
ក្រុមប្រដាល់គុនខ្មែរ បានបញ្ចប់បេសកកម្មនៃការប្រកួតនៅលើទឹកដីអាមេរិក ដោយឈ្នះបានខ្សែក្រវាត់ចំនួន៣នាក់ និងចាញ់២នាក់។ រូបថត Krud Kun Khmer
កីឡាករជើងខ្លាំងរបស់កម្ពុជា ពេជ្រ សម្បត្តិ, ឡៅ ចន្ទ្រា និង លន បញ្ញា សុទ្ធតែដណ្តើមបានខ្សែក្រវាត់រៀងៗខ្លួន សម្រាប់ការប្រកួត នៅសហរដ្ឋអាមេរិក ប៉ុន្តែកីឡាការិនី អេ យ៉ានុត បានទួញយំដូចកូនក្មេង ខណៈរូបនាងនៅតែមិនអាចដណ្តើមបានខ្សែក្រវាត់ សម្រាប់ការប្រកួតនៅលើទឹកដីមហាអំណាចនេះ ចំណែក ឡៅ ចិត្រា ត្រូវបានប្រកាសឱ្យចាញ់ជើងខ្លាំងបានកម្ពស់ Juan Jackson ទាំងមិនទំនង។
សម្រាប់ព្រឹត្តិការណ៍អន្តរជាតិគ្រុឌគុនខ្មែរ ជាលើកទី២ នៅអាមេរិក (KRUD KUN KHMER TO USA 2) ដែលធ្វើនៅមជ្ឍមណ្ឌលសន្និបាតក្រីត័រតាកូម៉ា ទីក្រុងតាកូម៉ា សហរដ្ឋអាមេរិច កាលពីថ្ងៃទី៣១ ខែឧសភា ត្រូវនឹងថ្ងៃទី១ ខែមិថុនា នៅកម្ពុជានេះ ពេជ្រ សម្បត្តិ និង លន បញ្ញា សុទ្ធតែដណ្តើមបានខ្សែក្រវាត់ International USECA Champion ទាំងលំបាក ក្នុងការប្រកួត៥ រីឯ ឡៅ ចន្ទ្រា បានឈ្នះខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ចំពោះការប្រកួត៣ទឹក។
ចំពោះការប្រកួតដណ្តើមខ្សែក្រវាត់ USECA ក្នុងប្រភេទទម្ងន់៦០គីឡូក្រាមនេះ ពេជ្រ សម្បត្តិ ត្រូវបានគេមើលឃើញថា អាចមានឱកាសផ្តួល Malcom Hill ឱ្យសន្លប់ នៅពេលរូបគេ បានម៉ាត់ឱ្យកីឡាករអាមេរិកម្នាក់នេះ ដួលអុកគូទទាំងជំហរ នៅចុងទឹកទី២នោះ ប៉ុន្តែលោកអាជ្ញាកណ្តាល មិនបានរាប់ទៅលើ Malcom Hill ដែលក្រោកឡើងទាំងស្ថានភាពយ៉ាប់នោះទេ។
អ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺកីឡាករ Malcom Hill ដែលធ្លាប់ឈ្នះខ្សែក្រវាត់ WBC ចំនួន២ស្ថាប័ននោះ ពិតជាមានភាពធន់ខ្លាំង ក្នុងការទប់ការវាយសម្រុករបស់ ពេជ្រ សម្បត្តិ រហូតដល់ចប់៥ទឹកពេញ និងបានចាញ់ត្រឹមពិន្ទុ ហើយការវាយកែងសងរបស់កីឡាករអាមេរិកម្នាក់នេះ ក៏បានធ្វើឱ្យ សម្បត្តិ បែកចុងចិញ្ចើមឆ្វេង នៅទឹកទី៣ផងដែរ។

កីឡាការិនី អេ យ៉ានុត (ក្រហម) ពេលប្រកួតជាមួយកីឡាការិនីកាណាដា Vectoria Borgdan នៅលើទឹកដីអាមេរិក។ រូបថត Krud Kun Khmer
តាមរយៈជ័យជម្នះនេះ បានជួយឱ្យ ពេជ្រ សម្បត្តិ ក្លាយជាម្ចាស់ខ្សែក្រវាត់ International USECA Champion យ៉ាងរំភើប ហើយនេះក៏ជាលើកទី២ផងដែរ ដែល សម្បត្តិ បានឈ្នះខ្សែក្រវាត់ នៅលើទឹកដីអាមេរិក ខណៈការចេញទៅលើកទី១ នៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វញ៉ា កាលពីខែមេសា ឆ្នាំ២០១៥ គឺ ពេជ្រ សម្បត្តិ បានក្លាយជាបេក្ខភាពតំណាងឱ្យកម្ពុជាតែម្នាក់គត់ ក្នុងចំណោមបេក្ខភាពចំនួន៤នាក់ ដែលឈ្នះបានខ្សែក្រវាត់ជូនកម្ពុជា។
ចំណែក លន បញ្ញា ក៏បានធ្វើការធ្ងន់ដូចគ្នា ដោយរូបគេ បានយកឈ្នះកីឡាកររបស់អាមេរិក Jose Aquino ដោយពិន្ទុទាំងលំបាក ដើម្បីឈ្នះបានខ្សែក្រវាត់ International USECA Champion ក្នុងប្រភេទទម្ងន់ ៦៧គីឡូក្រាម។ រីឯ ឡៅ ចន្ទ្រា បានយកឈ្នះកីឡាករអាមេរិក Juan Jackson ដោយពិន្ទុ ក្នុងការប្រកួតត្រឹម៣ទឹក ដើម្បីទទួលបានខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់៧៥គីឡូក្រាម។
ផ្ទុយពីនេះ កីឡាករជើងខ្លាំង ឡៅ ចិត្រា បានចាញ់កីឡាករបានកម្ពស់របស់អាមេរិក Evan Boulton ដោយពិន្ទុទាំងមិនទំនង សម្រាប់ការប្រកួតដណ្តើមខ្សែក្រវាត់ International USECA Champion ទម្ងន់៧០គីឡូក្រាម ហើយកីឡាការិនី អេ យ៉ានុត ក៏បានចាញ់ពិន្ទុកីឡាការិនីកាណាដា Vectoria Borgdan ក្នុងការដណ្តើមខ្សែក្រវាត់គ្រុឌគុនខ្មែរអន្តរជាតិ ទម្ងន់៥៧គីឡូក្រាមផងដែរ។
ការបរាជ័យ ចំពោះការទទួលបានឱកាសទៅប្រកួតដណ្តើមខ្សែក្រវាត់ ជាលើកទី២ នៅលើទឹកដីអាមេរិកនេះ បានធ្វើឱ្យកូនស្រីរបស់លោក អេ ភូថង រូបនេះ មានការខកចិត្តខ្លាំង និងបានទួញយំដូចកូនក្មេង។ អេ យ៉ានុត បាននិយាយទាំងទឹកភ្នែករហាមថា៖ «ខ្ញុំបានចាញ់២ដងហើយ ហើយខ្ញុំមិនមែនអ្វីក្រៅពីការសោកស្តាយ និងសុំទោសទៅដល់ឪពុកម្តាយរបស់ខ្ញុំ ដែលកូនស្រីម្នាក់នេះ ធ្វើមិនបានល្អ»។
យ៉ាងណាក៏ដោយ លោក ខូវ ឆាយ ប្រធានសហព័ន្ធកីឡាប្រដាល់គុនខ្មែរ ដែលដឹកនាំក្រុមគុនខ្មែរ ទៅប្រកួតនៅអាមេរិកលើកទី២នេះ បានអះអាងថា ការឈ្នះបានខ្សែក្រវាត់៣នាក់ និងចាញ់២នាក់ ក្នុងចំណោមកីឡាករ កីឡាការិនីកម្ពុជាទាំង៥នាក់ ដែលចេញទៅប្រកួតលើកនេះ វាជាលទ្ធផលល្អ ជាងការចេញទៅប្រកួតលើកទី១ កាលពីខែមេសា តែលោកក៏មិនយល់ស្របចំពោះការកាត់សេចក្តីឱ្យកីឡាករ ឡៅ ចិត្រា នោះដែរ។

ការប្រកួតរវាងកីឡាករ ឡៅ ចិត្រា និងកីឡាករអាមេរិក Evan Boulton ដែលជំនួូបនេះ ចិត្រា ត្រូវបានប្រកាសឱ្យចាញ់ទាំងមិនទំនង។ រូបថត Krud Kun Khmer
លោក ខូវ ឆាយ បាននិយាយជាមួយប្រព័ន្ធផ្សព្វផ្សាយ ក្រោយការប្រកួតថា៖ «ឡៅ ចិត្រា មិនសមចាញ់នោះទេ តែធ្វើម៉េចបើគេកាត់សេចក្តីមកអ៊ីចឹងហើយនោះ។ តែទោះបីជាយ៉ាងណា ការឈ្នះបានខ្សែក្រវាត់៣នាក់ ទល់នឹងខាងគេ២នាក់នេះ វាល្អហើយ ព្រោះយើងមកប្រកួតនៅទឹកដីរបស់គេ អ៊ីចឹងគេក៏ត្រូវការកិត្តិយសដែរ។ នេះជាលទ្ធផលកីឡា ដោយសារគេក៏ប្រឹងហាត់ យើងក៏ប្រឹងហាត់ដូចគ្នា តែយើងហត់នឿយជាង ព្រោះធ្វើដំណើរវែងឆ្ងាយណាស់»៕