
សកម្មភាពហ្វឹកហាត់របស់ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ នៅលើទឹកដីប្រទេសវៀតណាម ត្រៀមការប្រកួតពាន ASEAN U19 Girls’ Championship 2025 នៅថ្ងៃនេះ។ រូបថត FFC
ក្រុមជម្រើសជាតិនារីកម្ពុជាអាយុក្រោម១៩ឆ្នាំ នឹងចាប់ផ្តើមយុទ្ធនាការប្រកួតពានរង្វាន់ASEAN U19 Girls’ Championship 2025 នៅទីក្រុងហូជីមិញ ប្រទេសវៀតណាម នារសៀលម៉ោង៣ ថ្ងៃចន្ទនេះ ហើយសម្រាប់ការបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍នេះក្រុមនារីកម្ពុជា មានគោលបំណង ដណ្តើមយកសមិទ្ធផលថ្មីជូនប្រទេសជាតិ ទោះដឹងថា មានបទពិសោធន៍នៅស្ទើរជាងគេ។
ដោយឈរនៅពូលB ក្រុមU19ជម្រើសជាតិនារីកម្ពុជា នឹងត្រូវប្រកួតបើកឆាកជាមួយក្រុមU19ម៉ាឡេស៊ី នៅទីលាន Dat Duc Stadium នារសៀលម៉ោង៣ ថ្ងៃចន្ទនេះ រីឯក្រុមឈរនៅពូលជាមួយគ្នា គឺU19ជម្រើសជាតិថៃ និង U19ជម្រើសជាតិឥណ្ឌូនេស៊ី ក៏ត្រូវប្រកួតគ្នាដណ្តើមយក៣ពិន្ទុ នៅម៉ោង៣ ថ្ងៃនេះដូចគ្នា។
ចំណែកក្រុមឈរនៅពូលAវិញ ក្រុមម្ចាស់ផ្ទះវៀតណាម ត្រូវស្វាគមន៍ក្រុមU19ជម្រើសជាតិនារីមីយ៉ាន់ម៉ា ខណៈក្រុមU19ជម្រើសជាតិនារីឡាវ ត្រូវជួបក្រុមU19ជម្រើសជាតិនារីទីម័រខាងកើត នៅថ្ងៃចន្ទនេះដូចគ្នា ដើម្បីស្វែងរកក្រុមលេខ១ និងលេខ២ តាមពូលទាំង២ ឡើងទៅប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៦ និងបន្តយកក្រុមឈ្នះឡើងទៅវគ្គផ្តាច់ព្រ័ត្រ នៅថ្ងៃទី១៨ ខែមិថុនា។
នៅក្នុងចំណោមក្រុមទាំង៤ ដែលឈរនៅពូលBនេះ គឺក្រុមU19ជម្រើសជាតិនារីថៃ មានកម្រិតលេងខ្ពស់ជាងគេ ព្រោះការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship ចំនួន៣លើកកន្លងមកនេះ ពួកគេ បានឈ្នះជើងឯក២លើក កាលពីឆ្នាំ២០១៤ និងឆ្នាំ២០២៣ ហើយបានលេខ៣ កាលពីឆ្នាំ២០២២២ ចំណែកក្រុមU19ជម្រើសជាតិនារីឥណ្ឌូនេស៊ី ធ្លាប់បានឡើងដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ កាលពីឆ្នាំ២០២៣ ប៉ុន្តែពួកគេ បានត្រឹមលេខ៤។
ចំណែកក្រុមU19ជម្រើសជាតិនារីកម្ពុជា និងU19ជម្រើសជាតិនារីម៉ាឡេស៊ី ដែលត្រូវជួបគ្នា នៅរសៀលម៉ោង៣ ថ្ងៃនេះ គឺមិនធ្លាប់បានឆ្លងផុតវគ្គចែកពូលនោះទេ ហេតុនេះការប្រជែងគ្នាយក៣ពិន្ទុនៅថ្ងៃនេះ ពិតជាសំខាន់ណាស់ សម្រាប់ក្រុមទាំង២ ព្រោះការបន្តទៅជួបក្រុមនារីថៃ និងនារីឥណ្ឌូនេស៊ី វាកាន់តែពិបាកសម្រាប់ពួកគេ ក្នុងការស្វែងរកពន្លឺនៃជ័យជម្នះ។

គ្រូបង្គោលក្រុមU19ជម្រើសជាតិនារីកម្ពុជា ឈឺន នីផា ពេលចូលរួួមក្នុងសន្និសីទកាសែតជាមួយក្រុមបង្វឹកក្រុមនារីថៃ ម៉ាឡេស៊ី និងគ្រូបង្វឹកក្រុមនារីឥណ្ឌូនេស៊ី កាលពីថ្ងៃអាទិត្យ។ រូបថត FFC
យ៉ាងណាក៏ដោយ ជុំវិញការប្រកួតពានរង្វាន់ ASEAN U19 Girls’ Championship 2025នេះ អ្នកស្រី ឈឺន នីផា គ្រូបង្គោលក្រុមU19 ជម្រើសជាតិនារីកម្ពុជា បានលើកឡើង នៅក្នុសន្និសីទកាសែត កាលពីថ្ងៃអាទិត្យថា៖ «យើងមានពេលប្រមូលផ្តុំរយៈពេលខ្លី ប៉ុន្តែកីឡាការិនីរបស់យើង បានត្រៀមខ្លួនរួចរាល់ សម្រាប់ការប្រកួតនៅទីនេះ ហើយពួកយើងសង្ឃឹមថា រាល់ការប្រកួតទាំងអស់ ជាការប្រកួតដ៏ទាក់ទាញ»។
គួរបញ្ជាក់ថា កម្ពុជា បានបញ្ជូនកីឡាការិនីអាយុក្រោម១៩ឆ្នាំ ចំនួន២៣នាក់ ទៅចូលរួមការប្រកួតពាន ASEAN U19 Girls’ Championship នេះ។ អ្នកទាំង២៣នាក់នេះ ត្រូវបានសម្រិតសម្រាំងចេញពីកីឡាការិនីអាយុក្រោម១៩ឆ្នាំចំនួន៣៩នាក់ តាមរយៈការធ្វើតេស្តយ៉ាងត្រឹមត្រូវ ហើយពួកគេ បានដាក់ចិត្តខ្លាំង ក្នុងការប្រកួតប្រជែង ទោះបីជាដឹងថា មានពិសោធន៍ និងកម្រិតលេង តិចជាងគេក៏ដោយ។
ជាមួយគ្នានេះគ្រូបង្គោល ឈឺន នីផា បានចាត់ទុកការប្រកួតនេះ ជាពេលវេលាដ៏សំខាន់ សម្រាប់កីឡាការិនីកម្ពុជាអាយុក្រោម១៩ឆ្នាំ ទាំងអស់គ្នា ក្នុងការអភិវឌ្ឍសមត្ថភាព តែពួកគេក៏មានគោលបំណងដណ្តើមយកសមិទ្ធផលថ្មី ជូនប្រទេសជាតិ សម្រាប់ការបង្ហាញខ្លួន ក្នុងពានរង្វាន់ ASEAN U19 Girls’ Championship នេះផងដែរ។
អ្នកស្រី ឈឺ នីផា បានបញ្ជាក់ថា៖ «កីឡាការិនី ដែលយកមកទីនេះ គឺចង់ឱ្យពួកគេអភិវឌ្ឍខ្លួន ដើម្បីឈានទៅដល់ការប្រកួតប្រជែងកម្រិតខ្ពស់ នៅក្រុមជម្រើសជាតិនារីឈុតធំ នាថ្ងៃអនាគត ហើយយើងមកទីនេះ ក៏មានគោលបំណងយកសមិទ្ធផលថ្មីជូនប្រទេសជាតិរបស់យើងផងដែរ។ ពួកយើងត្រូវការការគាំទ្រពីបងប្អូនអ្នកគាំទ្រកម្ពុជាទាំងអស់គ្នា ដើម្បីឱ្យកីឡាការិនីរបស់យើងមានកម្លាំងចិត្ត ដើម្បីប្រយុទ្ធជូនជាតិ»៕