ក្រុងហ៊ើរហ្សលីយ៉ា: ភោជនីយដ្ឋានអាហាររហ័សរបស់អ៊ីស្រាអែល ១ កំពុងបម្រើប៊ឺហ្គឺរសាច់បន្លែ ដែលផលិតនិងចម្អិនដោយមនុស្សយន្តជាអ្នកលៃគ្រឿងផ្សំ កំណត់ពេលវេលាចម្អិនតាមចំណង់ចំណូលចិត្តអតិថិជន។
អ្នកនាង Racheli Vizman នាយកប្រតិបត្តិក្រុមហ៊ុន SavorEat ដែលជាក្រុមហ៊ុនផ្តើមដំបូងនៅអ៊ីស្រាអែល ខាងឯកទេសប្រសើរបន្លែជំនួសសាច់បាននិយាយថា៖ «វាជាលើកទី១ ហើយ ដែលម៉ាស៊ីនកំពុងផលិតប៊ឺហ្គឺរទាំងអស់ដោយខ្លួនឯង»។
នាងបាននិយាយថា អតិថិជនអាចប្រើកម្មវិធី ១ ដើម្បីជ្រើសរើសបរិមាណប្រូតេអ៊ីនបន្លែ ឬខ្លាញ់នៅក្នុងស្នូលប៊ឺហ្គឺអាំង ក៏ដូចជាទំហំ និងរបៀបដែលពួកគេចង់ឱ្យវាចម្អិនផងដែរ។
«ចុងភៅមនុស្សយន្ត» ទំហំប៉ុនចង្ក្រានធំ អាចធ្វើសាច់អាំងស្នូល ៣ ផ្សេងគ្នាក្នុងពេលតែ ១ ទោះបីបុគ្គលិកមនុស្សជាអ្នករៀបប៊ឺហ្គឺរក៏ដោយ។
អ្នកនាង Vizman ដែលបានចាប់ផ្តើមអាជីវកម្មក្នុងឆ្នាំ ២០១៨ ជាមួយសាស្ត្រាចារ្យ ២ នាក់ មកពីសាកលវិទ្យាល័យ Hebrew University of Jerusalem បាននិយាយថា វាលាយគ្រឿងជាច្រើនរួមមានសណ្តែក ដំឡូង និងសណ្តែកសៀង ដើម្បីបង្កើតជាស្នូលស្រដៀងនឹងសាច់ពិត។
នាងបាននិយាយថា សាច់អាំងនៅភោជនីយដ្ឋាន BBB ក្នុងទីក្រុងឆ្នេរសមុទ្រ Herzliya ត្រូវបានចម្អិនក្នុងរយៈពេលតែប៉ុន្មាននាទីប៉ុណ្ណោះ ដោយនាងបន្ថែមថា ពួកវាមិនមានប្រូតេអ៊ីនសត្វ និងជា kosher ។
លោក Ahuva Turgeman មកពី BBB បាននិយាយថា៖ «យើងសង្ឃឹមថា នឹងឆ្លើយតបទៅនឹងការចង់បានរបស់អ្នកតមសាច់»។
ប្រជាជនអ៊ីស្រាអែលប្រហែល ៥ ភាគរយនិយាយថា ពួកគេនិយមបន្លែ ហើយទីផ្សារផលិតផលជំនួសសាច់សត្វគឺកំពុងកើនឡើង។ នេះបើយោងតាម SavorEat៕ AFP