ភ្នំពេញ៖ អ្នក​ស្រឡាញ់​ផ្នែក​បច្ចេកវិទ្យា​ដោយ​​អត់​មាន​បទពិសោធ ដែល​​អាច​ជួប​ការ​លំបាក​ក្នុង​ការ​ក្លាយ​ខ្លួន​ជា​​អ្នក​អភិវឌ្ឍន៍​សូហ្វវែរ គួរ​​ដាក់​ពាក្យ​សិក្សា​នៅ​ក្នុង​កម្មវិធី​បណ្ដុះបណ្ដាល bootcamp ក្នុង​​ការ​ចាប់​យក​​ក្ដី​ស្រមៃ​ត្រឹម​រយៈពេល ១២ ​ខែ​។

សិស្ស​-និស្សិត និង​បុគ្គលិក​ដែល​មាន ឬ​ក៏​មិន​មាន​បទពិសោធ​ផ្នែក​បច្ចេកវិទ្យា​ តែ​ស្រឡាញ់​វិស័យ​នេះ​ អាច​ដាក់​ពាក្យ​សុំ​អាហារូបករណ៍​​សិក្សា​ជាមួយ​ Sabai Code ដែល​បាន​ទទួល​ការ​ឧបត្ថម្ភ​ពី​ក្រុមហ៊ុន​ទូរគមនាគមន៍​ក្នុង​ស្រុក​មួយ​ ដើម្បី​ជ្រើសរើស​បេក្ខភាព​សក្ដានុពល​សម្រាប់​វគ្គ​សិក្សា​នេះ​។

លោក ឡេង ពិសិដ្ឋ ជា​សហស្ថាបនិក Sabai Code បាន​និយាយ​ថា​​៖ «​សម្រាប់​អ្នក​រៀន​ចប់​យូនី (University) ឬ​ចង់​ចូល​យូនី ដើម្បី​ក្លាយ​ខ្លួន​ជា Software Developer គាត់​អាច​មក​រៀន​ជាមួយ​នឹង​យើង​។ នៅ​ពេល​ដែល​រៀន​ចប់ យើង​ជួយ​រក​ការងារ​ឱ្យ​គាត់​ទៀត ពី​ព្រោះ​យើង​មាន​បណ្ដាញ​របស់​យើង​ច្រើន​ដែល​ត្រូវ​ការ​បុគ្គលិក​ផ្នែក​នេះ​»។

លោក ពិសិដ្ឋ បាន​មើល​ឃើញ​ពី​តម្រូវ​​ការ​​កើន​ឡើង​ចំពោះ​អ្នក​អភិវឌ្ឍន៍​ផ្នែក​សូហ្វវែរ​នៅ​ប្រទេស​កម្ពុជា​ ជាទី​ដែល​មាន​អ្នក​ជំនាញ​ផ្នែក​នេះ​តិច​តួច​នៅ​ឡើយ​។ លោក​បាន​សម្រេច​ចិត្ដ​បង្កើត​កម្មវិធី​សិក្សា​វគ្គ​ខ្លី​ ដើម្បី​ចូលរួម​ចំណែក​បង្កើត​ធនធាន​មនុស្ស​។

លោក ពិសិដ្ឋ ជា​អ្នក​គ្រប់គ្រង​ផ្នែក​ហិរញ្ញវត្ថុ​នៅ Sabai Code ផង​នោះ បាន​ប្រាប់​ ភ្នំពេញ ​ប៉ុស្ដិ៍​ថា​៖ «​គោល​បំណង​របស់​យើង​ គឺ​ចង់​អភិវឌ្ឍ​ software developers ជំនាន់​ថ្មី​។ ប៉ុន្ដែ​ការ​សិក្សា​វគ្គ​ខ្លីៗ​តម្រូវ​ពេលវេលា​យូរ​​ក្នុង​ការ​បញ្ចប់ មុន​ពេល​ពួក​គេ​អាច​ស្វែងរក​ការងារ​ធ្វើ​បាន​»។

លោក​បន្ដ​ថា​៖ «​អ៊ីចឹង យើង​នឹក​ឃើញ​បង្កើត​ជា​គំនិត​មួយ​ហៅថា​ bootcamp ​​ជា​កម្មវិធី​បណ្ដុះបណ្ដាល​សម្រាប់​រៀន​ពេញ​ម៉ោង ដោយ​មិនមែន​ជា​ការ​រៀន​ក្រៅ​ម៉ោង ឬ​វគ្គ​ខ្លី​ដូច​មុន​​នោះ​ទេ។ ១ អាទិត្យ ៥ ​ថ្ងៃ ១ ​ថ្ងៃ​រៀន​ពេញ​ម៉ោង​ពី ៣ ទៅ ៤ ​ម៉ោង​ដូច​នៅ​មហាវិទ្យាល័យ​ដែរ​»។

Sabai Code ជ្រើសរើស​បេក្ខភាព​តែ ១៥ ​នាក់ ​សម្រាប់​វគ្គ​សិក្សា​ ១ ​ចប់ និង​មាន​តម្លៃ ១ ២០០ ​ដុល្លារ ​សម្រាប់​សិស្ស​ម្នាក់​។ ​bootcamp ទទួល​​បាន​ការ​ចាប់​អារម្មណ៍​ពី​ក្រុមហ៊ុន សែលកាត ដោយសារ​ក្រុមហ៊ុន​នេះ​តែងតែ​យក​ចិត្ដ​​ទុក​ដាក់​ចំពោះ​បច្ចេកវិទ្យា។

កុមារ​កំពុង​សិក្សា​ផ្នែក​សរសេរ​កូដ​នៅ Sabai Code ដែលបណ្ដុះបណ្ដាល​ផ្នែក​បច្ចេកវិទ្យា។ ហ៊ាន រង្សី

ចំពោះ​អ្នក​ចង់​ឆាប់​​​រៀន​ចប់ និង​​ឆាប់​បាន​ចូល​ធ្វើ​ការ លោក ពិសិដ្ឋ ​និយាយ​ថា​៖ «​សែលកាត​បាន​ឧបត្ថម្ភ​ដល់​សិស្ស ១០ ​នាក់​ ហើយ​ក្រុមហ៊ុន​កាន់​តែ​មាន​មុខ​មាត់ ពេល​សិស្ស​បញ្ចប់​ការ​​សិក្សា​ប្រកប​ដោយ​ជោគជ័យ​»។

នាយក​ប្រតិបត្ដិ​ក្រុមហ៊ុន​ សែលកាត លោក Ian Watson ​​មើល​ឃើញ​កម្មវិធី​សិក្សា​ bootcamp គឺ​ជា​កម្លាំង​ចលករ​ក្នុង​ការ​លើក​ទឹក​ចិត្ដ​ដល់​យុវជន​ឱ្យ​ចាប់​យក​ឱកាស​ការងារ​ក្នុង​វិស័យ​ឌីជីថល​។

លោក​បាន​ឱ្យ​ដឹង​ថា​៖ «​យើង​ត្រូវ​ការ​បង្កើន​ជំនាញឌីជីថល​ ដូចជា ការសរសេរ​កូដ​ដើម្បី​ធានា​ថា យើង​បន្ដ​ដើរ​ឱ្យ​ទាន់​បច្ចេកវិទ្យា​ដូច​បណ្ដា​ប្រទេស​ជិត​ខាង​ និង​ផ្ដល់​ឱកាស​ឱ្យ​យុវជន​ក្លាយ​ជា​សហគ្រិន​ និង​ធុរកិច្ច​ផ្គត់ផ្គង់​តាម​តម្រូវការ​។ វា​កាន់​តែ​ជា​ឱកាស​ដ៏​ប្រសើរ​សម្រាប់​យុវជន​កម្ពុជា ដែល​មិន​មាន​ទ្រព្យ​ធន​ តែ​ចង់​ចាប់​យក​អាជីព​លើ​វិស័យ​ឌីជីថល​នេះ»។

ក្នុង​កិច្ច​សហការ​នេះ Sabai Code ជា​អ្នក​ជ្រើសរើស​បេក្ខជន​ និង​ចុះ​កិច្ច​សន្យា​ជាមួយ​បេក្ខភាព​ដែល​បាន​ដាក់​ពាក្យ​ស្នើសុំ​តាមរយៈ​ការ​ចុះ​ឈ្មោះ​លើ​តំណ​ភ្ជាប់​​ https://sabaicode.com/bootcamp/form។

លោក ពិសិដ្ឋ ​​និយាយ​ថា​៖ «​យើង​មិន​ដឹង​ថា​ មាន​បេក្ខភាព​ដាក់​ប៉ុន្មាន​នាក់​​ទេ​ តែ​​សង្ឃឹម​ថា ប្រាកដ​ជា​មាន​ច្រើន​ ដោយសារ​នេះ​ជា​កម្មវិធី​​ល្អ​​​»។

លោក​បន្ដ​ថា បើ​ពួក​គេ​បាន​ឆ្លង​ផុត​វគ្គ​តេស្ដ​សរសេរ​ និង​សម្ភាស​ផ្ទាល់​មាត់ ពួក​គេ​អាច​សិក្សា​ ១ ​ចប់​វគ្គ​ដោយ​​ឥត​គិត​ថ្លៃ​។ លោក​សង្ឃឹម​ថា សិស្ស-និស្សិត​ក្រីក្រ​ ដែល​មាន​សក្ដានុពល​ផ្នែក​បច្ចេកវិទ្យា​នឹង​ដាក់​ពាក្យ​ចូល​រួម​ច្រើន​។

លោក​ ពិសិដ្ឋ ​និយាយ​ថា​៖ «​ការ​ឧបត្ថម្ភ​ផ្នែក​ហិរញ្ញវត្ថុ​នឹង​អាច​ឱ្យ​យើង​​ទទួល​បាន​នូវ​សិស្ស​-និស្សិត​ដ៏​មាន​សក្ដានុពល​ខ្ពស់​ ដែល​មិន​មាន​លទ្ធភាព​បង់​ថ្លែ​សិក្សា​ខ្លួន​ឯង។ ការ​ឧបត្ថម្ភ​នេះ​នឹង​ក្លាយ​ជា​យុទ្ធសាស្ដ្រ​ផ្លាស់​ប្ដូរ​ជោគ​វាសនា​របស់​ពួកគេ​»។

កុមារ​អាយុ​ចាប់​ពី ៧ ​ឆ្នាំ អាច​ចូលរួម​វគ្គ​ដំឡើង និង​គ្រប់គ្រងរ៉ូបូត​នៅ Sabai Code។ហ៊ាន រង្សី

ពេល​ពួក​គេ​បញ្ចប់​ការ​សិក្សា​ ពួក​គេ​នឹង​ទទួល​បាន​ការងារ​ធ្វើ ក៏​ដូចជា​ប្រាក់​ខែ​ខ្ពស់​ ដែល​អាច​ផ្គត់ផ្គង់​គ្រួសារ។ នោះ​ជា​ក្ដី​សង្ឃឹម​ដែល​កើត​ឡើង​ពី​កិច្ច​សហប្រតិបត្ដិការ​នេះ​។

លោក ពិសិដ្ឋ អះអាង​ថា៖ «យើង​មិន​មាន​លក្ខខណ្ឌ​ច្រើន​​ទេ។ យើង​នឹង​បង្រៀន​ពួក​គេ​ពី​ដើម​ដំបូង​​រហូត​ដល់​ជំនាញ​ខ្ពស់​ ហើយ​អ្វី​ដែល​​យើង​ចង់​បាន​គឺ ពួក​គាត់​ត្រូវ​ចាប់​អារម្មណ៍​ខ្លាំង​ចំពោះ​បច្ចេកវិទ្យា​ និង​ចង់​ក្លាយ​ជា Software Developers»។

លោក​បាន​ព្រលយ​ប្រាប់​ថា កត្ដា​ ២ ​ចំណុច ដែល​ទាមទារ​ពី​បេក្ខភាព​នីមួយៗ​ គឺ​ចំណង់ និង​ការ​ប្ដេជ្ញា​ចិត្ដ​ ដោយ​មិន​ចាំបាច់​ត្រូវ​មាន​សញ្ញាបត្រ​បរិញ្ញា​អ្វី​ឡើយ​។

ចុង​ក្រោយ​ បេក្ខជន​នឹង​ឆ្លង​កាត់​តេស្ដ​ផ្ទាល់​មាត់​ដើម្បី​បញ្ជាក់​ពី​ការ​តាំង​​ចិត្ដ​របស់​ខ្លួន​ក្នុង​ការ​សិក្សា​ឱ្យ​ចប់​តាម​កាល​វិភាគ​។

លោក សោម សារឿន អាយុ ៤៣ ​ឆ្នាំ ជា​សហស្ថាបនិក Sabai Code ដែរ​នោះ បាន​និយាយថា អ្វី​ដែល Sabai Code បាន​និង​កំពុង​បណ្ដុះបណ្ដាល​កុមារ​អាយុ​ចាប់​ពី ៧ ឆ្នាំ​ ក្នុង​វិស័យ​បច្ចេកវិទ្យា និង​រ៉ូបូត​ ពិត​ជា​ស្រប​នឹង​ចក្ខុវិស័យ​របស់​ក្រុមហ៊ុន សែលកាត ក្នុង​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​ឧស្សាហកម្ម ៤.០​។

លោក​ថា​៖ «​​វគ្គ​សិក្សា​នេះ សិស្ស​អនុវត្ដ​គម្រោង​ជាក់​ស្ដែង ជាមួយ​ស្ថាប័ន​​ដៃគូ​របស់​យើង​ ដែល​មាន​ទាំង​ការ​លើក​គម្រោង​រហូត​ដល់​បញ្ចប់​គម្រោង​»។

ព័ត៌មាន​លម្អិត សុំចូល​ទៅ​​ទំព័រ​ហ្វេសប៊ុក @sabaicode និង​វេបសាយ https://sabaicode.com៕