
លោក Casey Barnett ពេលថ្លែង និងប្រគល់ពានដល់ក្រុមម្ចាស់ជើងឯក ក្នុងការប្រកួតពានរង្វាន់ CamEd Women’s Futsal Tournament ឆ្នាំ២០២៥ កាលពីថ្ងៃអាទិត្យ។ រូបថត សហការី
លោក Casey Barnett (ខេស៊ី បាណេត) នាយកវិទ្យាស្ថានខេមអេស និងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍ បានអះអាងថា ការផលិតធនធានកីឡានៅតាមគ្រឹះស្ថានឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ សម្រាប់ទ្រទ្រង់ដល់ក្រុមជម្រើសជាតិ តាមសហព័ន្ធកីឡាជាតិនីមួយៗ នៅកម្ពុជា។
ការមើលឃើញពីអត្ថប្រយោជន៍នេះ ក៏ព្រោះតែវិទ្យាស្ថានខេមអេដ តែងតែរៀបចំឱ្យមានការប្រកួតប្រភេទកីឡាផ្សេងៗឱ្យក្រុមនិស្សិតរបស់ខ្លួន បានប្រកួតប្រជែងគ្នា ជារៀងរាល់ឆ្នាំ ដើម្បីទទួលបានបទពិសោធន៍សម្រាប់ជីវិត ជាពិសេសជួយជំរុញឱ្យនិស្សិត មានទេពកោសល្យខាងកីឡា អាចបន្តអភិវឌ្ឍសមត្ថភាពកាន់តែប្រសើរ ដើម្បីក្លាយជាធនធានសម្រាប់ចូលរួមជាមួយក្រុមជម្រើសជាតិ ទៅតាមជំនាញផ្សេងៗ។
លោក Casey បានថ្លែងថា៖ «វិទ្យាស្ថានខេមអេដរបស់យើង តែងតែបានរៀបចំការប្រកួតលើប្រភេទកីឡាចំនួន១៥ ជារៀងរាល់ឆ្នាំ។ យើងព្យាយាមធ្វើជាគំរូសម្រាប់វិស័យឧត្តមសិក្សា ហើយយើងសង្ឃឹមថា វិទ្យាស្ថាន និងសាកលវិទ្យាល័យ ឧត្តមសិក្សាផ្សេងៗទៀត នឹងបង្កើនការវិនិយោគក្នុងវិស័យកីឡាសម្រាប់ក្រុមនិស្សិតកាន់តែច្រើន»។
លោកបញ្ជាក់ថា៖ «ជាធម្មតា នៅប្រទេសផ្សេងៗ កីឡាករ កីឡាការិនី នៅតាមកម្រិតឧត្តមសិក្សា គឺជាប្រភពដ៏សំខាន់ សម្រាប់ការជ្រើសរើសធនធានចូលរួមជាមួយក្រុមជម្រើសជាតិ នៅតាមសហព័ន្ធកីឡាជំនាញនីមួយៗ អ៊ីចឹងបើយើងបង្កើតវប្បធម៌កីឡាក្នុងវិស័យឧត្តមសិក្សាកាន់តែច្រើន វានឹងអាចជួយផ្តល់ធនធានកាន់តែច្រើន សម្រាប់ចូលរួមការប្រកួតអន្តរជាតិនានា តំណាងឱ្យជាតិ»។
យ៉ាងណាមិញ កាលពីល្ងាចថ្ងៃអាទិត្យ កន្លងមកនេះ វិទ្យាស្ថានខេមអេដ ទើបតែបានបញ្ចប់ការប្រកួតពានរង្វាន់ CamEd Women’s Futsal Tournament រដូវកាលឆ្នាំ២០២៥ ដោយជោគជ័យ នៅសាលមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃពហុកីឡដ្ឋានជាតិអូឡាំពិក ក្រោយបើកការប្រកួតតាំងពីថ្ងៃទី២៦ ខែមេសាមក។
កីឡាការិនីជានិស្សិតចំនួន១០៤ ស្មើនឹង១០ក្រុម បានចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយជាលទ្ធផលក្រុម Wild Cats បានក្លាយជាម្ចាស់ជើងឯក បន្ទាប់ពីបានយកឈ្នះក្រុម Xiongmei FT ៥-០ នៅវគ្គផ្តាច់ព្រ័ត្រ កាលពីល្ងាចថ្ងៃទី១ ខែមិថុនានេះ រីឯលេខ៣ បានទៅក្រុម Powerpuff Girls និងលេខ៤ ក្រុម Supernova ហើយក្រុមនេះ ក៏ទទួលបានពានជាក្រុម Fair play ផងដែរ។ ក្រៅពីនេះ ក៏មានការផ្តល់ពានឯកត្តជនដល់អ្នកចាំទីល្អជាងគេ និងអ្នករកបានគ្រាប់បាល់ច្រើនជាងគេផងដែរ។

ក្រុមម្ចាស់ជយលាភីទាំង៤ក្រុម ពេលថតជាមួយថ្នាក់ដឹកនាំ និងគ្រូបង្វឹក នៅក្នុងពិធីបិទការប្រកួតពានរង្វាន់ CamEd Women’s Futsal Tournament ឆ្នាំ២០២៥។ រូបថត សហការី
តាមរយៈការប្រកួតជាង១ខែនេះ លោក Casey Barnett បានកត់សម្គាល់ឃើញថា ការប្រកួតពានរង្វាន់ CamEd Women’s Futsal Tournament ឆ្នាំនេះ មានកម្រិតប្រកួតប្រជែងកាន់តែខ្ពស់ ហើយនៅក្នុងចំណោមកីឡាការិនីទាំង១០៤នាក់ ដែលបានចូលរួមនេះ គឺមានធនធានកីឡាការិនីមួយចំនួនមានទេពកោសល្យ មានជំនាញល្អ អាចចូលរួមហ្វឹកហាត់ជាមួយក្រុមជម្រើសជាតិបាន។
ជាមួយគុណប្រយោជន៍នេះ លោក Casey Barnett ដែលជាអនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជា និងជាអនុប្រធានទី១ សហព័ន្ធកីឡាប្រដាល់សកលកម្ពុជាផងនោះ បានបង្ហាញឆន្ទៈ ប្រើប្រាស់សកម្មភាពលេងកីឡាយ៉ាងផុសផុល នៅក្នុងវិទ្យាស្ថានខេមអេដ ធ្វើជាចលករ អូសទាញយុវជនកម្ពុជាផ្សេងៗទៀត ឱ្យចូលលេងកីឡាកាន់តែច្រើន ដើម្បីរួមចំណែកការឆ្ពោះទៅធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ ជាលើកដំបូងរបស់កម្ពុជា។
លោក Casey បញ្ជាក់ថា៖ «យើងចង់បង្កើតវប្បធម៌នៃការលេងកីឡានៅប្រទេសកម្ពុជា ស្របពេលដែលកម្ពុជា នឹងត្រូវធ្វើម្ចាស់ផ្ទះការប្រកួតកីឡាយុវជនអាស៊ី ឆ្នាំ២០២៩ អ៊ីចឹងយើងចង់ឱ្យនិស្សិតរបស់យើងធ្វើជាគំរូដល់យុវជនផ្សេងៗ ក្នុងការបំផុសស្មារតីចូលរួមលេងកីឡា ដើម្បីត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍នេះ ក៏ដូចជាលេងកីឡាដើម្បីសុខភាពល្អ និងបង្កើតនូវចំណងមិត្តភាព និងសាមគ្គីភាព»៕