
លោក Matthew McConkey (ឆ្វេង) ពេលថតជាមួយអតីតគ្រូបង្គោលក្រុមស្វាយរៀង លោក Pep Munoz ក្រោយបញ្ចប់រដូវកាល ឆ្នាំ២០២៤-២០២៥។ រូបថត ស្វាយរៀង
ទោះបីជាទើបមានឱកាសបានឡើងធ្វើជាគ្រូបង្គោល ក្នុងក្លិបព្រះខ័នរាជស្វាយរៀង តាមរយៈការប្រកាសពីការតែងតាំង កាលពីថ្ងៃអង្គារ ប៉ុន្តែ លោក Matthew McConkey បានបង្ហាញឆន្ទៈ និងគោលដៅប្រកបដោយភាពជឿជាក់ ក្នុងការពង្រឹងគុណភាពលេងរបស់ក្រុមស្វាយរៀង ឱ្យកាន់តែប្រសើរ ដើម្បីអាចឈ្នះគ្រប់ការប្រកួត នៅរដូវកាលក្រោយ ក៏ដូចជាបានឡើងទៅវគ្គជាបន្តបន្ទាប់ ក្នុងការប្រកួតពានរង្វាន់ផ្សេងៗ។
ដោយធ្លាប់បំពេញការងារទាំងជាមួយគ្រូបង្គោល លោក Conor Nestor និងលោក Pep Munoz ក្នុងនាមជាគ្រូជំនួយ នៅក្លិបព្រះខ័នរាជស្វាយរៀង អស់រយៈពេល៤ឆ្នាំមកនេះ លោក Matthew បានអះអាងថា ការនាំដឹកក្រុមរបស់លោក Conor និងលោក Pep មានភាពប្រហាក់ប្រហែលគ្នា គឺព្យាយាមរក្សាបាល់ឱ្យបានច្រើនក្នុងពេលប្រកួត និងស្វែងរកតំបន់ទូលាយ ដើម្បីបង្កើតឱកាសក្នុងការទាត់បញ្ចូលទី។
យ៉ាងណាក៏ដោយ សម្រាប់ការឡើងមកកាន់តួនាទីជាគ្រូបង្គោល នៅក្លិបព្រះខ័នរាជស្វាយរៀង ពេលនេះ លោក Matthew គ្រោងពង្រឹងបន្ថែមនៅតំបន់ការពារ និងបង្កើតភាពមុតស្រួចនៅតំបន់ប្រយុទ្ធ ដើម្បីធ្វើឱ្យក្រុមស្វាយរៀង កាន់តែមានភាពរឹងមាំ ហើយអាចឈ្នះគ្រប់ការប្រកួត និងឈានទៅរកការបង្កើតបាននូវសមិទ្ធផលថ្មីៗបន្ថែមទៀត។
លោក Matthew បាននិយាយថា៖ «នៅរដូវកាលនេះ នៅពេលយើងបាត់បាល់ យើងត្រូវបង្កើនការការពារឱ្យបានខ្លាំងជាងមុន ហើយអ្វីដែលយើងបន្ថែមនៅតំបន់ប្រយុទ្ធ គឺនៅពេលយើងមានបាល់ យើងត្រូវធ្វើឱ្យបានច្បាស់លាស់ និងត្រូវទាត់បញ្ចូលទីឱ្យបានច្រើនជាងមុន»។
លោកបន្ថែមថា៖ «ខ្ញុំនឹងផ្តល់អ្វីគ្រប់យើង ដែលខ្ញុំមាន ព្រោះយើងចង់ឈ្នះគ្រប់ការប្រកួត ហើយចំពោះពានរង្វាន់ដែលយើងលេង យើងត្រូវការឈ្នះ ដើម្បីបានឡើងទៅវគ្គជាបន្តបន្ទាប់»។ លោកបញ្ជាក់ថា៖ «រយៈពេល៤ឆ្នាំ ដែលខ្ញុំនៅទីនេះ គឺអ្នកគាំទ្ររបស់យើង ពិតជាអស្ចារ្យមែនទែន អ៊ីចឹងអ្វីដែលខ្ញុំត្រូវធ្វើ គឺចង់ឱ្យពួកគាត់សប្បាយចិត្ត ដោយត្រូវលេងឱ្យបានល្អ ទោះបីឈ្នះឬចាញ់»។

ការប្រកួតរវាងក្រុមព្រះខ័នរាជស្វាុយរៀង (ខៀវ) ជាមួយក្រុមភ្នំពេញក្រោន នារដូវកាល ឆ្នាំ២០២៤-២០២៥។ រូបថត ស្វាយរៀង
ជាមួយគ្នានេះ លោក Christopher William Grant អ្នកចាត់ការទូទៅក្រុមព្រះខ័នរាជស្វាយរៀង បានអះអាង ថា នៅក្នុងអំឡុងពេលធ្វើជាគ្រូជំនួយជាមួយក្រុមស្វាយរៀង ៤ឆ្នាំកន្លងមកនេះ លោក Matthew បានរួមចំណែកជាច្រើនជួយឱ្យក្រុមនេះ ឈ្នះតំណែងជើងឯកលីគកំពូលកម្ពុជា ២ឆ្នាំជាប់ៗគ្នា និងឈ្នះតំណែងជើងឯកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ២០២៤ ជាពិសេសការជួយឱ្យក្រុម ឡើងទៅដល់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ AFC Challenge League ឆ្នាំ២០២៥។
ជាមួយការរួមចំណែកបង្កើតបាននូវសមិទ្ធផលទាំងអស់នេះ លោក Christopher បានបញ្ជាក់ថា លោក Matthew ពិតជាស័ក្តិសម ក្នុងការទទួលបានតួនាទីជាគ្រូបង្គោលនៅពេលនេះ ហើយថ្នាក់ដឹកនាំក្លិប បានផ្តល់ទំនុកចិត្តថា គ្រូបង្គោលថ្មីនេះ នឹងដឹកនាំក្រុមឆ្ពោះទៅបង្កើតបាននូវសមិទ្ធផលផ្សេងៗបន្ថែមទៀត ជាពិសេសការបង្កើតបាននូវទម្រង់លេងផ្ទាល់ខ្លួន ដែលជាអត្តសញ្ញាណរបស់ក្លិប។
លោក Christopher បញ្ជាក់ថា៖ «ចំណុចគោលសំខាន់មួយទៀត ក្នុងការជ្រើសរើសលោក Matthew ឱ្យធ្វើជាគ្រូបង្គោលនេះ គឺពាក់ព័ន្ធនឹងរបៀបលេង។ បានន័យថា ក្លិបព្រះខ័នរាជស្វាយរៀង ចង់បង្ហាញពីអត្តសញ្ញាណក្រុមតាមរយៈស្ទាយនៃការលេងរបស់ខ្លួន ទៅដល់ក្រុមយុវជនរបស់យើង ដែលទើបបង្កើតឡើង ដើម្បីឱ្យពួកគេមានអត្តសញ្ញាណលេងមួយដូចគ្នាទៅនឹងក្រុមឈុតធំដែរ ហើយលោកគ្រូ Matthew ក៏បានចូលរួមធ្វើនៅក្នុងការងារទាំងអស់ហ្នឹងដែរ»៕