ភ្នំពេញៈ ជិត ២ ​ទសវត្សរ៍​មកហើយ ដែល​ឡាន​អង្គរ ជា​រថយន្ដ​ប្រើ​ថាមពល​អគ្គិសនី​ដំបូង​បំផុត​នៅ​កម្ពុជា ផលិត​ដោយ​កូន​ខ្មែរ លោក ញាន ផល្លិត បានបង្ហាញ​រូបរាង​នៅលើ​ដង​វិថី​ក្នុង​រាជធានី​ភ្នំពេញ និង​មាន​សម្ទុះ​គាំទ្រ​ខ្លាំង​។

យ៉ាងណាមិញ បច្ចុប្បន្ន បញ្ហា​អ​វត្ដ​មាន​នៅលើ​ទីផ្សារ​រថយន្ដ បានធ្វើឱ្យ​អ្នក​ទន្ទឹងរង់ចាំ​មានការ​ងឿងឆ្ងល់​ដោយ​នាំគ្នា​សាកសួរ​នៅលើ​បណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក ពីព្រោះ​ពួកគេ​គិតថា វា​ជា​រឿង​សោកស្ដាយ​ដ៏​ធំ​មួយ បើ​គម្រោង​នេះ​មិន​រីក​​ចម្រើន​ទៅមុខ​។

​ពី​រថយន្ដ​ដំបូង​ក្នុង​ឆ្នាំ ២០០៣ រហូតដល់​ស្នាដៃ​ក្រោយៗ​មក លោក ផល្លិត បានសម្រេច​សមិទ្ធផល​ជាច្រើន ដូចជា ម៉ូតូ ឡាន កង់​បី ឡានក្រុង ទាំង​ដើរ​ដោយ​អគ្គិសនី និង​សូ​ឡា បូក​​ផ្សំ​ជាមួយ​បច្ចេកវិទ្យា​ទំនើប រួម​ទាំងរថយន្ដ​វៃឆ្លាត ​១ ​គ្រឿង​ផលិត​ក្នុង​ឆ្នាំ ​២០១០​។

​ម៉ូ​ដែល​រថយន្ដ​វៃឆ្លាត​មួយ​នេះ មិន​បើកទ្វារ​ឱ្យ​អ្នកផ្សេង​ចូល​ក្រៅពី​ម្ចាស់ ហើយ​ទោះ​អាច​ពេល​ចូលទៅ​អង្គុយ​បានវា​ប្រាប់ថា អ្នក​មិនមែន​ម្ចាស់​វា បើកបរ​ក៏​មិនបាន​។ ពេល​ចង់​ចេញមកក្រៅ​វិញ វា​មិន​បើកទ្វារ​ឱ្យចេញ​ដែរ​។ នៅពេល​បិទទ្វារ​ឡាន​ខ្លាំងពេក ក៏​វា​ព្រមាន​ថា កុំ​បិទទ្វារ​ខ្លាំងៗ​ពេក និង​មាន​បច្ចេកវិទ្យា​ប្លែកៗ រួមទាំង​កុង​​តាក់​បញ្ជា​ជាច្រើន​ទៀត​។

​លោក ផល្លិត និយាយ​ដោយ​រីករាយ និង​មាន​មោទនភាព​ពេល​អង្គុយ​ក្នុង​រថយន្ដ​ស្នាដៃ​របស់ខ្លួន​ឯង​ថា​៖ «​មាន​អ្នកខ្លះ​សួរថា អត់​ស្លាក​លេខ​អ៊ីចឹង ប៉ូលិស​ហៅ​អត់​? ប៉ុន្តែ​កន្លងមក ខ្ញុំ​មិនមាន​បញ្ហា​អី​ទេ មានតែ​ប៉ូលិស គាត់​ឃើញ​លើកដៃ​ឱ្យ​ជាស​ញ្ញា ក្នុងន័យ​អបអរ​យើង​វិញ ព្រោះ​មួយ​ស្រុក​ខ្មែរ​មានតែ​មួយ​»​។​

​ពិតជា​គួរឱ្យ​សោកស្តាយ​បើ​ទោះ​កិត្តិ​ស័ព្ទ​របស់លោក​ល្បី​ខ្ទរខ្ទារ មាន​អ្នក​អបអរ និង​កោតសរសើរ​ចាប់ពី​ក្នុងស្រុក​ដល់​ក្រៅ​ស្រុក រហូត​មាន​ក្រុម​​ហ៊ុន​ពី​អាមេរិក និង​អាល្លឺម៉ង់​មក​ថត​ផ្ទាល់ ប៉ុន្តែ​កង្វះ​អ្នក​វិ​និ​​យោគ ធ្វើឱ្យ​គម្រោង​នេះ​ជាប់​គាំង​។

ស្ថាបនិក​ឡាន​អង្គរ​រូបនេះ បានឱ្យដឹងថា កន្លងមកឃើញ​មាន​អ្នកគាំទ្រ​ច្រើន ប៉ុន្តែ​ពួក​​គាត់​អាក់អន់ចិត្ត ដោយសារតែ​លោក​មិនទាន់​អាច​ផលិត​សម្រាប់​ដាក់លក់​បាន​។

រ៉ឺម៉ក​កង់ ៣ សមិទ្ធផល​របស់​ស្ថាបនិក​ឡាន​អង្គរ​។ រូបថត សហការី

លោក ផល្លិត ប្រាប់​ ភ្នំពេញ ប៉ុស្តិ៍ អំពី​មូល​ហេតុ​ខកខាន​ផលិត​រថ​យន្ដ​លក់​លើ​ទីផ្សារ​នេះ​ថា​៖ «​ការសម្រេចបាន​អ្វីមួយ​ហើយ គ្មាន​អ្នកណា ចង់​បោះ​​បង់​វា​ពាក់កណ្ដាល​ទី​ទេ​។ ខ្ញុំ​ផ្ទាល់​ក៏​មិន​គិត​បោះបង់​ដែរ​។ ខ្ញុំ​ចង់​បញ្ជាក់​បងប្អូន​ក្នុង​ហ្វេ​ស​ប៊ុ​ក ដែល​អ្នកខ្លះ​មិន​យល់ និង​សួរថា ធ្វើ​ហើយ​ម៉េច​មិន​លក់ ធ្វើ​បានតែ​តាំង បានតែ​អួត​»​។​

​លោក​បន្ដថា​៖ «​ខ្ញុំ​ចង់​ប្រាប់ថា ខ្ញុំ​មិនបាន​ចង់​អួត​អី​ទេ​។ ខ្ញុំ​គ្រាន់តែ​គិត​ចង់បង្ហាញ​ស្នាដៃ​ថា ខ្មែរ​យើង​អាចធ្វើ​បាន​។ ប៉ុន្តែ កត្តា​ចម្បង គឺ​យើង​មិនមាន​អ្នកវិនិយោគ​។ បើ​ខ្ញុំ​មាន​លុយ​គ្រប់គ្រាន់ មាន​ដើមទុន មាន​ក្រុមហ៊ុន​ណា​ច្បាស់លាស់​វិ​និ​​យោគ យើង​នឹង​ចាប់ផ្ដើម​ធ្វើជា​ចង្វាក់​ផលិតកម្ម រោងចក្រ​ធ្វើ​វា​លក់​ជា​ទ្រង់ទ្រាយ​ធំ ដូច​នៅ​បណ្ដា​ប្រទេស​គេ​ដែរ មិនឱ្យ​អ្នកគាំទ្រ​ខកចិត្ត​ទេ​»​។​

​ទាក់ទង​នឹងខ្វះ​អ្នកវិនិយោគ​នេះ លោក​បន្ត​ការបកស្រាយ​ថា ទី​១ វា​ជា​ផលិតផល​ធ្វើ​ដោយ​ដៃ​សុទ្ធ​។ ដូច្នេះ​លោក​មិនអាច​ផលិត ១​ ថ្ងៃ​បាន ៤-១០​ គ្រឿង​សម្រាប់​ការលក់​ទេ ដោយ​ខ្លះ​ត្រូវ​ប្រើពេល​រាប់​ខែ រាប់​ឆ្នាំ​ឯណោះ​។ ទី​២ ដោយ​សារ​វា​ជា​រថយន្ដ​ធ្វើឡើង​ដោយ​ដៃ ទើប​វា​មិនទាន់មាន​លក្ខណៈ​ស្ដង់ដា​អន្តរជាតិ​។​

​ជា​វិស្វករ​ស្វ័យ​សិក្សា​ក្នុងការ​​ផលិត​រថយន្ដ ស្ថាបនិក​ឡាន​អង្គរ បាន​បញ្ជាក់ថា​៖ «​សំខាន់ គឺ​ស្ដង់ដា គុណភាព​ហ្នឹងឯង ពីព្រោះ​សុវត្ថិភាព​អ្នកដំណើរ​ជា​អាទិភាព​ចម្បង​។ យើង​ធ្វើ​លក់ ចេះតែ​បាន​ហើយ តែ​យើង​មិន​ចង់​លក់ ព្រោះ​វា​យូរ ហើយ​មិន​ចង់​បង្ខំ​លក់​របស់​ដែល​មិនមាន​ស្ដង់ដា​»​។​

ថ្វី​ដ្បិត​ភាពជាក់ស្ដែង រថយន្ដ​ដែល​លោក​ផលិត លោក​បាននិងកំពុង​បើក​បរជា​រៀងរាល់ថ្ងៃ ដូចជា ទៅ​ហាត់ប្រាណ ទៅ​ខេត្ត រហូតដល់​សៀមរាប កោះកុង កំពត​ ដោយ​មិនមាន​បញ្ហា​អ្វី​យ៉ាងណាក៏ដោយ ក៏​លោក​នៅតែ​មិន​ចង់​ទាន់​ដាក់លក់​ពួកវា​នាពេល​នេះដែរ​។

​រថយន្ដ​ក្រុង​របស់​លោក ញាន ផល្លិត រំលេច​ម៉ូដែល Cambodia។ រូបថត សហការី

លើសពីនេះ ម៉ាឡេស៊ី ចង់​ទិញ​រថយន្ដ​របស់លោក​យកទៅ​តាំងនៅ​កាស៊ីណូ ដោយ​ហ៊ាន​ឱ្យ​តម្លៃ​រាប់ម៉ឺន​ដុល្លារ​។ លោក ផល្លិត ​ឱ្យដឹងថា ដោយ​សារ​វា​ជា​ស្នាដៃ​ទី​១ លោក​ចង់​ទុកជា​គំរូ មាន​រូបរាង​ជាក់​​ស្ដែង និង​ជា​ប្រវត្តិសាស្ត្រ​នៅ​ស្រុក​ខ្មែរ​។​

ជាង ៥ ​ឆ្នាំ​ដោយ​គ្មាន​សកម្ម​​ភាព​អ្វី​ទាក់ទង​ការផលិត ឬ​អភិវឌ្ឍ លោក​បង្ហើប​ឱ្យដឹងថា​៖ «​ខ្ញុំ​មាន​បញ្ហា​សុខភាព​។ ខ្ញុំ​សម្រាក​មួយរយៈ ដោយ​មិនបាន​អភិវឌ្ឍ​អ្វី​ថ្មី​ទេ​។ ប៉ុន្តែ​ខ្ញុំ​នៅតែ​បន្ដ​ខិតខំ​ស្រាវជ្រាវ​ពី​បច្ចេក​វិទ្យា​ថ្មីៗ​។ យើង​ហាត់ប្រាណ​បណ្ដើរ ធ្វើការ​បណ្ដើរ​ពីព្រោះ​ខ្ញុំ​គ្រោង​បង្កើត​យានជំនិះ​ថ្មី និង​រក​ដៃគូ​វិនិយោគ​បន្ថែម​»​។​

លោក​ថា លោកមិន​ត្រឹមតែ​សម្រាប់​យានជំនិះ​លើគោក​ទេ តែ​លោក​មាន​ផែន​ការផលិត​តាក់ស៊ី​អាកាស ទូក​សូ​ឡា ដែល​មានន័យថា យានយន្ដ​គ្រប់​មធ្យោបាយ​ធ្វើដំណើរ​ទាំង​ផ្លូវគោក ផ្លូវទឹក និង​អាកាស​។ លោក​បាន​សិក្សា​ពី​ផ្នែក​ទាំងនេះ​មួយចំនួនធំ​ហើយ​។​

​លោក ញាន ផល្លិត ជាមួយ​ម៉ូតូ​អគ្គិសនី​ដែល​លោក​ផលិត​ឡើង​ខ្លួន​ឯង​។ រូបថត សហការី

​ឆ្លើយតប​គម្រោង​អ្នក​ស្នង​លើ​ការផលិត​ស្នាដៃ​ក្នុងស្រុក​នេះ លោក ផល្លិត បាន​បង្ហើប​ឱ្យដឹងថា លោក​មាន​កូនស្រី​ម្នាក់ និង​កូនប្រុស​ម្នាក់ ដែល​ទំនង​បន្ដ​មរតក​នេះ​។

​ប៉ុន្តែ​លោក ផល្លិត អះអាងថា ពួកគេ​នៅ​ក្មេងខ្ចី ដែល​មិនទាន់​ធ្វើបាន​ល្អិតល្អន់​ដូច​លោក​ទេ ហើយ​លោក​ក៏​កំពុង​ដុសខាត់​ពួកគេ​បន្ថែម​។

​លោក​ថា​៖ «​ខ្ញុំអាយុ​ក្បែរ ៧០ ​ហើយ តែ​ច្រើន​ប៉ុនណា​ក៏​ខ្ញុំ​នៅតែ​ព្យាយាម​ធ្វើ​។ បើ​ធ្វើខ្លួន​​ឯង​មិនបាន ក៏​បង្គាប់​ប្រាប់​គេ ពីព្រោះ​វា​នៅតែ​ជា​បំណង​ខ្ញុំ មិន​ថា លទ្ធផល​ទៅជា​យ៉ាង​ណា​នៅ​ថ្ងៃមុខ​ក៏ដោយ​»​។​

​សម្រាប់​ព័ត៌មាន​បន្ថែម សុំចូល​ហ្វេ​ស​ប៊ុ​កលោក ផល្លិត គឺ @nheanphaleok៕

វីដេអូ៖