ក្រុង​ដូហា៖ សមាជិក​ ៩ នាក់​នៃក្រុម​រ៉ូបូត​នារី​អាហ្វហ្កានីស្ថាន​សុទ្ធ ដែលត្រូវបាន​ជម្លៀស​ពី​ទីក្រុង​កាប៊ុល​ទៅកាន់​ទីក្រុង​ដូហា បានកសាង​កេរ្ដិ៍​ឈ្មោះ និង​ទាក់ទាញ​មហាជន​បន្ទាប់​ពី​ភៀស​ខ្លួន​ពី​មាតុភូមិ​កំណើត។

ពេលនេះ ដោយ​បាន​វិល​ចូល​វិស័យ​អប់រំវិញ និង​កំពុង​មមាញឹក​ក្នុង​ការ​ប្រកួត​រ៉ូបូត​សកល​លោក ក្រុម​នារី​ទាំង​នោះ​បាន​បារម្ភ​ពី​អនាគត​របស់​ពួកគេ តែ​សង្ឃឹមថា ពួកគេ​អាច​វិលទៅកាន់​មាតុភូមិ​វិញ​នៅថ្ងៃណាមួយ។

ជាសមាជិក​ម្នាក់ កញ្ញា អាយដា ហេដាពួរ អាយុ ១៧ ​ឆ្នាំ ដែល​ចាប់​យក​ជំនាញ​វិស្វកម្ម​ឌីជីថល​ពេល​លេង​ហ្គេម Mario តាំងពី​កុមារភាព បាន​និយាយ​ថា ពិបាក​ណាស់​ក្នុង​ការ​ចូលរួម​កម្មវិធី​អ្វីមួយ​នៅ​អាហ្វហ្កានីស្ថាន តែ​រំពឹង​ថា​នឹង​បាន​វិល​ទៅបើក​សាលា​ STEM (វិទ្យាសាស្ដ្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា) ដំបូង​បំផុត​ក្នុង​ប្រទេស​។

យុវតីរូបនេះ បាន​និយាយ​ទាំង​ទឹក​មុខ​ញញឹមញញែម​ថា​៖ «​ជីតា​របស់​ខ្ញុំ​ធ្លាប់​សួរ​ខ្ញុំ​ជា​ច្រើន​សំណួរ​អំពី​ថេប្លេត និង​ទូរស័ព្ទ​»។

ហេដាពួរ ដែល​មាន​បង​ប្អូន ៣​នាក់​រស់នៅ​ក្នុង​ប្រទេស​កំណើត បាន​បន្ដ​ថា​៖ «​នៅ​អាហ្វហ្កានីស្ថាន រ៉ូបូត​គឺជា​មុខវិទ្យា​ថ្មី​បំផុត​ ជាពិសេស សម្រាប់​ស្ដ្រី​»។

ម្ដាយ​របស់​នាង​បាន​ធ្វើ​ជា​គ្រូបង្រៀន​នៅ​វិទ្យាល័យ​ស្ដ្រី​មួយ តែ​ទីឋាន​អប់រំនេះ​នៅ​មិន​ទាន់​បើក​ទ្វារ​នៅឡើយ​ទេ ក្រោយ​ការ​ដួលរលំ​របស់​រដ្ឋាភិបាល​ក្នុង​កណ្ដាប់​ដៃ​ក្រុមតាលីបង់​កាលពី​ខែ​មុន។

សមាជិក ៩នាក់​នៃ​​ក្រុម​រ៉ូបូត​ស្ដ្រី​អាហ្វហ្កានីស្ថាន​សុទ្ធត្រូវបាន​ជម្លៀស​ពី​ប្រទេស​ទៅកាន់​ក្រុង​ដូហា​បន្ដ​ក្ដីសុបិន។ ​AFP 

តាលីបង់​បាន​ហាម​ឃាត់ស្ដ្រី​មិនឱ្យ​ចេញធ្វើការ​ និង​ទទួល​ការអបរំ​ ដោយ​បង្ខំ​ពួកគេ​ឱ្យ​នៅតែ​ផ្ទះ​អំឡុង​ពេល​កាន់​កាប់​ប្រទេស​អាហ្វហ្កានីស្ថាន​ចន្លោះ​ឆ្នាំ ១៩៩៦ ដល់​ឆ្នាំ ២០០១។

កាលពីសប្ដាហ៍​មុន ក្រុមតាលីបង់​បាន​ប្ដេជ្ញា​ថា ស្ដ្រី​នឹង​ត្រូវបាន​អនុញ្ញាត​ឱ្យ​ចូល​រៀន​វិញ ថ្វីដ្បិតតែ​ពួកគេ​បច្ចុប្បន្ន​នេះ​ត្រូវ​បាន​ផាត់​ចេញ​ពី​បញ្ជី​សិស្ស​យ៉ាង​ណា​ក៏ដោយ ដោយ​អ្នក​នាំពាក្យ​ម្នាក់​បាន​និយាយថា ត្រូវការ​ពេលវេលា​បន្ថែម​ទៀត។

ខណៈ​យុវតី ហេដាពួរ មាន​ក្ដីសុបិន​ចង់​ធ្វើការ​ក្នុង​ក្រុមហ៊ុន​យក្ស Microsoft នៅថ្ងៃណាមួយ កញ្ញា​ក៏នៅតែចចេស​ថា​ កញ្ញា​ចង់​វិល​ទៅកាន់​មាតុភូមិ​កំណើត​វិញ និង​ធ្វើកិច្ចការ​បម្រើ​ពលរដ្ឋ​ខ្លួន​»។

ក្រុមយុវតី​ដែល​ត្រូវបាន​ជម្លៀស​ទៅកាន់​ប្រទេស​កាតា​ទាំងនេះ ត្រូវបាន​បញ្ជូន​ទៅសិក្សា​នៅ​វិទ្យាស្ថាន​ចំនួន ៣ ទៅតាម​បំណង​ប្រាថ្នា​លើ​មុខវិជ្ជា​ ជាមួយ​អាហារូបករណ៍​មួយ​រយ​ភាគរយ​ដែលផ្ដល់​ដោយ​រដ្ឋាភិបាល​ក្រុង​ដូហា។

មិត្ដរួមថ្នាក់​ខ្លះ​បន្ដ​នៅ​ក្នុង​ប្រទេស​អាហ្វហ្កានីស្ថាន​ ខណៈ​អ្នក​ខ្លះ​ទៀត​បាន​ទៅ​ដល់​ប្រទេស​ម៉ិកស៊ិក និង​អេមីរ៉េត អារ៉ាប់​រួម។ ប៉ុន្ដែ កញ្ញា ហេដាពួរ នៅតែ​បារម្ភ​អំពី​អនាគត​របស់​ខ្លួន​ និង​ការ​អប់រំ​របស់​ស្ដ្រី​ក្នុង​ប្រទេស​ខ្លួន។

យុវតី​បាន​បន្ដថា​៖ «តើ​នឹង​មាន​រឿង​អ្វីកើត​ឡើង​ចំពោះ​អាហ្វហ្កានីស្ថាន? វា​ពិតជាលំបាក​ណាស់​ដែល​នឹង​មើល​ឃើញ​ប្រទេស​យើង​ស្ថិត​ក្នុង​ស្ថានភាព​បែប​នេះ​»៕ AFP/HR