កីឡាករ សុខ ធី ហៅ កាកា បានផ្ទុះកំហឹង និងចោទប្រកាន់​លោក ពេជ្រ សុផាន់ ថា ជាគ្រូ​អួត ដែល​ព្យាយាមនិយាយ​​លើក​ខ្លួនឯង និងកូនសិស្ស ពេជ្រ សម្បត្តិ ខ្លាំងពេក នៅពេល​អ្នកទាំង​២នេះ បានចុះ​កិច្ចសន្យា​ប្រកួត​គ្នា​ជា​លើក​ដំបូង នៅលើ​សង្វៀន​ហង្សមាស នា​ថ្ងៃទី​២៨ ខែមិថុនា ខាងមុខ​នេះ។

សម្រាប់ការផ្គូផ្គងឱ្យ សុខ ធី និង ពេជ្រ សម្បត្តិ ជួបគ្នាជាលើកដំបូង ក្នុងការប្រកួតដណ្តើមខ្សែក្រវាត់ ប្រភេទម្ងន់៦០គីឡូក្រាមនេះ លោក ពេជ្រ សុផាន់ ដែលត្រូវបានគេចាត់ទុកថា ជា «គ្រូឆ្នើម» នោះ បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ ក្នុងដំណើរវិលត្រឡប់មកពីប្រកួតនៅសហរដ្ឋអាមេរិកថា សុខ ធី បានសុំចុះចាញ់ ពេជ្រ សម្បត្តិ រួចទៅហើយ សម្រាប់ការប្រកួតលក្ខណៈពាក់ហ្គង់តូចចេញម្រាម។

លោក​បានបញ្ជាក់ថា៖ «ការ​ប្រកួតពាក់ហ្គង់តូច ឬអំបោះឆៅ សុខ ធី អត់​ហ៊ាន​ជាមួយ ពេជ្រ សម្បត្តិ ទេ គឺ​សុំ​ឱ្យ សម្បត្តិ ឈ្នះ​ទៅ​ហើយ តែ​ដោយសារ​អ្នកគាំទ្រ​ចង់ទស្សនាការ​ប្រកួត​របស់​អ្នកទាំង​២នេះ​ យើង​ក៏​តាមសំណើ សុខ ធី ទៅ គឺ​ពាក់ហ្គង់ធម្មតា វ៉ៃ​៥​ទឹក ដើម្បី​ឱ្យ​អស់​ចិត្ត​រៀង​ខ្លួន»។

ជាមួយការ​សម្រេច​ប្រកួតពាក់ហ្គង់ធម្មតា​នេះ លោក ពេជ្រ សុផាន់ នៅតែ​​​ជឿជាក់​លើ ពេជ្រ សម្បត្តិ ថា នឹង​ធ្វើ​បាន​ល្អ។ ផ្ទុយ​ទៅ​វិញ ​លោក​បារម្ភ​ទៅ​លើ សុខ ធី ដែល​អាច​នឹង​មិនហ៊ាន​ចូល​វាយ​ប្តូរ​ជាមួយ ពេជ្រ សម្បត្តិ គឺ​អាច​ប្រកួតយក​តាម​លំនាំ Muay Thai ឬ​ហៅ​ថា «ផ្ទះ​លេខ​២» ដែល​វ៉ៃ​បែប​ខ្លាចៗ ឱ្យ​តែ​ចប់​៥​ទឹក។

លោក សុផាន់ បាន​សង្កត់​ធ្ងន់ថា៖ «ចំពោះ ពេជ្រ សម្បត្តិ ធ្លាប់​ប្រកួតគ្រប់ប្រភេទហ្គង់​អស់ហើយ ហេតុនេះ​វាមិនជាបញ្ហាអ្វីសម្រាប់រូបគេនោះ​ទេ ហើយ​ការ​​ប្រកួតជាមួយ សុខ ធី នេះ ​បើ សុខ ធី មានបេះដូងជា​អ្នកប្រយុទ្ធ​ពិតមែន ខ្ញុំជឿជាក់​ថា គូហ្នឹង​ល្អមើល ប៉ុន្តែ​បើ សុខ ធី វាយរបៀប​ផ្ទះ​លេខ​២ ដែល​រូបគេ​ធ្លាប់រៀនសូត្រ​ពីមុន​មក​នោះ ខ្ញុំជឿ​ថា អ្នកគាំ​ទ្រ នឹងជេរ​ផ្អើល​ប្រទេស​ហើយ»។

កីឡាករ សុខ ធី បានស្វាគមន៍​ដល់​អ្នកគាំទ្រ មុនពេលប្រកួត​កន្លងមក ខណៈពេលនេះ​រូបគេ កំពុង​ខឹង​នឹង​លោក​គ្រូ ពេជ្រ សុផាន់។ រូប​ថត KKIF

ចំពោះការ​លើក​ឡើង​​របស់ លោក ពេជ្រ សុផាន់ នេះ បាន​ធ្វើ​ឱ្យ​កីឡាករ សុខ ធី ផ្ទុះ​កំហឹង​ខ្លាំង ហើយបានចោទ​លោក សុផាន់ ថា ជា​គ្រូ​អួត ដោយ​បាន​និយាយ​បំផ្លើសការពិត ​លើកតែ​ខ្លួនឯង និង​​កូនសិស្ស​ជ្រុល​ពេក ហើយបានទម្លាក់​​ភាព​កម្សោយ​មក​ឱ្យ​​រូបគេ ដែលមិន​​​ធ្លាប់បាន​និយាយ​ថា ខ្លាច ពេជ្រ សម្បត្តិ នោះ​ទេ។

សុខ ធី បាន​និយាយ​តបទៅកាន់លោក ពេជ្រ សុផាន់ បែបនេះ​ថា៖ ​«ខ្ញុំ​ធ្លាប់​និយាយមែន​ថា ខ្ញុំ​អត់​ប្រកួត​ហ្គង់តូច​ទេ ដោយសារ​ខ្ញុំ​ធ្លាប់​ថ្លោះ​ដៃ ធ្វើ​ឱ្យឆ្អឹង​ដៃ (ម្រាម​ដៃមេខាង​ឆ្វេង)​របស់​ខ្ញុំ​ហើមមក​ដល់សព្វ​ថ្ងៃ ប៉ុន្តែ​ខ្ញុំ​មិនដែល​បាន​និយាយ​ថា ខ្ញុំសុំចុះចាញ់ ឬខ្លាច ពេជ្រ សម្បត្តិ ខ្លាចហ្គង់តូច​្ធ​ផ្សព្វ​ផ្សាយ ្រេរឿង​វ៉ៃហ្គង់​តូច​ ដូចការលើក​ឡើង​របស់លោក​គ្រូ ពេជ្រ សុផាន់ នោះ​ទេ»។

កីឡាករ សុខ ធី ដែលបានធំធាត់ និងហ្វឹក​ហាត់ប្រដាល់​នៅប្រទេស​ថៃ បាន​បន្ថែម​ថា៖ «​គាត់ (ពេជ្រ សុផាន់) អួត​លើក​តែ​ខ្លួនឯង ដោយអាង​​ថា ខ្លួនបានឡើង​ធ្វើជា​គ្រូឆ្នើម  ហើយ​នៅពេល​ខ្ញុំ​និយាយតប​បែបនេះ កុំ​ថា ខ្ញុំ​អត់ស្គាល់​ចាស់​ស្គាល់ទុំ​ ព្រោះបើ​ចាស់​ធ្វើខុស​បែបនេះ ខ្ញុំ​ក៏អត់ខ្វល់​នោះដែរ»។

បើទោះបីជា​មានការប៉ះពាក្យសំដី​គ្នា មុនការ​ប្រកួត​យ៉ាងនេះ​ក្តី ប៉ុន្តែ​លោក គ្រី ពីឡុត អ្នក​ផ្គូផ្គង និងជាពិធីករ​នៅ​សង្វៀន​ហង្សមាស បាន​បញ្ជាក់​ថា ទាំង​ភាគី ពេជ្រ សម្បត្តិ និង សុខ ធី បាន​ផ្តិត​មេដាយ​ទៅលើ​កិច្ចសន្យា​នៃ​ការ​ប្រកួត នៅថ្ងៃទី​២៨ ខែមិថុនា ខាងមុខ​នេះ​រួច​ហើយ អ៊ីចឹង​កីឡាករ ដែល​ខកខាន​មិន​បាន​មក​​ប្រកួត នឹងប្រឈម​ការ​សងមក​ម្ចាស់​កម្មវិធី​ និងប្រឈម​នឹង​មុខ​ច្បាប់ លើកលែងតែ​កីឡាករនោះ​​ឈឺ តែ​ឱ្យប្រាកដ​ថា​ឈឺ ព្រោះ​បើ​ពិនិត្យ​ឃើញ​ថា អត់​ឈឺ ក៏មានបញ្ហាដូចគ្នា៕