ភ្នំពេញ: វាជាបទពិសោធមួយដែលមនុស្សភាគច្រើនលើសលប់មិនទាន់ធ្លាប់ជួបប្រទះ។ យុវជន ឡុញ វ៉ាន់សិទ្ធ ក៏បានសារភាពថា ខ្លួនមានការភ័យខ្លាច នៅពេលឡើងជិះដ្រូនដឹកមនុស្សដំបូងបំផុតនៅកម្ពុជា បើទោះបីជាយានហោះដ៏តូចនេះ ត្រូវបានធ្វើតេស្ដជាច្រើនលើកច្រើនសាយ៉ាងណាក៏ដោយ។
យុវជន វ៉ាន់សិទ្ធ បានប្រាប់ ភ្នំពេញ ប៉ុស្ដិ៍ ពីអារម្មណ៍ពិតពេលអង្គុយលើយានកៅអី ១ ដៃបែកខ្នែងជា ៤ បំពាក់ស្លាបចំនួន ៨ ថា៖ «ពីដំបូងឡើយ ខ្ញុំមានអារម្មណ៍រាងភ័យបុកពោះដែរ។ ប៉ុន្ដែពេលបានឡើងជិះ ៤-៥ ដងរួចមក ខ្ញុំមានអារម្មណ៍ប្រែទៅជារំភើប»។
ជាកិច្ចសហការរវាងនិស្សិតឆ្នាំទី៤ ផ្នែកវិស្វកម្មអេឡិចត្រូនិក ឡុញ វ៉ាន់សិទ្ធ និងនិស្សិតឆ្នាំទី៣ ផ្នែកវិស្វកម្មមេកានិក ជ្រោយ សុធារ៉ា ដែលពួកគេមកពីវិទ្យាស្ថានជាតិពហុបច្ចេកវិជ្ជាកម្ពុជា (NPIC) ដ្រូនដឹកមនុស្ស ឬ Human Carrier Drone ត្រូវបានផលិតឡើងក្នុងគោលបំណងរំលស់បញ្ហាកកស្ទះចរាចរណ៍នៅលើដី និងសម្រួលដល់កិច្ចការពន្លត់អគ្គិភ័យលើអគារខ្ពស់ៗ។
យុវជន សុធារ៉ា បាននិយាយថា៖ «ច្បាស់ណាស់ ក្នុងបំណងបង្កើតជ្រាដូនតាក់ស៊ី (Drone Taxi) វាមានមនុស្សម្នាក់ជាពីឡុត (អ្នកបញ្ជា) និងមនុស្សម្នាក់ទៀតជាភ្ញៀវ។ ដូច្នេះ យើងត្រូវបន្ដអភិវឌ្ឍបន្ថែមទៀត»។
យុវជនមកពីខេត្ដកណ្ដាលរូបនេះ បានឱ្យដឹងថា៖ «នៅពេលដែលការអភិវឌ្ឍទទួលជោគជ័យ យើងចង់ឱ្យវាក្លាយជា ដ្រូនតាក់ស៊ី ឬក៏ហៅថា ប្រភេទបម្រើការក្នុងវិស័យដឹកជញ្ជូន ដើម្បីជួយសម្រួលដល់បញ្ហាកកស្ទះចរាចរណ៍។ មួយវិញទៀត យើងចង់ប្រើប្រាស់វាជាជំនួយក្នុងការពន្លត់អគ្គិភ័យ កើតឡើងនៅលើអគារខ្ពស់ៗ ដែលពិបាកយកទុយោបាញ់ពីក្រោមទៅ។ ដូច្នេះ បើដ្រូនយើងអាចលើកទម្ងន់បានច្រើន វាអាចយោងទុយោពីក្រោមទៅក្នុងការជួយបាញ់ទឹកពន្លត់ភ្លើង។ ទាំងនេះជាគោលបំណង ដែលយើង expected [រំពឹង] ទុក»។
ចាប់ពីគំនូរម៉ូដែល ការកែសម្រួលតួ រហូតដល់ការហោះហើរយានទទេ ផ្ទុកខ្សាច់តំណាងមនុស្ស និងមនុស្សជិះបញ្ជាពិតៗ Human Carrier Drone បានចំណាយពេលជាង ១ ឆ្នាំ ដែលនាំឱ្យនិស្សិតវិទ្យាស្ថាន NPIC ទាំង ២ សម្រេចការអភិវឌ្ឍដំណាក់កាលទី១ ប្រកបដោយជោគជ័យ។
លោក សុធារ៉ា បានបន្ដឱ្យដឹងថា៖ «ក្រោយពីតេស្ដសាកល្បងច្រើនលើកច្រើនសា តាំងពីការហោះទទេ និងផ្ទុកទម្ងន់ខ្សាច់ ៤៦ ដង យើងអាចធានាថា វាអាចលើកទម្ងន់មនុស្សបាន ៦០ គីឡូក្រាមចុះក្រោម។ មកទល់នឹងពេលនេះ ការធ្វើតេស្ដសាកល្បង វាចូលប្រហែល ៧០ ដងហើយ»។
ដ្រូនទម្ងន់សរុប ១២៥ គីឡូក្រាម ដែលអភិវឌ្ឍដោយនិស្សិតទាំង ២ និងទទួលជំនួយពីជំនួយការប៉ុន្មាននាក់ទៀត គឺជាគំនិតផ្ដួចផ្ដើមពីវិទ្យាស្ថាន និងឧបត្ថម្ភដោយវិទ្យាស្ថាន ដែលមានឯកទេសខាងបច្ចេកវិទ្យានេះ។
លោក វ៉ាន់សិទ្ធ ដែលមកពីបន្ទាយមានជ័យ បាននិយាយថា ចំពោះគម្រោងដ្រូននេះ ទាំងការឧបត្ថម្ភ និងទំនុកបម្រុង គឺជាបន្ទុកទាំងស្រុងរបស់សាលា ដោយខាងសាលាស្វែងរកនិស្សិតស្ម័គ្រចិត្ដមកពីគ្រប់មហាវិទ្យាល័យទាំងអស់ ដែលចង់សិក្សា និងស្រាវជ្រាវគម្រោងផលិតដ្រូន។
លោកបន្ដថា៖ «ពួកខ្ញុំសម្រេចចិត្ដចូលរួមក្នុងគម្រោងនេះ ដែលធ្វើឱ្យពួកខ្ញុំមានឱកាសចំណេះដឹងខ្លួនឯង និងចូលរួមលើកស្ទួយនៅក្នុងវិស័យឧស្សាហកម្ម ៤.០ នេះ»។
ដ្រូនដឹកមនុស្ស ដែលធ្វើការហោះហើរសាកល្បងក្នុងបរិវេណវិទ្យាស្ថាន NPIC ប្រើប្រាស់ម៉ូទ័រ គួបនឹងស្លាប ដោយទទួលថាមពលពីថ្ម ឬអាគុយ និងចំណាយអស់ថវិកាផលិតជាង ២៧ ០០០ ដុល្លារ។
បច្ចុប្បន្ន វាមានសមត្ថភាពផ្ទុកទម្ងន់មនុស្ស ៦០ គីឡូក្រាមចុះក្រោម និងអាចហោះត្រឹមកម្ពស់ពី ៥-៦ ម៉ែត្រ និងចម្ងាយប្រមាណ ១០០ ម៉ែត្រ ខណៈវាស្ថិតក្នុងដំណាក់កាលសាកល្បង និងបន្ដអភិវឌ្ឍបន្ថែមទៀត។
លោក សុធារ៉ា បានលើកឡើងថា៖ «គោលដៅរបស់យើង គឺចង់ឱ្យវាហោះបានកម្ពស់ ១០០ ម៉ែត្រ និងរយៈចម្ងាយ ១៥ គីឡូម៉ែត្រ ជាមួយទម្ងន់ផ្ទុក គឺមនុស្ស ២ នាក់»។
យុវជនទាំង ២ ដែលទទួលបានការសាទរយ៉ាងខ្លាំងចំពោះសមត្ថភាពអភិវឌ្ឍន៍បច្ចេកវិទ្យារបស់ខ្លួន បានអះអាងថា៖ «នាថ្ងៃខាងមុខ ពួកយើងអភិវឌ្ឍ្រដូនប្រសើរជាងមុនកាន់តែច្រើន និងធ្វើឱ្យទម្ងន់ន្រៃដូនទាំងមូលកាន់តែស្រាលជាងមុន លើកទម្ងន់កាន់តែច្រើន។ ម្យ៉ាងវិញទៀត យើងអភិវឌ្ឍប្រព័ន្ធខួរក្បាល និងប្រព័ន្ធបញ្ជាឱ្យកាន់តែល្អ»។
ការអភិវឌ្ឍបច្ចេកទេសដ៏ថ្មីបំផុតនៅកម្ពុជា ស្របពេលនៃការផ្ទុះឡើងនៃជំងឺរាតត្បាតកូវីដ កាន់តែជួបឧបសគ្គជាច្រើន ដោយសាលាត្រូវបិទទ្វារ ហើយឧបករណ៍ និងសម្ភារប្រើប្រាស់ ដែលត្រូវនាំចូលពីបរទេស ក៏មានតម្លៃថ្លៃ និងអូសបន្លាយពេលយូរ។
ពួកគេបានបន្ថែមថា៖ «វាបានជួបបញ្ហាច្រើនដែរ អំឡុងពេលធ្វើតេស្ដសាកល្បងដំបូងៗ ដោយសារតួដ្រូនមិនសូវរឹងមាំ និងឆ្លងកាត់ការកែកុនតួ ដើម្បីស្វែងយល់ពីរូបរាង និងទំហំនៃតួឱ្យវាមានលំនឹងល្អ។ ពេលខ្លះ វាក៏មានបញ្ហាស្លាបផងដែរ ដែលវាខូច និងបាក់បែក»។
ដើម្បីសម្រេចមហិច្ឆតា យានហោះដឹកជញ្ជូនលើអាកាស និងជួយកិច្ចការកងពន្លត់អគ្គិភ័យនាពេលអនាគត Human Carrier Drone ត្រូវឆ្លងកាត់ ២ ដំណាក់ទៀត ដែលអាចប្រើពេលពី ៤-៥ ឆ្នាំទៅមុខទៀត ដើម្បីបន្ដទៅដំណាក់កាលទី២ និងទី៣។
លោក សុធារ៉ា បញ្ជាក់ថា៖ «ចំពោះដំណាក់កាលទី២ យើងបន្ដអភិវឌ្ឍរូបរាង Drone ឱ្យល្អប្រសើរជាងមុន ក៏ដូចជាការប្ដូរពី aluminum profile ទៅជា Carbon fibre ស្វិត និងស្រាលជាងមុន ដែលចំណេញគីឡូ មកផ្ទុកទម្ងន់មនុស្សបន្ថែម និងរយៈពេលហោះហើរផងដែរ»។
បើទោះបីជាគម្រោងដ្រូនតាក់ស៊ី នៅសល់ពេលជាច្រើនឆ្នាំខាងមុខទៀតយ៉ាងណាក៏ដោយ ក៏និស្សិតឆ្នាំទី៣ និងឆ្នាំទី៤ ទាំង ២ នាក់ មិនបានបារម្ភពីការបង្ហើយគម្រោងនេះឡើយ ដោយសារតែសាលាមានផែនការសម្រាប់អ្នកបន្ដវេនរួចជាស្រេច។
លោក សុធារ៉ា បាននិយាយថា៖ «ដូច្នេះនៅពេលយើងមានបន្ដវេន អ្វីគ្រប់យ៉ាងដែលពួកយើងបានធ្វើ គឺមានភាពប្រសើរក្នុងការចែករំលែកចំណេះដឹងបន្ដបន្ទាប់គ្នា។ ពួកយើងប្ដេជ្ញាចិត្ដថា នឹងធ្វើយ៉ាងមេ៉ច ដើម្បីឱ្យសម្រេចដូចការគ្រោងទុក»៕