សមាជិកក្រុមជម្រើសជាតិកម្ពុជា បានបង្ហាញការ​តាំងចិត្តខ្ពស់ ​ក្នុងការ​ប្រជែង​យក​លទ្ធ​ផល​ល្អ សម្រាប់ការ​ប្រកួតមិត្ត​ភាព​អន្តរជាតិ ជាមួយ​ក្រុមជម្រើសជាតិ​តាជីគីស្ថាន នៅពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក នាព្រលប់​ម៉ោង​៧ ថ្ងៃ​ព្រហស្បតិ៍​ស្អែក​​នេះ បើទោះបីជា​ពួកគេ​ដឹង​ថា ​តាជីគីស្ថាន ជា​ក្រុម​ខ្លាំង​ក៏​ដោយ។

       អ្នកចាំទី​ដៃទី​១ វីរៈ ដារ៉ា ដែល​ធ្លាប់ជួយ​ក្រុមជម្រើសជាតិ​កម្ពុជា​អាយុ​ក្រោម​២៣​ឆ្នាំ ប្រកួត​ជាមួយ​ក្រុមជម្រើសជាតិ​តាជីគីស្ថាន កន្លងមក​នោះ បាន​អះអាង​ថា តាជីគីស្ថាន ពិតជា​មានគុណ​ភាព​លេង​ល្អទាំងការពារ ប្រយុទ្ធ ជាពិសេស​ពួកគេ​ចូល​ចិត្តជែង​ខ្លាំង ជាមួយការ​លេងខ្លាំងៗ​របស់ពួកគេ។

       តាម​រយៈសហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា វីរៈ ដារ៉ា បាន​និយាយ​ថា៖ ​«​ក្រុមជម្រើសជាតិតាជីគីស្ថាន គឺជា​ក្រុម​ខ្លាំងមួយ ដែល​ចូលចិត្ត​លេង​ខ្លាំង ការពារ​ខ្លាំង និង​​ជែង​ខ្លាំង ប៉ុន្តែ​សម្រាប់​ខ្ញុំ នៅតែ​មាន​ក្តីរំពឹង​ក្នុងការ​ប្រកួត គឺ​គ្រប់ការ​ប្រកួត យើង​ត្រូវតែ​មាន​ក្តី​រំពឹង ហើយយើង​នឹង​ព្យាយាម​ឱ្យអស់ពី​​លទ្ធភាព​របស់ពួក​យើង»។​

       ចំណែកខ្សែ​ប្រយុទ្ធ សារ ទី បានបង្ហាញ​ភាពសប្បាយ​រីករាយ សម្រាប់ការ​ទទួលបាន​ឱកាស​ចូលរួមជាមួយ​ក្រុម​ជម្រើសជាតិ ដើម្បី​ប្រកួត​មិត្ត​ភាព​អន្តរជាតិ​លើកនេះ។ ទោះបីជា​រូបគេ​ដឹង​ថា ការប្រកួតនេះ មានការពិបាក ដោយសារ តាជីគីស្ថាន ជា​ក្រុម​ខ្លាំង ប៉ុន្តែ សារ ទី បញ្ជាក់​ថា៖​ «​ពួក​យើងនឹង​ខិតខំ​ប្រឹងប្រែង​ឱ្យ​អស់ពី​សមត្ថ​ភាព ដើម្បី​យក​ឈ្នះ សម្រាប់ការ​ប្រកួត នៅ​ថ្ងៃទី​៥​ ខែមិថុនានេះ»។

       ដោយឡែក​ខ្សែ​ប្រយុទ្ធរបស់​ក្រុមបឹងកេត សៀង ចន្ធា ដែល​ទើប​ទទួលបានស្បែក​ជើង​មាស ក្នុងនាមជា​អ្នកទាត់បាល់បញ្ចូលទី​បានច្រើនជាងគេ ក្នុងពានរង្វាន់សម្តេច​ ហ៊ុន សែន លើក​ទី​​១៨ ឆ្នាំ​២០២៥នោះ បានមើល​ឃើញ​ពីភាពអំណោយផល​​របស់​​​ក្រុមតាជីគីស្ថាន ដែល​កីឡាករមានមាឌធំៗ និង​ចូល​ចិត្ត​លេង​ពិតពាំង​​ខ្លាំង ហើយនេះជា​អ្វី​ដែល​ក្រុមគោព្រៃ​កម្ពុជា ត្រូវ​ផ្តោត​យក​ចិត្តទុកដាក់​ឱ្យ​បាន​ខ្លាំង។

       ជាមួយ​ភាពអំណោយផល​របស់​ក្រុមជម្រើសជាតិតាជីគីស្ថាន ដែល​អាច​បង្ក​ការ​លំបាក​ដល់​ក្រុមជម្រើសជាតិ​កម្ពុជា​នេះ ខ្សែ​ប្រយុទ្ធ លឹម ពិសុទ្ធ របស់​ភ្នំពេញ​ក្រោន បាន​និយាយ​ថា៖ ​«​តាជីគីស្ថាន គឺជា​ក្រុមល្អ និង​ខ្លាំងមួយ ហេតុនេះ​យើង​ត្រូវ​ត្រៀម​ខ្លួន​ឱ្យ​បានល្អ»។

       ជាមួយគ្នានេះ​ខ្សែ​ប្រយុទ្ធ​វ័យក្មេង ហាវ សុខនេត្រ របស់​ក្លិប ISI ដង្កោសែន​ជ័យ ដែល​ទើប​ឈ្នះពានជា​កីឡាករ​វ័យក្មេង​ល្អជាងគេ ប្រចាំ​ការ​ប្រកួត​លីគកំពូល​កម្ពុជា រដូវកាលឆ្នាំ​២០២៤-២០២៥ បាន​តាំងចិត​ខ្ពស់ក្នុង​ការ​ប្រកួត​ជាមួយ​ក្រុម​តាជីគីស្ថាន។ សុខនេត្រ បញ្ជាក់​ថា៖ ​«ជាកីឡាករ ត្រូវតែ​​មាន​សង្ឃឹម​១០០​ភាគ​រយ ក្នុងការ​ចង់​ឈ្នះ ហេតុនេះ​យើង​ត្រូវខំប្រឹង​ឱ្យអស់ពីសមត្ថភាព»។

       សម្រាប់​ការ​ប្រមូល​ផ្តុំ​លើកនេះ គ្រូបង្គោល​ជនជាតិជប៉ុន លោក Koji Gyotoku បានកោះ​ហៅ​កីឡាករ​វ័យក្មេង​មួយចំនួន​ធំ​ឱ្យ​ចូលរួមជាមួយក្រុមជម្រើសជាតិ​កម្ពុជា ស្របពេលដែល​​កីឡាករ​បរទេសមានសញ្ជាតិ​ខ្មែរ មាន​ទម្រង់​លេងល្អ ដូចជា Yudai Ogawa, Takaki Ose, Nieto Rondon និង​ Abdel Kader Coulibaly សុទ្ធតែ​មិន​បានចូលរួម​នោះ ប៉ុន្តែ​លោក Koji អះអាង​ថា ការ​ផ្តល់​ឱកាស​ឱ្យកីឡាករវ័យក្មេង វាជារឿង​ល្អ។

       លោក Koji បានប្រាប់ប្រព័ន្ធ​ផ្សព្វផ្សាយ ក្នុងអំឡុង​ពេល​ហ្វឹក​ហាត់​ក្រុមជម្រើសជាតិ​កម្ពុជាលើកនេះ​ថា៖ «កីឡាករពីមួយជំនាន់ទៅមួយជំនាន់ ត្រូវតែមានការផ្លាស់ប្ដូរ ដូច្នេះយើងមិនអាចជ្រើស​រើស​កីឡាករ​ដដែល​បាន​ដូចគ្នា។ យើង​ត្រូវ​ការ​កីឡាករ​​ក្មេងៗ​មក​ជំនួស ហើយ​​ការ​ផ្តល់​ឱកាស​​ដល់​កីឡាករ​វ័យ​ក្មេង​នេះ ពិត​ជា​មាន​សារៈ​សំខាន់​ណាស់ ព្រោះ​​ពួកគេ​ជា​អ្នក​​តំណាង​ឱ្យ បាល់ទាត់​​​កម្ពុជា ទៅ​ថ្ងៃអនាគត»៕