃប្រដាល់១០ឆ្នាំជាង នៅក្នុងវិស័យគុនខ្មែរជិត២០ឆ្នាំ បើមិនហៅថា រៀនទៀត ធ្វើម៉េចបានឡើងប្រកួតកើត។ ថ្ងៃណាមួយភាពអយុត្តិធម៌កើតមកលើខ្លួនយើង ទើបយើងឈឺចាប់! របស់អ្វីក៏ដោយ ធំធ្ងន់ ឡើងលើខ្ពស់ប៉ុណ្ណា គង់ធ្លាក់មកបាតដីវិញ ជាមិនខាន»។
ជាមួយគ្នានេះ លោកគ្រូ សួង បញ្ញា មិនព្រមទទួលយកការពិន័យរបស់សហព័ន្ធកីឡាប្រដាល់គុនខ្មែរ រយៈពេល៣ខែនេះទេ ហើយលោកបានបន្តបង្ហោះសារបែបចំអកដល់លោក ខូវ ឆាយ ជាប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ឱ្យបិទក្លិបរបស់លោកតែម្តងទៅ។ បន្ថែមលើនេះ លោក បញ្ញា បាននិយាយដៀមដាមដាក់ទៅលោក រាជ សុផែន និងមន្រ្តីសហព័ន្ធមួយចំនួនទៀតថា ជាបិសាចជញ្ជក់ឈាម។
សួង បញ្ញា បានបញ្ជាក់តាមការឡាយ នៅថ្ងៃទី១៨ មិថុនានេះថា៖ «តើឱ្យខ្ញុំទទួលយកការដាក់ពិន័យនេះយ៉ាងម៉េច? ហើយឱ្យខ្ញុំសុំទោស ដើម្បីបានក្លិបអភិរក្សគុនខ្មែររុងរឿង មកវិញ។ ខ្ញុំថា មិនបាច់ទេ ខ្ញុំអត់សុំទោសនរណាទេ ព្រោះខ្ញុំគ្មានកំហុស តែមន្រ្តីរបស់អស់លោកទៅវិញ សុទ្ធតែនិយាយថា ចាត់វិធានការក្តៅ សុទ្ធតែបង្រ្កាបជនពាល អាហ្នឹងធ្ងន់ធ្ងរមែនទែន។ មនុស្សពិការហើយ (សំដៅលើការ រាជ សុផែន) សាហាវប៉ុណ្ណឹង ចុះទម្រាំអត់ពិការទៀត គឺដូចខ្ញុំនិយាយអ៊ីចឹង ក្រុមបិសាចជញ្ជក់ឈាម បានរស់ឡើងវិញហើយ »៕